សហជីព​និង​កម្មករ​មួយ​ចំនួន​មិន​ពេញ​ចិត្ត​ចំពោះ​ការដំឡើង​ប្រាក់ខែ​កម្មករ​១៥៣​ដុល្លារ

ដោយ អ៊ុំ រង្សី
2016-09-30
Share
កម្មករ​ តវ៉ា​រឿង​ប្រាក់​ខែ ៦២០ ក្រុម​កម្មករ​និង​សហជីព​នាំ​គ្នា​ដង្ហែ​ក្បួន​តាម​ដង​ផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ ទាមទារ​ប្រាក់​ឈ្នួល​សមរម្យ នៅ​ថ្ងៃ​ទី​១២ តុលា ២០១៤។
RFA

ក្រុម​សហជីព និង​កម្មករ​មួយ​ចំនួន​យល់ថា ការកំណត់​ប្រាក់ខែ​គោល​កម្មករ​សម្រាប់​ឆ្នាំ​២០១៧ នៅ​មាន​ចំនួន​តិច មិន​អាច​ធានា​ឲ្យ​កម្មករ​រស់នៅ​ដោយ​សេចក្ដី​ថ្លៃថ្នូរ​ឡើយ​។ លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈកម្មការ​ប្រឹក្សា​ការងារ​បាន​សម្រេច​ដំឡើង​ប្រាក់​ខែ​កម្មករ​កាត់ដេរ និង​ផលិត​ស្បែក​ជើង​សម្រាប់​ឆ្នាំ​២០១៧ ចំនួន ១៤៨​ដុល្លារ ហើយ​រដ្ឋាភិបាល​ផ្ដល់​ឲ្យ ៥​ដុល្លារ​ថែម​ទៀត​សរុប​ចំនួន ១៥៣​ដុល្លារ។

​ក្រុម​សហជីព និង​កម្មករ​ក្នុង​វិស័យ​កាត់ដេរ​មួយ​ចំនួន​ដែល​មិន​ទាន់​ពេញ​ចិត្ត​ចំពោះ​ការ​ដំឡើង​ប្រាក់​ខែ​ថ្មី​សរុប​ចំនួន ១៥៣​ដុល្លារ​នេះ គ្រោង​នឹង​ជួប​ជុំ​ពិភាក្សា​គ្នា​ថា តើ​នឹង​តវ៉ា​ប្រឆាំង​សេចក្ដី​សម្រេច​នេះ​នៅ​ក្រោយ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ហើយ ឬ​យ៉ាង​ណា?

ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា អ្នកស្រី យ៉ាង សុភ័ណ្ឌ មាន​ប្រសាសន៍​ថា សហជីព​កម្មករ​របស់​អ្នកស្រី​ចង់​បាន ១៧១​ដុល្លារ។ អ្នកស្រី​បាន​បញ្ជាក់​ថា តួលេខ​ប្រាក់​ឈ្នួល ១៥៣​ដុល្លារ នៅ​មិន​ទាន់​ឆ្លើយ​តប​ចំពោះ​តម្រូវការ​របស់​កម្មករ​នៅ​ឡើយ បើ​ប្រៀបធៀប​នឹង​តម្លៃ​ទំនិញ​នៅ​លើ​ទីផ្សារ​សព្វថ្ងៃ៖ «ការ​សម្រេច​ប្រាក់​ឈ្នួល​ឲ្យ​កម្មករ ១៥៣​ដុល្លារ​ហ្នឹង​ខ្ញុំ​មិន​សូវ​ពេញ​ចិត្ត​នោះ​ទេ ព្រោះ​ប្រាក់​នេះ​មិន​ទាន់​មាន​ឆ្លើយ​តប​ទៅ​នឹង​សេចក្ដី​ត្រូវ​ការ​ជាក់ស្ដែង​របស់​កម្មករ ដូចជា​ចំណាយ​ទៅ​លើ​ទំនិញ​ទីផ្សារ​ម្ហូប​អាហារ ផ្ទះ​ជួល​ជាដើម អ៊ីចឹង​ខ្ញុំ​សុំ​ឲ្យ​រដ្ឋាភិបាល​បន្ត​គិត​គួរ​ដល់​ជីវភាព​កម្មករ​បន្ត​ទៀត»

