នៅសល់តែជាងមួយសប្ដាហ៍ទៀតប៉ុណ្ណោះនឹងដល់ថ្ងៃប្រារព្ធខួប៧ឆ្នាំនៃអំពើឃាតកម្មបាញ់សម្លាប់បណ្ឌិត កែម ឡី នៅកណ្ដាលទីក្រុងភ្នំពេញ។ ដើម្បីចូលរួមប្រារព្ធខួប៧ឆ្នាំនេះ ក្រុមយុវជនស្រឡាញ់យុត្តិធម៌នាំគ្នាប្រារព្ធកម្មវិធីផាតខាសន៍ (Podcast) ដើម្បីរម្លឹកដល់វីរភាពលោកបណ្ឌិត កែម ឡី និងជំរុញឱ្យរដ្ឋាភិបាលរកយុត្តិធម៌ជូនលោក។
ក្រុមយុវជនស្រឡាញ់យុត្តិធម៌រៀបចំកម្មវិធីផតខាសត៍ក្រោមប្រធានបទវីរភាព បណ្ឌិត កែម ឡី ក្នុងគោលបំណងផ្សព្វផ្សាយពីកម្រងទស្សនៈ បទវិភាគ និងជីវប្រវត្តិតស៊ូរបស់បណ្ឌិត កែម ឡី ។ កម្មវិធីនេះមានការចូលរួមជជែកពិភាក្សាពីសកម្មជនចលនាមាតាធម្មជាតិ លោក លី ចាន់ដារ៉ាវុធ និងសកម្មជនសិទ្ធិមនុស្ស និងបរិស្ថាន លោក សាន់ ម៉ាឡា។
សកម្មជនសិទ្ធិមនុស្ស និងបរិស្ថាន លោក សាន់ ម៉ាឡា ថ្លែងថា លោកបណ្ឌិត កែម ឡី ជាមនុស្សសាមញ្ញរួសរាយរាក់ទាក់ មិនចេះប្រកាន់ខ្លួនជាមួយយុវជន និងប្រជាសហគមន៍នៅពេលដែលគាត់ចុះទៅសហគមន៍ និងចូលរួមកម្មវិធីផ្សេងៗ។ លោកបន្តថា លោកចងចាំពីបណ្ដាំលោកបណ្ឌិត កែម ឡី កំឡុងពេលលោកបណ្ឌិតធ្វើវាគ្មិននៅតំបន់អារ៉ែង ដែលលោកបណ្ឌិត បានលើកឡើងពីការការពារព្រៃឈើថា សហគមន៍មានតួនាទីសំខាន់ក្នុងជួយការពារព្រៃឈើដូច្នេះរដ្ឋាភិបាលគួរតែផ្ដល់ឱកាសឱ្យពួកគាត់ការពារការទាញយកផលប្រយោជន៍ពីការលក់កាបូនពីព្រៃឈើ និងការសាងសង់ប្រភពថាមពលស្អាតក្រៅពីទំនប់វារីអគ្គិសនីជាដើម។
លោក សាន់ ម៉ាឡា៖ «គាត់តែងតែចូលរួមធ្វើជាវាគ្មិននៅក្នុងវិទ្យុ និងកិច្ចពិភាក្សាជាមួយបណ្ដាញសារព័ត៌មានដទៃទៀត ហើយគាត់តែងតែលើកទឹកចិត្តដល់យុវជន សកម្មជនមាតាធម្មជាតិឱ្យបន្តការខិតខំប្រឹងប្រែងរបស់យើងតទៅទៀត ដើម្បីថែរក្សាព្រៃឈើនៅក្នុងតំបន់មួយនេះ នេះជាអ្វីដែលខ្ញុំចងចាំពីលោកបណ្ឌិត កែម ឡី»។
រីឯសកម្មជនចលនាមាតាធម្មជាតិ លោក លី ចាន់ដារ៉ាវុធ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២ កក្កដា ថាកម្មវិធីផតខាសត៍នេះចាប់ផ្ដើមធ្វើពីថ្ងៃទី១ ខែកក្កដា រហូតដល់ថ្ងៃទី១០ ខែកក្កដា ហើយបើកទូលាយឱ្យមានការចូលរួមជជែកពិភាក្សាពីយុវជន សកម្មជនសង្គមដើម្បីបង្ហាញពីការគោរពដឹងគុណ ដល់ការលះបង់របស់ លោកបណ្ឌិត កែម ឡី។ លោកបន្តថា លោកមិនរំពឹងមានពន្លឺយុត្តិធម៌ពីតុលាការ និងភាគីពាក់ព័ន្ធជូនលោកបណ្ឌិតនោះទេ ក៏ប៉ុន្តែនេះគឺជាសារដាស់តឿនជំរុញឱ្យរដ្ឋាភិបាលពន្លឿននៅនីតិវិធីវែកមុខឃាតកពិតប្រាកដ។
លោក លី ចាន់ដារ៉ាវុធ៖ «ខ្ញុំយល់ថា នៅក្នុងរឿងនេះទី១ ការសម្រេចហ្នឹងគឺវាភ្លាមៗពេកគ្មានការស៊ើបអង្កេតឱ្យវាច្បាស់លាស់ ហើយទី២ យើងមិនទាន់ឃើញពីនៅគ្រប់ជ្រុងជ្រោយអំពីកាមេរ៉ាសុវត្ថិភាព នៅហ្នឹងកន្លែងទេ វាហាក់ដូចជាមានរឿងលាក់បាំងច្រើននៅក្នុងរឿងនេះ ហើយជាពិសេសហ្នឹង វាមានការប្រៀបធៀបអំពីគេហៅថារូបរាងរបស់ ជួប សម្លាប់ ហ្នឹងដ្បិតតែពាក់អាវដូចគ្នា ប៉ុន្តែមានរឿងមួយចំនួនដូចជាស្បែកជើងអីជាដើមហ្នឹង ដូច្នេះវាធ្វើឱ្យប្រជាពលរដ្ឋមានការសង្ស័យ ជាពិសេសយុវជនដូចជាខ្ញុំជាដើមនៅតែសង្ស័យ យើងជឿថា ជួប សម្លាប់ គឺមិនពាក់ព័ន្ធនៅក្នុងរឿងនេះទ»។
ក្រៅពីកម្មវិធីផតខាសត៍ នៅមានកម្មវិធីទាត់បាល់ពានរង្វាន់បណ្ឌិត កែម ឡី និងកម្មវិធីបង្សុកូល ឧទ្ទិសកុសលជូនលោកបណ្ឌិត កែម ឡី នៅស្តារម៉ាត ស្តុបបូកគោនៅថ្ងៃទី១០ ខែកក្កដា ខាងមុខនេះ។ បន្ថែមពីនេះក្រុមសកម្មជនចលនាមាតាធម្មជាតិ ក៏មានសកម្មភាពសម្ដែងមតិនៅទីសាធារណៈមួយផ្សេងទៀត ដែលគ្រោងនឹងធ្វើនៅថ្ងៃទី១០ ខែកក្កដា ខាងមុខដើម្បីរម្លឹកពីវីរភាពបណ្ឌិត កែម ឡី ផងដែរ។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងជាអ្នកវិភាគនយោបាយដ៏មានប្រជាប្រិយភាព បណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅហាងកាហ្វេស្ដារម៉ាត (Star Mart) នៅក្នុងស្ថានីយលក់ប្រេងឥន្ធនៈកាល់តិច (Caltex) ក្នុងទីក្រុងភ្នំពេញ។ ការបាញ់ប្រហារនេះ កើតឡើងក្រោយពីអ្នកវិភាគរូបនេះបានផ្ដល់បទសម្ភាសន៍ដល់បណ្ដាញព័ត៌មានអំពីការកាន់កាប់ទ្រព្យសម្បត្តិ និងក្រុមហ៊ុនដ៏ច្រើនសន្ធឹករបស់ក្រុមគ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានលាតត្រដាងនៅក្នុងរបាយការណ៍របស់អង្គការឃ្លាំមើលពិភពលោក គ្លូបល វីតណេស (Global Witness)។
សំណុំរឿងឃាតកម្មដ៏កក្រើកនេះ តុលាការបានផ្ដន្ទាទោសបុរសម្នាក់ឈ្មោះ អឿត អាង ដែលហៅខ្លួនឯងថា ជួប សម្លាប់ ឱ្យជាប់ពន្ធនាគារអស់មួយជីវិត ប៉ុន្តែគ្រួសារជនរងគ្រោះ ព្រមទាំងសហគមន៍ជាតិនិងអន្តរជាតិ ចាត់ទុកថា ជួប សម្លាប់ គឺគ្រាន់តែជាឃាតកសិប្បនិម្មិតតែប៉ុណ្ណោះ។
មកដល់ទល់ពេលនេះ តុលាការមិនទាន់ស៊ើបអង្កេតរកឃាតកពិត និងអ្នកពាក់ព័ន្ធផ្សេងទៀតយកមកកាត់ទោស តាមការស្នើសុំរបស់គ្រួសារបណ្ឌិតកែម ឡី និងអ្នកគោរពស្រលាញ់លោកនោះទេ។
មន្ត្រីសម្របសម្រួលគម្រោងនៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN)លោក អូត ឡាទីន មានប្រសាសន៍ រយៈពេល ៧ឆ្នាំមកនេះលោកបណ្ឌិត កែម ឡី នៅតែមិនទាន់ទទួលបានយុត្តិធម៌នៅឡើយទេ ដែលបញ្ហានេះបង្ហាញឱ្យឃើញថា រដ្ឋាភិបាលមិនបានយកចិត្តទុកដាក់ដើម្បីស្វែងយុត្តិធម៌ជូន លោកបណ្ឌិត កែម ឡី និងក្រុមគ្រួសាររបស់លោកឡើយ ។ លោកបន្តថា កម្មវិធីនេះក៏ផ្ដល់ឱកាសឱ្យយុវជនពង្រឹងនៅឆន្ទៈមនសិការស្នេហាជាតិរបស់ខ្លួនតាមរយៈការហ៊ាននិយាយការពិត និងចូលរួមលើកកម្ពស់សិទ្ធិសេរីភាពបញ្ចេញមតិ។
លោក អូត ឡាទីន៖«ទី១ គឺស្នើសុំឱ្យយុវជនអ្នកដែលគោរពស្រឡាញ់ លោកបណ្ឌិត កែម ឡី សូមរក្សានៅមនសិការលោកបណ្ឌិត កែម ឡី គឺយើងស្រឡាញ់សង្គមរបស់យើង ហើយយើងចូលរួមឈឺឆ្អាលបញ្ហាសង្គមរបស់យើងទាំងអស់គ្នាហើយប្រសិនបើយើងរំពឹងតែអាជ្ញាធររដ្ឋដូចយើងឃើញបច្ចុប្បន្នអ៊ីចឹង រឿងករណីខ្លះមិនមែនកើតឡើងដោយសារប្រជាពលរដ្ឋតូចតាចជាអ្នកបង្កើតទេ ករណីខ្លះកើតឡើងមកពីអាជ្ញាធររដ្ឋតែម្ដងដូច្នេះហើយបើយើងរំពឹងផ្ដេកផ្ដួលទៅលើពួកគាត់បញ្ហានៅក្នុងសង្គមរបស់យើងនៅតែបន្តកើតឡើង»។
កន្លងទៅភរិយារបស់បណ្ឌិត កែម ឡី គឺអ្នកស្រី ប៊ូ រចនា បានចោទប្រកាន់ត្រង់ៗ តាមហ្វេសប៊ុករបស់គាត់ និងចេញជាសេចក្ដីថ្លែងការណ៍ថា គ្រួសាររបស់លោក ហ៊ុន សែន និងរបបលោក ហ៊ុន សែន គឺជាអ្នករៀបចំជាប្រព័ន្ធក្នុងការសម្លាប់ស្វាមីលោកស្រី ដូច្នេះហើយទើបអ្នកផ្ដួចផ្ដើមគំនិត អ្នកផ្ដល់មធ្យោបាយ និងជនដៃដល់ពិតប្រាកដ បន្តរស់នៅក្រៅសំណាញ់ច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។