តើមានអ្វីខ្លះនៅពីក្រោយឃាតកម្មលើបណ្ឌិត កែម ឡី
2016.10.18
ការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី អ្នកវិភាគសង្គម និងនយោបាយឥតសំចៃមាត់នោះ គឺធ្វើឲ្យភ្ញាក់ផ្អើលពីសាធារណជនជាតិ និងអន្តរជាតិ និងស្ថាប័នអង្គការធំៗ នៅលើពិភពលោកបានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសទៀតផង។
ឃាតកម្មនេះ ត្រូវបានអ្នកឃ្លាំមើលសិទ្ធិមនុស្សចាត់ទុកថា មិនខុសពីឃាតកម្មលើប្រធានសហជីព សកម្មជនបរិស្ថាន និងអ្នកសារព័ត៌មាននោះឡើយ គឺរដ្ឋាភិបាលហាក់លាក់បាំងមិនចង់ឲ្យសាធារណជនដឹងពីការពិត និងអ្នកបញ្ជាពីក្រោយខ្នងនោះឡើយ។ ក្រុមអ្នកការពារសិទ្ធិមនុស្សទាំងនោះពន្យល់ថា ការរារាំង និងលាក់បាំងបែបនេះ គឺអាចពាក់ព័ន្ធនឹងគណបក្សកាន់អំណាច។
តើឃាតកម្មលើបណ្ឌិត កែម ឡី មានអ្វីខ្លះនៅពីក្រោយខ្នង?
លោកបណ្ឌិត កែម ឡី អ្នកវិភាគបញ្ហាសង្គមឥតសំចៃមាត់ មិនខ្លាចសេចក្ដីស្លាប់ ទោះបីលោកដឹងថា ពេលលោកវិភាគម្ដងៗ មិនដែលគិតថាលោកនឹងមានជីវិតក្ដី ប៉ុន្តែទីបញ្ចប់ឃាតកបានបាញ់ប្រហារលោកនៅកណ្ដាលទីក្រុងភ្នំពេញ ដែលសាធារណជនមានភាពរន្ធត់ និងសោកស្ដាយក្រៃលែង។
មកទល់ពេលនេះ មានរយៈពេលជាងបីខែហើយ គិតពីថ្ងៃដែលឃាតកបាញ់សម្លាប់លោកនៅក្នុងស្តារម៉ាត (Star Mart) កាល់តិច ស្ដុបបូកគោ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ តែមកទល់ពេលនេះ យុត្តិធម៌សម្រាប់រូបលោក និងក្រុមគ្រួសារមិនទាន់មាននៅឡើយ។
ឃាតកម្មលើលោកបណ្ឌិត កែម ឡី មានចំណុចសង្ស័យជាច្រើនដែលធ្វើឲ្យធ្វើអ្នកឃ្លាំមើលសិទ្ធិមនុស្ស រួមទាំងអ្នកជិតស្និទ្ធនឹងលោកបណ្ឌិត កែម ឡី ផង បញ្ជាក់ថា ឃាតកម្មគឺជាប់ពាក់ព័ន្ធជាមួយមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលណាមួយនៅពីក្រោយខ្នងរឿងនេះ បើពុំដូច្នេះទេ តុលាការ ឬសមត្ថកិច្ចបញ្ចេញកាមេរ៉ាសុវត្ថិភាព និងបង្ហាញជនពាក់ព័ន្ធដទៃទៀតក្រៅពី អឿត អាង ហៅ ជួប សម្លាប់ នោះហើយ។
នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ពន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា មានប្រសាសន៍ថា ឃាតកម្មលើលោកបណ្ឌិត កែម ឡី នេះ មានចំណុចសង្ស័យតាំងពីដើមទី ពោលគឺកាលពីល្ងាចថ្ងៃទី១០ ខែកក្កដា នៅក្រោយការបាញ់សម្លាប់ប៉ុន្មានម៉ោង សមត្ថកិច្ចរាជធានី បានរារាំងក្បួនដង្ហែសាកសពលោកបណ្ឌិត កែម ឡី ទៅកាន់វត្តពោធិយារាម ហៅវត្តចាស់ តែដោយសារតែកម្លាំងមហាជនច្រើន និងការមានៈរបស់ប្រជាពលរដ្ឋ ទើបអាជ្ញាធរបើកផ្លូវឲ្យដង្ហែសាកសពទៅកាន់វត្តចាស់។
ក្រៅពីនេះទៀត នៅមានចំណុចជាច្រើនទៀត រួមមានការរំខានយាយីពីជនមិនស្គាល់មុខខ្លះ មានទាំងមន្ត្រីនគរបាលផង បានទៅរំខានរោងបុណ្យនៅក្នុងបរិវេណវត្តចាស់៖ «មានលទ្ធភាពច្រើនក្នុងការមើលឃើញថា តើក្រុមឃាតកនោះជាអ្នកណា? ព្រោះនៅក្នុងម៉ាត និងហាងនៅក្បែរៗនោះ និងនៅតាមស្ដុបមានកាមេរ៉ាទាំងអស់»។
សារព័ត៌មានអាស៊ាន ធូដេយ៍ (ASEANToday) សរសេរថា ពន្លឺនៃក្តីសង្ឃឹមមានតិចតួចដែលថា រដ្ឋាភិបាលនឹងបញ្ចប់ការស៊ើបអង្កេតករណីឃាតកម្មលើបណ្ឌិត កែម ឡី។ សារព័ត៌មាននេះរាយការណ៍ទៀតថា មនុស្សជាច្រើនជឿជាក់ថា គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច អាចនឹងជាប់ពាក់ព័ន្ធនឹងឃាតកម្មនេះ ដោយរំលឹកពីនិទណ្ឌភាព ឬការមិនចាប់ឃាតកពិតប្រាកដមកផ្ដន្ទាទោស ក្រោយករណីឃាតកម្មលើតារាសម្ដែង អ្នកនាង ពិសិដ្ឋ ពិលីកា កាលពីឆ្នាំ១៩៩៩ ឃាតកម្មលើមេដឹកនាំសហជីព លោក ជា វិជ្ជា កាលពីឆ្នាំ២០០៤ និងឃាតកម្មលើសកម្មជនបរិស្ថាន លោក ឈុត វុទ្ធី កាលពីឆ្នាំ២០១២។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ឲ្យដឹងកន្លងមកថា ការស៊ើបអង្កេតរបស់សមត្ថកិច្ចគ្មានរកឃើញអ្នកណាផ្សេងក្រៅពី អឿត អាង ហៅ ជួប សម្លាប់ នោះទេ។ លោកបញ្ជាក់ថា សំណុំរឿងនេះក៏បញ្ជូនឲ្យតុលាការអស់ហើយដែរ។
ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា ដែលជាអ្នកកាន់សំណុំរឿងឃាតកម្មបណ្ឌិត កែម ឡី ឲ្យអាស៊ីសេរី ដឹងកាលពីពេលថ្មីៗនេះថា ចៅក្រមកំពុងបន្តការស៊ើបសួរ។
ទោះបីជាបែបនេះក្ដី មកទល់ពេលនេះ ជនសង្ស័យ ជួប សម្លាប់ មិនមានមេធាវីការពារក្ដីនៅឡើយ។ លោកមេធាវី ហុង គឹមសួន មានប្រសាសន៍ថា ជនសង្ស័យប្រព្រឹត្តិបទឧក្រិដ្ឋធ្ងន់ធ្ងរដូចជាករណី ជួប សម្លាប់ នេះ តុលាការត្រូវស្នើសុំទៅក្រសួងយុត្តិធម៌ ដើម្បីផ្ដល់មេធាវីការពារក្ដី តុលាការមិនត្រូវព្រងើយកន្តើយទេ៖ «ច្បាប់គឺជនជាប់ចោទទាំងឡាយគេចាត់ទុកជាមនុស្សអត់ទោសនោះ ដរាបណាតុលាការអត់ទាន់ចាត់ការស្ថាពរ។ ចឹងហើយដំណើរការរបស់តុលាការ ត្រូវឲ្យមានមេធាវីដើម្បីមើលពីដំណើរការតុលាការ ថាតើតាមនីតិវិធីឬទេ? ចឹងហើយគេតម្រូវឲ្យមេធាវីការពារសិទ្ធិឲ្យគេទោះជននោះជាអ្នកប្រព្រឹត្តិបទល្មើសឧក្រិដ្ឋយ៉ាងណាក្ដី»។
ទាក់ទងនឹងបញ្ហានេះ មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា ករណីលោក ជួប សម្លាប់ នេះ គឺជាករណីចម្លែកមួយដែលលោកគ្មានមេធាវីការពារទៅវិញ។ លោក អំ សំអាត បញ្ជាក់ថា ករណីឃាតកម្មលើលោកបណ្ឌិត កែម ឡី នេះ មានរឿងអាថ៌កំបាំងជាច្រើនខ្នងដែលអាចមានអ្នកឥទ្ធិពលណាមួយនៅពីក្រោយ ហើយការអនុវត្តរបស់តុលាការទៀតសោត មានស្តង់ដារពីរ៖ «មិនដែលមាន ទើបតែមានករណី ជួប សម្លាប់ មួយទេ។ ចឹងហើយហេតុអីមិនត្រូវការមេធាវី រឿងទាំងឡាយត្រូវមានមេធាវី ឬក៏ពេលមានមេធាវី ខ្លាចដឹងអាថ៌កំបាំងអ្វីនៅក្នុងហ្នឹង?»។
លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នេះ គឺរយៈពេល ២ថ្ងៃក្រោយពីលោកបានចូលរួមវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី ស្ដីពី "តើសែស្រឡាយមេដឹកនាំមានសិទ្ធិធ្វើជំនួញ ឬទេ?"។ លោកបកស្រាយប្រធានបទនេះ ក្រោយពីរបាយការណ៍ស៊ើបអង្កេតរបស់អង្គការឃ្លាំមើលពិភពលោក គ្លបល វីនេស (Global Witness) ចេញផ្សាយលាតត្រដាងពីការប្រើប្រាស់អំណាចរបស់គ្រួសារនាយករដ្ឋមន្ត្រី ដើម្បីក្ដោបក្ដាប់ជំនួញសេដ្ឋកិច្ចកម្ពុជា តម្លៃរាប់រយលានដុល្លារសហរដ្ឋអាមេរិក។
អ្នកវិភាគឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ ចាត់ទុកឃាតកម្មលើបណ្ឌិត កែម ឡី មានពីរចំណុចទី១ អាចមកពីការវិភាគឥតសំចៃមាត់របស់លោកបណ្ឌិតអំពីបញ្ហាសង្គម នយោបាយ ទី២ ជាឃាតកម្មទាក់ទងនឹងរឿងនយោបាយ ទើបឃាតកបាញ់សម្លាប់ដូច្នេះ៖ «លោកបណ្ឌិត កែម ឡី គាត់មានប្រជាប្រិយ។ អ៊ីចឹងហើយកៀកបោះឆ្នោតគាត់អាចបង្វែរទៅគណបក្សណាមួយ។ ចឹងទេអាចគ្រោះថ្នាក់ដល់គណបក្សណាមួយ»។
របាយការណ៍នៃការកាន់អំណាចរបស់លោក ហ៊ុន សែន រយៈពេល ៣០ឆ្នាំរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) ចេញផ្សាយកាលពីឆ្នាំ២០១៣ បង្ហាញថា ការវាយប្រហារ និងបាញ់សម្លាប់ក្រៅច្បាប់ទៅលើសកម្មជនបក្សប្រឆាំង និងសហជីពកើតមានជាច្រើនករណីនៅចន្លោះការបោះឆ្នោតជាតិ អាណត្តិទី២ និងទី៣។
ប៉ុន្តែនៅអាណត្តិទី៤ ឃាតកម្មនេះមានកាថយចុះវិញ នៅគ្រាគណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈចំនួន ៩០ នៅរដ្ឋសភា ប៉ុន្តែបញ្ហាជម្លោះដីធ្លីកើតមានច្រើនស្ទើរតែគ្រប់ទិសទី។ សម្រាប់នៅអាណត្តិទី៥នេះវិញ ការបាញ់ប្រហារ ការចាប់ចង បានកើតមានច្រើនវិញនៅក្រោយការបោះឆ្នោតឆ្នាំ២០១៣។
លោក មឿន តុលា បញ្ជាក់ថា រាល់ការវិភាគម្ដងៗរបស់លោកបណ្ឌិត កែម ឡី ដែលនិយាយត្រង់ៗនោះ គឺប៉ះពាល់ដល់រដ្ឋាភិបាលដែលជាដើមហេតុធ្វើឲ្យរដ្ឋាភិបាលមិនសប្បាយចិត្ត។ ម្យ៉ាងទៀត នៅមុនពេលលោកត្រូវគេបាញ់សម្លាប់ លោក កែម ឡី កំពុងតែធ្វើការស្រាវជ្រាវកោះរបស់កម្ពុជា ដែលបាត់។ លោក មឿន តុលា អះអាងថា បើសិនជាការស៊ើបអង្កេតរបស់តុលាការ ឬរកយុត្តិធម៌ជូនក្រុមគ្រួសារលោកបណ្ឌិត កែម ឡី បានទេ ធ្វើឲ្យប៉ះពាល់ដល់ប្រជាប្រិយភាពគណបក្សកាន់អំណាច ឬរដ្ឋាភិបាល៖ «ចេតនារបស់រដ្ឋមានតិចតួច ឬសឹងថាមិនមានផងក្នុងការបង្ហាញថាខ្លួនចង់រកយុត្តិធម៌ជូនលោកបណ្ឌិត កែម ឡី»។
ឆ្លើយតបនឹងបញ្ហានេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា តុលាការកំពុងតែដំណើរការស៊ើបអង្កេត ដូច្នេះទុកពេលឲ្យតុលាការធ្វើការ។ លោកបញ្ជាក់ថា ករណីឃាតកម្មលើលោកបណ្ឌិត កែម ឡី នេះ មិនអាចប្រៀបធៀបទៅករណីដទៃទៀតបានទេ៖ «អាហ្នឹងមិនអាចបង្ខំបញ្ជាសមត្ថកិច្ចឲ្យធ្វើតាមយើងចេះចុះទេ ការស៊ើបអង្កេតនេះមិនទាន់ចប់អាស្រ័យលើបច្ចេកទេសរបស់សមត្ថកិច្ច»។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកការពារសិទ្ធិមនុស្សលើកឡើងថា បើសិនជាករណីឃាតកម្មលើលោកបណ្ឌិត កែម ឡី មិនជាប់ពាក់ព័ន្ធនឹងមន្ត្រីរដ្ឋាភិបាលទេ សមត្ថកិច្ចតុលាការអាចនឹងបង្ហាញអ្នកជាប់ពាក់ព័ន្ធផ្សេងទៀត ក្រៅពី ជួប សម្លាប់ ពិសេសកាមេរ៉ាសុវត្ថិភាព ដែលនៅក្នុងស្តារម៉ាត កាល់តិច ក៏មាន និងនៅហាងក្បែរៗនោះក៏មាន ដែលខុសពីករណីផ្សេងៗ ដែលសមត្ថកិច្ចចាប់បានជនសង្ស័យ និងអ្នកជាប់ពាក់ព័ន្ធផ្សេងទៀត ដូចជាករណីបោកគ្រាប់បែកកាលពីខែកញ្ញា ករណីបាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ ។ល។
ក្រុមអ្នកការពារសិទ្ធិមនុស្សព្រួយបារម្ភថា ករណីបាញ់សម្លាប់លោកបណ្ឌិត កែម ឡី នេះ អាចមិនខុសពីករណីបាញ់សម្លាប់លោក ម៉ៅ សុខចាន់ នៅស្ពានក្បាលថ្នល់ ករណីបាញ់សម្លាប់កម្មករនៅផ្លូវវ៉េងស្រេង និងករណីផ្សេងៗទៀត ដែលការអនុវត្តច្បាប់មានស្តង់ដារពីរ ហើយអំពើនិទណ្ឌភាពនៅតែមាននៅក្នុងសង្គមកម្ពុជា៕