ទស្សនៈ​របស់​ពលរដ្ឋ​ជុំវិញ​បុណ្យ​ខួប​១០០​ថ្ងៃ​នៃ​ការ​ស្លាប់​របស់​លោក​បណ្ឌិត កែម ឡី

ដោយ ខែ សុណង
2016.10.09
កែម ឡី តាកែវ ៨៥៥ ទិដ្ឋភាព​នៅ​ខាង​មុខ​ផ្នូរ​បញ្ចុះ​សព​លោក​បណ្ឌិត កែម ឡី នា​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ នៅ​ថ្ងៃ​ទី​២៩ កក្កដា ឆ្នាំ​២០១៦។
RFA/Rann Samnang

ពលរដ្ឋ​មួយ​ចំនួន​នៅ​តែ​នឹក​រឭក​ចំពោះ​លោក​បណ្ឌិត កែម ឡី ដែល​ឃាតក​បាញ់​សម្លាប់​នៅ​កណ្ដាល​ទីក្រុង​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ គិត​មក​ដល់​ពេល​នេះ​មាន​រយៈពេល​ជិត ៣​ខែ​ហើយ។ ពួក​គេ​បាន​ស្នើ​ឲ្យ​សមត្ថកិច្ច​បញ្ចេញ​កាមេរ៉ា​សុវត្ថិភាព​ជូន​សាធារណៈ​បាន​ឃើញ ដើម្បី​ឲ្យ​ពលរដ្ឋ​រឹត​តែ​មាន​ទំនុក​ចិត្ត​ទៅ​លើ​ចំណាត់ការ​របស់​តុលាការ។

ពលរដ្ឋ​នៅ​តែ​រង់ចាំ​មើល​ចំណាត់ការ​របស់​រដ្ឋាភិបាល​ក្នុង​រឿង​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី ស្រប​ពេល​ដែល​ក្រុម​គ្រួសារ​របស់​លោក​បណ្ឌិត​ដង្ហោយ​ហៅ​រក​យុត្តិធម៌។

ពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ គឺ​លោកស្រី ផុន សុភាព ថ្លែង​ថា លោកស្រី​មាន​ភាព​អស់​សង្ឃឹម​ចំពោះ​ចំណាត់ការ​របស់​រដ្ឋាភិបាល​សព្វថ្ងៃ ដោយសារ​តែ​មិន​មាន​ពន្លឺ​យុត្តិធម៌​ជូន​លោក​បណ្ឌិត កែម ឡី សោះ។ លោកស្រី​បន្ត​ថា លោក​បណ្ឌិត កែម ឡី ត្រូវ​ឃាតក​បាញ់​សម្លាប់​ជិត ១០០​ថ្ងៃ​ហើយ ប៉ុន្តែ​ឃាតក​ដែល​នៅ​ក្នុង​ដៃ​តុលាការ ពលរដ្ឋ​មិន​ជឿ​ថា​ជា​ឃាតក​ពិត​នោះ​ទេ លុះ​ណា​តែ​បង្ហាញ​កាមេរ៉ា​សុវត្ថិភាព៖ «មែន​ឃាតក​ពិត​ទេ ការ​រក​ស៊ី​គេ​ប៉ិន​ហ្នឹង គួរ​តែ​មាន​កាមេរ៉ា​សុវត្ថិភាព​ជុំវិញ​ហើយ។ ជាក់ស្ដែង​មាន​ទាំង​ស្ថានីយ​សាំង​នៅ​ហ្នឹង ម៉ាត​ជាដើម សួរ​ថា​កាមេរ៉ា​សុវត្ថិភាព​អត់​មាន ឬ​យ៉ាង​ម៉េច? ខ្ញុំ​មាន​ចម្ងល់​ណាស់។ កាល​ឃាតក​បាញ់​សម្លាប់​ឧកញ៉ា អ៊ឹង ម៉េងជឺ គេ​មាន​បញ្ចេញ​កាមេរ៉ា​សុវត្ថិភាព។ យើង​ចង់​ប្រៀបធៀប​ហ្នឹង»

ពលរដ្ឋ​មួយ​ចំនួន​មាន​ទស្សនៈ​ថា ពួក​គាត់​នៅ​មិន​ទាន់​ភ្លេច​នៅ​ឡើយ​ចំពោះ​ករណី​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី ដ្បិត​ជិត ១០០​ថ្ងៃ​ហើយ​នៅ​មិន​ទាន់​អាច​ឃើញ​អ្វី​ជា​ដុំ​កំភួន​នៅ​ឡើយ​សម្រាប់​គ្រួសារ​លោក​បណ្ឌិត។ ពួក​គាត់​នឹង​ចូលរួម​ពិធី​បុណ្យ​ខួប ១០០​ថ្ងៃ បើ​គ្រួសារ​រៀបចំ​ពិធី​បុណ្យ​ខួប​នេះ៖ «ខ្ញុំ​ចាប់​អារម្មណ៍​ខ្លាំង​ចំពោះ​ពិធី​បុណ្យ ១០០​ថ្ងៃ​នេះ។ ខ្ញុំ​ស្ដាយ​ណាស់​ចំពោះ​បញ្ហា​នេះ វែក​មុខ​រក​ឃាតក​មិន​ឃើញ​កូន​លោក​បណ្ឌិត កែម ឡី គាត់​កើត ខ្ញុំ​សង្ឃឹម​ថា​កូន​ហ្នឹង​អាច​ស្នង​ត្រកូល​លោក​បណ្ឌិត កែម ឡី បាន។ និយាយ​ទៅ​គេ​សម្លាប់​មិន​ឲ្យ​ចាប់​នរណា​មួយ​បាន​អ៊ីចឹង»

ទាក់ទង​នឹង​នីតិវិធី​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​វិញ លោកស្រី ផុន សុភាព បន្ត​ថា តុលាការ​បាន​កោះ​ហៅ​ឲ្យ​លោកស្រី ប៊ូ រចនា ភរិយា​របស់​លោក​បណ្ឌិត កែម ឡី ចូល​ខ្លួន​ទៅ​បំភ្លឺ​ចំ​ពេល​ដែល​លោកស្រី​ទើប​សម្រាល​កូន​រួច ដែល​បញ្ហា​នេះ​កាន់​តែ​មាន​ចម្ងល់​ថែម​ទៀត​ចំពោះ​ប្រជាពលរដ្ឋ៖ «លោកស្រី ប៊ូ រចនា គាត់​មាន​ផ្ទៃពោះ​វា​ស្រប​ពេល​ឥឡូវ​ហ្នឹង ដល់​ពេល​វេលា​គាត់​ត្រូវ​ប្រសូត​បុត្រ​ហើយ ដល់​មាន​ដីកា​កោះ​ហៅ​ចំ​ពេល សួរ​ថា​ស្ត្រី​ម្នាក់​ទើប​តែ​សម្រាល​កូន យើង​អាច​ចេញ​ដើរ ហើយ​ទៅ​មាន​សុវត្ថិភាព មាន​កម្លាំង​មាន​សុខភាព​ល្អ​ដែរ​អត់​ទេ? អត់​ភ្លេច​ទេ​ចំពោះ​ព្រឹត្តិការណ៍​កើត​ឡើង​នៃ​ការ​សម្លាប់​លោក​បណ្ឌិត កែម ឡី ពួក​យើង​នៅ​តែ​ចាំ​មើល​អង្កេត​មើល​ចំណាត់ការ​របស់​រដ្ឋាភិបាល ជាពិសេស​គឺ​តុលាការ»

