កម្មករ​រោងចក្រ​ខេត្ត​កំពង់ចាម​ធ្វើ​កូដកម្ម​ទាមទារ​ឱ្យ​សហជីព​របស់​ខ្លួន​ចូល​ធ្វើ​ការ​វិញ

ដោយ​ សូត សុខប្រាថ្នា
2014.12.24
Share on WhatsApp
Share on WhatsApp
កម្មករ តវ៉ា កំពង់ចាម ៦២០ កម្មករ​ធ្វើ​កូដកម្ម​នៅ​មុខ​រោងចក្រ​មេតថេក ឬ មេនហាតធេន (Medtecs Cambodia) កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៤ ធ្នូ ២០១៤។
RFA

កម្មករ​​រោងចក្រ​មេតថេក ឬ មេនហាតធេន (Medtecs Cambodia) នៅ​ខេត្ត​កំពង់ចាម ប្រមាណ​ជាង ១០០​នាក់ នៅ​ឈរ​មុខ​រោងចក្រ​និង​ប្រមាណ ២​ពាន់​​នាក់​ផ្សេង​ទៀត​មិន​ព្រម​ចូល​ធ្វើ​ការ ហើយ​នាំ​គ្នា​ត្រឡប់​ទៅ​ផ្ទះ​ដើម្បី​ទាម​ទារ​ឱ្យ​ភាគី​រោងចក្រ​គោរព​តាម​សេចក្ដី​បង្គាប់​របស់​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​ដែល​តម្រូវ​ឱ្យ​ថ្នាក់​ដឹក​នាំ​សហជីព ៤​នាក់ បាន​ចូល​ធ្វើ​ការ​វិញ រួម​នឹង​លក្ខខណ្ឌ​ការងារ​មួយ​ចំនួន​ទៀត។

ការ​តវ៉ា​នេះ បន្ទាប់ពី​កម្មករ​ប្រមាណ​ជាង ​២ពាន់​នាក់​ធ្វើ​ការ​ដោយ​មិន​មាន​សហជីព​សម្រាប់​​ការពារ​ផល​ប្រយោជន៍​ជូន​ពួក​គាត់​រយៈពេល ១​ឆ្នាំ​មក​ហើយ។

កម្មការិនី​រោងចក្រ​មេនហាតធេន​ម្នាក់ កញ្ញា ឈន់ សុផួង ឱ្យ​ដឹង​ថា តាំង​ពី​ពេល​មិន​មាន​វត្តមាន​​សហជីព​មក​ពួក​គាត់​ធ្វើ​ការ​ក្នុង​រោងចក្រ​ទទួល​រង​ការ​រំលោភ​សិទ្ធិ​សេរីភាព​ស្ទើរ​គ្រប់​បែប​យ៉ាង​ពី​សំណាក់​ភាគី​ថៅកែ​រោងចក្រ៖ «ការ​ញ៉ាំ​បាយ​ក៏​អ៊ីចឹង​ដែរ។ ការ​ធ្វើ​ការ។ ធម្មតា​យើង​ចូល​ធ្វើការ​ម៉ោង ៦​ព្រលឹមឡើង។ អ៊ីចឹង​គេ​តម្រូវ​ឱ្យ​ពួក​ខ្ញុំ​ចូល​ធ្វើការ​មុន ១៥​នាទី​ដល់​កន្លែង។ សូម្បី​ការ​ហូបចុក​អ៊ីចឹង បាយ និង​ស្បែក​ជើង​គេ​មិន​ឱ្យ​យក​ចូល​ក្នុង​ទេ ព្រោះ​គេ​ឲ្យ​យើង​យក​បាយ​ទៅ​ទុក​ក្នុង​ប្រអប់​ស្បែក​ជើង។ អ៊ីចឹង​ពួក​ខ្ញុំ​អត់​មាន​ការ​តវ៉ា​ជាមួយ​ពួក​គេ​កើត​ទេ»

​​ភាគី​រោងចក្រ​មេតហាតធេន បាន​បញ្ឈប់​ថ្នាក់​ដឹក​នាំ​សហជីព សកម្មជន​សហជីព និង​កម្មករ​ជា​ច្រើន​នាក់​ បន្ទាប់ពី​ពួក​គាត់​ចូល​រួម​ដឹក​នាំ​បាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់​ខែគោល ១៦០​ដុល្លារ​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៣។ យ៉ាងណាង​កម្មការិនី​ដដែល​ថា ការ​ចូល​រួម​ធ្វើ​កូដកម្ម​​របស់​កម្មករ​ស្ទើរ​តែ​ទាំង​អស់​នៅ​ក្នុង​រោងចក្រ គឺ​ធ្វើ​ឡើង​ដោយ​ស្មគ្រ័ចិត្ត​មិន​មាន​ការ​បង្ខំ​ពី​ខាង​ណា​ឡើយ​ ហើយ​កញ្ញា​ថា កម្មករ​នឹង​បន្ត​ធ្វើ​កូដកម្ម​ទៀត រហូត​​​ខាង​រោង​ចក្រ​យល់​ព្រម​ឱ្យ​តំណាង​ពួក​គាត់​ចូល​ធ្វើការ​វិញ ព្រម​ទាំង​ដោះស្រាយ​បញ្ហា​ការងារ​របស់​ពួកគាត់។

ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា អ្នកស្រី យ៉ាង សុភ័ណ្ឌ មាន​ប្រសាសន៍​ថា កម្មករ​មួយ​ចំនួន​សម្រេច​ចិត្ត​មិន​ចូល​ធ្វើ​ការ​រយៈពេល​បី​ថ្ងៃ​មក​ហើយ ប៉ុន្តែ​មិន​ទាន់​ទទួល​លទ្ធផល​ល្អ​ទេ។ យ៉ាង​ណា​អ្នកស្រី​ថា មា​ន​កិច្ច​ចរចា​មួយ​​​កាល​ពី​ថ្ងៃ​ទី​២៣ ធ្នូ រវាង​តំណាង​ក្រុមហ៊ុន សហជីព និង​អាជ្ញាធរ ​ប៉ុន្តែ​មិន​មាន​លទ្ធផល​អ្វី​សោះ ពីព្រោះ​ភាគី​រោងចក្រ​នៅ​តែ​បដិសេធ​មិន​ព្រម​ទទួល​យក​តំណាង​កម្មករ​ទាំង​នោះ​ឱ្យ​ចូល​ធ្វើ​ការ​វិញ​ ដោយ​មិន​បាន​បញ្ជាក់​​​ហេតុ​ផល​ច្បាស់​លាស់​ទេ។

អ្នក​ស្រី​យល់​ថា ភាគី​រោងចក្រ​មិន​ព្រម​ទទួល​យក​ថ្នាក់​ដឹក​នាំ​សហជីព​​ឱ្យ​ចូល​ធ្វើ​ការ​នោះ​ គឺ​ជា​រឿង​រំលោភ​ផ្លូវ​ច្បាប់​ការងារ​ប្រទេស​កម្ពុជា។​ មន្ទីរ​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​កំពង់ចាម បាន​ចេញ​លិខិត​អំពាវនាវ​កាល​ពី​ថ្ងៃ​ទី​២៣ ធ្នូ ឱ្យ​កម្មករ​ចូល​ធ្វើការ​ដូច​ធម្មតា​វិញ និង​សូម​ឲ្យ​បន្ត​វប្បធម៌​ពិភាក្សា​គ្នា​រវាង​សហជីព​ជាមួយ​និយោជក​ដើម្បី​ជៀសវាង​ការ​ខាត​ប្រយោជន៍​ផ្សេងៗ និង​ឲ្យ​ស្រប​តាម​ច្បាប់​ការងារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។