ពលរដ្ឋ​នៅ​កំពង់ឆ្នាំង​ចង់​ឲ្យ​មាន​ការ​ប្រណាំង​ទូក​ក្នុង​ពិធី​បុណ្យ​ភ្ជុំ

ដោយ ជិន ជេដ្ឋា
2014.09.23

ចាស់​ព្រឹទ្ធាចារ្យ​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កំពង់ឆ្នាំង ចង់​ឲ្យ​មាន​ការ​ប្រណាំង​ទូកអុំ​នៅ​អំឡុង​ពេល​នៃ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ឡើង​វិញ បន្ទាប់​ពី​ហាក់​ខាន​ជាង ១០​ឆ្នាំ​មក។ ចំណែក​អាជ្ញាធរ​ខេត្ត​ឆ្លើយ​តប​ថា ការ​ប្រណាំង​ទូកអុំ​នឹង​មាន​ឡើង​វិញ​នៅ​ឆ្នាំ​ក្រោយ ប៉ុន្តែ​នៅ​ឆ្នាំ​នេះ​អាជ្ញាធរ​កំពុង​ប្រមូល​ឡើង​វិញ​នូវ​ទូកអុំ​ពី​តាម​វត្ត និង​ឃុំ​មួយ​ចំនួន ដើម្បី​មក​អុំ​សម និង​អាច​បញ្ជូន​ទៅ​អុំ​ប្រណាំង​ថ្នាក់​ជាតិ​នៅ​រាជធានី​ភ្នំពេញ ក្នុង​ឱកាស​បុណ្យ​អុំទូក អកអំបុក និង​សំពះព្រះខែ​ខាង​មុខ។

ពលរដ្ឋ​ដែល​ខ្លះ​ជា​អតីត​អ្នក​រៀបចំ​កម្មវិធី​ប្រណាំង​ទូក​ផង​នោះ​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ថា កាល​ពី​ជាង ១០​ឆ្នាំ​មុន ទូកអុំ​ជិត ៤០​គ្រឿង នៅ​ស្រុក​កំពង់លែង ស្រុក​បរិបូរណ៍ ស្រុក​កំពង់ត្រឡាច និង​ក្រុង​កំពង់ឆ្នាំង នៃ​ខេត្ត​កំពង់ឆ្នាំង តែងតែ​ប្រណាំង​គ្នា​នៅ​តាម​មូលដ្ឋាន​រៀងៗ​ខ្លួន​យ៉ាង​សប្បាយ​នៅ​អំឡុង​ពេល​នៃ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ ប៉ុន្តែ​បច្ចុប្បន្ន​បាត់បង់​អស់​គឺ​នៅ​តែ​ប្រណាំង​ទូក​ម៉ាស៊ីន​តិចតួច។

អតីត​ចៅសង្កាត់​ផ្សារ​ឆ្នាំង និង​ជា​អ្នក​រៀបចំ​កម្មវិធី​ប្រណាំង​ទូកអុំ​កាល​ពី​ជាង ១០​ឆ្នាំ​មុន លោក សុខ ឈឿង មាន​ប្រសាសន៍​ថា សម្រាប់​ក្រុង​កំពង់ឆ្នាំង គេ​តែងតែ​ប្រណាំង​ទូក​នៅ​ទន្លេ​ផ្សារ​ក្រោម ហើយ​ការ​ប្រណាំង​កាល​ណោះ​មិន​ដែល​បាន​ជ្រើសរើស​រក​អ្នក​ឈ្នះ​លេខ​១ ដល់​លេខ​៣ ដើម្បី​ទៅ​ប្រណាំង​បន្ត​នៅ​រាជធានី​ភ្នំពេញ​ឡើយ គឺ​គ្រាន់​តែ​បាន​រង្វាន់​ជា​នំអន្សម ឬ​របស់​របរ​ខ្លះៗ​ប៉ុណ្ណោះ។

