កម្មករ​រោងចក្រ​ថា ការ​ដំឡើង​ថ្លៃ​ផ្ទះ​ជួល​នៅ​តែ​កើត​មាន ទោះ​រដ្ឋាភិបាល​ហាម​ក្ដី

ដោយ ម៉ៅ សុធានី
2019-10-03
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កម្មករ​កាត់​ដេរ​នៅ​ក្នុង​រោងចក្រ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ។
កម្មករ​កាត់​ដេរ​នៅ​ក្នុង​រោងចក្រ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ។
AFP Photo

កម្មករ​រោងចក្រ​មួយ​ចំនួន លើក​ឡើង​ថា ការ​ដំឡើង​ថ្លៃ​ផ្ទះ ឬ​បន្ទប់​ជួល​ស្រេច​តែ​ចិត្ត​របស់​ម្ចាស់​ផ្ទះ​ នៅ​​តែ​​កើត​​មាន​​ដដែល ទោះ​បី​ជា​រដ្ឋាភិបាល​បាន​អំពាវនាវ និង​បាន​បង្កើត​ច្បាប់​ទប់​ស្កាត់​ការ​ដំឡើង​ថ្លៃ​ជួល​ផ្ទះ​ក្តី។ សង្គម​ស៊ីវិល​ជំរុញ​របប​លោក ហ៊ុន សែន ឲ្យ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​កិច្ច សន្យា​ផ្ទះ​ជួល និង​ខិតខំ​រក​វិធីសាស្ត្រ​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប និង​អាមេរិក ដើម្បី​ប្រយោជន៍​ធំធេង​សម្រាប់​កម្មករ​ក្នុង​វិស័យ​កាត់ដេរ។

កម្មករ​ក្នុង​វិស័យ​កាត់ដេរ គាំទ្រ​ចំពោះ​មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ ដែល​អំពាវនាវ​កុំ​ឲ្យ​ម្ចាស់​ផ្ទះ​ដំឡើង ថ្លៃ​ឈ្នួល​ស្រេច​តែ​ចិត្ត ប៉ុន្តែ​ពួក​គេ​អះអាង​ថា មាន​ម្ចាស់​ផ្ទះ​ជួល​មួយ​ចំនួន​តូច នៅ​តែ​ឆ្លៀត​ឱកាស​ដំឡើង​ថ្លៃផ្ទះ និង​បន្ទប់​ជួល​ដដែល ក្នុង​ពេល​កម្មករ​ឡើង​ប្រាក់​ខែ​បណ្តើៗ នោះ។

កម្មករ​រោងចក្រ ដាប់ប៊ែលយូ អែន ឌី (W&D) នៅ​ខណ្ឌ​មានជ័យ លោកស្រី ​សំ ​សុខស្រីមុំ ​ប្រាប់​អាស៊ី​សេរី​ថា វា​ជា​រឿង​ល្អ​មួយ ដែល​រដ្ឋាភិបាល​អំពាវនាវ​បន្ថែម​កុំ​ឲ្យ​ដំឡើង​ថ្លៃ​ផ្ទះ ឬ​បន្ទប់​ជួល ព្រោះ​កន្លង​មក​ករណី​នេះ​នៅ​តែ​កើត​មាន​ខ្លះ​ដែរ។ ទោះ​យ៉ាង​ណា​ក្តី សម្រាប់​ផ្ទះ​ជួល​ដែល​លោកស្រី កំពុង​ស្នាក់​នៅ មិន​ទាន់​មាន​ដំណឹង​ពី​ការ​ដំឡើង​ថ្លៃ​នៅ​ឡើយ។ លោកស្រី​យល់ថា ប្រសិនបើ​ម្ចាស់ផ្ទះ​រក្សា​តម្លៃ​បន្ទប់​ត្រឹម ៣៥ដុល្លារ​ក្នុង​មួយ​ខែ គឺ​សមរម្យ​អាច​ទទួល​យក​បាន៖ «និយាយ​ទៅ​កន្លែង​ផ្ទះ​ជួល​ខ្ញុំ គេ​អត់​ទាន់​ឡើង​ថ្លៃ ឬ​មិន​ទាន់​និយាយ​អី​ទាំង​អស់។ តម្លៃ​នៅ​ដដែល រាល់​ថ្ងៃ​នេះ ៣៥ដុល្លារ បន្ទប់​រស់​នៅ​គ្នា ២នាក់ ហើយ​សមរម្យ​អាច​ទទួល​យក​បាន»

កម្មករ​មួយ​រូប​ទៀត លោក ស្រេង វាសនា លើក​ឡើង​ថា ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ រដ្ឋាភិបាល​ហាក់​ដូច​ជា​រឹត​បន្តឹង​ខ្លាំង រឿង​ថ្លៃ​ផ្ទះ​ជួល​នេះ ដូច្នេះ​សព្វថ្ងៃ​មាន​ម្ចាស់​ផ្ទះ​ជួល​តិចតួច​ប៉ុណ្ណោះ ដែល​បន្ត​ដំឡើង ថ្លៃ​តាម​អំពើ​ចិត្ត។ លោក​​បារម្ភ​ថា ប្រសិន​បើ​រដ្ឋាភិបាល​មិន​ត្រួត​ពិនិត្យ​តាម​ដាន​ជា​ប្រចាំ​ទេ ករណី​ដំឡើង​ថ្លៃ​បន្ទប់​ជួល​របស់​កម្មករ អាច​នឹង​កើត​មាន​ច្រើន​ឡើង​វិញ៖ «បើ​នៅ​ភ្នំពេញ​ចាប់​ពី​តម្លៃ ៥០ដុល្លារ​យ៉ាង​ទាប​ដល់ ១០០ដុល្លារ តែ​បើ​នៅ​ជាយ​ក្រុង​ត្រឹម​កាណាឌីយ៉ា​អី អាច​មាន ៥០ ទៅ ៤០ និង ៣៥ដុល្លារ​ជា​ដើម។ តាម​ពិត​ឥឡូវ​គេ​មិន​ឲ្យ​ផ្ទះ​ជួល​ឡើង​ទេ តែ​មាន​ផ្ទះ​ជួល​ខ្លះ​ឡើង។ កម្មករ​មិន​ដឹង​ផ្លាស់​ប្ដូរ​ទៅ​ណា​អ៊ីចឹង​ទៅ ក៏​ចេះ​តែ​រស់​នៅ​ទៀត​ទៅ»

ការ​លើក​ឡើង​នេះ គឺ​បន្ទាប់​ពី​មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ បាន​ប្រកាស​អំពាវនាវ​ដល់​ម្ចាស់​ផ្ទះ និង បន្ទប់​ជួល​កុំ​ឱ្យ​ដំឡើង​ថ្លៃ ហើយ​បើ​ឡើង​ថ្លៃ កុំ​ឱ្យ​លើស​ពី ២ដុល្លារ ខណៈ​ដែល​កម្មករ​នឹង​ត្រូវ​ដំឡើង​ប្រាក់ខែ​គោល​សម្រាប់​ឆ្នាំ២០២០ ឡើង​ត្រឹម ៨ដុល្លារ ពោល​គឺ​ពី ១៨២ដុល្លារ ដល់ ១៩០ដុល្លារ។លោក ហ៊ុន សែន ក៏​បាន​បញ្ជា​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​ការងារ​សហការ​ជាមួយ​អាជ្ញាធរ ក្នុង​រាជធានី​ភ្នំពេញ និង តាម​បណ្ដា​ខេត្ត ធ្វើការ​ជាមួយ​ម្ចាស់ផ្ទះ កុំ​ឱ្យ​ដំឡើង​ថ្លៃ។ ការ​អំពាវនាវ​ផ្ទាល់​មាត់​នេះ ធ្វើឡើង​តាម រយៈ​សន្ទរកថា​មួយ​ កាល​ពី​ព្រឹក​ថ្ងៃ​ទី២ ខែ​តុលា ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ជូន​និស្សិត​ នៅ​រាជធានី​ភ្នំពេញ៖ «អ្វី​ដែល​ខ្ញុំ​ចង់​អំពាវនាវ​នៅ​ទី​នេះ សូម​ឲ្យ​ម្ចាស់​ផ្ទះ​ឈ្នួល​ទាំង​ឡាយ មេត្តា​កុំ​ដំឡើង​ថ្លៃ​ជ្រុល​ហួស។ កាល​ពី​ឆ្នាំ២០១៧ និង ២០១៨ ខ្ញុំ​បាន​ស្នើសុំ​ម្ដង​ហើយ កុំ​ដំឡើង​ថ្លៃ​ផ្ទះ ។ ឥឡូវ​ជា​ថ្មី​ម្ដង​ទៀត បើ​សិន​ជា​ឡើង សូម​កុំ​ឲ្យ​លើស ២ដុល្លារ ក្នុង​មួយ​បន្ទប់ ព្រោះ​ប្រាក់​ខែ​គ្នា​ឡើង ត្រឹម​តែ ៨ដុល្លារ​ប៉ុណ្ណោះ បើ​ផ្ទះ​ជួល​ឡើង​ដល់ ២០ដុល្លារ ១០ដុល្លារ ឬ ៥ដុល្លារ​ វា​មិន​ងាប់​គ្នា​ហើយ»

ទន្ទឹម​គ្នា​នេះ មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ ក៏​អំពាវនាវ​ឲ្យ​រឹតត្បិត​តម្លៃ​ទំនិញ​លើ​ទីផ្សារ​កុំ​ឱ្យ​ឡើង​ខ្ពស់ ព្រម​ទាំង​ត្រូវ​ពិនិត្យ​មើល​ឲ្យ​បាន​ជាប់លាប់ នូវ​តម្លៃ​អគ្គិសនី និង​តម្លៃ​ទឹក​សម្រាប់​កម្មករ កម្មការិនី​ផង ដែរ។

ប្រធាន​សហ​ភាព​ចលនា​កម្មករ​កម្ពុជា ​លោក ​ប៉ាវ ​ស៊ីណា មាន​ប្រសាសន៍​ថា នៅ​ឆ្នាំ​នេះ​សហជីព របស់​លោក​នៅ​តែ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ពី​ក្រុម​កម្មករ​ស្ដីពី​ការ​ដំឡើង​ថ្លៃ​ផ្ទះ និង​បន្ទប់​ជួល ដូច​ឆ្នាំ​មុនៗ ឡើយ បន្ទាប់​ពី​បិទ​បញ្ចប់​ការ​ចរចា​ដំឡើង​ប្រាក់​ឈ្នួល​ជូន​កម្មករ។ ប៉ុន្តែ​លោក​ជឿ​ថា នៅ​តំបន់​ខ្លះ នៅ​តែ​មាន​ម្ចាស់​ផ្ទះ​ជួល​ឆ្លៀត​ដំឡើង​ថ្លៃ​ដែរ។ បន្ថែម​ពី​លើ​ការ​អំពាវនាវ​របស់​រដ្ឋាភិបាល នោះ តំណាង​កម្មករ​រូប​នេះ ជំរុញ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំង​អស់ គួរ​តែ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ភតិសន្យា​ពិសេស ឬ​ហៅថា​ច្បាប់កិច្ចសន្យា​ជួល​ផ្ទះ ដែល​ត្រូវ​បាន​អនុម័ត កាលពី​ឆ្នាំ​២០១៥ ដើម្បី​បញ្ចៀស​ការ​ដំឡើង​ថ្លៃ​ផ្ទះ​ជួល​នានា​ស្រេច​តែ​ចិត្ត៖ «ប្រសិន​បើ​គាត់​ចង់​ឲ្យ​ប្រព័ន្ធ​គ្រប់គ្រង​ផ្ទះ​ជួល​ប្រកប​ដោយ​ប្រសិទ្ធភាព លុះ​ត្រា​តែ​អាជ្ញាធរ​ពង្រឹង​តាម​រយៈ​ការ​ចុះ​ធ្វើ​ការ​ស្រាវជ្រាវ។ ដូច្នេះ​យើង​អាច​រក​ឃើញ ហើយ​អាច​ទប់​ស្កាត់​បាន​ហើយ»

លោក ប៉ាវ ស៊ីណា កត់​សម្គាល់​ឃើញ​ថា ក្រោយ​ច្បាប់​ភតិសន្យា​ពិសេស ត្រូវ​បាន​អនុម័ត​នោះ គឺ ម្ចាស់​ផ្ទះ​ជួល​ធំៗ ហាក់​ដូចជា​មិន​សូវ​ហ៊ាន​ដំឡើង​ថ្លៃ​តាម​អំពើ​ចិត្ត​ទៀត​ឡើយ ប៉ុន្តែ​នៅ​តែ​ទាមទារ​ឲ្យ មាន​ការ​ពង្រឹង​ច្បាប់​នេះ​បន្ថែម​ទៀត។

រីឯ​ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​សង្គម​កម្ពុជា លោក សន ជ័យ មានប្រសាសន៍ថា នៅ​ពេល ដែល​រដ្ឋាភិបាល​ចេញ​មុខ​អំពាវនាវ​ម្ដង​ហើយ​ម្ដង​ទៀត​នេះ គឺ​បង្ហាញ​ថា ច្បាប់​ភតិសន្យា​ពិសេស ប្រហែល​ជា​មិន​មាន​ឥទ្ធិពល​លើ​ម្ចាស់​ផ្ទះ​ជួល ឬ​ការ​អនុវត្ត​មិន​ទាន់​បាន​តឹងរ៉ឹង​ល្អ ទើប​បញ្ហា​នៅ​តែ មាន។ ម្យ៉ាងវិញទៀត លោក​ យល់ថា ប្រសិនបើ​រដ្ឋាភិបាល​យក​ចិត្ត​ទុកដាក់​លើ​កម្មករ​រោងចក្រ​មែន​នោះ គឺ​ត្រូវតែ​ពិចារណា​ដោះស្រាយ​នូវ​ការ​ដាក់​លក្ខខណ្ឌ​របស់​អាមេរិក និង​សហភាព​អឺរ៉ុប ដែល​គ្រោង​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ផ្នែក​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា ព្រោះ​បើ​កើត​ឡើង​មែន វា​ធ្វើ​ឲ្យ​ប៉ះពាល់ ធំធេង​ដល់​កម្មករ ជាង​រឿង​ថ្លៃ​ផ្ទះ​ជួល​ទៅ​ទៀត៖ «គ្រាន់​តែ​យើង​មើល​វិស័យ​កាត់​ដេរ​មួយ​ទេ ចុះ​វិស័យ​ផ្សេងៗ ទៀត ដែល​ពាក់ព័ន្ធ​នឹង​ការ​នាំ​ចូល​ទំនិញ​ទៅ​ទីផ្សារ​អឺរ៉ុប​ដោយ​ការ​លើកលែង​ពន្ធ អ៊ីចឹង​វា​មាន​ទម្រង់​មួយ​ធំធេង​ណាស់។ដូច្នេះ​ការ​យក​ចិត្ត​ទុក​ដាក់​លើ​សុខ​ទុក្ខ​កម្មករ​ជា​ផ្នែក​មួយ តែ​ការ​យក​ចិត្ត​ទុក​ដាក់​ផល​ប្រយោជន៍​ចម្បង របស់​កម្មករ​តាម​រយៈ​ផល​ប្រយោជន៍ EBA គឺ​រឿង​ធំ​បំផុត»

សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប បាន​យក​ប្រព័ន្ធ​អនុគ្រោះ​ផ្នែក​ពាណិជ្ជកម្ម​ដាក់​សម្ពាធ​លើ​រដ្ឋាភិ បាល លោក ហ៊ុន សែន ឲ្យ​ស្ដារ​ស្ថានភាព​សិទ្ធិ​មនុស្ស និង​លិទ្ធិ​ប្រជាធិបតេយ្យ​ឡើង​វិញ តាមរយៈ ការ​ដោះ​លែង លោក កឹម សុខា និង​ឱ្យ​គណបក្ស​ប្រឆាំង​ដំណើរ​ការ​ឡើង​វិញ​ជា​ថ្នូរ​នឹង​ការ​រក្សា​ទុក ប្រព័ន្ធ​អនុគ្រោះ​ពន្ធEBA និងGSP

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) បាន​អះអាង​ថា ការ​ដកហូត EBA នឹង​ប៉ះពាល់​ដល់​ពលរដ្ឋ​ខ្មែរ​ជិត ៤លាន​នាក់ ដែល​ទទួល​ផល​ប្រយោជន៍​ពី​វិស័យ​កាត់ដេរ។ GMAC បញ្ជាក់​ទៀត​ថា ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នឹង​ធ្វើ​ឱ្យ​បាត់បង់​ការងារ​ទ្រង់ទ្រាយ​ធំ​ក្នុង​វិស័យ​កាត់ដេរ​នៅ​កម្ពុជា ហើយ​មិន​អាច​ជួយ​ឱ្យ​កម្ពុជា​កាត់បន្ថយ​ភាព​ក្រីក្រ និង​អភិវឌ្ឍ​ប្រកបដោយ​ចិរភាព​បាន​ឡើយ។

កន្លង​ទៅ កម្មករ​រោងចក្រ​កាត់ដេរ​តែងតែ​រអ៊ូរទាំ អំពី​ម្ចាស់​ផ្ទះ​ជួល​មួយ​ចំនួន បាន​ដំឡើង​ថ្លៃ​ឈ្នួល​ស្រេច​តែ​ចិត្ត ខណៈ​ប្រាក់​ឈ្នួល​របស់​កម្មករ​ត្រូវ​បាន​ដំឡើង។ នៅ​កម្ពុជា មាន​មនុស្ស​រាប់​ម៉ឺន​គ្រួសារ​កំពុង​រស់​នៅ​ក្នុង​ផ្ទះ​ជួល​នៅ​ទីក្រុង និង​ទីប្រជុំជន​នានា ដើម្បី​ស្នាក់​នៅ​ពេល​បំពេញ​ការងារ​ក្នុង​វិស័យ​កាត់ដេរ និង​ការងារ​វិស័យ​ផ្សេងៗ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល