កម្មករ​ចំនួន ៤រោងចក្រ ធ្វើ​កូដកម្ម​ទាមទារ​ប្រាក់​បំណាច់​ឆ្នាំ

ដោយ សុ ជីវី
2019.01.01
កម្មករ​រោងចក្រ W&D ៦២២ រោងចក្រ W&D ស្ថិត​នៅ​ភូមិ​ឫស្សី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ធ្វើ​កូដកម្ម​ទាមទារ​ប្រាក់​បំណាច់​អតីតភាព​ការងារ មុន​ឆ្នាំ ២០១៩។
រូប៖ ហ្វេសប៊ុក​ឈ្មោះ អាន អាន ថ្ងៃ​ទី២៧ ខែ​ធ្នូ ឆ្នាំ២០១៨

មេដឹកនាំ​សហជីព ​ឲ្យ​ដឹង​ថា យ៉ាងហោចណាស់ មាន​កម្មករ​ចំនួន ៤​រោងចក្រ កំពុង​នាំ​គ្នា​ធ្វើ​កូដកម្ម​ទាមទារ​ប្រាក់​បំណាច់​ឆ្នាំ។

កម្មករ​ប្រាប់​ថា ពួក​គេ​ទាមទារ​ប្រាក់​បំណាច់​ឆ្នាំ ដោយសារ​ចាប់​ពី​ឆ្នាំ​២០១៩ ទៅ​រោងចក្រ​នឹង​ធ្វើ​កិច្ច​សន្យា​ថ្មី ហើយ​នឹង​ចាប់​ផ្ដើម​អនុវត្ត​ប្រាក់​អតីតភាព​ការងារ​​ ៦ខែ​ម្ដង ដែល​អាច​ធ្វើ​ឲ្យ​បាត់បង់​អតីតភាព​ការងារ​ នៅ​មុន​ឆ្នាំ​២០១៩។

កម្មករ​រោងចក្រ​ សេឌូណូ អ៊ីនវេសស្មេន (Seduno Investment (Cambo) fashion Co. Ltd. ) ស្ថិត​នៅ​ភូមិ​ខ្វារ​ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ​ម្នាក់ គឺ​​អ្នកស្រី ខិ សុហៀង ប្រាប់​ថា ក្រុម​កម្មករ​បាន​នាំ​គ្នា​​ធ្វើ​កូដកម្ម​តាំង​ពី​ថ្ងៃ​ទី២៦ ធ្នូ​មក មិន​ទាន់​មាន​ដំណោះស្រាយ​ទេ។

អ្នកស្រី​បញ្ជាក់​ថា កម្មករ​ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ​ទូទាត់​ប្រាក់​អតីតភាព​ការងារ​ឲ្យ​ពួក​គេ ដោយសារ​តែ​ថៅកែ​គ្រោង​នឹង​ប្ដូរ​កិច្ច​សន្យា​ថ្មី សម្រាប់​ពួក​គេ ដែល​ធ្វើ​ឲ្យ​បាត់​បង់​ប្រយោជន៍​អតីត​ភាព​របស់​កម្មករ។

កម្មករ​រូប​នេះ ឲ្យ​ដឹង​ទៀត​ថា រោងចក្រ​ សេឌូណូ អ៊ីនវេសស្មេន មាន​កម្មករ​សរុប​ជាង ១ពាន់ ២រយ​នាក់ បាន​កូដកម្ម​បិទ​ផ្លូវ​​ជាតិ​លេខ​២ ម្ដង កាល​ពី​ថ្ងៃ​ទី​២៩ ធ្នូ ប៉ុន្តែ​រង​ការ​បង្ក្រាប​ពី​កង​កម្លាំង​កង​រាជ​អាវុធហត្ថ និង​នគរបាល​ខណ្ឌ​ដង្កោ ហើយ​នៅ​រសៀល​ថ្ងៃ​ទី​៣១ ធ្នូ អាជ្ញាធរ​បាន​កោះហៅ​កម្មករ​ទាំង​អស់ ចូល​ក្នុង​រោងចក្រ ដើម្បី​ស្ដាប់​ការ​សម្រប​សម្រួល៖ «ខណ្ឌ​ដង្កោ​គាត់​ឲ្យ​កម្មករ​រោងចក្រ​ចូល​មក​ទាំង​អស់​ក្នុង​បរិ​វេន​រោង​ចក្រ​នេះ​ពួក​គាត់​និយាយ​ថា​ឲ្យ​កម្មករ​ចូល​មក​ដើម្បី​ស្ដាប់​ដី​ការ​រាយ​ច្បាប់​ការ​ងារ​ អី​នឹង​បង។ វា​ដូច​ថា​ ២​ ទៅ​ ៣​ដង​ហើយ​ឃើញ​ថា​ វា​ដដែលៗ ភាគី​រោង​ចក្រ​មិន​ព្រម​ចេញ​មុខ​ដោះស្រាយ​ឲ្យ​កម្មករ​សោះ ទំនាស់​នឹង​កើត​ឡើង​ដោយសារ​ភាគី​រោង​ចក្រ​នឹង​មិន​ព្រម​ដោះ​ស្រាយ​ឲ្យ»

នៅ​ខេត្ត​តាកែវ​ឯណោះ​វិញ កម្មករ​ជាង ២.០០០នាក់ នៃ​រោងចក្រ​កាត់ដេរ សេឌូណូ ខេមបូ នីតធីង ​(Seduno Cambo Knitting Co. Ltd.) ក្នុងស្រុក​បាទី ខេត្ត​តាកែវ បាន​បង្ហោះ​វីដេអូ បង្ហាញ​ថា កាល​ពី​ថ្ងៃ​ទី​២៩ ធ្នូ កង​កម្លាំង​ប្រដាប់​ ដោយ​ដំបង និង​ខែល ជាច្រើន​នាក់ ត្រូវ​បាន​ដាក់​ពង្រាយ តាម​​ផ្លូវ​ជាតិ​លេខ២ ដើម្បី​បង្ក្រាប​ ប្រសិន​បើ​កម្មករ​ហ៊ាន​តវ៉ា ​បិទ​ផ្លូវ។ កម្មករ​ បាន​ស្រែក​ទ្រហោ​យំ ​ស្នើសុំ​ឲ្យ​កង​កម្លាំង​កុំ​​ឲ្យ​វាយ​បង្ក្រាប និង​រុញ​ច្រាន​ពួក​គេ ព្រោះ​ខ្លាច​ចូល​ឡាន​ដែល​កំពុង​បើក​បរ លើ​ផ្លូវ​ជាតិ​លេខ​២។

ចំណែក​កម្មករ​ជិត ២ពាន់​នាក់ នៃ​រោងចក្រ ដាប់ប៊ែលយូ អែន ឌី (W&D) នៅ​ភូមិ​ឫស្សី ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ដែល​តវ៉ា​ទាមទារ​ប្រាក់​អតីតភាព​ការងារ​ជាង ១សប្តាហ៍​មក​ហើយ នៅ​ថ្ងៃ​ទី​៣១ ធ្នូ បាន​នាំ​គ្នា យក​ញត្តិ​ទៅ​ដាក់​នៅ​ខុទ្ទកាល័យ លោក ហ៊ុន សែន មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ នៅ​ក្បែរ​ដើម​ពោធិ៍​មុខ​វត្ត​បទុមវតី។

មន្ត្រី​ចាំ​ទទួល​ញត្តិ​នៅ​​ខុទ្ទកាល័យ លោក ហ៊ុន សែន គឺ​លោក គង់ ចំរើន ទទួល​ញត្តិ​ពី​ក្រុម​កម្មករ និង​​សន្យា ដូច​មុនៗ ដែរ​ថា នឹង​បញ្ជូន​ញត្តិ​នោះ​ ឲ្យ​ថ្នាក់​លើ​ពិនិត្យ​ដើម្បី​ដោះ​ស្រាយ។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ ប្រាប់​អាស៊ី​សេរី​ថា យ៉ាង​ហោច​ណាស់ មាន​កម្មករ​ចំនួន ៤​រោងចក្រ គឺ​នៅ​ភ្នំពេញ ៣ និង​នៅ​ខេត្ត​តាកែវ ចំនួន ១ កំពុង​ធ្វើ​កូដកម្ម​ទាមទារ​ប្រាក់​បំណាច់​ ប្រចាំ​ឆ្នាំ​នេះ។ លោក អាត់ ធន់ ថា មូលហេតុ​ដែល​កម្មករ​ធ្វើ​កូដកម្ម​នេះ ដោយសារ​កន្លង​មក និយោជក បាន​ប្រើប្រាស់​កិច្ចសន្យា​មិន​ត្រឹម​ត្រូវ មាន​ករណី​ខ្លះ និយោជក​ចង់​បញ្ឈប់​កម្មករ និង​មាន​ការ​ប្ដូរ​កិច្ច​សន្យា​មុន​ឆ្នាំ​២០១៩ ជា​ដើម។

លោក អាត់ ធន់ ថា តាម​ច្បាប់​ស្ដីពី​ការងារ កម្មករ​ត្រូវ​ទទួល​បាន​ការ​ទូទាត់​ប្រាក់​បំណាច់ នៅ​ពេល​ក្រុម​ហ៊ុន​​បញ្ឈប់ ប៉ុន្តែ​តាម​វិសោធនកម្ម​ថ្មី បើ​ទោះ​ជា​មិន​ទាន់​បាន​បញ្ឈប់​ក៏​កម្មករ​ត្រូវ​ទទួល​បាន​ប្រាក់​អតីត​ភាព​ការងារ ​រាល់ ៦ខែ​ម្ដង ចាប់ពី​ឆ្នាំ​២០១៩ ត​ទៅ៖ «យើង​ស្នើ​រ​ដែរ​យើង​ស្នើ​​រ​ឲ្យ​ក្រសួង​បញ្ចប់​កិច្ច​សន្យា​ការងារ​អា​ចាស់​ទៅ​ក៏​ប៉ុន្តែ​ក្រសួង​អត់​អាច​អនុញ្ញាត​បាន​ដោយសារ​និយោជក​គេ​ថា ទៅ​អត់​រួច​ទេ ព្រោះ​លុយ​ច្រើន​ពេក ក៏​ប៉ុន្តែ​ក្នុង​ករណី​ដែរ​កម្មករ​ឧទាហរណ៍​គាត់​ទើប​ធ្វើការ​បាន ១ឆ្នាំ​ទៅ ២​ឆ្នាំ​អី គាត់​ខ្ជិល​រញ៉េរញ៉ៃ​គាត់​ឲ្យ​អត់​មាន​បញ្ហា​ទេ ព្រោះ​យើង​ខ្លាច​តែ​គេ​មិន​ឲ្យ​ទេ ទើប​អាច​មាន​បញ្ហា​បាទ។

អាស៊ី​សេរី​មិន​អាច​សុំ​ការ​អធិប្បាយ​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ លោក ហេង សួរ បាន​ទេ នៅ​ថ្ងៃ​ទី​៣១ ធ្នូ។ ប៉ុន្តែ លោក ហេង សួរ ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា បាតុកម្ម​របស់​កម្មករ​ទាមទារ​ប្រាក់​បំណាច់​ប្រចាំ​ឆ្នាំ អាច​មាន​ការ​ញុះញង់​នៅ​ពី​ក្រោយ ដោយសារ​កម្មករ​មិន​ទាន់​យល់​ច្បាស់ ពី​គោលការណ៍​នៃ​ការ​បើក​ប្រាក់​អតីតភាព​ការងារ​ ដែល​នឹង​​ចាប់​អនុវត្ត​ពី​ឆ្នាំ២០១៩ ត​ទៅ។ លោក ហេង សួរ អះអាង​ថា​ បើ​ទោះ​​ច្បាប់​ថ្មី​ ចូល​ជាធរមាន​ក៏​ដោយ ថៅកែ​រោងចក្រ​នៅ​តែ​មាន​តួនាទី​ទូទាត់​ប្រាក់​អតីតភាព​ការងារ​ជូន​កម្មករ​ដដែល ហើយ​អ្នក​នាំ​ពាក្យ​រូប​នេះ អះអាង​ទៀត​ ថា របប​ក្រុង​ភ្នំពេញ ធានា​មិន​ឲ្យ​កម្មករ​ណា​ម្នាក់​បាត់​បង់​អត្ថប្រយោជន៍ ដោយ​សារ​តែ​ក្រុមហ៊ុន​ក្ស័យ​ធន​ឡើយ។

កាល​ពី​ថ្ងៃ​ទី​២៨ ធ្នូ ក្រសួង​ការងារ​ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ ចេញ​សេចក្ដី​ប្រកាស​ថា កម្មករ​និយោជិក​ ដែល​កំពុង​ប្រើប្រាស់​កិច្ចសន្យា​ការងារ​មាន​ថេរវេលា​មិន​កំណត់ (កិច្ច​សន្យា​ប្រភេទ​យូរ) នឹង​ទទួល​បាន​ការ​ទូទាត់​ប្រាក់​អតីតភាព​ ការងារ ១ឆ្នាំ ២ដង គឺ​នៅ​ខែ​មិថុនា និង​ខែ​ធ្នូ។​ ក្រសួង​ការងារ នឹង​ធានា​​ផល​ប្រយោជន៍​ស្រប​ច្បាប់ ចំពោះ​កម្មករ​ និយោជិក ធ្វើ​ការងារ​នៅ​សហគ្រាស ដែល​ក្ស័យ​ធន ឬ​បិទ​ទ្វារ​មិន​បាន​ទូទាត់​ប្រាក់​អតីតភាព​ការងារ។

អ្នក​សម្រប​សម្រួល​នៃ​មជ្ឈមណ្ឌល​ច្បាប់ និង​ការងារ​ ហៅ​កាត់​ថា អង្គការ​សង់ត្រាល់ លោក ឃុន ថារ៉ូ ថា ការ​ផ្ទុះ​ការ​តវ៉ា​របស់​កម្មករ​ទាមទារ​ប្រាក់​បំណាច់​ប្រចាំ​ឆ្នាំ ​កើត​ឡើង​ក្រោយ​ពេល ច្បាប់​ស្ដីពី​ការងារ ត្រូវ​បាន​​ធ្វើ​វិសោធនកម្ម។ សង្គម​ស៊ីវិល​រូប​នេះ យល់​ថា វិសោធនកម្ម​ច្បាប់​ការងារ ជា​ចំណុច​វិជ្ជមាន​មួយ ដែល​កម្មករ​អាច​មាន​ការធានា​ថា​ ប្រាក់​អតីតភាព​ការងារ​ ត្រូវ​បាន​បង់​​រំលោះ​ដោយ​និយោជក ហើយ​កម្មករ​ដែល​មាន​ប្រភេទ​កិច្ច​សន្យា​មាន​ថិរវេលា​មិន​កំណត់ ក៏​អាច​ទទួល​បាន​ប្រាក់​អតីតភាព​ការងារ​ប្រហាក់​ប្រហែល​គ្នា​ទៅ​នឹង​កម្មករ​ប្រភេទ​កិច្ចសន្យា​ខ្លីៗ ដែរ។ ប៉ុន្តែ​ អ្វី​ដែល​សំខាន់​ គឺ​ការ​ផ្សព្វផ្សាយ​ឲ្យ​បាន​​ទូលាយ​អំពី​ច្បាប់ និង​ប្រកាស​ក្រសួង ជា​ពិសេស​រូបមន្ត​នៃ​ការ​ទូ​ទាត់ ត្រូវ​ចៀសវាង​ការ​កិប​កេង​ប្រាក់​អតីតភាព​របស់​កម្មករ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។