តំណាងកម្មករម្នាក់នៅបាវិតត្រូវបានឃុំខ្លួនពីបទវាយបំផ្លាញសម្បត្តិរោងចក្រ
2014.04.30

តំណាងកម្មកររោងចក្រដំឡើងកង់បេសវ៉េ (Best Way) នៅតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន (Manhattan) នៅក្រុងបាវិត ១រូប ត្រូវបានអាជ្ញាធរប៉ូលិសនៃស្នងការនគរបាលខេត្តស្វាយរៀង ចាប់ឃុំខ្លួនកាលពីរសៀលថ្ងៃទី២៩ មេសា ក្រោមបទចោទប្រកាន់ថា បានវាយបំផ្លាញទ្រព្យសម្បត្តិក្នុងរោងចក្រ គ្រាដែលរូបគេចូលរួមធ្វើកូដកម្មនាពេលកន្លងទៅ។
អង្គការសង្គមស៊ីវិល ចាត់ទុកការចាប់ខ្លួនតំណាងកម្មកររបស់អាជ្ញាធរប៉ូលិសនេះថា ជារឿងអយុត្តិធម៌ និងខុសនីតិវិធី។
ម្ដាយរបស់តំណាងកម្មករដែលចាប់ខ្លួននោះ សម្ដែងការមិនពេញចិត្តទៅនឹងចំណាត់ការរបស់អាជ្ញាធរប៉ូលិស ថាចាប់កូនរបស់ខ្លួនឃុំដោយពុំបានសួរនាំពីហេតុផលទាល់តែសោះ។ តំណាងកម្មករដែលប៉ូលិសចាប់ឃុំខ្លួននោះឈ្មោះ លោក ចាន់ សារិត អាយុ ២១ឆ្នាំ រស់នៅភូមិកោះក្បានកណ្ដាល ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង ត្រូវបានអាជ្ញាធរចាប់ខ្លួន គ្រាដែលកំពុងព្យាបាលរបួសដៃនៅផ្ទះរបស់ខ្លួន កាលពីរសៀលថ្ងៃទី២៩ មេសា។
ម្ដាយរបស់កម្មករ អ្នកស្រី ចែត ចិន្ដា រស់នៅភូមិកោះក្បានកណ្ដាល នៃឃុំសំរោង ថ្លែងនៅថ្ងៃទី៣០ មេសា ថា កូនរបស់អ្នកស្រីពុំមានកំហុសអ្វីទេ គឺគ្រាន់តែទៅចូលរួមធ្វើកូដកម្មទាមទារប្រាក់អត្ថប្រយោជន៍ការងាររបស់កម្មករ ដែលថៅកែរោងចក្របានសន្យាផ្ដល់ឲ្យកម្មករដែលមិនចូលរួមធ្វើកូដកម្មម្នាក់ ៥០ដុល្លារ កាលពីមុនពិធីបុណ្យចូលឆ្នាំកន្លងទៅ។ អ្នកស្រីថា ពេលដែលកូនវិលត្រឡប់ពីធ្វើកូដកម្មមកផ្ទះវិញ ស្រាប់តែមានរបួសដៃ ហើយសម្រាកព្យាបាលជំងឺនៅផ្ទះរបស់ខ្លួន ហើយគ្រាដែលព្យាបាលជំងឺនោះ ស្រាប់តែអាជ្ញាធរប៉ូលិសមកចាប់កូនទាំងបង្ខំ ដោយពុំមានកំហុសអ្វីទាល់តែសោះ។
អ្នកស្រី ចែត ចិន្ដា៖ «ចាប់ពីផ្ទះតែហ្មងបង! កំពុងព្យួរសេរ៉ូមព្យួរអីហ្នឹង គេទៅដោះសេរ៉ូមទាញទីណាត់ទីណែងពីដៃកូនខ្ញុំហ្នឹងហូរឈាមរហាមពេញលើឥដ្ឋលើអី។ ហើយគ្មានសួរនាំថា អូ! កូនបងឯងអីគេត្រូវឃុំខ្លួនឃុំអី មានទោសគេចាប់អីមានបានជម្រាបម៉ែឪនៅផ្ទះទេបង! ទទេ។ ទៅដល់គេចាប់ចៅៗទាញដាក់ខ្នោះដាក់អីទាញដាក់លើឡាន ហើយខ្លួនទទេ អត់មានខោមានលីអូមួយ ទៅទាញបានកន្សែងមួយយកមកជិះលើឡានបង!»។
វិទ្យុអាស៊ីសេរី ពុំអាចទាក់ទងស្នងការនគរបាលខេត្តស្វាយរៀង លោក កឹង ឃន ដើម្បីសុំការពន្យល់ពីការចាប់ខ្លួនកម្មករនេះបានទេ នៅថ្ងៃទី៣០ មេសា ដោយជំនួយការទទួលទូរស័ព្ទថាជាប់រវល់ប្រជុំ។
ប៉ុន្តែ អធិការនគរបាលស្រុកចន្ទ្រា លោក សូរ ស៊ីថន មានប្រសាសន៍បញ្ជាក់ថា អាជ្ញាធរប៉ូលិសពិតជាមានការចាប់ខ្លួនកម្មករម្នាក់មែន ប៉ុន្តែលោកថា ពុំបានដឹងពីទោសកំហុសនៃការចាប់ខ្លួនរបស់កម្មករនោះថាយ៉ាងណានៅឡើយទេ៖ «បាទ! អ៊ីចឹងថ្នាក់ខេត្តគេចុះមកសហការ ប៉ុន្តែក្នុងករណីអីៗអត់ដឹងទេ តែគ្រាន់តែដឹងថា ខេត្តគេមកសហការនឹងមូលដ្ឋានដែរ។ តែគ្រាន់តែថា ករណីអីៗអត់ដឹងទេ បាទ! ខ្ញុំដឹងខ្លីតែប៉ុណ្ណឹងទេបាទ!»។
មន្ត្រីសម្របសម្រួលអង្គការលីកាដូ (Licadho) ប្រចាំខេត្តស្វាយរៀង ដែលបានអង្កេតរឿងការចាប់ខ្លួនតំណាងកម្មករនេះ លោក នុត ប៊ូពិណារ័ត្ន គូសបញ្ជាក់ថា តំណាងកម្មករដែលអាជ្ញាធរប៉ូលិសឃុំខ្លួននោះ កន្លងមកតែងតែធ្វើកូដកម្មតវ៉ាអត្ថប្រយោជន៍ការងារជាបន្តបន្ទាប់ តាំងពីថ្ងៃទី១៩ មេសា រហូតមក។ ហើយការធ្វើកូដកម្មនោះ ក៏ពុំមាននរណារកដំណោះស្រាយឲ្យពួកគេទេ។ ដោយសារការតវ៉ាទាមទារពុំមានដំណោះស្រាយ ទើបបង្កឲ្យមានវិវាទមួយប្រាវរវាងអាជ្ញាធរ និងកម្មករ។ លោក នុត ប៊ូពិណារ័ត្ន ចាត់ទុកការចាប់ខ្លួនកម្មកររបស់អាជ្ញាធរប៉ូលិសនេះ ថាជារឿងខុសនីតិវិធីច្បាប់ គឺពុំមានដីកាចាប់ខ្លួនពីតុលាការឡើយ។
លោក នុត ប៊ូពិណារ័ត្ន៖ «ចាប់ហ្នឹង គឺដើម្បីឲ្យកម្មករទាំងអស់ហ្នឹងមានការរអា ហើយការដោះស្រាយ គឺមិនមានការធ្វើកូដកម្មកន្លងមក អត់មានការដោះស្រាយយ៉ាងម៉េចទេរហូតដល់ថ្ងៃនេះ។ ពេលដែលមានហិង្សាកើតឡើង គឺតែងតែមានការចាប់ខ្លួន ការដាក់បន្ទុកទៅលើកម្មករជានិច្ច។ អ៊ីចឹង ទោះជាយ៉ាងណា ក្នុងនាមខ្ញុំសិទ្ធិមនុស្សពាក់ព័ន្ធករណីនេះ គឺករណីរំលោភទៅលើសិទ្ធិមនុស្ស និងការចាប់ខ្លួនកម្មករដោយខុសច្បាប់»។
លោកបន្តថា តំណាងកម្មករត្រូវបានប៉ូលិសឃុំខ្លួន ដោយចោទប្រកាន់ពីបទវាយបំផ្លាញទ្រព្យសម្បត្តិរបស់រោងចក្រ គ្រាដែលធ្វើកូដកម្មកាលពីព្រឹកថ្ងៃទី២៨ មេសា កន្លងទៅ។ ហើយអាជ្ញាធរបានឃុំខ្លួនកម្មករនៅស្នងការនគរបាលខេត្តស្វាយរៀង ចាប់តាំងពីរសៀលថ្ងៃទី២៩ មេសា រហូតមក។ តាមគម្រោង អាជ្ញាធរនឹងបញ្ជូនកម្មករទៅពន្ធនាគារខេត្តនៅរសៀលថ្ងៃទី៣០ មេសា៕