សហជីព​ថា ការ​ដោះស្រាយ​វិវាទ​ការងារ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​នៅ​ក្រសួង​ការងារ​មិន​មាន​លទ្ធផល​សាច់​ការ​ទេ

ដោយ ជាតិ ចំណាន
2021.12.24
សហជីព​ថា ការ​ដោះស្រាយ​វិវាទ​ការងារ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​នៅ​ក្រសួង​ការងារ​មិន​មាន​លទ្ធផល​សាច់​ការ​ទេ ទិដ្ឋភាព​តវ៉ា​របស់​បុគ្គលិក​ណាហ្គា វើលដ៍ (Naga World)។
Photo Provided

សហជីព​លើកឡើង​ថា ការ​ដោះស្រាយ​វិវាទ​ការងារ​ក្រុមហ៊ុន​ណាហ្គា វើលដ៍ (Naga World) នៅ​ក្រសួង​ការងារ កាល​ពី​ពេល​ថ្មីៗ​ នេះ គឺ​មិន​ទទួល​បាន​លទ្ធផល​ផ្លែផ្កា​ណាមួយ​ឡើយ ព្រោះ​ភាគី​ក្រុមហ៊ុន​មិន​បាន​ចូលរួម​ដោះស្រាយ​ទេ​។ សង្គម​ស៊ីវិល​យល់​ថា ក្រសួង​ការងារ​មាន​សមត្ថកិច្ច​គ្រប់គ្រាន់ ដើម្បី​បង្ខំ​ឲ្យ​ភាគី​ក្រុមហ៊ុន​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​នេះ ស្របតាម​ច្បាប់​ស្ដី​ការងារ​របស់​កម្ពុជា។

ជម្លោះ​ការងារ​រវាង​កម្មករ​និយោជិត​ជាង​ ៣​រយ​នាក់ និង​ក្រុមហ៊ុន​ណាហ្គា វើលដ៍ នៅ​មិន​ទាន់​មាន​ដំណោះស្រាយ​សាច់​ការ​ណាមួយ​ទេ បើ​ទោះ​បី​ជា​មាន​កិច្ច​អន្តរាគមន៍​ពីសា​លា​រាជធានី​ភ្នំពេញ និង​ក្រសួង​ការងារ ដោយ​ហៅ​ភាគី​ក្រុមហ៊ុន​ចូល​តុ​ចរចា​ស្វែងរក​ដំណោះស្រាយ​រួមគ្នា​ក៏ដោយ។

ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា វើលដ៍ កញ្ញា ឈឹម ស៊ីថរ ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​២៣ ធ្នូ​ថា ការ​ដោះស្រាយ​វិវាទ​ការងារ​នៅ​ក្រសួង​ការងារ កាលពី​ថ្ងៃទី​២២ ធ្នូ គឺ​គ្មាន​វត្តមាន​តំណាង​ក្រុមហ៊ុន​ចូលរួម​ទេ។

កញ្ញា​ឲ្យ​ដឹង​ថា មន្ត្រី​ក្រសួង​ការងារ​មិន​ហ៊ាន​ពិនិត្យ​ផ្ទៀងផ្ទាត់​ការ​ទូទាត់​សំណង​របស់​ក្រុមហ៊ុន​ថា ​តើ​ត្រឹមត្រូវ​តាមច្បាប់​ស្ដី​ការងារ​ឬទេ ចំពោះ​បុគ្គលិក​ម្នាក់​ដែល​ព្រម​ទទួលយក​សំណង​បញ្ចប់​ការងារ​ពី​ក្រុមហ៊ុន​។ កញ្ញា​បន្ត​ថា ក្រសួង​ការងារ​តម្រូវ​ឲ្យ​សហជីព​ទៅ​ចរចា​ជាមួយ​ភាគី​ក្រុមហ៊ុន អំពី​ចំនួន​បុគ្គលិក​ក្នុងចំណោម​ជាង​៣​រយ​នាក់ ដែល​ចង់​ចូល​ធ្វើការ​វិញ ព្រោះ​ក្រុមហ៊ុន​ជា​អ្នក​សម្រេច​ក្នុង​រឿង​នេះ។

កញ្ញា ឈឹម ស៊ីថរ ចាត់ទុក​របៀប​ដោះស្រាយ​វិវាទ​របស់​ក្រសួង​ការងារ​នេះ​ថា ​គ្មាន​ចេតនា​ពិត​ប្រាកដ និង​គ្មាន​ជំហរ​ច្បាស់លាស់ ដើម្បី​បញ្ចប់​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​បន​ល្បែង​ណាហ្គា វើលដ៍​មួយ​នេះ​ឡើយ​៖ «ក្រសួង​អញ្ជើញ​ ៣៦០​នាក់​ជាង ហើយ​គាត់​ដឹង​ហើយ ក្នុង​ចំណោម ​៣៦០​នាក់​ជាង​ហ្នឹង មាន​ចំនួន​គាត់​ទាមទារ​ចូល​ធ្វើ​ការ មួយចំនួន​ទាមទារ​ប្រាក់​សំណង​ត្រឹមត្រូវ​តាមច្បាប់​។ សរុប​ជា​រួម​ទៅ កិច្ចប្រជុំ​ម្សិលមិញ​នេះ គឺ​អត់​បាន​ផ្លែផ្កា​អ្វី​ទាំងអស់​។ ចុងក្រោយ យើង​ចង់​ឲ្យ​ក្រសួង​បង្ហាញ​ពី​រូបមន្ត​ត្រឹមត្រូវ​ក្នុង​ការ​ទូទាត់​ប្រាក់​សំណង ក៏​ក្រសួង​អត់​យក​ការ​ទូទាត់​របស់​ណាហ្គា​ផ្ទាល់​ដែរ។ ទៅ​យក​ឧទាហរណ៍​ផ្សេង ហើយ​មិន​ចេញ​ជា​ផ្លូវការ​ទៀត​។ ថា​តើ​អាហ្នឹង ជា​រូបមន្ត​គោល​ឬ​អត់ នៅក្នុង​ការ​ទូទាត់ មិន​ថា​សម្រាប់​នៅ​ក្រុមហ៊ុន​ណាហ្គា វើលដ៍ ឬ​នៅ​កន្លែង​ផ្សេងៗ»

វិទ្យុ​អាស៊ីសេរី មិនអាច​សុំ​ការ​បកស្រាយ​រឿង​នេះ ពី​ប្រធាន​នៃ​អគ្គលេខាធិការដ្ឋាន​ដោះស្រាយ​កូដកម្ម បាតុកម្ម គ្រប់មុខ​សញ្ញា នៃ​ក្រសួង​ការងារ លោក ទេស រុក្ខាផល បាន​ទេ នៅ​ថ្ងៃទី​២៣ ធ្នូ ដោយ​ហៅ​ទូរស័ព្ទ​ចូល តែ​ពុំ​មាន​អ្នកទទួល។

ប៉ុន្តែ​ក្រសួង​ការងារ លើកឡើង​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន ចុះ​ថ្ងៃទី​២២ ធ្នូថា ក្រសួង​រក្សា​ជំហរ​បន្ត​ដោះស្រាយ​ករណី​ទាមទារ​របស់​កម្មករ​និយោជិត​ចំនួន ៣៦០​នាក់ ដែល​មិនទាន់​ឯកភាព​ទទួលយក​ការ​ទូទាត់​ប្រាក់​បំណាច់​ផ្ដាច់​កិច្ចសន្យាការងារ​តាម​ករណី​នីមួយៗ។

ក្រសួង​អះអាង​ថា ក្រសួង​នឹង​បន្តការងារ​នេះ​ឲ្យ​បានជា​ផលប្រយោជន៍​សម្រាប់​កម្មករ​និយោជិត រហូត​ដល់​ករណី​វិវាទ​នេះ ត្រូវ​បាន​ដោះស្រាយ​បញ្ចប់​ស្រប​តាម​ច្បាប់។

ទាក់ទង​នឹង​រឿង​នេះ អ្នកគ្រប់គ្រង​កម្មវិធី​សិទ្ធិ​ការងារ នៃ​អង្គការ​សង់ត្រាល់ (Central) លោក ឃុន ថា​រ៉ូ មាន​ប្រសាសន៍​ថា ការ​អូសបន្លាយ​ពេលវេលា​ចរចា​រក​ដំណោះស្រាយ ដោយ​គ្មាន​វត្តមាន​ក្រុមហ៊ុន​ចូលរួម​បែបនេះ អាច​ជា​វិធីសាស្ត្រ​មួយ ដើម្បី​បន្សាប​កម្លាំង​ក្រុម​កម្មករ​និយោជិត​ឲ្យ​នឿយណាយ​ឈប់​ធ្វើ​កូដកម្ម​ដោយ​ខ្លួនឯង។

លោក​យល់​ថា បើ​ភាគី​ក្រុមហ៊ុន​នៅតែ​គ្មាន​ភាពស្មោះត្រង់​ចង់​ដោះស្រាយ​រឿង​នេះ​ទេ ក្រសួង​ការងារ មាន​សិទ្ធិ​សម្រេច​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​មួយ​នេះ តាមច្បាប់​ស្ដីពី​ការងារ ដោយ​បង្ខំ​ឲ្យ​ភាគី​និយោជក អនុវត្ត​តាម​ស្មារតី​នៃ​កិច្ចប្រជុំ​នៅ​សាលា​រាជធានី​ភ្នំពេញ​កន្លងមក​៖ «បើសិន​វា​មិន​មាន​ដំណោះស្រាយ វា​បង្កើត​នូវ​បញ្ហា​ស្មុគស្មាញ​បន្ត​ទៀត។ ពីព្រោះ​ការ​ធ្វើ​កូដកម្ម គឺ​ដើម្បី​ជំរុញ​ឲ្យ​និយោជក​ចូល​តុ​ចរចា​ដោយ​ភាពស្មោះត្រង់ ជាមួយ​កម្មករ​និយោជិក ហើយ​ធ្វើការ​សម្បទាន​គ្នា​។ ហើយ​មក​ដល់​ពេល​នេះ ភាគី​ក៏​មិន​ទាន់​មាន​ការ​សម្បទាន អី​មួយ ឬក៏​ការ​សម្រេច​ណាមួយ ដើម្បី​បញ្ជាក់​ពី​ជំហរ​របស់​ខ្លួន ឲ្យ​ខាង​កម្មករ​និយោជិក​ហ្នឹង គាត់​អាច​ទទួល​យក​បាន​កម្រិត​ណាមួយ គឺ​អត់​ទាន់​មាន»

វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ការ​បំភ្លឺ​អំពី​ដំណោះស្រាយ​វិវាទ​ការងារ​នេះ ពី​ប្រធាន​ប្រតិបត្តិ​បុគ្គលិក​របស់​ក្រុមហ៊ុន​ណាហ្គាវើលដ៍ លោក ម៉ៃក ង៉ៃ (Mike Ngai) បាន​ទេ ដោយ​ហៅ​ទូរស័ព្ទ តែ​ពុំ​មាន​អ្នក​ទទួល។

NagaWorld_122321_Treetop_1.jpg
ក្រុមបុគ្គលិកកម្មករកាស៊ីណូ ណាហ្កាវើលដ៍ (Naga World) បន្ត​ធ្វើកូដកម្មចូលដល់​ថ្ងៃ​ទី៦ នៅ​ថ្ងៃ​ទី២៣ ខែធ្នូ ឆ្នាំ២០២១។

គិត​មក​ដល់​ពេល​នេះ ក្រុម​កម្មករ​និយោជិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍ បាន​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី អស់​រយៈពេល​ ៦​ថ្ងៃ​ហើយ​។ ពួកគាត់​ទាមទារ​ឲ្យ​ថៅកែ​ទទួល​យក​ថ្នាក់ដឹកនាំ​សហជីព និង​បុគ្គលិក​សរុប​ ​៣៦៥​រយ​នាក់ ដែល​ក្រុមហ៊ុន​បញ្ឈប់​ពី​ការងារ ចូល​ធ្វើ​ការ​វិញ​។ ក្រុម​កូដ​ករ​នៅតែ​រក្សា​ជំហរ​ធ្វើ​កូដកម្ម រហូតដល់​ភាគី​ក្រុមហ៊ុន​ព្រម​ផ្ដល់​ដំណោះស្រាយ​ដែល​អាច​ទទួល​យក​បាន។

ថ្នាក់ដឹកនាំ​សហជីព នឹង​ធ្វើ​សន្និសីទកាសែត នៅមុខ​អគារ​ទី​១ ​នៃ​ក្រុមហ៊ុន​ណាហ្គា វើលដ៍ ថ្ងៃទី​២៤ ធ្នូ ដើម្បី​ថ្លែងប្រាប់​កម្មករ​និយោជិត ជុំវិញ​ដំណោះស្រាយ​ពី​អាជ្ញាធរ​និង​ក្រសួង​ការងារ នា​ពេល​កន្លង​ទៅ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។