លោកស្រី រស្មី ខេមា វ័យ ២៦​ឆ្នាំ ជា​ពលរដ្ឋ​មួយ​រូប​ដែល​បាន​ចុច​ពេញ​ចិត្ត ឬ​ឡាយ (Like) ទំព័រ​ហ្វេសប៊ុក (Facebook) លោក​បណ្ឌិត កែម ឡី ថ្លែង​ថា គាត់​នៅ​តែ​រង់ចាំ​មើល​ពន្លឺ​យុត្តិធម៌​សម្រាប់​លោក​បណ្ឌិត កែម ឡី ប៉ុន្តែ​នៅ​តែ​ចោទ​ជា​សំណួរ​មក​លើ​ខ្លួន​ឯង​ថា ករណី​បាញ់​សម្លាប់​លោក​បណ្ឌិត គឺ​មិន​ទំនង​ទាល់​តែ​សោះ វា​ហាក់​ដូចជា​មាន​អ្នក​នៅ​ពី​ក្រោយ​ការ​បាញ់​សម្លាប់ ទើប​យុត្តិធម៌​នៅ​ឆ្ងាយ​យ៉ាង​នេះ។ លោកស្រី​បន្ត​ថា គាត់​កាន់​តែ​ខ្លោច​ចិត្ត​អាណិត​ភរិយា​របស់​លោក​បណ្ឌិត នៅ​ពេល​ដែល​កូន​ប្រុស​ទី​៥ របស់​លោក​បណ្ឌិត កែម ឡី ទើប​តែ​សម្រាល​មក​នោះ៖ «ខ្ញុំ​មាន​កូន​ដែរ ខ្ញុំ​យល់​អារម្មណ៍​ស្ត្រី​ដែល​មាន​កូន នៅ​ពេល​បងស្រី​គាត់​ត្រូវ​ការ​ប្ដី​បំផុត គឺ​គាត់​អត់​មាន​ប្ដី​នៅ​ជិត។ នៅ​ពេល​កូន​ធំ​ឡើង កូន​នឹង​សួរ​រក​ឪ មិន​ដឹង​ប្រាប់​ថា​ឪ​ស្លាប់​ដោយសារ​អី​នរណា​គេ​អ្នក​សម្លាប់ មិន​ដឹង​ឆ្លើយ​ប្រាប់​កូន​ថា​ម៉េច? សូម្បី​តែ​ប្រជាជន​ជាច្រើន​ក៏​គេ​រង់ចាំ អត់​មាន​ចម្លើយ​ដូច​រាវ​ម្ជុល​ក្នុង​បាត​សមុទ្រ​អ៊ីចឹង»

ថ្វីត្បិតតែ​មាន​ពលរដ្ឋ​សម្ដែង​កង្វល់​នឹង​បញ្ចេញ​មតិ​ជុំវិញ​រឿង​នេះ​ក្ដី ប៉ុន្តែ​ក៏​មាន​ពលរដ្ឋ​ខ្លាច​រអា​មិន​ហ៊ាន​បញ្ចេញ​មតិ​ដែរ៖ «ខ្ញុំ​អត់​ហ៊ាន​និយាយ​អី​ផ្ដេសផ្ដាស​ទេ ព្រោះ​ខ្ញុំ​មន្ត្រី​រាជការ នៅ​លើ​សមត្ថកិច្ច​ដែនដី​គេ​អ្នក​ដោះស្រាយ។ ដល់​ខ្ញុំ​និយាយ​ទៅ​កុំ​ឲ្យ​ខុស»

សំណុំ​រឿង​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី បាន​ផុស​ឡើង​ម្ដង​ទៀត​នៅ​ប៉ុន្មាន​ថ្ងៃ​នេះ ដោយសារ​តែ​តំណក់​ឈាម​ចុង​ក្រោយ គឺ​កូន​ប្រុស​ទី​៥ របស់​លោក​បណ្ឌិត កែម ឡី ទើប​តែ​បាន​ឃើញ​ពន្លឺ​លោកីយ៍។

ក្រុម​គ្រួសារ និង​គណៈកម្មការ​រៀបចំ​ពិធី​បុណ្យ​ខួប ១០០​ថ្ងៃ​ជូន​លោក​បណ្ឌិត កែម ឡី គ្រោង​ធ្វើ​ពិធី​បុណ្យ​នេះ​នៅ​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៧ ខែ​តុលា ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។