កម្មកររោងចក្រចំនួនពីរបានតវ៉ា នៅថ្ងៃទី១ កក្កដា ឲ្យខាងថៅកែផ្ដល់ប្រាក់សំណង ក្រោយពីរោងចក្របិទទ្វារ គឺកម្មករ រោងចក្រ វ៉ាយអួលែត ខេមបូឌា និងកម្មកររោងចក្រ ហាណាវ័ន (Hana1 Cambodia) ប្រមាណ ៣០០នាក់ ផ្ទុះការតវ៉ាដាក់ញត្តិទៅក្រសួងការងារទាមទារឲ្យក្រសួងដោះស្រាយលក្ខខណ្ឌ ២ចំណុចទៀតតាមការសន្យា។
កម្មករគ្រោងដង្ហែតវ៉ាពីចំណុចខណ្ឌពោធិ៍សែនជ័យទៅខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្បែរវត្តបទុមវតី និងក្រសួងការងារតែត្រូវអាជ្ញាធរខណ្ឌរារាំង ទើបបង្វែរទៅក្រសួងការងារវិញ។
ក្រុមកម្មកររោងចក្រទំាងពីរនេះ បានតវ៉ានៅទីតាំងពីរផ្សេងគ្នា ទាមទារឲ្យខាងថៅកែផ្ដល់ប្រាក់សំណង និងប្រាក់អតីតភាពការងារ ជួនពួកគាត់ទៅតាមកិច្ចសន្យា។
កម្មកររោងចក្រហាណាវ័ន (Hana1 Cambodia) លោកស្រី សុខ ជា ឲ្យដឹងថា អ្វីដែលកម្មករទាមទារចង់បាននោះ គឺឲ្យថៅកែក្រុមហ៊ុនធ្វើតាមការសន្យាផ្ដល់សំណងជូនកម្មករចំនួន ៥ចំណុចស្របតាមច្បាប់ស្ដីពីការងារ គឺប្រាក់ខែចុងក្រោយ ប្រាក់អតីតភាពការងារ ប្រាក់ជូនដំណឹង ប្រាក់ជំងឺចិត្ត និងប្រាក់ដំណាច់ឆ្នាំដែលនៅសល់។ តែលោកស្រី សុខ ជា អះអាងថា ក្រុមកម្មករទទួលបានតែ ៣ចំណុចតែប៉ុណ្ណោះ ហើយពុំពេញលក្ខខណ្ឌនោះទេសម្រាប់កម្មករថ្មី និងកម្មករចាស់ ដែលក្រសួង និងថៅកែក្រុមហ៊ុន បានដោះស្រាយជូន។ អ្នកស្រីអះអាងថា នៅសល់ ២ចំណុចទៀត គឺប្រាក់សងជំងឺចិត្ត និងប្រាក់ជូនដំណឹង។ លោកស្រីថា ប្រសិនបើក្រសួងមិនដោះស្រាយជូនពួកគាត់ទេ ពួកគាត់នឹង តវ៉ាម្តងទៀតនៅមុខផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ «ពួកខ្ញុំហ្នឹងខ្វះខាតច្រើន ដល់ពេលឥឡូវនេះ លុយថ្លៃផ្ទះជួលហ្នឹង ក៏ជិតដល់ថ្ងៃបង់ហើយក៏គ្មានប្រាក់ចាយប្រចាំថ្ងៃក៏មិនមានសល់ដែរ វាខ្វះគ្រប់បែបយ៉ាង។ គាត់សន្យានឹងពួកខ្ញុំថា ឲ្យទាំង ៥ចំណុចហ្នឹងហើយ ដល់ពេលបើកបានតែ ៣ចំណុច តែ ៣ចំណុចហ្នឹង ក៏មិនពេញលក្ខខណ្ឌដែរ តែពួកខ្ញុំអត់ទាមទារទៀតទេ។ ដល់ពេលលុយជូនដំណឹង និងលុយជំងឺចិត្ត អានេះដូចថាច្រើនៗ គឺពួកគាត់អត់គិតឲ្យពួកខ្ញុំហ្មង។ កម្មករថ្មីអ្នកខ្លះទៅគាត់បាន ៥០០ដុល្លារ ៤៩០ដុល្លារ ៥០០ដុល្លារជាងអ៊ីចឹងទៅ តែបើកម្មករចាស់ ភាគច្រើនពី ១០ឆ្នាំ ៥ឆ្នាំអីគាត់បើកបានតែ ៣៩០ដុល្លារ ៣៣០ដុល្លារ ៣៤០ដុល្លារដែលទៅតាមគាត់ដាច់លុយ ឬមិនដាច់លុយអ៊ីចឹង។ អ្នកកម្មករចាស់ ធ្វើការច្រើនឆ្នាំ អត់បានលុយពេញដូចអ្នកកម្មករថ្មីទេ»។
លោកស្រី សុខ ជា ត្អូញត្អែរពីទុកលំបាករបស់កម្មករនៅពេលបាត់បង់ការងារនេះដោយពុំមានប្រាក់បង់ធនាគារ ប្រាក់បង់ថ្លៃផ្ទះ និងប្រាក់ចាយវាយប្រចាំថ្ងៃជាដើម។
រោងចក្រកាត់ដេរសំលៀកបំពាក់ ហាណាវ័ន មានទីតាំងនៅភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ មានកម្មករប្រមាណ ៨រយនាក់ បានធ្វើកូដកម្មកាលពីថ្ងៃទី២៣ មិថុនា បន្ទាប់ពីខាងរោងចក្រប្រកាសក្ស័យធនកាលពីថ្ងៃទី២២ មិថុនាថា នឹងត្រូវបិទទ្វារឆាប់ៗ នេះ។
នៅថ្ងៃដដែលនេះ កម្មកររោងចក្រ វ៉ាយអួលែត អឹភែរឹល ខេមបូឌា កូអិលធីឌី (VIOLET APPAREL CAMBODIA CO,.LTD) រាប់រយនាក់ នៅខណ្ឌសែនសុខវិញ ក៏ផ្ទុះការតវ៉ាទាំងខាងក្នុង និងខាងមុខរោងចក្រដែរ ដោយសារតែខាងរោងចក្រមួយនេះ បានប្រកាសព្យួរការងារចំនួនពីរខែមកហើយ។ លុះដល់ថ្ងៃកំណត់ចូលធ្វើការវិញ នៅថ្ងៃទី១ កក្កដានេះ ស្រាប់តែ ខាងថៅកែបានប្រកាសបិទរោងចក្រទៅវិញ។ ក្រុមកម្មករខឹងថៅកែរោងចក្រ ដោយមិនទទួលខុសត្រូវ និងមិនគោរពសិទ្ធិកម្មករ។ ពួកគេទាមទារឲ្យថៅកែរោងចក្រសងប្រាក់សំណងជូនពួកគេចំនួន ៥ចំណុចតាមច្បាប់ការងារ។
កម្មករម្នាក់របស់រោងចក្រ វ៉ាយអួលែត អឹភែរឹល ខេមបូឌា កូអិលធីឌី (VIOLET APPAREL CAMBODIA CO,.LTD) លោកស្រី ចាន់ ម៉ាលីណា លើកឡើងថា ដំបូងខាងក្រុមហ៊ុនបានប្រកាសប្រាប់កម្មករដោយព្យួរការងាររយៈពេល ២ខែ ដោយខាងក្រុមហ៊ុនទូទាត់ប្រាក់ឈ្នួលជូនកម្មករក្នុងមួយខែ ៣០ដុល្លារ រយៈពេល ២ខែ។ តែដល់ថ្ងៃកំណត់ចូលធ្វើការវិញ ក្រុមហ៊ុនក៏ប្រកាសបិទតែម្ដង។ លោកស្រីថា ក្រុមកម្មករនឹងទទួលបានប្រាក់សំណង ៣ចំណុចប៉ុណ្ណោះ តែ ២ចំណុចទៀតគឺ ប្រាក់សងជំងឺចិត្ត និងប្រាក់ជូនដំណឹង នឹងមិនទទួលបាននោះទេ ដោយសារច្បាប់ថ្មីស្ដីពីការងារ បានផ្ដល់អត្ថប្រយោជន៍ដល់ថៅកែរោងចក្រ តែគាបកក្រុមកម្មករ។ ពួកគេ ខកចិត្តដែលក្រសួងការងារមិនរកដំណោះស្រាយ និងយុត្តិធម៌ដល់កម្មករទេ បែរទៅកាន់ជើងថៅកែរោងចក្រវិញ៖ «និយាយរួម បើតាមរឿងថៅកែគេយល់ស្របទៅតាមច្បាប់ ដែលក្រសួងចេញដែរ បើក្រសួងយើងចេញមកតែអ៊ីចឹង គេមិនធ្វើតាមក្រសួង។ មុនដំបូងគេគិតឲ្យយើងតើ ដល់ក្រសួងចេញមក គេក៏កែប្រែតាមក្រសួង គេមិនមែនពន្លើសក្រសួងឯណា៎ ! ប៉ុន្តែក្រសួងអត់មានគិតដល់ទឹកចិត្តកម្មករផងហ្នឹង ធ្វើការផងហ្នឹង ព្រោះអីគាត់ប្រើពាក្យថា ស្រឡាញ់កម្មករហើយចេញសេចក្ដីប្រកាសមក អាហ្នឹងហៅថា ពាក្យស្រឡាញ់កម្មករហើយហ្នឹង។ ហើយអ្នកខ្លះគិតថា រោងចក្រហ្នឹងធ្វើការវិញ ហើយអ៊ីចឹងផ្ទះជួលហ្នឹង យ៉ាងច្រើនគេចុះឲ្យតែ ១០ដុល្លារ ៥ដុល្លារហ្នឹង ហើយយើងខ្លាចថា រោងចក្រមកពិបាករកជួលផ្ទះ យើងត្រូវយកលុយហ្នឹង យកអា ១ខែ ៣០ដុល្លារហ្នឹងទៅបង់ឲ្យថ្លៃផ្ទះហ្នឹង មានបានប្រើការអី។ ហ៎ ឲ្យសម្តេចហ៎ ១ខែ ៤០ ២ខែ ៨០ដុល្លារ ២ខែហ្នឹងបាន ២០ដុល្លារហ្នឹង ៦០ដុល្លារទៀតអត់ដឹងនៅណាផងហ្នឹង»។
ក្រុមកម្មករអស់សង្ឃឹមជាខ្លាំងដោយពួកគេធ្វើការនៅរោងចក្រមួយនេះ អ្នកខ្លះ ១៥ឆ្នាំ និងអ្នកខ្លះធ្វើការជាង ២០ឆ្នាំមកហើយ ឥឡូវនេះ រោងចក្រប្រកាសបិទពុំបានប្រាប់ពីមូលហេតុ និងមិនជូនដំណឹងឲ្យដឹងមុន។ អ្នកស្រីបន្ថែមថា បើសិនជារោងចក្របិទទ្វារ នឹងគ្មានលុយបង់ថ្លៃផ្ទះជួល និងជំពាក់បំណុលធនាគារ និងគ្មានលុយសម្រាប់ចំណាយប្រចាំថ្ងៃជាដើម។
អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ ដើម្បីសាកសួរអំពីការដោះស្រាយជម្លោះការងារទាំងពីររោងចក្រនេះបានទេ នៅថ្ងៃទី១ កក្កដា ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។ ចំណែក អ្នកនាំពាក្យមួយរូបទៀតនៃក្រសួងការងារ គឺលោក សេង សក្តា មិនធ្វើអត្ថាធិប្បាយទេ ដោយលោកប្រាប់ថា កំពុងជាប់រវល់។
អ្នកគ្រប់គ្រងកម្មវិធីនៃអង្គការ សង់ត្រាល់ (CENTRAL) លោក ឃុន ថារ៉ូ ថ្លែងថា ការតវ៉ារបស់កម្មករនេះ គឺបញ្ជាក់ថា ថៅកែរោងចក្រទាំងនោះ មិនបានដោះស្រាយសំណងជូនកម្មករស្របតាមច្បាប់ឡើយ៖ រឿងបញ្ហាបច្ចប្បន្នហ្នឹង គឺគោលនយោបាយរបស់រាជរដ្ឋាភិបាលហ្នឹងហើយ ដែលចេញថ្មីៗ ហ្នឹង ដែលវាធ្វើឲ្យខាតប្រយោជន៍ ឲ្យកម្មករនិយោជិក។ ចំណុចទាំងអស់ហ្នឹង គឺជាការដោះស្រាយក្រៅប្រព័ន្ធមួយ ដែលវាផ្ទុយពីច្បាប់។ អ៊ីចឹងហើយ អាចំណុចហ្នឹង គឺជាចំណុចដែលជាអត្ថប្រយោជន៍របស់កម្មករនិយោជិក ហើយគាត់បាត់បង់នូវអត្ថប្រយោជន៍ទាំងអស់ហ្នឹង។ ការធ្វើបែបហ្នឹង គឺវាផ្ទុយអំពីស្មារតីនៃច្បាប់ហើយ »។
កម្មកររោងចក្រទាំង ២ខាងលើ នឹងបន្តការតវ៉ាជាថ្មីទៀត ប្រសិនបើក្រសួងការងារមិនមានដំណោះស្រាយជូនពួកគេទេនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។