កម្មករ​រោងចក្រ W&D នៅ​ខណ្ឌ​មានជ័យ ផ្ទេរសិទ្ធិ​ឲ្យ​ សហភាព​ការងារ​កម្ពុជា ដើម្បី​តស៊ូ​មតិ ​ករណី​ថៅកែ​បញ្ឈប់​កម្មករ​ជាង​១ពាន់​នាក់

ដោយ វ៉ែន សុមេធ
2019-01-10
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កម្មករ​រោងចក្រ W&D នៅ​សង្កាត់​ស្ទឹង​មានជ័យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី៩ ខែ​មករា ឆ្នាំ២០១៩ នាំ​គ្នា​មក​សុំ​អន្តរាគមន៍​ពី​សហភាព​ការងារ​កម្ពុជា​របស់​លោក អាត់ ធន់ ឲ្យ​ជួយ​ដោះ​ស្រាយ​បញ្ហា​ក្រុមហ៊ុន​បញ្ឈប់​កម្មករ​ជាង ១.០០០នាក់។
កម្មករ​រោងចក្រ W&D នៅ​សង្កាត់​ស្ទឹង​មានជ័យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី៩ ខែ​មករា ឆ្នាំ២០១៩ នាំ​គ្នា​មក​សុំ​អន្តរាគមន៍​ពី​សហភាព​ការងារ​កម្ពុជា​របស់​លោក អាត់ ធន់ ឲ្យ​ជួយ​ដោះ​ស្រាយ​បញ្ហា​ក្រុមហ៊ុន​បញ្ឈប់​កម្មករ​ជាង ១.០០០នាក់។
រូបថត៖ សហភាព​ការងារ​កម្ពុជា (CLC)

កម្មករ​រោងចក្រ​ ដាប់ប៊ែលយូ អែន ឌី (W&D) នៅ​ខណ្ឌ​មានជ័យ ជា​ច្រើន​នាក់ ដែល​ថៅកែ​បញ្ឈប់​ពី​ការងារ​ ​បាន​នាំ​គ្នា​​ទៅ​សុំ​ពឹង​ពាក់ ផ្ទេរសិទ្ធិ​ជូន​សហភាព​ការងារ​កម្ពុជា ដើម្បី​តស៊ូ​មតិ​ផ្នែក​ផ្លូវ​ច្បាប់ ជាមួយ​សមាគម​ថៅកែ​រោងចក្រ ក្រសួង​ការងារ និង​ក្រុម​អ្នក​បញ្ជា​ទិញ នៅ​ទីស្នាក់ការ​សហភាព​ការងារ​កម្ពុជា នៅ​សង្កាត់​បឹងទំពុន​ទី​២ ខណ្ឌ​មានជ័យ។

កម្មករ​រោងចក្រ ដាប់ប៊ែលយូ អែន ឌី (W&D)​ម្នាក់ ក្នុង​ចំណោម​កម្មករ​ជាង​ ១ពាន់​នាក់ ​ដែល​រង​ការ​លុប​ឈ្មោះ លោក សឿន ប្រុស ប្រាប់​ថា លោក​ត្រូវ​បាន​រោងចក្រ​ដេញ​ពី​ការងារ​ក្រោយ​ធ្វើ​បាតុកម្ម តវ៉ា​ជាង​១០​ថ្ងៃ។ លោក​ថា កម្មករ​​គ្មាន​ទីពឹង​ទេ ទើប​នាំគ្នា​មក​សុំ​ពឹង​ពាក់ ផ្ទេរសិទ្ធិ​ជូន​សហភាព​ការងារ​កម្ពុជា ​ឲ្យ​ជួយ​ជា​តំណាង ដើម្បី​ទាមទារ​ផល​ប្រយោជន៍​កម្មករ​មកវិញ។ កម្មករ​រូប​នេះ បន្ត​ថា សហជីព​ប្រចាំ​រោងចក្រ ដាប់ប៊ែលយូ អែន ឌី (W&D) ដែល​បង្កើត​ឡើង​ ដោយ​ភាគី​ថៅកែ ​មិន​អាច​បម្រើ​ផល​ប្រយោជន៍​ពិត​ប្រាកដ​ឲ្យ​កម្មករ​ទេ ​ទើប​​កម្មករ​​សម្រេច​ចិត្ត​​ពឹង​​ពាក់​​សហជីព​​ក្រៅ​​រោងចក្រ​​​វិញ។ លោក​​បន្ត​​ថា ភាគី​​ខាង​​រោងចក្រ​​បាន​​ចរចា​​ជាមួយ​​តំណាង​​កម្មករ​​តែ ​២ដង​​ទេ ក្រោយ​​មិន​​ត្រូវ​​រ៉ូវ​​គ្នា ថៅកែ​​បញ្ឈប់​​ការ​​ចរចា និង​​​ប្រើ​​​ផ្លូវ​តុលាការ ចេញ​​សាលក្រម​​​បង្ខំ​​ឲ្យ​​ចូល​ធ្វើការ និង​ពង្រាយ​​កងកម្លាំង​​មុខ​រោងចក្រ​បំភ័យ​​កម្មករ​ ឲ្យ​បញ្ឈប់​សកម្មភាព​តវ៉ា៖ «ដោយ​សារ​មូល​ហេតុ​ត្រង់​នឹង​ហើយ​អត់​មាន​ដំណោះ​ស្រាយ​​ជូន​ពួក​គាត់​ហើយ​បញ្ឈប់​ពួក​គាត់​ចោល​ទៀត​ពួក​គាត់​​អត់​មាន​ទី​ពឹង​អត់​មាន​ចំណូល​​មក​ពី​ណា​ទេ។ ព្រោះ​ខាង​សហជីព​មូលដ្ឋាន​រោងចក្រ ដាប់ប៊ែលយូ អែន ឌី កម្ពុជា​​ខូល​អិល​ធី​ឌី​ អត់​ដោះ​ស្រាយ​ឲ្យ​ពួក​គាត់​ទេ។ អ៊ីចឹង​ពួក​គាត់​មក​ពឹង​ពាក់​សហព័ន្ធ ស៊ីខៅឌូ​ជួយ​ដោះ​ស្រាយ​ឲ្យ»

រោងចក្រ ដាប់ប៊ែលយូ អែន ឌី (W&D) ស្ថិត​នៅ​ភូមិ​ឫស្សី សង្កាត់​ស្ទឹងមានជ័យ ​ខណ្ឌ​មានជ័យ ​ មាន​កម្មករ​សរុប​ចំនួន ១ពាន់ ៨រយ (.៨០០នាក់។ កម្មករ​​បាន​នាំ​គ្នា ចាប់​ផ្ដើម​ធ្វើ​កូដកម្ម កាល​ពី​ថ្ងៃ​ទី២៩ ខែ​ធ្នូ ឆ្នាំ​២០១៨ និង​បាន​ហែ​ញត្តិ​យក​ទៅ​ដាក់​នៅ​ខុទ្ទកាល័យ​មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ លោក ហ៊ុន សែន នៅ​ម្ដុំ​​ដើម​ពោធិ៍ មុខ​វត្ត​បទុមវតី​ម្ដង កាល​ពី​ថ្ងៃ​ទី៣១ ខែ​ធ្នូ ឆ្នាំ២០១៨ ដើម្បី​សុំ​កិច្ច​អន្តរាគមន៍ ស្នើ​សុំ​បើក​ប្រាក់​អតីត​ភាព​ការងារ ឬ​ប្រាក់​សោធន​និវត្តន៍ មុន​ឆ្នាំ២០១៩ ឲ្យ​អស់​សិន មុន​នឹង​អនុវត្ត​ច្បាប់​ថ្មី ដែល​នឹង​ត្រូវ​បើក​រាល់​ ៦​ខែ​ម្ដង។

កម្មករ សឿន ប្រុស អះអាង​ថា មក​ដល់​ថ្ងៃ​ទី៩ មករា រោងចក្រ​បាន​បញ្ឈប់​កម្មករ​ចំនួន ១.៦០០នាក់ និង​មាន​កម្មករ​ប្រហែល ២០០​នាក់​ប៉ុណ្ណោះ​ ដែល​ព្រម​ចូល​ធ្វើការ​តាម​ដីកា​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដោយសារ​ភ័យ​ព្រួយ​បាត់បង់​ការងារ និង​មាន​បន្ទុក​ក្នុង​គ្រួសារ​ច្រើន។

កាលពី​ថ្ងៃ​ទី៤ មករា ក្រុមហ៊ុន W&D បាន​សម្រេច​លុប​ឈ្មោះ​កម្មករ​ប្រមាណ ១.២០០នាក់ ដោយសារ​កម្មករ​មិន​ព្រម​ចូល​ធ្វើការ​វិញ​ តាម​សាលក្រម​សម្រេច​ចាត់​ចែង​បណ្ដោះ​អាសន្ន​របស់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ដែល​បង្គាប់​ឲ្យ​កម្មករ​បញ្ឈប់​កូដកម្ម និង​ត្រូវ​ចូល​ធ្វើការ​វិញ​ក្នុង​រយៈ​ពេល ៤៨ម៉ោង ជា​កំហិត។

មេធាវី​តំណាង​​​​ក្រុមហ៊ុន​នៃ​រោងចក្រ ​ដាប់ប៊ែលយូ អែន ឌី (W&D) លោក តាំង ម៉េង ប្រាប់​សារ​ព័ត៌មាន​ក្នុង​ស្រុក​ថា ក្រុមហ៊ុន​​​មិន​ទទួល​យក​កម្មករ​ ដែល​បាន​បញ្ឈប់ ឲ្យ​មក​ធ្វើការ​វិញ​ទេ ព្រោះ​កម្មករ​បាន​ធ្វើ​កំហុស​ធ្ងន់​ណាស់​សម្រាប់​ក្រុមហ៊ុន។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ ប្រាប់​ថា សហភាព​ការងារ​កម្ពុជា បាន​ទទួល​យក​សំណើ​ពឹង​ពាក់​របស់​កម្មករ​ និយោជិក នៃ​រោងចក្រ​ ដាប់ប៊ែលយូ អែន ឌី (W&D) ​រួច​ហើយ។ លោក ថា ​កម្មករ​បាន​ទៅ​ពឹង​សហភាព តាំង​ពី ​ល្ងាច​ថ្ងៃ​ទី៨ មករា ឯ​នៅ​ព្រឹក​ថ្ងៃ​ទី៩ មករា មាន​កម្មករ​ជាង ១ពាន់​នាក់ ទៅ​ផ្ដិត​មេដៃ ហើយ​អាច​នឹង​ធ្វើ​អស់​ នៅ​ព្រឹក​ថ្ងៃ​ទី១០ មករា។

លោក អាត់ ធន់ បន្ត​ថា ក្រោយ​ពេល​ទទួល​បាន​ស្នាម​មេដៃ​កម្មករ​ពឹង​ពាក់​រួច សហភាព​ការងារ​កម្ពុជា (CLC) នឹង​ធ្វើ​សំណើ​ ដាក់​ទៅ​​ភាគី​ថៅកែ​រោងចក្រ សុំ​ជជែក​ករណី​បញ្ឈប់​កម្មករ​ជាង ១ពាន់​នាក់ ដើម្បី​ឲ្យ​កម្មករ​បាន​ចូល​ធ្វើការ​វិញ។ លោក ថា ប្រសិន​បើ​មិន​បាន​សម្រេច​ទេ សហភាព​ការងារ​កម្ពុជា នឹង​​ធ្វើ​សំណើ​ទៅ​សមាគម​ថៅកែ​រោងចក្រ ក្រសួង​ការងារ​ និង​ខុទ្ទកាល័យ​មេដឹកនាំ​របប​ក្រុង​ភ្នំពេញ លោក ហ៊ុន សែន។ លោក​ អាត់ ធន់ ថា ជម្រើស​ចុង​ក្រោយ ប្រសិន​បើ​ភាគី​ពាក់ព័ន្ធ​មិន​មាន​ដំណោះ​ស្រាយ​ជូន​កម្មករ​ទេ សហភាព​ការងារ​កម្ពុជា នឹង​ប្រាប់​ទៅ​ក្រុម​អ្នក​បញ្ជា​ទិញ នៅ​ក្រៅ​ប្រទេស៖ «វា​មិន​មែន​ទំ​លាក់​កំហុស​ទៅ​លើ​កម្មករ​តែ​មួយ​នោះ​ទេ។ទី១ ច្បាប់​ហ្នឹង ចេញ​ថ្មី​មក​កម្មករ​អត់​បាន​យល់​ដឹង ហើយ​សហជីព​នៅ​ក្នុង​រោងចក្រ គឺ​សហជីព​របស់​ក្រុមហ៊ុន​រោងចក្រ មិន​សូវ​ចុះ​ពន្យល់​កម្មករ​ប៉ុន្មាន​ទេ។ កម្មករ​ក៏​មិន​សូវ​ជឿ​ប៉ុន្មាន​ទេ។ អ៊ីចឹង​បាន​ជា​កម្មករ​ឈប់»

កម្មករ សឿន ប្រុស​ បញ្ជាក់​ថា ក្រៅពី​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ទទួល​​យក​កម្មករ​ចូល​ធ្វើការ​វិញ ពួកគេ​ក៏​នៅ​តែ​បន្ត​ទាមទារ​ប្រាក់​អតីត​ភាព​ការងារ ឬ ប្រាក់​សោធន​និវត្តន៍ មុន​ឆ្នាំ​២០១៩​ដដែល។ កម្មករ​រូប​នេះ​ប្រាប់​ថា បើ​ទោះ​ជា​ក្រសួង​ការងារ​ធានា​មិន​ឲ្យ​បាត់​បង់​ប្រាក់​អតីតភាព​ការងារ ប៉ុន្តែ​កម្មករ​ខ្លះ ប្រាប់​ថា ​រដ្ឋបាល​រោងចក្រ ​ដាប់ប៊ែលយូ អែន ឌី (W&D) បាន​ទាមទារ​កាត់​ចោល​ប្រាក់​អតីតភាព​ការងារ ​របស់​កម្មករ​​នៅ​​ចន្លោះ​ឆ្នាំ​២០០៦ ដល់​​ឆ្នាំ​២០០៨ ចោល ដោយ​ទុក​អតីតភាព​ការងារ​ឲ្យ​ ១០ឆ្នាំ​ប៉ុណ្ណោះ គិត​រាប់​ពី​ឆ្នាំ​២០០៨ មក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល