ក្រុមយុវជនគ្រោងធ្វើបដាបណ្ឌិត កែម ឡី ដាក់នៅតាមផ្ទះពលរដ្ឋនិងទីសាធារណៈ
2017.01.20
ក្រុមយុវជនសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ ដែលទទួលបានការបណ្ដុះបណ្ដាលពីបណ្ឌិត កែម ឡី គ្រោងនឹងធ្វើផ្ទាំងបដាធំៗ ដាក់រូបបណ្ឌិត កែម ឡី អមដោយពាក្យបណ្ដាំរបស់លោក យកទៅដាក់តាមទីសាធារណៈ និងផ្ទះពលរដ្ឋនៅគ្រប់ខេត្តក្រុងទូទាំងប្រទេស។ ពួកគេសង្ឃឹមថា ប្រជាពលរដ្ឋខ្មែរនឹងគាំទ្រសកម្មភាពនេះ។
អស់រយៈពេលជាងកន្លះឆ្នាំមកហើយ ដែលប្រជាពលរដ្ឋខ្មែរខានបានឮសំឡេង និងការវិភាគរបស់បណ្ឌិត កែម ឡី ដោយសារឃាតកបានឆក់យកជីវិតរបស់លោកទាំងកណ្ដាលថ្ងៃ នៅក្នុងស្តារម៉ាត ក្បែរស្តុបបូកគោ ក្រុងភ្នំពេញ។
ក្រោយឃាតកម្ម ក្រុមយុវជនដែលលោកធ្លាប់បណ្ដុះបណ្ដាល បាននាំគ្នាចងក្រងបទវិភាគ និងទស្សនៈរបស់លោកជាសៀវភៅជាច្រើនក្បាល។ ពេលនេះពួកគេបានដុះគំនិតថ្មីមួយទៀត គឺការធ្វើបដាធំៗដាក់រូបបណ្ឌិត កែម ឡី និងពាក្យបណ្ដាំរបស់លោក ដើម្បីយកទៅដាក់តាំងនៅតាមផ្ទះពលរដ្ឋ និងទីសាធារណៈ។
ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ លោក មួង សូនី ថ្លែងប្រាប់អាស៊ីសេរី នៅថ្ងៃទី១៩ មករា ថា គោលបំណងនៃការធ្វើបដាបណ្ឌិត កែម ឡី នេះ គឺដើម្បីឱ្យពលរដ្ឋខ្មែរចងចាំនូវពាក្យទូន្មានរបស់បណ្ឌិត កែម ឡី ដែលបានបូជាជីវិតដើម្បីជាតិមាតុភូមិ៖ «បងប្អូនជនរួមជាតិយើង គាត់អញ្ជើញទៅគោរពវិញ្ញាណក្ខន្ធច្រើននាក់ ក៏ប៉ុន្តែនៅកន្លែងផ្នូររបស់គាត់ គឺអត់មានពាក្យស្លោក ឬពាក្យបណ្តាំរបស់គាត់ទាំងអស់ អ្វីដែលស្នាដៃរបស់គាត់។ ដូច្នេះខ្ញុំមើលឃើញចំណុចនេះ ក៏ពិភាក្សាគ្នាជាមួយក្រុមការងារ និងមានការជួយពីលោក មឿង សុន ក៏យើងបានយកបដាហ្នឹងទៅដាក់។ មូលហេតុទីពីរ គឺខ្ញុំចង់ឱ្យខ្មែរយើងកុំភ្លេចបណ្តាំរបស់លោកបណ្ឌិត កែម ឡី ដែលមាន ១០ចំណុច ដោយសារតែពាក្យបណ្តាំទាំងអស់ហ្នឹង ការប្រឹងប្រែងរបស់គាត់ដើម្បីប្រទេសជាតិ គឺគាត់បានលះបង់ជីវិត។ ដោយឡែកចំណុចទីបី គឺខ្ញុំចង់ឱ្យប្រជាជនខ្មែរហ្នឹង កុំភ្លេចការរកយុត្តិធម៌ជូនគាត់»។
ក្រុមរបស់លោកបានយកបដាទាំងនោះទៅដាក់នៅគេហដ្ឋានរបស់បណ្ឌិត កែម ឡី នៅឯស្រុកត្រាំកក់ ខេត្តតាកែវ កាលពីថ្ងៃទី១៨ មករា កន្លងទៅ ដើម្បីឱ្យពលរដ្ឋដែលបានទៅគោរពវិញ្ញាណក្ខន្ធរបស់លោកបានឃើញ និងចាំទុកក្នុងចិត្តនូវសេចក្ដីបង្រៀនទាំងនោះ។
បដាធំៗទាំងនោះ មានដាក់តាំងរូបថតបណ្ឌិត កែម ឡី អមដោយពាក្យបណ្តាំរបស់លោក មានដូចជា៖ ជូតទឹកភ្នែករបស់អ្នករួចបន្តដំណើរទៅមុខ។ ចូរយើងនាំគ្នានិយាយការពិតជាជាងការនិយាយការពារ។ ខ្លាចស្លាប់ដោយសារជួយការពារពលរដ្ឋមិនមែនជាជម្រើសល្អទេ។ អ្នកមានអំណាច មានលុយច្រើនពីការកេងប្រវ័ញ្ចធនធានសង្គមពីពលរដ្ឋខ្លួនឯងនោះ អ្នកអាចមានសុវត្ថិភាពតែពេលនៅរស់ទេ តែពេលស្លាប់ទៅសូម្បីតែទីតម្កល់សាកសពក៏អាចនឹងមិនមានសុវត្ថិភាពដែរ និងពាក្យបណ្ដាំជាច្រើនផ្សេងទៀត។
លោក មួង សូនី បញ្ជាក់ថា បន្ទាប់ពីបានដាក់បដានៅគេហដ្ឋានរបស់បណ្ឌិត កែម ឡី ហើយ មានប្រជាពលរដ្ឋមួយចំនួនបានស្នើទៅក្រុមរបស់លោកឱ្យយកបដាទាំងនោះទៅដំឡើងនៅផ្ទះរបស់ពួកគាត់ដែរ។ ដូចនេះ ក្រុមរបស់លោកនឹងបំពេញតាមសំណូមពររបស់ពលរដ្ឋ ហើយក៏គ្រោងនឹងស្នើទៅអាជ្ញាធរដែរ ដើម្បីយកទៅដាក់នៅតាមទីសាធារណៈនានា ដូចជា នៅសាលារៀន និង ផ្លូវថ្នល់ គឺដូចគ្នាទៅនឹងបដារបស់គណបក្សនយោបាយ និងផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុនឯកជនដូច្នេះដែរ៖ «យើងចង់បានទីមួយ ឱ្យមានការចូលរួមពីពលរដ្ឋនៅទូទាំងប្រទេសតែម្តង។ បើសិនជាពួកគាត់ស្រឡាញ់ គាត់ចង់បាន គាត់ចង់ដាក់ ដើម្បីពង្រីកប្រជាប្រិយភាព ឬក៏ការចងចាំអ្វីដែលលោកគ្រូ កែម ឡី បានធ្វើហ្នឹង ទុកក្នុងបេះដូងខ្មែរ ឱ្យទៅទីណាក៏បានឃើញ នេះសូមឱ្យបងប្អូនចូលរួមទាំងអស់គ្នា ជាពិសេស ខ្ញុំសូមអំពាវនាវដល់អាជ្ញាធរមូលដ្ឋានទាំងអស់ សូមមេត្តាសហការជាមួយប្រជាពលរដ្ឋ និងក្រុមការងារពួកខ្ញុំ ដើម្បីឱ្យការងារនេះ យើងធ្វើទៅដោយរលូន កុំឱ្យមានការប្រទាំងប្រទើសគ្នា ព្រោះការងារលះបង់របស់លោកគ្រូ កែម ឡី គឺជាគម្រូធំបំផុតសម្រាប់ប្រទេសជាតិយើង និងប្រជាជនខ្មែរយើង។ ដូច្នេះយើងត្រូវលើកតម្កើងវីរបុរសជាតិ និងអ្នកដែលធ្វើការងារដើម្បីប្រយោជន៍ជាតិយើង»។
ប្រជាពលរដ្ឋមួយចំនួនបានសម្ដែងការស្វាគមន៍ចំពោះគំនិតផ្ដួចផ្ដើមនេះ ហើយពួកគាត់ក៏ចង់បានបដាបណ្ឌិត កែម ឡី នេះយកទៅដាក់តាំងនៅផ្ទះរបស់ខ្លួនដែរ។ ពួកគាត់យល់ឃើញថា នេះជាការដាស់អារម្មណ៍របស់ពលរដ្ឋខ្មែរកុំឱ្យភ្លេចបណ្ឌិត កែម ឡី ដែលបានបាត់បង់ជីវិតដោយសារបុព្វហេតុនៃការផ្លាស់ប្ដូរក្នុងសង្គម។ ក្រៅពីនេះពួកគាត់ក៏មិនភ្លេចដែរអំពីការអំពាវនាវរកយុត្តធម៌ជូនបណ្ឌិត កែម ឡី។
សំឡេងពលរដ្ឋ៖ «មនុស្សអាចនិយាយគ្នាបាន យើងចរចារគ្នាបាន ហេតុអ្វីចាំបាច់ត្រូវយកកាំភ្លើង ឬសព្វាវុធទៅសម្លាប់មនុស្ស ដែលជាអ្នកចេះដឹង អ្នកស្នេហាជាតិ មិនគួរសង្គមជាតិយើងប្រើមនុស្សឱ្យទៅសម្លាប់មនុស្សរបៀបនេះ មិនជារឿងត្រឹមត្រូវនោះទេ។ បដារូបគាត់ឱ្យតែមានយកទៅដាក់នៅផ្ទះខ្ញុំក៏បាន ស្វាគមន៍លោកបណ្ឌិត កែម ឡី ជារៀងរហូតតែម្តង។ ទោះបីជាគាត់មរណភាពទៅក៏ដោយ ក៏ខ្ញុំនៅគោរពសពរបស់គាត់ដែរ ខ្ញុំនៅចាំទុកមួយជីវិត គាត់ជួយជាតិច្រើនណាស់។ គាត់រស់ក៏ដើម្បីជាតិស្លាប់ក៏ដើម្បីជាតិ។ ខ្ញុំគាំទ្រការដាក់បដានេះ ព្រោះវាមិនមានអ្វីដែលត្រូវខុសទេ គ្រាន់តែជាទឹកចិត្តរបស់ពលរដ្ឋដែលគាត់ស្រឡាញ់គាត់ចូលចិត្ត។ ឧទាហរណ៍ថា ខ្ញុំស្រឡាញ់សម្តេចឪ ក៏ខ្ញុំមានសិទ្ធិស្រឡាញ់តាំងរូបរបស់សម្តេចបានដូចគ្នា មិនថាលោកណា លោកណាទេ ឱ្យតែថាយើងចូលចិត្ត គឺជាឆន្ទៈរបស់បុគ្គលម្នាក់ៗ»។
ទាក់ទងនឹងគម្រោងធ្វើបដាធំៗនេះ ក្រុមយុវជនក៏បានលើកឡើងអំពីក្ដីបារម្ភ និងបញ្ហាប្រឈមមួយចំនួនដែរ។ នោះគឺកង្វះខាតថវិកា និងខ្វះការសហការពីអាជ្ញាធរ។
ទោះបីជាយ៉ាងណា លោក មួង សូនី ថ្លែងថា ក្រុមរបស់លោកនឹងប្រឹងប្រែងធ្វើការងារនេះឱ្យបានជោគជ័យ ដូចការចងក្រងសៀវភៅកម្រងទស្សនទានបណ្ឌិត កែម ឡី និងអ្នករូតវាំងននសង្គមយ៉ាងដូច្នេះដែរ៕