តុលាការ​ខេត្ត​តាកែវ​ដោះលែង​មន្ត្រី​សហជីព​៨​នាក់​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន

ដោយ ទេព សុរ៉ាវី
2014.05.25

ចៅក្រម​ស៊ើបសួរ​តុលាការ​ខេត្តតាកែវ លោក កែ សាខន សម្រេច​ដោះលែង​បុគ្គលិក​និង​សមាជិក ៨​នាក់​របស់​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា ស៊ីខាវឌូ (C-CAWDU) ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ កាលពី​រសៀល​ថ្ងៃ​ទី​២៥ ឧសភា បន្ទាប់​ពី​សាកសួរ​ពួកគេ​រយៈពេល​ពេញ​មួយ​ថ្ងៃ។

​មេធាវី​ការពារ​ក្តី​ឲ្យ​បុគ្គលិក​និង​សមាជិក​សហជីព​ស៊ីខាវឌូ ទាំង ៨​នាក់ លោក គឹម សុជាតិ ឲ្យ​ដឹងថា ចៅក្រម​ស៊ើបសួរ​សម្រេច​ដោះលែង​ពួកគេ​បណ្ដោះអាសន្ន ប៉ុន្តែ​ត្រូវ​គោរព​លក្ខខណ្ឌ​មួយ​ចំនួន​ដែល​កំណត់​ដោយ​តុលាការ។

​លោក គឹម សុជាតិ៖ «ទី​១ គឺ​មិន​ត្រូវ​ចេញ​ក្រៅ​ព្រំប្រទល់​ដែន​កំណត់​ដោយ​ចៅក្រម​ស៊ើបសួរ ទី​២​មិន​ត្រូវ​ផ្លាស់ប្តូរ​លំនៅឋាន ទី​៣ មិន​ត្រូវ​ទៅ​កាន់​ទីកន្លែង​ខ្លះ​ដែល​កំណត់​ដោយ​ចៅក្រម​ស៊ើបសួរ ទី​៤ ត្រូវ​បង្ហាញ​ខ្លួន​តាម​ការ​កំណត់​របស់​នគរបាល ឬ​កងរាជអាវុធហត្ថ ឬ​សាលា​ដំបូង​ខេត្ត​តាកែវ ដែល​ចាត់​តាំង​ដោយ​ចៅក្រម​ស៊ើបសួរ ទី​៥ ត្រូវ​ឆ្លើយ​នឹង​ការ​កោះ​ហៅ​តាម​ការ​ចាត់​តាំង​របស់​ចៅក្រម​ស៊ើបសួរ ទី​៦ ដាក់​ជន​ត្រូវ​ចោទ​ទាំង​អស់​គ្នា មិន​ឲ្យ​ជួបជុំ​នឹង​ដឹកនាំ​ញុះញង់​ប្រព្រឹត្ត​បទល្មើស និង​ធ្វើ​កូដកម្ម​ខុស​ច្បាប់​តាម​គ្រប់​រូបភាព​នៅ​ទីកន្លែង​ខេត្ត​តាកែវ ទី​៧ បញ្ឈប់​កូដកម្ម​ខុស​ច្បាប់ និង​ទាមទារ​លក្ខខណ្ឌ​ផ្សេងៗ ទាក់ទង​នឹង​រោងចក្រ JSD ជា​បន្ទាន់ លុះត្រា​មាន​ការ​សុំ​ច្បាប់​ត្រឹមត្រូវ និង​មាន​ការ​អនុញ្ញាត​តាម​នីតិវិធី​មួយ​ទៀត ប្រគល់​ជូន​ដល់​ការិយាល័យ​ក្រឡាបញ្ជី​គ្រប់​លិខិត​បញ្ជាក់​ពី​អត្តសញ្ញាណ ចុង​ក្រោយ​ត្រូវ​បង្ហាញ​ខ្លួន​នៅ​តុលាការ​ខេត្ត​តាកែវ ជាមួយ​ចៅក្រម​ស៊ើបសួរ​រៀងរាល់​ថ្ងៃ​ទី​១។ នេះ​ជា​កាតព្វកិច្ច​ដែល​តុលា​ការដាក់​ឲ្យ​ជន​ត្រូវ​ចោទ​ទាំង​នោះ»

​មន្ត្រី​នគរបាល​នៃ​ស្នងការ​នគរបាល​ខេត្ត​តាកែវ បាន​ចាប់​បុគ្គលិក​និង​មន្ត្រី​សហជីព ស៊ីខាវឌូ ៨​នាក់ កាល​ពី​ថ្ងៃ​ទី​២៣ ឧសភា ខណៈ​ដែល​ពួកគេ​ព្យាយាម​ជួយ​ដោះស្រាយ​វិវាទ​រវាង​កម្មករ​រោងចក្រ ជេ.អែស.ឌី (JSD) ជាមួយ​តំណាង​ក្រុមហ៊ុន។ កម្មករ​ប្រមាណ ២​ពាន់​នាក់​នៅ​រោងចក្រ ជេ.អែស.ឌី បាន​ធ្វើ​កូដកម្ម​អស់​រយៈពេល ១​ខែ​មក​ហើយ ទាមទារ​ឲ្យ​ក្រុមហ៊ុន​គោរព​លក្ខខណ្ឌ​ការងារ​មួយ​ចំនួន ដូចជា​ការ​បង្ខំ​ឲ្យ​កម្មករ​ធ្វើ​ការ​ថែម​ម៉ោង និង​ការ​រារាំង​មិន​ឲ្យ​កម្មករ​ចូល​រួម​ជាមួយ​សហជីព។ បុគ្គលិក​និង​សមាជិក​សហជីព​ស៊ីខាវឌូ ទាំង ៨​នាក់​នោះ រង​ការ​ចោទ​ប្រកាន់​ពី​តុលាការ ក្រោម​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ បទ​ផ្ដើម​គំនិត​ក្នុង​ការ​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា បទ​គំរាមកំហែង​ធ្វើ​ឲ្យ​ខូចខាត និង​បទ​មិន​អនុវត្ត​សេចក្ដី​សម្រេច​របស់​តុលាការ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។