លោក​បន្ត​ថា ការ​ប្រណាំង​ទូក​នៅ​ក្នុង​ខេត្ត​បាន​បាត់បង់​ជា​បន្ត​បន្ទាប់ រហូត​មក​ដល់​បច្ចុប្បន្ន​នៅ​តែ​ការ​ប្រណាំង​ទូក​ម៉ាស៊ីន​តូចៗ និង​ឆ្នាំ​ខ្លះ​គ្មាន​ប្រណាំង​តែ​ម្ដង៖ «គណៈកម្មការ​វត្ត​យាយ​ទេព​ហ្នឹង​មាន​ចែក​ជា​អន្សម​តាម​ទូក​ចែក​អន្សម អត់​មាន​លុយ​អត់មាន​កាក់​អី​ទេ មាន​តែ​ចែក​ជា​អន្សម​ចែក​ជា​អី ហើយ​ជួន​កាល​នឹង​អំពៅ​ទៅ​តាម​អីចឹង​ទេ។ គេ​មាន​មេក្រូ​ដាក់​ស្រែក​អី​យ៉ាង​ម៉េច​ទេ? បាទ! មាន​មេក្រូ​ស្រែក​អ៊ីចឹង​ដែរ។ ទូក​ហ្នឹង​មាន​តាម​វែង​តាម​ខ្លី​ទូក​អុំ​ហ្នឹង​ចំណុះ​៤០​នាក់​អី​បាទ»។

ចំណែក​អ្នក​រត់​ម៉ូត​ឌុប និង​ពលរដ្ឋ​រស់​នៅ​ម្ដុំ​ផ្សារ​ក្រោម​ថ្លែង​បញ្ជាក់​ថា ការ​បាត់​បង់​នូវ​ការ​ប្រណាំង​ទូក​នេះ គឺ​ដោយសារ​តែ​ពុំ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​អាជ្ញាធរ និង​ខ្វះ​ការ​ឧបត្ថម្ភ​ពី​សប្បុរសជន។ ពួកគេ​យល់​ថា ដើម្បី​ឲ្យ​ការ​ប្រណាំង​ទូកអុំ​កើត​មាន​ឡើង​វិញ និង​រក្សា​បាន​រហូត​ដល់​ក្មេង​ជំនាន់​ក្រោយ​នោះ គឺ​អាជ្ញាធរ​ត្រូវ​តែ​លើក​ទឹក​ចិត្ត និង​ឧបត្ថម្ភ​ដល់​អ្នក​អុំទូក ព្រម​ទាំង​គិតគូរ​ពី​ទីធ្លា​ប្រណាំង​ផង​ដែរ៖ «ច្រើន​ណាស់​មនុស្ស​ច្រើន​ណាស់! ខ្ញុំ​ដើរ​តាំង​ពី​មុខ​មក​មនុស្ស​ឡើង​ណែន​ត្រង់​ហ្នឹង​នែក កាល​ណឹង​តាំង​ពី​ចៅហ្វាយ​ខេត្ត​ដូច​ជា​ស៊ូ ភារិន្ទ កាល​ណឹង ទេ​ចង់​៦ ទៅ​៧​ឆ្នាំ​ហើយ​បាត់​ណា។ ចំពោះ​ចិត្ត​ខ្ញុំ​វិញ​ចង់​ឲ្យ​មាន​ការ​ប្រណាំង​ទូក​ពី​ព្រោះ​វា​ជា​ប្រណី​របស់​ខ្មែរ​យើង​កាល​ណា​បើ​យើង​មិន​ធ្វើ​នៅ​ពេល​បុណ្យ​ភ្ជុំ​អីចឹង​មិន​អុំទូក​ជា​តំណាង​អីចឹង យូរ​ៗ​អាច​បាត់​បង់​កូន​ខ្មែរ​មួយ​ៗ​ចេះ​តែ​ចង់​បាន​មើល​តៗ​គ្នា​អីចឹង​បង​ណា»។

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​នេះ អភិបាល​រង​ទទួល​បន្ទុក​រៀបចំ​បុណ្យ​ជាតិ និង​អន្តរជាតិ​ខេត្ត​កំពង់ឆ្នាំង លោក សៀត គឹមលៀង មាន​ប្រសាសន៍​ថា នៅ​អំឡុង​ពេល​នៃ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ ពុំ​មាន​ការ​ប្រណាំង​ទូក​នៅ​ក្នុង​ខេត្ត​នោះ​ទេ ប៉ុន្តែ​អាជ្ញាធរ​កំពុង​ផ្សព្វផ្សាយ​ព័ត៌មាន​ទាក់ទង​នឹង​ការ​ប្រណាំង​អុំទូក​ថ្នាក់​ជាតិ ហើយ​បច្ចុប្បន្ន​ប្រមូល​ទូក​បាន​ចំនួន ២០​គ្រឿង​ហើយ ដើម្បី​យក​ទៅ​អុំ​សម​នៅ​វត្ដ​កំពង់ត្រឡាចក្រោម ស្ថិត​នៅ​ស្រុក​កំពង់ត្រឡាច មុន​នឹង​ជ្រើសរើស​យក​ទៅ​ប្រណាំង​នៅ​រាជធានី​ភ្នំពេញ។ លោក​បន្ត​ថា នៅ​ឆ្នាំ​ក្រោយៗ​អាជ្ញាធរ​នឹង​រៀបចំ​ឲ្យ​មាន​ពិធី​ប្រណាំង​ទូក​ឡើង​វិញ៖ «ឆ្នាំ​នេះ​យើង​មិន​អាច​ដំណើរ​ការ​បាន​របៀប​ថា ជា​ពិធី​អី​ឲ្យ​ត្រឹម​ត្រូវ​ទេ​យើង​បាន​ត្រឹម​កម្រិត​ថា គាត់​សប្បាយ​រីករាយ​ការ​ឲ្យ​គាត់​មាន​ការ​ប្រយ័ត្ន​អី​ហ្នឹង​ណា។ ភាគ​ច្រើន​ពួកគាត់​លេង​គប់​កំប្លោក​គ្នា គាត់​ប្រណាំង​គ្នា​ខ្លាំង​ពេក ហើយ​ទូក​វា​ច្រើន​ជួន​កាល​វា​ប៉ះ​​គ្នា​ណា​អីចឹង​យើង​ឲ្យ​គាត់​ប្រុង​ប្រយ័ត្ន​ធ្វើ​ម៉េច​មាន​អាវ​សុវត្ថិភាព​ធ្វើ​ម៉េច​ឲ្យ​គាត់​មាន​អ្នក​ចេះ​ហែល​ទឹក​ពិតប្រាកដ​កុំ​ឲ្យ​យក​ក្មេងក្មាង​ទៅ​ជាមួយ​អីចឹង​យើង​បាន​ណែនាំ​គាត់​ហើយ»។

បច្ចុប្បន្ន​នៅ​មុខ​វត្ត​យាយទេព និង​ផ្នែក​ខ្លះ​នៃ​ផ្ទៃ​ទឹក​ទន្លេ​ផ្សារ​ក្រោម​មាន​ទីធ្លា​ចង្អៀត​ដោយ​មាន​ផ្ទះ​ពលរដ្ឋ​វៀតណាម កន្លែង​លក់ដូរ និង​មាន​ដេប៉ូ​ឈើ​ជា​ច្រើន​នៅ​ទីតាំង​នោះ។ ប្រសិន​បើ​អាជ្ញាធរ​ចាប់​ផ្ដើម​បង្កើត​ឲ្យ​មាន​ពិធី​ប្រណាំង​ទូកអុំ​ឡើង​វិញ គឺ​អាច​ប្រឈម​នឹង​បញ្ហា​ទីធ្លា​ប្រណាំង និង​អ្នក​ទស្សនា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។