ថៅកែ​រោងចក្រ W&D បិទ​ទ្វារ​រាំង​មិន​ឲ្យ​កម្មករ​ចូល​ធ្វើការ ខណៈ GMAC អំពាវនាវ​ឲ្យ​កម្មករ​ចូល​ធ្វើការ​វិញ

ដោយ ម៉ៅ សុធានី
2019-02-12
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កម្មករ​រោងចក្រ W&D តវ៉ា ពេល​ថៅកែ​រោងចក្រ W&D បិទ​ទ្វារ​រាំង​មិន​ឲ្យ​កម្មករ​ចូល​ធ្វើការនៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ឆ្នាំ២០១៩។
កម្មករ​រោងចក្រ W&D តវ៉ា ពេល​ថៅកែ​រោងចក្រ W&D បិទ​ទ្វារ​រាំង​មិន​ឲ្យ​កម្មករ​ចូល​ធ្វើការនៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ឆ្នាំ២០១៩។
រូបថត៖ សហជីព C-CAWDU

កម្មករ​រោងចក្រ​ ដាប់ប៊ែលយូ អែន ឌី (W&D) នៅ​ខណ្ឌ​មានជ័យ តវ៉ា​នៅ​មុខ​រោងចក្រ​បន្ត​ទៀត ក្រោយ​ពេល ​អះអាង​ថា ភាគី​ថៅកែ​រោងចក្រ បាន​បិទ​ទ្វារ​របង និង​រារាំង ​មិន​ឲ្យ​ពួកគេ​​ចូល​ធ្វើ​ការ តាម​ការ​អំពាវនាវ​របស់​សមាគម​ថៅកែ​រោងចក្រ។ សហជីព​ស៊ីខៅឌូ ដែល​ទទួល​ការ​ពឹង​ពាក់​ពី​កម្មករ ឲ្យ​ជួយ​ក្នុង​ករណី​នេះ​ថា ​សកម្មភាព​បែប​នេះ ជា​ទង្វើ​មិន​ស្មោះត្រង់​ក្នុង​ការ​ចរចា។

កម្មករ​រោងចក្រ​ ដាប់ប៊ែលយូ អែន ឌី (W&D) អះអាង​ថា បើ​ទោះ​ពួកគេ​មាន​ឆន្ទៈ​ចូល​ធ្វើការ​វិញ​មែន ក៏​ថៅកែ​មិន​ព្រម​អនុញ្ញាត​ឲ្យ​ពួក​គេ​ចូល​វិញ​ទេ ហើយ​ថែម​ទាំង​រារាំង​ពួកគេ​ទាំង​កំរោល ទើប​ធ្វើ​ឲ្យ​ពួកគេ​បង្ខំ​ចិត្ត​ នាំ​គ្នា​ឈរ​តវ៉ា​មុខ​រោងចក្រ​ដដែល។

