ប្រជាពលរដ្ឋជាច្រើនភូមិនៅឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ លើកឡើងថា ផ្លូវដ៏សំខាន់មួយខ្សែនៅក្នុងឃុំរងការខូចខាតស្ទើរតែទាំងស្រុង។ ពលរដ្ឋ ត្អូញត្អែរពីការលំបាកនៅពេលធ្វើដំណើរឆ្លងកាត់ផ្លូវនោះម្ដងៗ ពិសេសនៅពេលទៅប្រកបមុខរបរទទួលទានប្រចាំថ្ងៃ និងដឹកជញ្ជូនផលិតផលកសិកម្មដូចជាដំឡូងជាដើម។ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ បញ្ជាក់ថា បញ្ហាប្រឈមរបស់ពលរដ្ឋនឹងត្រូវដោះស្រាយក្នុងពេលឆាប់ៗ។
ប្រជាពលរដ្ឋនៅឃុំត្រពាំងព្រីង ស្រុកតំបែរ ស្នើឱ្យអាជ្ញាធរជួយកសាងផ្លូវ ឬជួសជុលផ្លូវមួយខ្សែមានប្រវែងប្រមាណ ២០គីឡូម៉ែត្រ កាត់តាមឃុំរបស់ពួកគាត់ឆ្ពោះទៅស្រុកពញាក្រែក។ ការស្នើសុំនេះ ដោយសារផ្លូវមួយខ្សែនោះពិបាកធ្វើដំណើរ ដែលបង្កការរំខានដល់ការប្រកបមុខរបរ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។
ពលរដ្ឋនៅឃុំត្រពាំងព្រីង មួយរូប លោក ឈិន យ៉ុង មានប្រសាសន៍ថា ផ្លូវលំមួយខ្សែចេញពីផ្លូវជាតិលេខ៧៣ ឆ្ពោះទៅកាន់ស្រុកពញាក្រែក គឺមានស្ថានភាពកាន់តែទ្រុឌទ្រោម ពិសេសនៅរដូវភ្លៀងធ្លាក់តែម្ដង។ មិនតែប៉ុណ្ណោះ កសិករពិបាកដឹកផលិតផលកសិកម្មរបស់ពួកគាត់ ដូចជាជ័រកៅស៊ូ ដំឡូងមី ពោត ស្រូវ ជាដើម។ ពេលខ្លះពលរដ្ឋត្រូវរអិលដួល ឬជាប់ភក់ក៏មាន៖ «ប្រជាពលរដ្ឋក៏ដូចជាចំណុះជើងវត្ត វត្តបង្ហើខ្លែង វត្តស្រែកក់ ចំណុះជើងវត្តបីបួននេះលំបាកឆ្លងកាត់ទៅធ្វើបុណ្យ ទទួលសីល សមាទានសីល។ បរគោយន្តអីទៅក៏លំបាក»។
ផ្លូវលំមួយខ្សែនេះ ក្រុមកងវិស្វកម្មរបស់រាជរដ្ឋាភិបាលបានកសាងឡើងកាលពីឆ្នាំ២០០៤ ដោយចាក់ក្រួសក្រហម។ ផ្លូវនេះបានបម្រើប្រយោជន៍ពលរដ្ឋជាច្រើនឃុំ រួមមានឃុំសេដា ឃុំត្រពាំងព្រីង ឃុំទឹកជ្រៅ ក្នុងស្រុកតំបែរ ព្រមទាំងឃុំមួយចំនួននៅស្រុកពញាក្រែក។ ផ្លូវនេះអាចបង្កភាពងាយស្រួលដល់ពលរដ្ឋក្នុងការធ្វើដំណើរឆ្លងកាត់ពីស្រុកតំបែរ ឆ្ពោះទៅស្រុកពញាក្រែក ឬស្រុកមេមត់ និងទៅវៀតណាម ទៀតផង។
ពលរដ្ឋមួយរូបទៀត លោក យ៉េត វ៉ន មានប្រសាសន៍ថា ប្រសិនបើផ្លូវនេះ ត្រូវបានរាជរដ្ឋាភិបាលកសាងឱ្យល្អប្រសើរ និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាជន។ លោកបន្តថា រៀងរាល់ថ្ងៃពលរដ្ឋ ពិសេសមនុស្សចាស់ពិបាកធ្វើដំណើរទៅធ្វើបុណ្យទាននៅក្នុងភូមិ និងនៅតាមវត្តអារាម៖ «ផ្លូវវាពិបាកពេក ខ្ញុំសុំឱ្យរាជរដ្ឋាភិបាលជួយធ្វើផ្លូវមួយខ្សែនេះ»។
ទាក់ទងបញ្ហានេះ មេឃុំត្រពាំងព្រីង លោក មុំ សាប៊ុន មានប្រសាសន៍កាលពីថ្ងៃទី៣១ ខែតុលា ថា បញ្ហាផ្លូវធ្វើដំណើរនេះ គឺពិតជាបង្កការលំបាក និងរាំងស្ទះដល់ការប្រកបមុខរបររបស់អ្នកភូមិប្រាកដមែន។ លោកថា កន្លងមកអាជ្ញាធរមូលដ្ឋានបានធ្វើសំណើទៅកាន់អាជ្ញាធរស្រុក និងអាជ្ញាធរខេត្តដើម្បីស្នើសុំផ្លូវមួយខ្សែនេះ ប៉ុន្តែមិនទាន់មានការឆ្លើយតបឡើយ។ លោកបញ្ជាក់ថា ផ្លូវមួយខ្សែនេះធ្វើឡើងមិនពាក់ព័ន្ធនឹងប្រាក់មូលនិធិឃុំទេ គឺក្រុមកងវិស្វកម្មជាអ្នកកសាងកាលណោះ៖ «ឡានជាប់រាល់តែថ្ងៃ។ ឡានមកដាក់ឈើផង ដាក់ដីផង»។
