អ្នក​ប្រកប​របរ​រើស​សំរាម​ជាង​១០០​នាក់​នៅ​ខេត្ត​សៀមរាប​តវ៉ា​បិទ​ផ្លូវ​លំ​មួយ​ខ្សែ

ដោយ ហង្ស សាវយុត
2017.08.29
តវ៉ា សំរាម សៀមរាប ៨៥៥ ពលរដ្ឋ​ដែល​ជា​អ្នក​រើស​សំរាម និង​កាក​សំណល់​យក​ទៅ​លក់ដូរ នៅ​ឃុំ​ត្រពាំងធំ ស្រុក​ប្រាសាទបាគង ខេត្ត​សៀមរាប លើក​គ្នា​មក​ជីក​ដាំ​បង្គោល​ឈើ​បិទ​ផ្លូវ​មិន​ឱ្យ​រថយន្ត​ដឹក​សំរាម​របស់​ក្រុមហ៊ុន ហ្កាអ៊ីយ៉ា (Gaea) ចូល​ទៅ​ចាក់​សំរាម នៅ​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១៧។ RFA/Hang Savyouth
RFA/Hang Savyouth

ពលរដ្ឋ​ខ្លះ​ដែល​ជា​អ្នក​រើស​សំរាម​លក់​នៅ​ឃុំ​ត្រពាំងធំ ស្រុក​ប្រាសាទបាគង ចម្ងាយ​ជិត ៣០​គីឡូម៉ែត្រ​ភាគ​ខាង​កើត​ពី​ទីក្រុង​សៀមរាប មិន​សប្បាយ​ចិត្ត​ជាមួយ​នឹង​ក្រុមហ៊ុន​ប្រមូល​សំរាម​ចេញ​ពី​ទីក្រុង​ឈ្មោះ ហ្កាអ៊ីយ៉ា (Gaea)។

ការ​មិន​សប្បាយ​ចិត្ត​នេះ កើត​ឡើង​បន្ទាប់​ពី​ក្រុមហ៊ុន​បាន​ធ្វើ​ទីលាន​ចាក់​សំរាម​ថ្មី​១​កន្លែង ហើយ​បិទ​របង​ការពារ​មិន​ឱ្យ​អ្នក​ភូមិ​ចូល​ទៅ​រើស​សំរាម និង​កាកសំណល់​ដែល​អាច​យក​ទៅ​លក់​បាន​ប្រាក់​ដូច​នៅ​កន្លែង​ចាក់​សំរាម​មុនៗ​ទៀត។

ពលរដ្ឋ​ជាង ១០០​នាក់ នៅ​ឃុំ​ត្រពាំងធំ ដែល​ប្រកប​មុខ​របរ​ជា​អ្នក​រើស​សំរាម និង​កាកសំណល់​យក​ទៅ​លក់ បាន​លើក​គ្នា​បិទ​ផ្លូវ​លំ ១​ខ្សែ មិន​ឱ្យ​ឡាន​ដឹក​សំរាម​របស់​ក្រុមហ៊ុន​ចេញ​ពី​ទីក្រុង​ចូល​ទៅ​ចាក់​នៅ​កន្លែង​រណ្ដៅ​បាន​ទេ នៅ​ថ្ងៃ​អង្គារ ទី​២៩ ខែ​សីហា។

ពលរដ្ឋ​ទាំង​នោះ និយាយ​ថា មូលហេតុ​ដែល​ពួកគេ​បិទ​ផ្លូវ​មិន​ឱ្យ​ឡាន​របស់​ក្រុមហ៊ុន​ហ្កាអ៊ីយ៉ា ចូល​ទៅ​ចាក់​សំរាម​បាន ដោយសារ​តែ​ក្រុមហ៊ុន​បាន​ហាមឃាត់​ពួកគេ​មិន​ឱ្យ​ចូល​ទៅ​រើស​សំរាម និង​កាកសំណល់​ដែល​អាច​លក់​ដូរ​បាន​នៅ​កន្លែង​រណ្ដៅ​ចាក់​សំរាម​ថ្មី។

ស្ត្រី​អ្នក​ភូមិ​អន្លង់២ ម្នាក់ ក្នុង​ចំណោម​អ្នក​តវ៉ា​បិទ​ផ្លូវ​ជា​ច្រើន​ទៀត គឺ​អ្នកស្រី ជុន សាំ។ អ្នកស្រី​មាន​ប្រសាសន៍​រសៀល​ថ្ងៃ​អង្គារ ទី​២៩ ខែ​សីហា ថា គាត់​គ្មាន​ដីស្រែ និង​ចម្ការ សម្រាប់​ធ្វើ​កសិកម្ម​ចិញ្ចឹម​ជីវិត​ទេ មាន​តែ​មុខ​របរ​រើស​សំរាម​យក​ទៅ​លក់​អេតចាយ​រយៈពេល ១០​ឆ្នាំ​ហើយ។ ស្ត្រី​ដដែល​បញ្ជាក់​ប្រសិន​ក្រុមហ៊ុន ហាមឃាត់​មិន​ឱ្យ​ពួកគាត់​ចូល​ទៅ​រើស​សំរាម​នៅ​រណ្ដៅ​ថ្មី ដែល​កំពុង​រៀបចំ​នោះ ពួកគាត់​ក៏​គ្មាន​កម្រៃ​ចិញ្ចឹម​ជីវិត គឺ​មាន​តែ​បិទ​ផ្លូវ​តវ៉ា៖ «ជីវភាព​ប្រចាំ​ថ្ងៃ​មាន​តែ​មុខ​របរ​រើស​សំរាម​លក់​ប៉ុណ្ណោះ ពីព្រោះ​ខ្ញុំ​ចាស់​ហើយ មិន​អាច​ទៅ​ធ្វើ​ការងារ​សំណង់​ដើម្បី​យក​ប្រាក់​ចិញ្ចឹម​ជីវិត​បាន​ទេ»

ឡាន​ដឹក​សំរាម​​ចេញ​ពី​ក្រុង​សៀមរាប ត្រូវ​កក​ស្ទះ​​នៅ​លើ​ផ្លូវ​​ជាតិ​លេខ​៦ ដោយសារ​តែ​អ្នក​ភូមិ​បិទ​ផ្លូវ​មិន​ឱ្យ​ចូល​ទៅ​ចាក់​សំរាម នៅ​ឃុំ​ត្រពាំងធំ ស្រុក​ប្រាសាទបាគង។ រូបថត​ថ្ងៃ​ទី​២៩ សីហា ឆ្នាំ​២០១៧។ RFA/Hang Savyouth
ឡាន​ដឹក​សំរាម​​ចេញ​ពី​ក្រុង​សៀមរាប ត្រូវ​កក​ស្ទះ​​នៅ​លើ​ផ្លូវ​​ជាតិ​លេខ​៦ ដោយសារ​តែ​អ្នក​ភូមិ​បិទ​ផ្លូវ​មិន​ឱ្យ​ចូល​ទៅ​ចាក់​សំរាម នៅ​ឃុំ​ត្រពាំងធំ ស្រុក​ប្រាសាទបាគង។ រូបថត​ថ្ងៃ​ទី​២៩ សីហា ឆ្នាំ​២០១៧។ RFA/Hang Savyouth
RFA/Hang Savyouth

អ្នក​ភូមិ​អន្លង់២ ម្នាក់​ទៀត អ្នកស្រី ធួន ស៊ីលុយ មាន​ប្រសាសន៍​ថា ចាប់​តាំង​ពី​ក្រុមហ៊ុន​សំរាម ទៅ​ធ្វើ​រណ្ដៅ​ចាក់​សំរាម​នៅ​ជិត​ភូមិ​របស់​គាត់ គឺ​ក្រុមហ៊ុន​បាន​លុប​ប្រឡាយ​ទឹក បណ្ដាល​ឱ្យ​គ្មាន​ទឹក​ធ្វើស្រែ​គ្រប់​គ្រាន់​ទេ ដូច្នេះ រូប​គាត់​និង​អ្នក​ភូមិ​ជា​ច្រើន​នាក់ តែង​ទី​ពឹង​លើ​របរ​រើស​សំរាម​យក​ទៅ​លក់។ ស្ត្រី​ដដែល​បញ្ជាក់​ថា ប្រសិនបើ​ក្រុមហ៊ុន​បិទ​មិន​ឱ្យ​ពួកគាត់​ចូល​រើស​សំរាម និង​កាកសំណល់​យក​ទៅ​លក់​ដូរ​ទៀត​នោះ គឺ​មាន​ន័យ​ថា ពួកគាត់​នឹង​គ្មាន​ប្រាក់​ឯ​ណា​ទិញ​ស្បៀង​អាហារ​ចិញ្ចឹម​ជីវិត​ទេ៖ «ព្រោះ​ប្រជាពលរដ្ឋ​រស់​ដោយសារ​សំរាម ប្រកប​អាជីវកម្ម រើស​សំរាម​រហូត​មក​ដល់​សព្វ​ថ្ងៃ។ ១​ថ្ងៃ​អាច​រើស​សំរាម​យក​ទៅ​លក់​បាន​ប្រាក់​ប្រហែល ២​ម៉ឺន​រៀល»