កម្មការិនី​ម្នាក់ អ្នកស្រី សំ សុខស្រីមុំ រៀប​រាប់​ថា កាលពី​កំឡុង​​២​សប្ដាហ៍​មុន ភាគី​ថៅកែ​រោងចក្រ​បាន​បិទ​សេចក្ដី​ជូនដំណឹង​ថា ​ទុក​ពេល​ឲ្យ​កម្មករ​២​សប្ដាហ៍​ទៀត​ ដើម្បី​បញ្ឈប់​សកម្មភាព​តវ៉ា ហើយ​វិល​ត្រលប់​ចូល​ធ្វើការ​វិញ។ ប៉ុន្តែ​នៅ​ព្រឹក ថ្ងៃ​ទី​១១ កុម្ភៈ ពេល​កម្មករ​នាំគ្នា​ សម្រេច​ចិត្ត​ចូល​ធ្វើការ​វិញ ស្រាប់​តែ​ភាគី​ថៅកែ​រោងចក្រ មិន​អនុញ្ញាត​ទេ គឺ​តម្រូវ​ឲ្យ​កម្មករ​មាន​កាត​ពណ៌​ក្រហម ដែល​រោង​ចក្រ​ចេញ​ឲ្យ ​ជាមុន​សិន។ កម្មករ​​ចាត់​ទុក​ថា នេះ​ជា​ចេតនា​ របស់​ថៅកែ​ ដើម្បី​បង្ក​ភាព​ស្មុគស្មាញ និង​ការ​លំបាក​ឲ្យ​កម្មករ ព្រោះ​ថៅកែ​​គ្មាន​ឆន្ទៈ ទទួល​យក​ពួកគេ​​មក​ធ្វើការ​វិញ៖ «គេ​មិន​ឲ្យ​ចូល។ មុន​ដំបូង​គេ​បិទ​ក្រដាស​ គេ​ឲ្យ​​កម្មករ​យើង​ហ្នឹង ចូល​ធ្វើ​ទាំងអស់។ ពួក​ខ្ញុំ​សម្រេច​ចិត្ត​ថា​ចូល​ហើយ ប៉ុន្តែ​គេ​ថា គេ​យក​តំណាង​ពួក​ខាង​ខ្ញុំ។ គេ​ថា​មេ​បះបោរ។ មាន​ពី​ណា​ គេ​បះបោរ មាន​តែ​កម្មករ​ពួក​យើង​ទាំងអស់​គ្នា​ហ្នឹង​ហើយ បះបោរ​ទាំង​អស់​គ្នា​ហ្នឹង។ អត់​មាន​នរណា​មេ​ផង​ហ្នឹង។ ដល់​ពេល​អ៊ីចឹង​ទៅ ពួក​ខ្ញុំ ថា​ពេល​ចូល​តើ​គាត់​ចុច​ឈ្មោះ​នរណា​ អ្នក​ណា អ្នក​បះបោរ អត្តលេខ​ណា នៅ​ក្រុម​ណា។ តែ​គាត់ មិន​ឲ្យ​ចូល។ ពួក​ខ្ញុំ នៅ​តែ​ធ្វើ​(កូដកម្ម)​អ៊ីចឹង»

រោងចក្រ ដាប់ប៊ែលយូ អែន ឌី (W&D) ស្ថិត​នៅ​តាម​បណ្ដោយ​​ផ្លូវ​លេខ ៣៧១ ​ភូមិ​ឫស្សី សង្កាត់​ស្ទឹងមានជ័យ។ ក្នុង​ចំណោម​កម្មករ​សរុប​ជាង ១.៨០០នាក់ មាន​កម្មករ​ជាង ១.៧០០នាក់ បាន​នាំគ្នា​​ធ្វើ​កូដកម្ម កាលពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០១៨ ដើម្បី​ទាមទារ​ប្រាក់​អតីតភាព​ការងារ​មុន​ឆ្នាំ​២០១៩។ នៅ​​ថ្ងៃ​ទី​០៤ ខែ​មករា ភាគី​ថៅកែ​រោងចក្រ ​បាន​បញ្ឈប់​កម្មករ​​យ៉ាងតិច ១ពាន់​ ២រយ (​១ ២០០)​នាក់ និង​បាន​បញ្ឈប់​ជា​បន្ត​បន្ទាប់ រហូត​ជាង ១.៧០០នាក់។

ក្រោយ​មក​ កម្មករ ​បាន​នាំគ្នា​ទៅ​ដាក់​ញត្តិ​នៅ​ខុទ្ទកាល័យ លោក ហ៊ុន សែន ​មេដឹកនាំ​របប​ក្រុង​ភ្នំពេញ​ដែរ​ តែ​គ្មាន​ដំណោះស្រាយ​ទេ។ កម្មករ បាន​នាំគ្នា ទៅ​ពឹង​ពាក់​​សហភាព​ការងារ​កម្ពុជា ដើម្បី​​ធ្វើ​ជា​តំណាង​​របស់​ពួកគេ ក្នុង​ការ​តវ៉ា​​ជាមួយ​ថៅកែ​រោងចក្រ ដោយ​សំអាង​ថា សហជីព​ប្រចាំ​រោង​ចក្រ មិន​បម្រើ​ផល​ប្រយោជន៍​ឲ្យ​កម្មករ​ពិត​ប្រាកដ ព្រោះ​ស្ថិត​ក្រោម​គំនាប និង​ជ្រើស​រើស​​ដោយ​​ភាគី​ថៅកែ​រោងចក្រ។ ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ បញ្ជាក់​ថា ក្រោយ​ទទួល​បាន​ការ​ពឹង​ពាក់​ពី​កម្មករ លោក​បាន​ដាក់​លិខិត​ទៅ​ភាគី​ពាក់​ព័ន្ធ ដូចជា ក្រសួង​ការងារ សមាគម​ថៅកែ​រោងចក្រ សមាគម​អ្នក​បញ្ជា​ទិញ​នៅ​ក្រៅ​ប្រទេស ជាដើម។

នៅ​ថ្ងៃ​ទី២៦ មករា សមាគម​ថៅកែ​រោងចក្រ ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ ទទួល​យក​កម្មករ​រោងចក្រ​ ដាប់បែលយូ អេន ឌី (W&D (cambodia) Co.,Ltd)​ នៅ​ខណ្ឌ​មានជ័យ ដែល​រោងចក្រ​បាន​បញ្ឈប់​ជាង​១​ពាន់​នាក់ ឲ្យ​ចូល​ធ្វើការ​វិញ ប៉ុន្តែ​លើកលែង​កម្មករ​ ដែល​បាន​តវ៉ា បិទ​ផ្លូវ​កន្លង​មក។

លោក អាត់ ធន់ ប្រាប់​ថា ខាង​សហភាព​ការងារ​ និង​សមាគម​អ្នក​បញ្ជា​ទិញ កំពុង​ចង់​ដឹង​ តើ​កម្មករ​ណា​ខ្លះ​នឹង​ត្រូវ​បញ្ឈប់ ព្រោះ​កម្មករ​ជាង​១​ពាន់​នាក់ នៅ​តែ​មិន​ទាន់​ទទួល​បាន​ដំណោះស្រាយ​ ទោះ​សមាគម​ថៅកែ​រោងចក្រ​ប្រកាស​ទទួល​យក​កម្មករ​ចូល​ធ្វើការ​វិញ ​ក៏ដោយ។ លោក អាត់ ធន់ យល់​ថា ទោះ​បែប​ណា ភាគី​ក្រុមហ៊ុន​ ត្រូវ​តែ​ទទួល​យក​កម្មករ​ទាំង​អស់​ ចូល​ធ្វើការ​វិញ និង​ត្រូវ​មាន​​កិច្ច​ព្រមព្រៀង​ ជាមួយ​កម្មករ​ច្បាស់លាស់ ថា ត្រូវ​រក្សា​ទុក​អតីតភាព​កម្មករ មិន​ត្រូវ​ធ្វើ​ទុក្ខ​បុក​ម្នេញ ឬ​រក​រឿង​គុំកួន ជាមួយ​កម្មករ​ជាដើម ទើប​ជម្លោះ​នេះ ត្រូវ​បញ្ចប់៖ «កម្មករ​ក៏​កំពុង​រង់​ចាំ​មើល​ដែរ ព្រោះ​ថា ឥឡូវ​រង់​ចាំ​មើល​​ការ​ដោះស្រាយ​មើល តើ​ក្រុមហ៊ុន​វា​ចង់​ធ្វើ​ម៉េច​ទៀត។ ថា​ឲ្យ​ចូល តែ​ព្រឹកមិញ​នេះ កម្មករ​ចូល (ធ្វើការ) មិន​ឲ្យ​ចូល​ទេ»

អាស៊ី​សេរី មិន​អាច​សុំ​ការ​បំភ្លឺ​ពី​អគ្គលេខាធិការ​សមាគម​ថៅកែ​រោងចក្រ លោក ខេន លូ បាន​ទេ នៅ​ថ្ងៃ​ទី​១១ កុម្ភៈ។ តែ​ទោះ​យ៉ាងណា លោក អាត់ ធន់​ ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១១ កុម្ភៈ ភាគី​ក្រសួង​ការងារ បាន​ជួប​ថៅកែ​រោងចក្រ​ ដាប់ប៊ែលយូ អែនឌី (W&D) ​រួចហើយ ហើយ​នៅ​ថ្ងៃ​ទី​១៣ កុម្ភៈ ក្រសួង​ការងារ នឹង​កោះ​ហៅ​ភាគី​ពាក់​ព័ន្ធ​បន្ថែម​ទៀត ទៅ​ប្រជុំ​រក​ដំណោះស្រាយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល