កម្មករ​រោងចក្រ​ស្បែក​ជើង​នៅ​កំពង់ចាម​ធ្វើ​កូដកម្ម​ទាមទារ​លក្ខខណ្ឌ​ការងារ​១៦​ចំណុច

ដោយ ហ៊ុំ ចំរើន
2014.09.01

កម្មករ​កម្មការិនី​រោងចក្រ​ផលិត​ស្បែក​ជើង ជូហួយ (Juhoi )នៅ​ឃុំ​ខ្នុរដំបង ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម ប្រមាណ ១.០០០​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​១ កញ្ញា​ ប្រមូល​ផ្ដុំ​គ្នា​នៅ​ខាង​មុខ​រោងចក្រ​ធ្វើ​កូដកម្ម​ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ​ដោះ​ស្រាយ​​លក្ខខណ្ឌ​ការងារ ១៦​ចំណុច។

លក្ខខណ្ឌ​ការងារ​ដែល​ក្រុម​កម្មករ​ទាមទារ​សំខាន់ៗ​មាន​ដូច​ជា លុយ​ថ្លៃ​បាយ​ ម្នាក់ ១​ដុល្លារ​អាមេរិក​ក្នុង​មួយ​ថ្ងៃ។ លុយ​ថ្លៃ​ឡាន​ដឹក​កម្មករ​ទៅ​ធ្វើ​ការ​ម្នាក់ ១០​ដុល្លារ​ក្នុង​មួយ​ខែ​ ប្រាក់​ថ្លៃ​ទឹក​ដោះ​គោ​សម្រាប់​កម្មករ​ដែល​មាន​កូន​ ២០​ដុល្លារ​ក្នុង​មួយ​ខែ​ និង​ផ្ដល់​រង្វាន់​លើក​ទឹក​ចិត្ត​ម្នាក់ ៥​ដុល្លារ​​ដល់​កម្មករ​ជំនាញ​ដែល​ធ្វើការ​ចាប់​ពី ៣​ខែ​ឡើង​ទៅ​ជា​ដើម។

តំណាង​កម្មការិនី​ម្នាក់​ គឺ​អ្នកស្រី​ ស៊ត គុន្ធា​ ថ្លែង​នៅ​ថ្ងៃ​ទី​១​ កញ្ញា ​ថា ហេតុ​ដែល​ពួកគេ​ធ្វើ​កូដកម្ម​នេះ ដោយសារ​ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ​ដោះ​ស្រាយ​ជា​ច្រើន​លើក​មក​ហើយ​តែ​គ្មាន​ដំណោះ​ស្រាយ។

អ្នក​ស្រី​បន្ត​ថៅកែ​រោង​ចក្រ​មិន​ត្រឹម​តែ​មិន​ដោះស្រាយ​លក្ខខណ្ឌ​ការងារ​កម្មករ​ទេ​ ថែម​ទាំង​បណ្ដោយ​ឲ្យ​អ្នក​គ្រប់គ្រង​ជនជាតិ​ចិន តាម​ផ្នែក​នីមួយៗ​​គំរាមកំហែង​កម្មករ​តាម​អំពើ​ចិត្ត ហើយ​​បញ្ឈប់​ពី​ការងារ​ដោយ​គ្មាន​ហេតុផល៖ «ដូច​ថា មាន​ខ្សែ​ដេរ ខ្សែ​ទឹក​ហូរ​អ៊ីចឹង ខ្សែ​ដំ ដូច​ថា​ខ្សែ​ស៊ក ​កាត់​អី​អ៊ីចឹង​ណាស់ ចិន​តាម​មើល​ដាក់​ចំនួន​ឲ្យ​យើង​មួយ​ថ្ងៃ​ហ្នឹង​យើង​ធ្វើ​បាន​មួយ​ពាន់។ ពេល​យើង​ធ្វើ​ចំនួន​បាន​មួយ​ពាន់​អ៊ីចឹង​ស្អែក​ឡើង​ដំឡើង​ដល់ ៥០០​រយ​ទៀត​ដំឡើង​ដល់ ១.៥០០ យើង​ធ្វើ​មិន​គ្រប់ ១.៥០០​ហ្នឹង​ទេ គេ​រក​រឿង​យើង​ហើយ ហើយ​គាត់​និយាយ​មក​វា​ក្រឡេចក្រឡុច ដល់​ពេល​យើង​ធ្វើ​កូដកម្ម​ទៅ​គាត់​ហៅ​កម្មករ​ចូល​ធ្វើ​ការ​ រួច​ទៅ​គាត់​ថា ហឺ! ឲ្យ​កម្មករ​ចូល​ធ្វើ​ការ​សិន​ទៅ»

វិទ្យុ​អាស៊ីសេរី ពុំ​អាច​ទាក់​ទង​ថៅកែ​រោងចក្រ​ផលិត​ស្បែក​ជើង​ជូហួយ ដើម្បី​អត្ថាធិប្បាយ​ជុំ​វិញ​បញ្ហា​នេះ​បាន​ទេ​ នៅ​ថ្ងៃ​ទី​១ កញ្ញា។

​​​​ទាក់ទង​នឹង​បញ្ហា​នេះ​​ប្រធាន​មន្ទីរ​ការងារ​និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ខេត្ត​កំពង់ចាម លោក ឆេង ហ៊ាង មាន​ប្រសាសន៍​បញ្ជាក់​ថា ការ​ទាមទារ​លក្ខខណ្ឌ​ការងារ​​របស់​ក្រុម​​កម្មករ​នេះ​ជា​រឿង​ចាស់​ ដែល​ធ្លាប់​មាន​កន្លង​មក​ហើយ។ លោក​បន្ថែម​ថា បញ្ហា​នេះ​លោក​បាន​សម្របសម្រួល​ដល់​ភាគី​ទាំង​សង្ខាង​អស់​ពី​លទ្ធភាព​ទៅ​ហើយ​ ហើយ​ថៅកែ​រោង​ចក្រ​ថា នាំ​រឿង​នេះ​បន្ត​ដោះស្រាយ​តាម​​ផ្លូវ​ច្បាប់​នៅ​តុលាការ៖ «ចង់​និយាយ​ថា​វា​ពាក់ព័ន្ធ​ទៅ​នឹង​ផល​ប្រយោជន៍​ ហើយ​ខាង​កម្មករ​គាត់​ជំទាស់។អ៊ីចឹង​ទេ​ខាង​ភាគី​និយោជក​គេ​បាន​ផ្ដល់​ព័ត៌មាន​ឲ្យ​ខ្ញុំ​គេ​ថា​មិន​ជជែក​ឡើង​វិញ​ទេ បន្ត​ជជែក​គ្នា​ទៅ​តុលាការ»

ទាក់​ទង​នឹង​បញ្ហា​នេះ​ដែរ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ ដែល​តាម​ដាន​ការ​ធ្វើ​កូដកម្ម​របស់​កម្មករ​លើក​ឡើង​ថា​ ការ​ទាមទារ​របស់​ក្រុម​កម្មករ​គឺ​ធ្វើ​ឡើង​​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់ ពី​ព្រោះ​ថា​ពួកគេ​ជួប​ការ​លំបាក​គ្មាន​ច្រក​ចេញ ហើយ​ថៅកែ​​មិន​គិត​គួរ​ពី​ទុក្ខលំបាក​របស់​កម្មករ។

មន្ត្រី​ស៊ើបអង្កេត​អង្គការ​លីកាដូ (Licadho) ប្រចាំ​ខេត្ត​កំពង់ចាម​ លោក ខុន ខូយ មាន​ប្រសាសន៍​ថា បញ្ហា​​កូដកម្ម​រវាង​ក្រុម​កម្មករ​និង​ភាគី​រោង​ចក្រ​ដោះ​ស្រាយ​មិន​ចេញ​នោះ​ដោយ​សារ​អាជ្ញាធរ​និង​ថៅកែ​រោងចក្រ​គេចវេះ​មិន​ចង់​ដោះ​ស្រាយ​ពិតប្រាកដ៖ «មិន​មាន​អ្វី​ដែល​ថា​ដោះ​ស្រាយ​មិន​ចេញ​នោះ​ទេ ព្រោះ​យើង​ឃើញ​មើល​ចំណុច​ខ្លះ​នៃ​កាត​ទាមទារ យើង​ឃើញ​ថា​ ប្រសិន​បើ​ខាង​ភាគី​ថៅកែ​ក្រុមហ៊ុន ក៏​ដូច​ជា​មន្ត្រី​សមត្ថកិច្ច​ដោះស្រាយ​ក្នុង​រឿង​ហ្នឹង បើ​សិន​បើ​គាត់​សហការ​គ្នា​ដោះ​ស្រាយ​ បាន​ន័យ​ថា គាត់​រួម​គ្នា​ដោះ​ស្រាយ ខ្ញុំ​គិត​ថា​ហ្នឹង​អាច​ដោះ​ស្រាយ​កើត»

នៅ​ថ្ងៃ​ដដែល​តំណាង​កម្មករ​​ភាគី​រោងចក្រ​និង​មន្ត្រី​ការងារ​ខេត្ត​កំពង់ចាម បាន​ចរចា​រក​ដំណោះស្រាយ​​នៅ​សាលា​ស្រុក​ជើងព្រៃ តែ​គ្មាន​ច្រក​ចេញ។ ដោយ​​ភាគី​ខាង​រោង​ចក្រ​ជំរុញ​​ឲ្យ​ដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់​នៅ​តុលាការ។ ចំណែក​ឯ​ក្រុម​កម្មករ​បាន​រំសាយ​ត្រឡប់​ទៅ​ផ្ទះ​វិញ​​រៀងៗ​ខ្លួន ហើយ​ថា​ពួកគេ​នឹង​តវ៉ា​បន្ត​ទៀត​លុះ​​មាន​ដំណោះស្រាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។