មនុស្ស ៣​នាក់​ស្លាប់ និង ២៦​នាក់​របួស​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​​នៅ​កំពង់ស្ពឺ

ដោយ មួង ណារ៉េត
2019.09.20
គ្រោះថ្នាក់ចរាចរណ៍​កំពង់ស្ពឺ 091819 គ្រោះថ្នាក់​ចរាចរណ៍​​រថយន្ត​ដឹក​កម្មករ​រោងចក្រ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤១ ស្ថិត​ក្នុង​ភូមិ​ទួល​តាសុខ ឃុំ​សែនដី ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ កាល​ពី​ព្រលប់​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ២០១៩ ដែល​មាន​​ស្ត្រី ២​នាក់ បុរស​ម្នាក់​ស្លាប់ ហើយ​កម្មករ​កាត់ដេរ ២៦​នាក់​ទៀត​រង​បួស។
រូប៖ ហ្វេសប៊ុក​ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ

មនុស្ស ៣​នាក់ ក្នុង​នោះ​មាន​ស្រី ២​នាក់ បុរស​ម្នាក់​ស្លាប់ ហើយ​កម្មករ​កាត់ដេរ ២៦​នាក់​ទៀត​រង​បួស ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​មួយ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤១ ស្ថិត​ក្នុង​ភូមិ​ទួល​តាសុខ ឃុំ​សែនដី ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ នៅ​ព្រលប់​ថ្ងៃ​ទី​១៨ កញ្ញា។

អភិបាលខេត្ត​កំពង់ស្ពឺ លោក វ៉ី សំណាង ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១៩ កញ្ញា​ថា ហេតុ​ដែល​បង្ក​ឱ្យ​មាន​មនុស្ស​ស្លាប់ និង​របួស ក្នុង​គ្រោះថ្នាក់​ចរាចរ​នេះ គឺ​បណ្ដាលមកពី​រថយន្ត​មួយ​គ្រឿង បើក​វ៉ា​ជែង​រថយន្ត​មួយ​គ្រឿង​ទៀត ហើយ​បុក​ម៉ូតូ ១​គ្រឿង​ជិះ​គ្នា ៣​នាក់ និង​ជ្រុល​ទៅ​បុក​រថយន្ត​ដឹក​កម្មករ ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា។

លោក វ៉ី សំណាង សង្ស័យ​ថា ម្ចាស់​រថយន្ត​បង្កហេតុ អាច​ជា​ជាង​ជួសជុល​រថយន្ត​តាម​ផ្លូវ ដោយសារ​ឃើញ​សម្ភារៈ​ជួសជុល​រថយន្ត​ជាច្រើន​នៅ​ក្នុង​រថយន្ត ក្រោយ​ជន​នោះ​រត់​គេច​ខ្លួន​។ លោក​ឱ្យ​ដឹង​ទៀត​ថា សមត្ថកិច្ច​កំពុង​ស្វែងរក​តាម​ចាប់​ម្ចាស់​រថយន្ត​បង្កហេតុ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​សំណុំរឿង​តុលាការ។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ ឱ្យ​ដឹង​ថា ភាគី​សហជីព​តែងតែ​លើក​ក្ដី​កង្វល់​អំពី​រឿង​នេះ ដាក់​ជូន​រដ្ឋាភិបាល​ពិចារណា និង​រក​មធ្យោបាយ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរ​ដល់​កម្មករ​កម្មការិនី​នៅ​ពេល​ធ្វើដំណើរ​ទៅ​ធ្វើ​ការ​និង​វិល​ទៅ​ត្រឡប់​ទៅ​ផ្ទះ​វិញ។

លោក​យល់​ថា ថៅកែ​រោងចក្រ​គួរ​ផ្ដល់​ប្រាក់​ឈ្នួល​បន្ថែម​ទៀត​ដល់​កម្មករ ដើម្បី​ឱ្យ​ពួកគាត់​អាច​រក​ជួល​រថយន្ត​ធ្វើដំណើរ​ណា​ប្រកបដោយ​សុវត្ថិភាព ឬ​រោងចក្រ​អាច​ផ្ដល់​សេវា​ធ្វើដំណើរ​មិន​យក​ប្រាក់ ដោយ​ជួល​ឡានក្រុង​ឱ្យ​កម្មករ។

ក្រៅ​ពី​នេះ លោក អាត់ ធន់ ស្នើ​រដ្ឋាភិបាល ពង្រឹង​ច្បាប់​ចរាចរណ៍​ឱ្យ​បាន​តឹងរ៉ឹង​បំផុត ដោយ​ដាក់​ពិន័យ​ដល់​អ្នកបើកបរ​ល្មើសច្បាប់ និង​ពិនិត្យមើល​បច្ចេកទេស​រថយន្ត​ឱ្យ​បាន​ត្រឹមត្រូវ ដើម្បី​ការពារ​អាយុជីវិត​ពល​រដ្ឋ​ធ្វើដំណើរ​តាម​ដង​ផ្លូវ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។