កម្មករ​ម្នាក់​សន្លប់​ក្នុង​ពេល​ឃាត់​ថៅកែ​រោងចក្រ​មិន​អោយ​ដឹក​ម៉ាស៊ីនដេរ​ចេញ​ក្រៅ

ដោយ ហេង សកល
2017-12-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
និមិត្ត​សញ្ញា​អាស៊ីសេរី។
និមិត្ត​សញ្ញា​អាស៊ីសេរី។
Photo: RFA

កម្មករ​រោងចក្រ ហ្គាវ័ន្ត (Gawon Apparel Co., Ltd.) នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល ម្នាក់​បាន​សន្លប់​ភ្លាមៗ នៅ​ពេល​ពួកគេ​រារាំង​មិន​ឲ្យ​ថៅកែ​រោងចក្រ​ដឹក​ម៉ាស៊ីនដេរ​ចេញ​ក្រៅ ខណៈ​វិវាទ​ការងារ​រវាង​ថៅកែ​រោងចក្រ និង​កម្មករ មិន​ទាន់​បាន​ដោះស្រាយ​បញ្ចប់។ កម្មករ​ស្នើសុំ​ទៅ​លោក ហ៊ុន សែន​ ​ឲ្យ​ជួយ​អន្តរាគមន៍​ដល់​ពួកគេ ព្រោះ​ពួកគេ​ព្រួយ​បារម្ភ​ថា ថៅកែ​បិទ​រោងចក្រ ហើយ​គេចវេះ​​មិន​ព្រម​បើក​ប្រាក់​ឈ្នួល​គ្រប់គ្រាន់​ដល់​ពួកគេ។

ការ​ប៉ះ​ទង្គិច​គ្នា​រវាង​កម្មករ​រោងចក្រ ហ្គាវ័ន្ត និង​ថៅកែ​រោងចក្រ ដែល​បណ្ដាល​ឲ្យ​កម្មករ​សន្លប់​ម្នាក់ នៅ​ថ្ងៃ​ទី​៣០ ខែ​ធ្នូ នេះ កើត​ឡើង​ក្នុង​ពេល​កម្មករ​មួយ​ចំនួន​កំពុង​បន្ត​ធ្វើ​កូដកម្ម​ ​ហើយ​ថៅកែ​រោងចក្រ​លួច​ដឹក​ម៉ាស៊ីនដេរ​ចេញ​ក្រៅ។ កម្មករ​រោងចក្រ​នេះ បាន​ធ្វើ​កូដកម្ម​ជាច្រើន​ថ្ងៃ​មក​ហើយ​ដោយ​ទាមទារ​ឲ្យ​ថៅកែ​បើក​ប្រាក់​ឈ្នួល​ដល់​ពួកគេ​ឲ្យ​គ្រប់​ចំនួន។

កម្មការិនី​រោងចក្រ ហ្គាវ័ន្ត ម្នាក់ លោកស្រី ញ៉ែម មុំ ដែល​ចូលរួម​ហាមឃាត់​ការ​ដឹក​ជញ្ជូន​ម៉ាស៊ីន​ដេរ​ចេញ​នេះ ប្រាប់​អាស៊ីសេរី ថា នៅ​ពេល​ក្រុម​លោកស្រី​ឃើញ​ថៅកែ​បញ្ជា​ឲ្យ​ដឹក​ម៉ាស៊ីនដេរ​ចេញ​ពី​រោងចក្រ ក្រុម​លោកស្រី​ទៅ​ឃាត់​មិន​ឲ្យ​ដឹក​ចេញ ពេល​នោះ​ហើយ​ដែល​មាន​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​អ្នក​ដឹក​ម៉ាស៊ីន និង​កម្មករ ហើយ​បណ្ដាល​ឲ្យ​កម្មករ​រង​របួស​ដាច់​កូន​ជើង និង​ដួល​សន្លប់។ លោកស្រី​ប្រាប់​ថា មូលហេតុ​ដែល​កម្មករ​ឃាត់​មិន​ឲ្យ​ដឹក​ម៉ាស៊ីន​ដេរ​ចេញ ព្រោះ​ពួកគាត់​ព្រួយ​បារម្ភ​ថា នៅ​ពេល​រោងចក្រ​អស់​ម៉ាស៊ីន ថៅកែ​រោងចក្រ​ ​គ្មាន​សំណង​អ្វី​ដល់​ពួក​គាត់​ទេ៖ «»។

តំណាង​សហជីព​ស៊ីខៅឌូ (C.CAWDU) ប្រចាំ​រោងចក្រ ហ្គាវ័ន្ត លោកស្រី សាន សុផល ឲ្យ​ដឹង​ដែរ​ថា ក្រោយ​ការ​ប៉ះ​ទង្គិច​គ្នា កម្មករ​រង​របួស​​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ជ័យជំនះ និង​ដេរ​អស់​បួន​ថ្នេរ។ លោកស្រី​ឲ្យ​ដឹង​ទៀត​ថា ថៅកែ​រោងចក្រ​បាន​ដឹក​ម៉ាស៊ីនដេរ​ជិត ១០០​គ្រឿង ប៉ុន្តែ​នៅ​សល់​ប៉ុន្មាន​គ្រឿង​ចុង​ក្រោយ ទើប​កម្មករ​បាន​ឃើញ​ចេញ​ទៅ​ឃាត់។ លោកស្រី​ថា ករណី​ហិង្សា​ថ្ងៃ​នេះ កាន់​តែ​ធ្វើ​ឲ្យ​កម្មករ​ផ្ទុះ​កំហឹង​មិន​ចង់​ធ្វើការ និង​នាំគ្នា​ចេញ​មក​ក្រៅ​រោងចក្រ​ធ្វើ​កូដកម្ម​កាន់​តែ​ខ្លាំង៖ «»។