​ក្រុមហ៊ុន​ប្រមូល​សំរាម ហ្កាអ៊ីយ៉ា បាន​ពន្យល់​ថា ការ​ធ្វើ​រណ្ដៅ​ចាក់​សំរាម​ថ្មី​នេះ គឺ​គេ​បាន​ធ្វើ​តាម​ការ​ស្នើ​សុំ​របស់​អ្នក​ភូមិ ព្រម​ទាំង​ទទួល​យក​អនុសាសន៍​ពី​រដ្ឋាភិបាល និង​អាជ្ញាធរ​ខេត្ត​សៀមរាប ឱ្យ​ធ្វើ​តាម​ស្តង់ដារ​អន្តរជាតិ ដើម្បី​ការពារ​បរិស្ថាន ការ​លុប​បំបាត់​ក្លិន​ស្អុយ ព្រមទាំង​ធានា​សុវត្ថិភាព​សាធារណៈ​មិន​ឱ្យ​មាន​គ្រោះថ្នាក់​ផង ដូច្នេះ គេ​មិន​អាច​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ចូល​ទៅ​ដណ្ដើម​គ្នា​រើស​សំរាម​នៅ​ក្នុង​រណ្ដៅ​ថ្មី ដែល​មាន​ហ៊ុមព័ទ្ធ​របង​ការពារ​នោះ​ទេ។

អ្នក​គ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុន​ប្រមូល​សំរាម ហ្កាអ៊ីយ៉ា កញ្ញា គ្លៀរ ប្រូម (Claire Prome) មាន​ប្រសាសន៍​ថា ជំនួស​ឱ្យ​ការ​បិទ​មិន​ឱ្យ​អ្នក​ភូមិ​ចូល​រើស​សំរាម​នេះ គឺ​ក្រុមហ៊ុន​របស់​នាង​បាន​ធានា​ថា នឹង​យក​អ្នក​រើស​សំរាម​ទាំង​អស់​ឱ្យ​ចូល​ធ្វើការ​ជា​បុគ្គលិក​ដោយ​ផ្ដល់​ប្រាក់ខែ​សមរម្យ៖ «ជា​ការ​ពិត​គឺ​យើង​មិន​អនុញ្ញាត ឱ្យ​ពលរដ្ឋ​អាច​ចូល​ទៅ​រើស​សំរាម​បាន​ទៀត​ទេ។ រណ្ដៅ​សំរាម​នោះ​គឺ​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​ដែល​ទទួល​ខុស​ត្រូវ។ ការ​ហាមឃាត់​មិន​ឱ្យ​អ្នក​ភូមិ​ចូល​ទៅ​រស់​សំរាម​នោះ ពីព្រោះ​តែ​រណ្ដៅ​សំរាម​ថ្មី មាន​ជម្រៅ​ជ្រៅ ហើយ​ពេល​ចាក់​សំរាម​ម្ដងៗ មាន​សំរាម​ប្រហែល​ពី ១៥ ទៅ ២០​តោន ប្រសិនបើ​អ្នក​ភូមិ​សម្រុក​ចូល​ទៅ​រើស វា​អាច​នឹង​សង្កត់​ស្លាប់​នៅ​ពេល​ណា​មួយ»

មេ​ឃុំ​ត្រពាំងធំ លោក សយ សីហា ឱ្យ​ដឹង​ថា ក្រុមហ៊ុន​សំរាម​មាន​គោលការណ៍​រើស​បុគ្គលិក​ធ្វើការ​ប្រហែល ៣០០​នាក់ ដោយ​ផ្ដល់​ប្រាក់​ខែ​សម្រាប់​បុគ្គលិក​ស្រី​ម្នាក់ គឺ​ចាប់​ពី ១២០​ដុល្លារ​ឡើង​ទៅ ចំណែក​បុរស​គឺ​ឱ្យ​ប្រាក់​ខែ​ចាប់​ពី ១៥០​ដុល្លារ។  លោក សយ សីហា គាំទ្រ​គោលការណ៍​របស់​ក្រុមហ៊ុន​ដែល​សុខ​ចិត្ត​ទទួល​យក​ពលរដ្ឋ​ធ្វើ​ជា​បុគ្គលិក​ជំនួស​ឱ្យ​មុខ​របរ​រើស​សំរាម​លក់​នេះ ហើយ​លោក​ព្យាយាម​ពន្យល់​អ្នក​ភូមិ​ឱ្យ​ទទួល​យក​ការងារ​មាន​ប្រាក់​ខែ​នោះ ប៉ុន្តែ​ត្រូវ​ពលរដ្ឋ​បដិសេធ។

​រហូត​ដល់​រសៀល​ថ្ងៃ​ទី​២៩ ខែ​សីហា ក្រុម​អ្នក​តវ៉ា​បិទ​ផ្លូវ​មិន​ឱ្យ​ឡាន​ដឹក​សំរាម​ចូល​ចាក់​សំរាម​នោះ បាន​បដិសេធ​មិន​ព្រម​ចូល​ចរចា​ជាមួយ​តំណាង​ក្រុមហ៊ុន និង​អាជ្ញាធរ​ឡើយ ដោយ​ពួកគេ​សុខ​ចិត្ត​នាំ​គ្នា​អង្គុយ​លេង​ដោយ​គ្មាន​ដំណោះស្រាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។