កម្មកររោងចក្រអែស.យាន់តវ៉ាមុខពន្ធនាគារខេត្តកំពង់ស្ពឺឲ្យដោះលែងប្រធានសហជីព
2014.04.23
កម្មកររោងចក្រកាត់ដេរនៃរោងចក្រកាត់ដេរ អែស.យាន់ (S-Yuan) រាប់រយនាក់ បានលើកគ្នាទៅតវ៉ាដល់មុខពន្ធនាគារខេត្តកំពង់ស្ពឺ ហើយទាមទារឱ្យដោះលែងប្រធានសហជីពប្រចាំរោងចក្រមួយរូប ឈ្មោះ ខុន ផល្លា។
តំណាងសហព័ន្ធសហជីពកម្ពុជា អ្នកស្រី យ៉ាង សុភ័ណ ដែលស្ថិតនៅមុខពន្ធនាគារនោះថ្លែងថា ខាងតុលាការខេត្តកំពង់ស្ពឺ បានសន្យាដោះលែង លោក ខុន ផល្លា នៅរសៀលម៉ោង២ ក៏ប៉ុន្តែរហូតមកដល់ល្ងាចទៅហើយ នៅតែមិនបានដោះលែងទៀត៖ «តាមខ្ញុំសាកសួរមន្ត្រីពន្ធនាគារទៅ គាត់ថា រង់ចាំដោះលែងដែរ ឱ្យតែមានលិខិតស្នាមអីមកដល់ដៃគាត់ៗនឹងដោះលែង ខុន ផល្លា ភ្លាម។ គាត់រង់ចាំលិខិតចេញពីចៅក្រម ចេញពីព្រះរាជអាជ្ញា។ មកដល់ពេលហ្នឹង យើងសាកសួរគាត់ទៅ គាត់ថា អត់បានទទួលលិខិតហ្នឹងពីតុលាការខេត្តកំពង់ស្ពឺ នៅឡើយទេ។ ប៉ុន្តែខ្ញុំបានធ្វើលិខិតធានាគាត់ឱ្យនៅក្រៅឃុំអីរួចរាល់ហើយតាំងពីម្សិលមិញ។ ខ្ញុំមានមេធាវីមកធានាត្រឹមត្រូវ ប៉ុន្តែយើងឃើញថា មិនទាន់មានការដោះលែងនៅឡើយ»។
លេខារបស់ប្រធានតុលាការខេត្តកំពង់ស្ពឺ លោក ស៊ុំ អំណត់ មានប្រសាសន៍ថា លោកមិនទាន់បានឃើញសេចក្ដីសម្រេចរបស់ប្រធានតុលាការយ៉ាងណាទេ ហើយម្យ៉ាងទៀត ដោយសារតែចរន្តអគ្គិសនីដាច់ផង លោកមិនអាចវាយលិខិតអ្វីចេញបានទេ នៅថ្ងៃទី២៣ មេសា នេះ។
អ្នកស្រី យ៉ាង សុភ័ណ បញ្ជាក់ថា ប្រធានសហជីពឈ្មោះ ខុន ផល្លា ត្រូវបានចាប់ឃុំក្នុងពន្ធនាគារ កាលពីអំឡុងថ្ងៃទី១០ មេសា បន្ទាប់ពីលោកចូលខ្លួនជាសាក្សីដើម្បីបំភ្លឺក្នុងរឿងបង្ករបួសស្នាមមួយ។ អ្នកស្រីបន្តថា កម្មករនឹងនាំគ្នាធ្វើកូដកម្ម ហើយតវ៉ានៅមុខពន្ធនាគារខេត្តទៀត រហូតទាល់តែតុលាការដោះលែងប្រធានសហជីពឈ្មោះ ខុន ផល្លា៕