​កម្មករ​រោងចក្រ ហ្គាវ័ន្ត បាន​ចេញ​មក​ធ្វើ​កូដកម្ម​តវ៉ា​ទាមទារ​ជិត​មួយ​ខែ​មក​នេះ ព្រោះ​ថៅកែ​រោងចក្រ​បើក​ប្រាក់​ឈ្នួល​មិន​គ្រប់​ចំនួន និង​មិន​ទៀង​ទាត់។ ប៉ុន្តែ​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​ធ្នូ កន្លង​ទៅ តុលាការ​ខេត្ត​កណ្ដាល ចេញ​ដីកា​បង្គាប់​ឲ្យ​កម្មករ​ចូល​ធ្វើ​ការ​វិញ។ នៅ​ពេល​មាន​ដីកា​ពី​តុលាការ​ដូច​នេះ កម្មករ​ខ្លះ​ព្រម​ចូល​ធ្វើ​ការ ប៉ុន្តែ​កម្មករ​ខ្លះ​ទៀត​ក៏​មិន​ព្រម​ចូល​ធ្វើ​ការ​ដែរ។ កន្លង​មក​ថៅកែ​រោងចក្រ​ក៏​ធ្លាប់​លួច​ដឹក​ម៉ាស៊ីន​ដេរ​ចេញ​ដែរ តែ​ពេល​កម្មករ​ហាមឃាត់ ពួកគេ​ក៏​បញ្ឈប់​សកម្មភាព​នោះ​វិញ។

​អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​ពី​ភាគី​ថៅកែ​រោងចក្រ​បាន​ទេ នៅ​ថ្ងៃ​ទី​៣០ ខែ​ធ្នូ។ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ធ្នូ កន្លង​ទៅ ថៅកែ​រោងចក្រ ហ្គាវ័ន្ត អ្នកស្រី ឆា ក្យុងហ៊ី បាន​រាយការណ៍​ទៅ​មន្ទីរ​ការងារ​ខេត្ត​កណ្ដាល​ ថា ការ​ដឹក​ម៉ាស៊ីន​ចេញ​ពី​រោងចក្រ គឺ​ដើម្បី​ផ្លាស់ប្ដូរ​ម៉ាស៊ីន​ថ្មី​តម្រូវ​តាម​ការ​បញ្ជាទិញ​របស់​ភ្ញៀវ​ថ្មី។ អ្នកស្រី​ហៅ​ការ​តវ៉ា​របស់​កម្មករ​ដែល​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១០ ធ្នូ នេះ​គឺ​ខុស​ច្បាប់។ ចាប់​តាំង​ពី​មាន​ជម្លោះ​មក កម្មករ​តែងតែ​ប្ដូរ​វេន​គ្នា​ដេក​ចាំ​នៅ​មុខ​រោងចក្រ​ ​ដើម្បី​ការពារ​មិន​ឲ្យ​ថៅកែ​ដឹក​ម៉ាស៊ីន​ចេញ​ពី​រោងចក្រ។

​ក្រុម​កម្មករ និង​សហជីព​និយាយ​ដូចៗ គ្នា​ថា ស្ថាប័ន​របស់​រដ្ឋ​ដែល​ចុះ​មក​ដោះស្រាយ​ជម្លោះ​នៅ​រោងចក្រ​នេះ រួម​មាន៖ អាជ្ញាធរ​មូលដ្ឋាន ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល និង​តុលាការ តែងតែ​លំអៀង​ទៅ​រក​ថៅកែ​រោងចក្រ។ កម្មករ​ស្នើ​សុំ​ទៅ​លោក ហ៊ុន សែន ឲ្យ​ជួយ​អន្តរាគមន៍​ដល់​ពួកគេ ព្រោះ​ករណី​នៅ​រោងចក្រ​នេះ គ្មាន​អ្នក​ណា​អាច​ដោះស្រាយ​បាន​ក្រៅ​ពី​លោក ហ៊ុន សែន ឡើយ។ ប៉ុន្តែ លោក ហ៊ុន សែន ដែល​ធ្លាប់​តែ​ចុះ​ជួប​កម្មករ​រៀងរាល់​សប្ដាហ៍​នោះ មិន​ដែល​បាន​លើក​ឡើង​ពី​ករណី​ជម្លោះ​នៅ​ហ្គាវ័ន្ត នេះ​នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

នេះជា អំពើ អយុត្តិធម៏ ( េម៉ចបានជាថៅកែរោងចក្រមិនបើកប្រាក់អោយកម្មករ ?)
នេះជាសកម្មភាព អាក្រក់ (ថៅកែ ស៑ុំគ្រលំ ជាមួយកូនចៅហ៑ុនសែន)មិនរកយុត្តិធម៏អោយកម្មករ . ចុះបើថ្ងៃក្រោយ តាចាស់ ហ៑ុន សែន ជិះសេះលែងដៃ នៅឆ្នាំ ២០១៨ តទៅមុខទៀត ដោយមិនមានបក្សជំទាស់(បក្សប្រឆាំង)អំពើអាក្រក់ ពុករលួយនឹងកើតឡើងកាន់តែខ្លាំង!
_ សូមកម្មករ ប្រយ័ត្ននយោបាយ បោក របស់តាចាស់ ហ៑ុន សែន .

Dec 30, 2017 09:26 PM

គេហទំព័រ​ទាំងមូល