ក្រុមយុវជននិងអាជីវករនៅក្រុងប៉ោយប៉ែតធ្វើបុណ្យឧទ្ទិសកុសលជូនលោកបណ្ឌិត កែម ឡី
2016.07.17
ក្រុមយុវជន និងអាជីវករនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាង ១០០នាក់ នៅព្រឹកថ្ងៃទីអាទិត្យ ទី១៧ កក្កដា រួមគ្នានិមន្តព្រះសង្ឃចំនួន ៩អង្គធ្វើពិធីបុណ្យ ៨ថ្ងៃ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនវិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី ទៅកាន់សុគតិភព ដែលប្រព្រឹត្តទៅនៅវត្តបាលេលិយ្យជាប់ផ្លូវជាតិលេខ៥ ក្រុងប៉ោយប៉ែត។
ក្រុមយុវជន និងអាជីវករនៅក្រុងប៉ោយប៉ែត សម្ដែងការក្ដុកក្ដួល និងសោកស្ដាយជាខ្លាំងចំពោះការបាត់បង់លោកបណ្ឌិត កែម ឡី។ ពួកគាត់ហៅការបាត់បង់ដោយគ្មានថ្ងៃវិលវិញនេះ ថាជាសោកនាដកម្មមួយរបស់ពលរដ្ឋខ្មែរនៅកម្ពុជា ដែលមិនអាចកាត់ថ្លៃបាន។
យុវជនម្នាក់នៅក្រុងប៉ោយប៉ែត គឺលោក ប៊ុន សុជី ប្រាប់វិទ្យុអាស៊ីសេរី ពីទីកន្លែងធ្វើបុណ្យនៅសាលាធម្មសភាវត្តបាលេលិយ្យ សង្កាត់ប៉ោយប៉ែត ថា បើទោះជាលោកបណ្ឌិតបានស្លាប់ទៅមួយសប្ដាហ៍ហើយក៏ដោយ ក៏ប៉ុន្តែអារម្មណ៍របស់រូបគេនៅមិនទាន់អស់អាល័យនឹងលោកបណ្ឌិត កែម ឡី នៅឡើយ។ លោកបញ្ជាក់ថា មូលហេតុដែលក្ដុកក្ដួលយូរអង្វែង ដោយសារសោកស្ដាយវីរជនជាមនុស្សល្អនៅក្នុងសង្គមជាតិ៖ «ខ្ញុំសោកស្ដាយត្រង់ថាអ្នកស្នេហាជាតិត្រូវគេសម្លាប់ ចំណែកអ្នកដែលបំផ្លាញជាតិវិញ ភាគច្រើនរស់នៅលើគំនរទ្រព្យយ៉ាងសុខសប្បាយ ដោយគ្មានទោសពៃរ៍អ្វីឡើយ»។
ស្រដៀងគ្នានេះដែរ អាជីវករខ្មែរលក់ដូរនៅផ្សាររ៉ុងក្លឿ ប្រទេសថៃ វិញ លោក យក់ វ៉ឺដែត ដែលបានចូលរួមវិធីបុណ្យ ៨ថ្ងៃនៅវត្តបាលេលិយ្យ ថ្លែងថា លោកបណ្ឌិត កែម ឡី ជាអ្នកវិភាគសង្គមមានចំណេះដឹងខ្ពង់ខ្ពស់ដែលហ៊ាននិយាយត្រង់ៗរិះគន់រដ្ឋាភិបាលដោយមិនសំចៃមាត់ ដើម្បីចង់ឲ្យសង្គមមានភាពប្រសើរឡើង។ ពួកគាត់ទាំងនោះអះអាងថា ពួកគាត់បានស្គាល់លោកបណ្ឌិត កែម ឡី តាមរយៈការស្ដាប់វិទ្យុ។ ចំពោះរូបលោកចូលចិត្តស្ដាប់លោកបណ្ឌិតបកស្រាយតាមវិទ្យុ និងទូរទស្សន៍ជាប្រចាំ។ អាជីវកររូបនេះហៅការបាត់បង់លោកបណ្ឌិត កែម ឡី ថាជាការបាត់បង់ធនធានមនុស្សដ៏កម្រមួយនៅកម្ពុជា ដែលមិនអាចកាត់ថ្លៃបាន៖ «គាត់មិនមែនជាសាច់ញាតិខ្ញុំទេ ប៉ុន្តែលោកបណ្ឌិតមានមនសិការជាតិខ្ពស់ វិភាគធ្វើឲ្យខ្ញុំបានដឹងពីរឿងជាតិជាច្រើនតាមរយៈគាត់។ សូមសំណូមពរឲ្យកូនខ្មែរទាំងអស់យកតម្រាប់តាមលោកបណ្ឌិត និងសូមឲ្យវីរភាពរបស់គាត់ស្ថិតក្នុងដួងចិត្តរបស់ពលរដ្ឋខ្មែរគ្រប់រូប»។
ភ្លាមៗក្រោយពីឃាតកបាញ់សម្លាប់លោកបណ្ឌិត កែម ឡី នៅកណ្ដាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ កក្កដា សមត្ថកិច្ចចាប់បានជនសង្ស័យម្នាក់ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់។ កាលពីថ្ងៃទី១៣ កក្កដា តុលាការបានចោទប្រកាន់ជនសង្ស័យរូបនោះចំនួនពីរបទចោទ គឺបទឃាតកម្មគិតទុកជាមុន និងកាន់អាវុធខុសច្បាប់ ដែលនឹងត្រូវជាប់ទោសអស់មួយជីវិត ប្រសិនបើតុលាការរកឃើញថាពិតជាឃាតកពិតមែន។
ទោះបីជាយ៉ាងនេះក្ដី ទាំងអាជីវករ និងយុវជននៅក្រុងប៉ោយប៉ែត អះអាងថា ករណីឃាតកម្មនេះអាចមានអ្នកនៅពីក្រោយខ្នង និងសំណូមពរឲ្យរដ្ឋាភិបាលកម្ពុជា វែកមុខចាប់ជនប្រព្រឹត្តិដទៃទៀតយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ឲ្យបានឆាប់រហ័ស៖ «ខ្ញុំសំណូមពរឲ្យរដ្ឋាភិបាលវែកមុខរកឃាតកពិតឲ្យបានច្បាស់លាស់ ដែលអាចជឿទុកចិត្តបានទាំងអស់គ្នា។ ខ្ញុំមិនជឿឃាតកដែលសមត្ថកិច្ចចាប់បានមានតែម្នាក់ឯងនោះទេ ករណីប្រៀបបានទៅដូចជាសម្ដែងល្ខោនឲ្យសាធារណជនមើលទេ គឺមិនមែនជាការពិតឡើយ។ បាទ! ពួកខ្ញុំបាទមិនអស់ចិត្តទេ ចំពោះជនសង្ស័យដែលសមត្ថកិច្ចចាប់បាននោះ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍កាលពីថ្ងៃទី១១ កក្កដា កន្លងទៅថា លោកសោកស្ដាយចំពោះការបាត់បង់លោកបណ្ឌិត កែម ឡី ដែលជាអ្នកវិភាគសង្គមល្បីល្បាញ និងបានថ្កោលទោសអំពើឃាតកម្មនេះ។ លោក ហ៊ុន សែន ចេញបទបញ្ជាឲ្យសមត្ថកិច្ចពាក់ព័ន្ធ ស្វែងរកជនដៃដល់ និងជនឃុបឃិតទាំងឡាយ ដើម្បីផ្ដន្ទាទោសតាមច្បាប់។ ជាងនេះទៅទៀត លោកនាយករដ្ឋមន្ត្រី ក៏សំណូមពរទៅដល់ប្រជាពលរដ្ឋទាំងអស់ឲ្យរក្សាភាពស្ងប់ស្ងាត់ ដើម្បីទុកឱកាសឲ្យសមត្ថកិច្ចធ្វើការងារនេះ៖ «ខ្ញុំគិតថា តើអ្នកនឹងទទួលផលចំណេញសោកនាដកម្មកើតឡើងនេះ ហើយតើអ្នកណានឹងទទួលផលចំណេញ? អ្នកណាទទួលផលខាត? រាជរដ្ឋាភិបាល គឺពិតទទួលនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះមុខមាត់។ ម្ខាងអំពីកង្វះសមត្ថភាពនៃការពារសន្តិសុខពលរដ្ឋ ម្ខាងទៀតត្រូវបានគេលាបពណ៌ភ្លាមៗអំពីបញ្ហានេះ ដែលមានចរិតជាបញ្ហាខាងនយោបាយ»។
ទោះបីជាយ៉ាងនេះក្ដី ការស្លាប់លោកបណ្ឌិត កែម ឡី នេះ ពុំមែនតែប្រជាពលរដ្ឋប៉ុណ្ណោះទេដែលមានការព្រួយបារម្ភខ្លាចសមត្ថកិច្ចមិនអាចស្វែងរកយុត្តិធម៌ជូនវីរជនបាននោះ អង្គការសង្គមស៊ីវិលធ្វើការងារផ្នែកសិទ្ធិមនុស្ស ក៏សម្ដែងការសោកស្ដាយ និងព្រួយបារម្ភអំពីបញ្ហានេះដូចគ្នា។
មន្ត្រីសម្របសម្រួលអង្គការលីកាដូ (LICADHO) ប្រចាំខេត្តបន្ទាយមានជ័យ លោក ភុន ឈិន មានប្រសាសន៍ថា ដើម្បីបង្ហាញភាពស្អាតស្អំរបស់ខ្លួន រដ្ឋាភិបាលគួរតែបើកទូលាយឲ្យសហគមន៍ជំនាញអន្តរជាតិ ចូលរួមស៊ើបអង្កេតលើករណីនេះប្រកបដោយភាពឯករាជ្យ និងយុត្តិធម៌៖ «យើងមើលឃើញរូបភាពដែលអាជ្ញាធរបានបង្ហាញនោះ វាហាក់ដូចជាការប្រញាប់ប្រញាល់ ដូចជាករណីការស្លាប់របស់លោក ជា វិជ្ជា និងសកម្មជនការពារព្រៃឈើលោក ឈុត វុទ្ធី និងតារាល្បីៗមួយចំនួនទៀតដែលត្រូវគេបាញ់សម្លាប់នោះ។ រហូតមកដល់ពេលនេះ សមត្ថកិច្ចពុំទាន់ចាប់បានឃាតកពិតប្រាកដនៅឡើយ ដើម្បីជាទំនុកចិត្តដល់សាធារណជននៅឡើយទេ»។
នៅក្នុងកម្មវិធីបុណ្យគម្រប់ ៨ថ្ងៃសពលោកបណ្ឌិត កែម ឡី នៅក្រុងប៉ោយប៉ែត រៀបចំឡើងរយៈពេលប្រមាណ ២ម៉ោង គឺចាប់ពីម៉ោង ៨ រហូតដល់ម៉ោង ១០ព្រឹកថ្ងៃទី១៧ កក្កដា។ នៅក្នុងពិធីបុណ្យនោះ មានដាក់តាំងរូបថតលោកបណ្ឌិតអមដោយកម្រងផ្កា និងអុជធូបទៀននៅក្នុងសាលាធម្មសភាវត្តបាលេលិយ្យ មានការសូត្រមន្ត និងរាប់បាត្រព្រះសង្ឃ ៩អង្គ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនវិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី បានទៅកាន់សុគតិភព៕