ឃុំត្រពាំងព្រីង មានភូមិចំនួន១២ ហើយមានពលរដ្ឋចំនួនជាង ១ម៉ឺននាក់ (១៦.១៦១)។
ចំណែកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ លោក អាន ស៊ីណា មានប្រសាសន៍ថា បញ្ហាផ្លូវពិបាកធ្វើដំណើរនេះ មិនមែនកើតមានឡើងនៅតែខេត្តត្បូងឃ្មុំ ប៉ុណ្ណោះទេ ប៉ុន្តែវាកើតឡើងទូទាំងប្រទេសកម្ពុជា។ យ៉ាងនេះក្ដី លោកថា បញ្ហាប្រឈមជុំវិញផ្លូវដំណើរទាំងនេះនឹងមានដំណោះស្រាយក្នុងពេលឆាប់ៗ។ លោកបន្ថែមថា ផ្លូវដែលពលរដ្ឋត្អូញត្អែរពីការលំបាកនេះ គឺមានប្រវែងសរុប ២៦គីឡូម៉ែត្រ ហើយមានគម្រោងកសាងក្នុងពេលខាងមុខ ពិសេសក្រោយពិធីបើកការដ្ឋានស្ថាបនាផ្លូវជនបទនៅទូទាំងប្រទេសដែលមានប្រវែងជាង ១ពាន់គីឡូម៉ែត្រ (១.២០០) ក្រោមអធិបតីភាពរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២ ខែវិច្ឆិកា។
លោកបញ្ជាក់ថា ផ្លូវនៅខេត្តត្បូងឃ្មុំ មានចំនួន ៩ខ្សែ ដែលស្មើប្រវែង ២០០គីឡូម៉ែត្រក៏នឹងត្រូវកសាងឡើងដូចគ្នាដែរ៖ «ហើយអាក្នុង៩ ខ្សែដែលត្រូវបើកការដ្ឋានចាប់ផ្ដើមពីថ្ងៃទី២ ទៅ គឺអាផ្លូវហ្នឹងហើយដែលមានការលំបាក ព្រោះអីផ្លូវដែលយើងគ្រោងដាក់អនុវត្តមិនទាន់ពេល»។
ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទដដែល ស្នើឱ្យពលរដ្ឋអត់ធ្មត់មួយរយៈសិន ទម្រាំដំណើរការសាងសង់ផ្លូវទាំងនោះចាប់ផ្ដើម និងរួចរាល់ជាស្ថាពរ ពីព្រោះរដូវនេះជារដូវភ្លៀងធ្លាក់ធ្វើឱ្យក្រុមការងារកសាងផ្លូវពិបាកចុះបំពេញការងារ ម្យ៉ាងគឺបណ្ដាលមកពីគ្រោះធម្មជាតិ។
នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ យល់ថា កង្វះខាតផ្លូវថ្នល់នៅតាមទីជនបទនៅតែកើតមានឡើងដោយសារការបែងចែកគម្រោងថវិកាជាតិទៅដល់ថ្នាក់មូលដ្ឋាន គឺមិនបានគ្រប់គ្រាន់ស្របទៅតាមសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋឡើយ។ លោកមើលឃើញថា បញ្ហាគ្រោះធម្មជាតិគឺបណ្ដាលផ្លូវខូចខាតមួយចំណែក ប៉ុន្តែកត្តាផ្សេងទៀត រួមមានការដឹកជញ្ជូនលើសទម្ងន់ការកសាងផ្លូវមិនបានគោរពតាមស្តង់ដារត្រឹមត្រូវ និងការអនុវត្តច្បាប់គ្រប់គ្រងផ្លូវថ្នល់នៅមានកម្រិត គឺជាមូលហេតុធ្វើផ្លូវឆាប់ខូចខាត៖ «ផលវិបាកទាំងអស់នេះ គឺជាកត្តាសង្គម។ កង្វះនូវគោលនយោបាយ កង្វះនូវយន្តការអនុវត្តច្បាប់ដែលនាំឱ្យផ្លូវថ្នល់នៅស្រុកខ្មែររងគ្រោះ»។
លោកមើលឃើញថា ដើម្បីលុបបំបាត់ភាពអសកម្មទាំងនេះ រាជរដ្ឋាភិបាលត្រូវបង្ហាញតម្លាភាពនៃថវិកាក្នុងការកសាងផ្លូវថ្នល់ ហើយផ្ដល់ព័ត៌មានស្ដីគម្រោងកសាងផ្លូវដល់សាធារណជន ឱ្យបានដឹងគ្រប់គ្រាន់។ រាជរដ្ឋាភិបាលត្រូវបើកទូលាយឱ្យមានការចូលរួមពីប្រជាពលរដ្ឋ និងសង្គមស៊ីវិលក្នុងកិច្ចការពារផ្លូវថ្នល់ ព្រមទាំងអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាពជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