​ការ​ដំឡើង​ប្រាក់​ឈ្នួល​នោះ គឺ​ធ្វើ​ឡើង​តាម​រយៈ​ការ​បោះ​ឆ្នោត​លើ​តួលេខ​ចំនួន​៣ គឺ​តួលេខ ១៤៨​ដុល្លារ​របស់​ភាគី​រដ្ឋាភិបាល​តួលេខ ១៧១​ដុល្លារ​របស់​ភាគី​សហជីព និង​តួលេខ ១៤៧​ដុល្លារ​របស់​ថៅកែ​រោងចក្រ។ លទ្ធផល​បង្ហាញ​ថា តួលេខ ១៤៨​ដុល្លារ​ដែល​កំណត់​ដោយ​ភាគី​រដ្ឋាភិបាល ទទួល​បាន​ការ​គាំទ្រ​ចំនួន ២២​សំឡេង។ ចំណែក​តួលេខ ១៧១​ដុល្លារ​កំណត់​ដោយ​ភាគី​សហជីព​មាន​សំឡេង​គាំទ្រ ២​សំឡេង និង​តួលេខ ១៤៧​ដុល្លារ​របស់​ថៅកែ​រោងចក្រ គឺ​គ្មាន​សំឡេង​គាំទ្រ​នោះ​ទេ។

រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង ឲ្យ​ដឹង​ក្រោយ​ដឹកនាំ​កិច្ច​ប្រជុំ​គណៈកម្មការ​ប្រឹក្សា​ការងារ កាល​ពី​ទី​២៩ ខែ​កញ្ញា ថា តួលេខ​ប្រាក់​ខែ​ថ្មី ១៥៣​ដុល្លារ​នេះ គឺ​ជា​លទ្ធផល​មួយ​ដែល​មាន​ការ​សិក្សា​ខាង​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកទេស​យ៉ាង​ល្អិតល្អន់ ដូច្នេះ​គ្រប់​ភាគី​នឹង​អាច​ទទួល​យក​បាន​តាម​រយៈ​លទ្ធផល​បោះ​ឆ្នោត។

ទន្ទឹម​គ្នា​នេះ សេចក្ដី​សម្រេច​របស់​រដ្ឋាភិបាល​ដែល​ចុះ​ហត្ថលេខា​ដោយ​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង បញ្ជាក់​ថា ការ​កំណត់​ប្រាក់​ឈ្នួល​កម្មករ​សាកល្បង​ចំនួន ១៤៨​ដុល្លារ​ក្នុង​មួយ​ខែ។ លុះ​ចប់​រយៈពេល​សាកល្បង​ក្លាយ​ជា​កម្មករ​និយោជិត​ពេញ​សិទ្ធិ​ត្រូវ​ទទួល​បាន​ប្រាក់​ឈ្នួល​អប្បបរមា​ចំនួន ១៥៣​ដុល្លារ។

​សេចក្ដី​សម្រេច​ដដែល​បញ្ជាក់​ថា ចំពោះ​កម្មករ​ដែល​ទទួល​បាន​ប្រាក់​ឈ្នួល​គិត​តាម​បរិមាណ​ផលិតផល (ដេរ​ស៊ី​បុង) ត្រូវ​បាន​ប្រាក់​ឈ្នួល​តាម​ទិន្នផល​ជាក់ស្ដែង​ដែល​ធ្វើ​បាន។ បើ​ទិន្នផល​ទទួល​បាន​លើស​ការ​កំណត់​ថៅកែ ត្រូវ​បង្គ្រប់​ឲ្យ​ដល់ ១៤៨​ដុល្លារ សម្រាប់​កម្មករ​សាកល្បង និង ១៥៣​ដុល្លារ​សម្រាប់​កម្មករ​ពេញ​សិទ្ធិ។

ក្នុង​កិច្ច​ពិភាក្សា​ត្រី​ភាគី និង​ដំណើរ​ការ​ការ​បោះឆ្នោត​ជ្រើសរើស​តួលេខ​ប្រាក់​ឈ្នួល​អប្បបរមា​របស់​គណៈកម្មការ​ប្រឹក្សា​ការងារ​ដែល​មាន​ភាគី​រដ្ឋាភិបាល​មាន​ចំនួន ១៤​រូប។ ភាគី​និយោជក ៧​រូប និង​ភាគី​សហជីព​ចំនួន ៧​រូប​នោះ គឺ​ប្រធាន​សហភាព​ការងារ​កម្ពុជា និង​ជា​សមាជិក​គណៈកម្មការ​ប្រឹក្សា​ការងារ​លោក អាត់ ធន់ រិះគន់​ថា មាន​ភាព​មិន​ប្រក្រតី​នោះ​ទេ។ មិន​ប្រក្រតី​ដោយសារ​សហជីព​ខ្លះ​មាន​និន្នាការ​ទៅ​រក​រដ្ឋាភិបាល។

លោក អាត់ ធន់ ក៏​បញ្ជាក់​ទៀត​ថា លោក​មិន​ពេញ​ចំពោះ​ការ​ដំឡើង​នេះ​ទេ។ លោក​នឹង​បន្ត​ពិភាក្សា​រក​ដំណោះស្រាយ​ជាមួយ​ថ្នាក់ដឹកនាំ​សហជីព​នៅ​ក្រោយ​ភ្ជុំ​បិណ្ឌ​ជុំវិញ​បញ្ហា​នេះ៖ «ក្រោយ​ពេល​ភ្ជុំ យើង​នឹង​ធ្វើ​ការ​ពិភាក្សា​គ្នា​ជាមួយ​ថ្នាក់ដឹកនាំ​សហជីព​បន្ត​ទៀត​ថា ចំនួន​ហ្នឹង​យើង​អាច​ទទួល​យក​បាន​ហើយ ឬ​នៅ ឬ​ក៏​ត្រូវ​តវ៉ា​បន្ត​ទៀត»

ទាក់ទិន​នឹង​ប្រាក់ខែ ១៥៣​ដុល្លារ​នេះ កញ្ញា ជាង ធីតា ដែល​ជា​កម្មការិនី​រោងចក្រ ខូថប វ័ន (COTOP1) ក្នុង​រាជធានី​ភ្នំពេញ ប្រាប់​អាស៊ីសេរី​ថា កញ្ញា​មិន​សុខ​ចិត្ត​នោះ​ទេ ព្រោះ​នៅ​មាន​ចំនួន​តិច​ដែល​មិន​អាច​ដោះស្រាយ​ជីវភាព​បាន​សមរម្យ​​នៅ​ឡើយ។

ការ​តវ៉ា​ទាមទារ​ប្រាក់​ឈ្នួល​របស់​កម្មករ​បាន​ថមថយ​កម្ដៅ​ទៅ​វិញ​ខ្លះ បន្ទាប់​ពី​មាន​ការ​ប៉ះទង្គិច​គ្នា​យ៉ាង​ខ្លាំងក្លា​រវាង​កម្មករ និង​សមត្ថកិច្ច​នៅ​លើ​ផ្លូវ​វ៉េងស្រេង និង​នៅ​ក្បែរ​រោងចក្រ​យ៉ាកជីន (Yakjin) កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤ កន្លង​ទៅ ហើយ​ក្នុង​នោះ​បាន​បណ្ដាល​ឱ្យ​បាតុករ​ចំនួន ៤​នាក់​ស្លាប់​ម្នាក់​បាត់​ខ្លួន និង ២៣​នាក់​ត្រូវ​បាន​ចាប់​ខ្លួន។ ក្រុម​សហជីព​យល់​ថា ប្រាក់​ឈ្នួល​នេះ​មិន​ទាន់​ប្រាកដ​ថា ធ្វើ​ឲ្យ​កម្មករ​ស្ងប់​ចិត្ត​នោះ​ទេ ពោល​គឺ​​ពួកគេ​អាច​នឹង​ផ្ទុះ​ការ​តវ៉ា​ជា​ថ្មី​ម្ដង​ទៀត។

លោក អាត់ ធត់ សង្កត់ធ្ងន់​ថា ប្រសិនបើ​រដ្ឋាភិបាល​ដំឡើង​ប្រាក់​ឈ្នួល​គោល ១៧១​ដុល្លារ​នោះ គឺ​មិន​អាច​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​ដក​ខ្លួន​ចេញ​ពី​កម្ពុជា នោះ​ទេ ព្រោះ​កម្ពុជា នៅ​មាន​កត្តា​អនុគ្រោះ​ច្រើន​ដល់​អ្នក​វិនិយោគ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល