ក្រសួង​ការពារជាតិ​បដិសេធ​អាវុធ​ថៃ​ចាប់​បាន​នោះ​ដឹក​ចេញ​ពី​កម្ពុជា

ដោយ ម៉ៅ សុធានី
2018.04.19
ឈុំ សុជាត ៦២២ មន្ត្រី​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ លោក ឈុំ សុជាត។
RFA

ក្រសួង​ការពារជាតិ បដិសេធ​ចំពោះ​ការ​ចុះផ្សាយ​ព័ត៌មាន​របស់​សារព័ត៌មាន​ថៃ​ដែល​បាន​ផ្សាយ​ថា អាវុធ​ជាច្រើន​ដែល​អាជ្ញាធរ​ថៃ​ចាប់​បាន កាល​ពី​ពេល​ថ្មីៗ​នេះ​នៅ​ខេត្ត​ត្រាត ដឹក​ចេញពី​កម្ពុជា​នោះ។

អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ លោក ឈុំ សុជាតិ នៅ​ថ្ងៃ​ទី​១៩ ខែ​មេសា​នេះ បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​លោក ហ៊ុន សែន​ថា សារព័ត៌មាន​មួយ​ចំនួន​និង​បណ្ដាញ​សង្គម បាន​ផ្សព្វផ្សាយ​ថា អាវុធ​ទាំងនោះ ដឹក​ចេញពី​ម្តុំ​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ គឺ​ជា​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត និង​គ្មាន​ប្រភព​ច្បាស់លាស់ ពី​ព្រោះ​ថា​កម្ពុជា មិន​មាន​ការ​ប្រើ​អាវុធ​ប្រភេទ​នោះ​ទេ។

កាលពី​យប់​អធ្រាត្រ​ចូល​ថ្ងៃ​ទី​១១ ខែ​មេសា ប៉ុស្តិ៍​ត្រួតពិនិត្យ​មួយ​នៅ​ស្រុក ខ្លងយ៉ៃ ខេត្ត​ត្រាត ជិត​ព្រំដែន​ខេត្ត​កោះកុង បាន​ឃាត់​ម្ចាស់​រថយន្ត​តូយ៉ូតា​មួយ​​គ្រឿង ដែល​ដឹក​អាវុធ​ប្រភេទ កាំភ្លើង TEPY ប្រភេទ​កាំភ្លើង M16 ជាច្រើន​ដើម និង​កាណុង​ព្រមទាំង​ឧបករណ៍​កៃកាំភ្លើង ជាដើម ចេញ​ពី​កំពង់ផែ ចាឡាឡៃ (Chalalai) យក​ទៅ​ប្រគល់​ជូន​អតិថិជន។ ក៏​ប៉ុន្តែ​ជនសង្ស័យ ឈ្មោះ ចាយុទ្ធ ប្រាសស៊ឺត្រិត (Chayut Prasertrit) អាយុ ៥៣​ឆ្នាំ មិន​បាន​ប្រាប់​ពី​ប្រភព​អ្នកលក់ និង​អ្នក​ទិញ​អាវុធ​នោះ​នៅឡើយ​ទេ។

រហូតមកដល់​ពេលនេះ សមត្ថកិច្ច​ថៃ ក៏​នៅតែ​មិនទាន់​វែកមុខ​ក្រុម​ដែល​ពាក់ព័ន្ធ​នឹង​ការ​រត់ពន្ធ​អាវុធ​ខុសច្បាប់​នេះ​នៅឡើយ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។