សាលា​ឆាន់​១​ខ្នង​នៅ​ខែត្រ​កំពង់ធំ​រលំ​ដោយ​ខ្យល់​ព្យុះ

ភ្លៀង​មួយ​មេ​ធំ​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី​២៥ ខែ​មីនា បាន​ធ្វើ​ឲ្យ​សាលា​ឆាន់​មួយ​ខ្នង​ដែល​សាងសង់​មិន​ទាន់​រួច​រាល់ ក្នុង​វត្ត​ស្រឡៅ​ទង ឃុំ​បល្ល័ង្ក ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ បាន​រលំ​បាក់។
ដោយ អ៊ុក សាវបូរី
2010-03-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ប្រជាជន​ភូមិ​ស្រឡៅ​ទង ឃុំ​បល្ល័ង្ក ឈ្មោះ ងិន ចាន់ថា បាន​ឲ្យ​ដឹង​ថា នៅ​ម៉ោង​១១ រាត្រី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៥ ខែ​មីនា មាន​ខ្យល់​ព្យុះ​បាន​បោក​បក់​ខ្លាំង ធ្វើ​ឲ្យ​បាក់​សាលា​ឆាន់ កម្ពស់ ៧​ម៉ែត្រ ក្នុង​វត្ត​ស្រឡៅ​ទង ក្នុង​ឃុំ​បល្ល័ង្ក រលំ​រាប​ដល់​ដី ៖ «ព្យុះ​យប់​មិញ​មេឃ​ភ្លៀង ដល់​ព្យុះ​មក​រលំ​សាលា​ឆាន់​ដែល​ទើប​សាងសង់... សាលា​ឆាន់​នោះ ទំហំ ៣០ x ៤០​(ម៉ែត្រ) រលំ​បាក់​រាប​ដល់​ដី​តែម្ដង ព្រោះ​ធ្វើ​ឆ្ងាយ​ពី​ផ្ទះ​ប្រជាជន​ផង​នោះ​ណា៎!»

អ៊ុក សាវបូរី ៖ ព្យុះ​នោះ​មាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផ្ទះ​ប្រជាជន​ទេ ? ពលរដ្ឋ ៖ មាន ប៉ើង​ស័ង្កសី​ខ្លះ និង​ខ្លះ​គ្រាន់​តែ​ទ្រេត អត់​មាន​រលំ​ទេ។ មាន​ប៉ើង​ស័ង្កសី​របើក​របាញ អស់​ខ្លះ​ដែរ​ប្រហែល ២​ផ្ទះ ៣​ផ្ទះ​ដែរ។ អត់​មាន​របួស​ស្នាម​អី​ទេ ប៉ុន្តែ​សាលា​ឆាន់​ខ្ពស់​ដែរ កម្ពស់​ប្រហែល ៧​ម៉ែត្រ ទើប​សង់​មិន​ទាន់​រួច​ផង​នោះ។

ស្នងការ​រង​ខេត្ត​កំពង់ធំ លោក ជូ សំអាន មាន​ប្រសាសន៍​ថា ការ​ខូចខាត​បង្ក​ពី​ព្យុះ​ភ្លៀង​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍ មិន​ទាន់​មាន​របាយការណ៍​តាម​បណ្ដា​ស្រុក​មក​ទេ។

រីឯ​ស្នងការ​ខេត្ត​កំពង់ចាម​វិញ លោក​ឧត្ដមសេនីយ៍ នួន សាមិន មាន​ប្រសាសន៍​ថា ៖ «តាម​ព័ត៌មាន​មាន​ភ្លៀង តែ​រឿង​ព្យុះ​មិន​ទាន់​ដឹង​ទេ»

មន្ត្រី​អធិការដ្ឋាន​នគរបាល​ក្រុង​នៃ​ខេត្ត​ស្ទឹងត្រែង លោក ឌុក នឿន ថ្លែង​ថា មាន​ភ្លៀង និង​ខ្យល់​ខ្លាំង​ កាលពី​រាត្រី​ថ្ងៃ​២៥ ខែ​មីនា ប៉ុន្តែ​មិន​ទាន់​មាន​របាយការណ៍​គ្រោះថ្នាក់​មនុស្ស​សត្វ និង​ទ្រព្យ​សម្បត្តិ ប្រាប់​ឲ្យ​ដឹង​នៅ​ឡើយ ៖ «ខ្យល់​ព្យុះ​ខ្លាំង​ដែរ យប់​មិញ ប៉ុន្តែ​មិន​មាន​គ្រោះថ្នាក់​អ្វី​ទេ»

ស្នងការ​ខេត្ត​ក្រចេះ លោក ជួង សៀងហាក់ ថ្លែង​ថា មិន​មាន​ភ្លៀង​បង្ក​គ្រោះ​ថ្នាក់​នៅ​ក្នុង​ខេត្ត​នោះ​ឡើយ ៖ «អត់​មាន​អី​ទេ អត់​មាន​ទេ​នៅ​ទី​នេះ។ គ្រាន់តែ​ឥឡូវ មក​ទល់​ពេល​នេះ តែ​ភ្លៀង​មិន​មាន​ផង គ្រាន់តែ​ទោ​ទឹម​ៗ មេឃ​ស្រទំ»

ស្នងការ​ខេត្ត​កំពត លោក ថ្លាង ថារិត ថ្លែង​ថា មិន​មាន​គ្រោះថ្នាក់​ខ្យល់​ព្យុះ​កើត​ឡើង​ទេ នៅ​ក្នុង​ខេត្ត​កំពត កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍។ រីឯ​ស្នងការ​ខេត្ត​កំពង់ស្ពឺ លោក កែវ ពិសី ថ្លែង​ថា ភ្លៀង​មិន​បង្ក​គ្រោះថ្នាក់ ឬ​ការ​ខូចខាត​នៅ​ក្នុង​ខេត្ត​នោះ​ទេ។

មន្ត្រី​នាយកដ្ឋាន​ឧតុនិយម ក្រសួង​ធនធាន​ទឹក មិន​ទាន់​អាច​ប្រាប់​ឲ្យ​ដឹង​ពី​ឈ្មោះ​ខ្យល់​ព្យុះ​ក្នុង​ពេល​ភ្លាម​ៗ​បាន​ដែរ។

គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​មិន​ទាន់​មាន​របាយការណ៍​ពី​ផល​ប៉ះពាល់​នៃ​គ្រោះថ្នាក់​ដោយ​ខ្យល់​ព្យុះ កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី​២៥ ខែ​មីនា​នៅ​ឡើយ រហូត​មក​ដល់​ពេល​នេះ។

កាលពី​ដើម​រដូវ​វស្សា​ឆ្នាំ​នេះ ភ្លៀង និង​ព្យុះ​បាន​បង្ក​ឲ្យ​ខេត្ត​កំពង់ធំ បាន​រងគ្រោះ​ក្រោម​អំណាច​ព្យុះ​ឈ្មោះ កេតសាណា ធ្វើ​ឲ្យ​ផ្ទះ​រលំ​ជា​ច្រើន​ខ្នង និង​មាន​មនុស្ស​ស្លាប់​ទាំង​ក្រុម​គ្រួសារ និង​មាន​ទឹក​ជំនន់​ជន់​លិច​ស្រូវ​ច្រើន​ពាន់​ហិកតា និង​ផ្ទះ​ច្រើន​រយ​ខ្នង​ផង​ដែរ។ ទន្ទឹម​នោះ សិស្ស​សាលា​ក៏​អាក់ខាន​មិន​បាន​ចូល​រៀន​ទាន់​ការ​បើក​បវេសនកាល ឆ្នាំ​សិក្សា​២០០៩​-​២០១០ ផង​ដែរ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល