សមាជិក​បក្ស​សមរង្ស៊ី​ម្នាក់​ជាប់​ចោទ​ជា​ជន​សង្ស័យ​សម្លាប់​អ្នក​លក់​ណែម

សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​ស្វាយរលំ ស្រុក​ស្អាង ខេត្ត​កណ្តាល មួយ​រូប ដែល​ជា​សមាជិក​គណបក្ស សម រង្ស៊ី ត្រូវ​ជាប់​ចោទ​ជា​ជន​សង្ស័យ​សម្លាប់​អ្នក​លក់​ណែម នៅ​ក្នុង​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​២៧ តុលា កន្លង​មក​នេះ។
ដោយ សេក បណ្ឌិត
2010-10-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ប្រព័ន្ធ​លោក ឆែម នី ក្រុម​ប្រឹក្សា​ឃុំ​ស្វាយរលំ ស្រុក​ស្អាង ខេត្ត​កណ្តាល របស់​គណបក្ស​ប្រឆាំង សម រង្ស៊ី បាន​ប្រតិកម្ម​ថា មាន​ការ​ចោទ​ប្រកាន់​ខុស និង​ជា​រឿង​អយុត្តិធម៌ ដែល​អាជ្ញាធរ​ក្រុង​ភ្នំពេញ ចាប់​ខ្លួន​ប្តី​របស់​គាត់​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​តុលា ទាក់ទង​នឹង​ឃាតកម្ម​បាញ់​បុរស​ម្នាក់​ឲ្យ​ស្លាប់ នៅ​មុខ​វិទ្យាល័យ​បឹង​ត្របែក តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន កាល​ពី​ពេល​ថ្មីៗ​នេះ។

អ្នកស្រី ម៉ៃ ហ៊ន មាន​មុខ​របរ​ជា​អ្នក​លក់​បបរ​នៅ​ផ្ទះ ត្រូវ​ជា​ប្រព័ន្ធ​លោក ឆែម នី ក្រុម​ប្រឹក្សា​ឃុំ​ស្វាយរលំ បាន​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​នៅ​ថ្ងៃ​ទី​២៩ ខែ​តុលា​នេះ​ថា ប្ដី​អ្នកស្រី​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ ពីព្រោះ​ថ្ងៃ​ទី​២៧ ខែ​តុលា ជា​ថ្ងៃ​ដែល​មាន​ឃាតកម្ម​នោះ តាំង​ពី​ព្រឹក​ព្រលឹម ប្ដី​គាត់​នៅ​ជួយ​ដាំ​ស្ល ធ្វើ​បបរ​លក់​នៅ​មុខ​ផ្ទះ​ជាមួយ​គាត់​រហូត មិន​ទាន់​មាន​ពេល​ចេញ​ទៅ​ណា​ឡើយ។

អ្នកស្រី ម៉ៃ ហ៊ន បាន​បន្ថែម​ថា ៖ «ខ្ញុំ​សូម​តវ៉ា​សូម​ឲ្យ​អស់​លោក​ជួយ​រក​យុត្តិធម៌​ឲ្យ​គាត់​ផង ព្រោះ​អី​គាត់​ចាស់​អាយុ ៥០​ជាង​ហើយ មិន​សាង​អំពើ​ថោក​ទាប​អ៊ីចឹង​ទេ»

លោក អំ សំអាត មន្ត្រី​ស៊ើប​អង្កេត​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ មាន​ប្រសាសន៍​ថា អង្គការ​លោក​បាន​ទទួល​ការ​ពឹង​ពាក់​ពី​គ្រួសារ​ជន​ជាប់​ចោទ​ហើយ គឺ​លោក ឆែម នី ដើម្បី​ជួយ​អន្តរាគមន៍​រក​យុត្តិធម៌​ក្នុង​ករណី​ឃាតកម្ម និង​ការ​ចាប់​ខ្លួន​ជន​សង្ស័យ​ខាង​លើ​នេះ ៖ «ខាង​ខ្ញុំ​កំពុង​ធ្វើការ​ស៊ើប​អង្កេត​រឿង​ហ្នឹង មិន​ចង់​ឃើញ​មាន​ការ​ភ័ន្តច្រឡំ​ឡើយ»

ស្នងការ​រាជធានី​ភ្នំពេញ លោក ទូច ណារ៉ុថ នៅ​ថ្ងៃ​ទី​២៧ ខែ​តុលា ពុំ​ទាន់​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ ជុំវិញ​ការ​ចាប់​ខ្លួន​ជន​សង្ស័យ​ខាង​លើ​នេះ។

តំណាងរាស្ត្រ​ខេត្ត​កណ្ដាល​គណបក្ស សម រង្ស៊ី លោក ចាន់ ចេង មាន​ប្រសាសន៍​ថា លោក​ក៏​កំពុង​តាម​ដាន​ករណី​ចាប់​ខ្លួន​សកម្មជន​គណបក្ស​លោក​នេះ​ដែរ ដោយ​លោក​បញ្ជាក់​ថា ការ​ចាប់​ខ្លួន​នេះ​បង្ហាញ​នូវ​ភាព​មិន​ប្រក្រតី​ជា​ច្រើន​ឲ្យ​គួរ​សង្ស័យ។

លោក​បន្ត​ថា ការ​ចាប់​ខ្លួន​ជន​សង្ស័យ​ហាក់​បី​ដូច​ជា​លឿន​ពេក គឺ​ឃាតកម្ម​កើត​នៅ​ម៉ោង​ប្រហែល​ជាង ៦​ព្រឹក ថ្ងៃ​ទី​២៧ (តុលា) ហើយ​ប្រហែល​ជាង​មួយ​ម៉ោង​ក្រោយ​មក នៅ​ថ្ងៃ​ដដែល​នោះ មាន​ការ​ចាប់​ខ្លួន​នៅ​ផ្ទះ​ពេល​ដែល​ជន​សង្ស័យ​កំពុង​ធ្វើ​ការងារ​ផ្ទះ​ជាមួយ​ប្រព័ន្ធ​តាំង​ពី​មុន​ម៉ោង​កើត​ហេតុ​នោះ​ទៅ​ទៀត។

លោក ចាន់ ចេង មាន​ប្រសាសន៍​បន្ថែម ៖ «បាន​ខ្ញុំ​សួរនាំ​ប្រជាពលរដ្ឋ​ជុំវិញ​ហ្នឹង​ថា ម៉ោង​ហ្នឹង​លោក ឆែម នី ហៅ ប៉ក់ គាត់​នៅ​ហ្នឹង អត់​មាន​ទៅ​ណា​ទេ ហើយ​ម៉ោង​ដែល​គេ​ធ្វើ​ឃាត​ស្លាប់​នោះ គឺ​ម៉ោង ៦​កន្លះ ទៅ​ម៉ោង ៧ នៅ​មុខ​សាលា​បឹងត្របែក។ អ៊ីចឹង​រឿង​ហ្នឹង​ខ្ញុំ​មាន​ការ​សង្ស័យ​កាន់តែ​ច្រើន ហើយ​ក្នុង​នោះ អាជ្ញាធរ​ខេត្ត ស្រុក មូលដ្ឋាន ក៏​ដូចជា​ខាង​ភ្នំពេញ គេ​ចុះ​មក​ឆែកឆេរ​ផ្ទះ លោក ឆែម នី ហ្នឹង រើ​កកាយ​ពុំ​មាន​ឃើញ​អ្វី​ទាំង​អស់ រក​អ្វី​ជា​ភស្តុតាង​អត់​មាន»

កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​តុលា ឃាតក​បាន​បាញ់​សម្លាប់​បុរស​ម្នាក់​ឈ្មោះ ប៉ុន លី អាយុ ៥០​ឆ្នាំ មុខ​របរ​លក់​ណែម ស្នាក់​នៅ​ផ្ទះ​ជួល​ភូមិ​ដើម​គរ សង្កាត់​ដើមមៀន ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល របួស​ចំ​ត្រង់​ក្រោម​ក្លៀក​ខាង​ឆ្វេង នៅ​ខណៈ​លោក​បាន​ជិះ​ម៉ូតូ​ជួន​កូន និង​ក្មួយ​មក​រៀន៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល