កម្មករ​រោងចក្រ​យុងវ៉ា​បន្ត​ធ្វើ​កូដកម្ម​បិទ​ផ្លូវ​ជា​ថ្មី

កម្មករ​រាប់​ពាន់​នាក់​នៅ​រោងចក្រ​កាត់​ដេរ យុងវ៉ា​១ និង​យុងវ៉ា​២ (Yung Wah Industrial) ស្ថិត​នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល នាំ​គ្នា​បិទ​ផ្លូវ​ជាតិ​លេខ​២១B ជា​ថ្មី​ម្ដង​ទៀត នៅ​ថ្ងៃ​ទី១៨ កុម្ភៈ បន្ទាប់​ពី​បាន​ទទួល​ប្រាក់​ខែ​សម្រាប់​ខែ​មករា កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ សប្ដាហ៍​មុន។
ដោយ ឡេង ម៉ាលី
2013.02.19
កម្មករ​យុងវ៉ា​បិទ​ផ្លូវ ៣០៥ កម្មករ​រោងចក្រ​កាត់​ដេរ​យុងវ៉ា​១ និង​យុងវ៉ា​២ (Yung Wah Industrial) ស្ថិត​នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល នាំ​គ្នា​បិទ​ផ្លូវ​ជាតិ​លេខ​២១B ជា​ថ្មី​ម្ដង​ទៀត កាល​ពី​ថ្ងៃ​ទី១៨ កុម្ភៈ ឆ្នាំ​២០១៣។
RFA/Leng Maly

ប្រធាន​សហជីព​សេដ្ឋកិច្ច​កម្មករ​កម្ពុជា នៅ​រោងចក្រ​យុងវ៉ា​ទី១ ឈ្មោះ ចេវ វណ្ណារ៉ា ឱ្យ​ដឹង​ថា កម្មករ​បិទ​ផ្លូវ​ជា​ថ្មី​នេះ គឺ​មិន​មែន​តវ៉ា​ទាមទារ​ប្រាក់​ខែ​សម្រាប់​ខែ​មករា ដូច​កាល​ពី​សប្ដាហ៍​មុន​ទេ ប៉ុន្តែ​ជា​ការ​តវ៉ា​ដើម្បី​ទាម​ទារ​ប្រាក់​បំណាច់​អតីត​ភាព​ការងារ និង​ប្រាក់​ផល​ប្រយោជន៍​ផ្សេងៗ​ទៀត។

លោក ចេវ វណ្ណារ៉ា៖ «បាទ! បាន​តែ​ប្រាក់​ខែ ខែ​មករា ទេ។ យើង​តវ៉ា​នេះ គឺ​បញ្ហា​ទាក់ទង​នឹង​គុណ​ផ្ដាច់​អតីតភាព​របស់​កម្មករ គឺ​ចង់​ឱ្យ​ក្រុមហ៊ុន​ទូទាត់​ប្រាក់​ដំណាច់​ជូន​គាត់​ទាំង​អស់​ទៅ​តាម​ ច្បាប់ ព្រោះ​អី​កម្មករ​យើង​មួយ​ចំនួន​ជាង ១០​ឆ្នាំ​ហើយ។ ខ្លះ ១៤​ឆ្នាំ ខ្លះ ១០​ឆ្នាំ ខ្លះ​ក៏ ៧ ឬ ៨​ឆ្នាំ។ កន្លង​ទៅ ថៅកែ​រោងចក្រ​គាត់​អត់​បាន​ចូល​តុ​ចរចា​ប្រាប់​ហេតុផល​ដល់​កម្មករ​ទេ គឺ​គាត់​ទៅៗ​បាត់​ឈឹង​តែ​ម្ដង ហើយ​រដ្ឋបាល​ក៏​អត់​ដឹង​ថា​ថៅកែ​ហ្នឹង​គាត់​ទៅ​ឯ​ណា​ដែរ។ ទូរស័ព្ទ​អ្វី​ដែល​យើង​អាច​ទាក់ទង​បាន គឺ​យើង​ទាក់ទង​អត់​បាន​ទាំង​អស់។ អត់​មាន​ជូន​ព័ត៌មាន​ដល់​ថ្នាក់​ដឹក​នាំ​តំណាង​កម្មករ​ថា ឥឡូវ​នេះ​ក្រុមហ៊ុន​យើង​មាន​បញ្ហា​អ៊ីចេះ​មួយ អ៊ីចេះ​ពីរ គឺ​ទៅ​បាត់​ស្ងាត់​ឈឹង​តែ​ម្ដង»

កម្មការិនី​ឈ្មោះ ខ្លឹម ស្រីម៉ុម នៅ​រោងចក្រ​យុងវ៉ា​ទី២ មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា អ្នកស្រី​មិន​បាន​ទទួល​ដំណឹង​អ្វី​ពិត​ប្រាកដ​ពី​ខាង​ភាគី​រោងចក្រ​នៅ​ឡើយ​ ទេ ហើយ​ក៏​មិន​ដឹង​ពី​ការ​ដោះស្រាយ​ដែរ៖ «អត់​មាន​ប្រាប់​ថា ផ្អាក​ក៏​មិន​ផ្អាក ឈប់​ក៏​មិន​ឈប់ បិទ​ក៏​មិន​បិទ អត់​ឮ​ដំណឹង​ពី​ថៅកែ​ផ្ដល់​ដំណឹង​ដល់​កម្មករ។ កម្មករ​បើ​សិន​ជា​ផ្អាក​ក៏​យល់​ព្រម​ដែរ បិទ​ក៏​កម្មករ​យល់​ព្រម។ បើ​បិទ សុំ​ទារ​លុយ​គុណ​ហើយ ព្រោះ​អី​បួន​ដប់​ឆ្នាំ​ហើយ»

កម្មការិនី​ឈ្មោះ ធាវី ថ្លែង​ថា គាត់​ធ្វើ​ការ​នៅ​រោងចក្រ​យុងវ៉ា​ទី១ អស់​រយៈពេល​ជាង ១០​ឆ្នាំ​មក​ហើយ ហើយ​គាត់​ចង់​ឱ្យ​មាន​ការ​ទូទាត់​ប្រាក់​អតីតភាព​ដែល​ធ្វើ​ការ​យូរ​ឆ្នាំ​ ដល់​គាត់ នៅ​ពេល​ណា​រោងចក្រ​សម្រេច​បិទ​ទ្វារ​មែន​នោះ៖ «ពួក​ខ្ញុំ បើ​រោងចក្រ​បិទ​ទ្វារ ពួក​ខ្ញុំ​តវ៉ា​យក​លុយ​គុណ ព្រោះ​ពួក​ខ្ញុំ​ធ្វើ​ការ​យូរៗ​ហើយ។ និយាយ​រួម ប្រាក់​ខែ​ថ្ងៃ​យើង ហើយ​និង​ប្រាក់​ដំណាច់​ឆ្នាំ​ដែល​យើង​ធ្លាប់​បាន»

តំណាង​សហជីព​កម្មករ​កម្ពុជា ដែល​ធ្វើ​ការ​នៅ​រោងចក្រ​យុងវ៉ា​ទី១ រយៈពេល ៧​ឆ្នាំ គឺ​កម្មការិនី​ឈ្មោះ គ្រី រំដួល ថ្លែង​បញ្ជាក់​ថា អ្នកស្រី និង​ក្រុម​កម្មករ​កំពុង​តវ៉ា​បិទ​ផ្លូវ​នេះ ទាមទារ​ឱ្យ​មាន​ការ​ទូទាត់​ប្រាក់​ផល​ប្រយោជន៍​ផ្សេងៗ​ចំនួន ៥​ចំណុច ប្រសិន​បើ​រោងចក្រ​ត្រូវ​បិទ​ទ្វារ៖ «ទី​១ ប្រាក់​ជូន​ដំណឹង​មុន។ ទី​២ ប្រាក់​សង​ជំងឺ​ចិត្ត។ ទី​៣ ប្រាក់​បណ្ដេញ។ ទី​៤ ប្រាក់​អតីតភាព។ ទី​៥ ប្រាក់​ប្រចាំ​ឆ្នាំ»

កម្មករ​រោងចក្រ​កាត់​ដេរ​យុងវ៉ា​ទី១ និង​យុងវ៉ា​ទី២ ដែល​មាន​កម្មករ​ចំនួន​ប្រមាណ ៧​ពាន់​នាក់ នាំ​គ្នា​បិទ​ផ្លូវ​ជាតិ​លេខ​២១B ដែល​ភ្ជាប់​ពី​ក្រុង​តាខ្មៅ ទៅ​ច្រក​ជ្រៃធំ ព្រំដែន​វៀតណាម ម្ដង​ហើយ កាល​ពី​ថ្ងៃ​ទី១២ កុម្ភៈ ឆ្នាំ​២០១៣ ដោយ​ទាមទារ​ប្រាក់​ខែ​សម្រាប់​ខែ​មករា។ ការ​ទាមទារ​នោះ ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន សម្រេច​ចេញ​ថវិកា​ចំនួន ៩០​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក បើក​ឱ្យ​កម្មករ​ជំនួស​ក្រុមហ៊ុន កាល​ពី​ចុង​សប្ដាហ៍​មុន។

ការ​បិទ​ផ្លូវ​លើក​ទី២ របស់​កម្មករ ចាប់​តាំង​ពី​ព្រឹក​ព្រលឹម រហូត​មក​ដល់​ម៉ោង ៤​រសៀល ដើម្បី​ទាមទារ​ប្រាក់​ផល​ប្រយោជន៍​ផ្សេងៗ​នេះ នៅ​មិន​ទាន់​មាន​ការ​ធានា​ច្បាស់​លាស់​ពី​ភាគី​ណា​មួយ​នៅ​ឡើយ​ទេ ហើយ​ក៏​មិន​មាន​ភាគី​ណា​មក​ធ្វើ​អន្តរាគមន៍​ដែរ។

លោក អ៊ុំ វិសាល ជា​មន្ត្រី​ច្បាប់​ជាន់​ខ្ពស់​នៃ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​ កម្ពុជា ហៅ​កាត់​ថា ស៊ីខាវឌូ (C-CAWDU) បាន​ចូល​រួម​ចុះ​បញ្ជី​ទ្រព្យ​សម្បត្តិ​រោងចក្រ​នោះ​ជាមួយ​គណៈកម្មការ​ ចម្រុះ​កាល​ពី​សប្ដាហ៍​មុន។ លោក អ៊ុំ វិសាល ថ្លែង​ថា រោងចក្រ​មិន​មាន​ទ្រព្យ​សម្បត្តិ​ដែល​អាច​ទូទាត់​ជូន​កម្មករ​ចំនួន​ប្រមាណ ៧​ពាន់​នាក់​នោះ​គ្រប់​ឡើយ។ លោក អ៊ុំ វិសាល បន្ត​ថា មាន​តែ​រដ្ឋាភិបាល​ទេ​ដែល​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន៖ «សហជីព​ចង់​ជំរុញ ​ឱ្យ​មាន​ការ​ទទួល​ខុស​ត្រូវ។ បើ​មិន​អ៊ីចឹង​ទេ ទៅ​ថ្ងៃ​មុខ គឺ​រោងចក្រ​នៅ​សុខៗ​រត់​បាត់​អត់​មាន​អ្នក​ទទួល​ខុស​ត្រូវ»

លោក អ៊ុំ វិសាល ឱ្យ​ដឹង​ថា ការ​ទូទាត់​ចំពោះ​កម្មករ​ម្នាក់ៗ​ដែល​ធ្វើ​ការ​យូរ​ឆ្នាំ អាច​មាន​ចន្លោះ​ពី ៥០០ ទៅ ១.០០០​ដុល្លារ​សហរដ្ឋ​អាមេរិក។

លោក អ៊ុំ វិសាល បញ្ជាក់​ឱ្យ​ដឹង​ថា រោងចក្រ​យុងវ៉ា​ទី១ និង​ទី២ ដែល​វិនិយោគ​ដោយ​ថៅកែ​មក​ពី​ប្រទេស​សិង្ហបុរី ត្រូវ​បាន​មន្ត្រី​សហជីព​អះអាង​ថា ផលិត​សម្លៀកបំពាក់​លក់​ទៅ​ឱ្យ​ក្រុមហ៊ុន​ធំៗ​ល្បី​ឈ្មោះ​មួយ​ចំនួន ដូច​ជា ក្រុមហ៊ុន​ហ្គែប (GAP) និង​ហ៊ីរ៉ូ (Hero) ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។