យុវជន​ខេត្ត​កំពង់ស្ពឺ-​តាកែវ​ជួប​គ្នា​និយាយ​អំពី​បច្ចេកទេស​កសិកម្ម​ថ្មីៗ

សិស្ស​និស្សិត និង​បុរស​វ័យ​ក្មេង​ចំនួន ៣០​នាក់​មក​ពី​ខេត្ត​កំពង់ស្ពឺ និង​តាកែវ ជួប​គ្នា​នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា ក្នុង​វត្ត​ចមពល និយាយ​ពី​គំនិត​ថ្មី និង​បទពិសោធន៍​ប្លែកៗ ដើម្បី​ឲ្យ​ការ​ដាំ​ដំណាំ​ទាំង​ឡាយ​មាន​ភាព​ស៊ាំ​ទៅ​នឹង​ការ​ប្រែប្រួល​ធាតុ​អាកាស។
ដោយ អ៊ុក សាវបូរី
2010.06.30
យុវជន ៣០៥ ៣០-មិថុនា-២០១០: នាយក​ប្រតិបត្តិ​អង្គការ​សេដាក លោក​បណ្ឌិត យ៉ង សាំងកុមារ (រូប​ឈរ​នៅ​ខាង​ស្ដាំ) បង្ហាត់​បបង្រៀន​​ក្រុម​យុវជន​អំពី​គំនិត​ថ្មី និង​បទពិសោធន៍​ប្លែកៗ សម្រាប់​ការ​ដាំ​ដំណាំ នៅ​ក្នុង​វត្ត​ចមពល ខេត្ត​តាកែវ។
RFA/Ouk Savborey

នាយក​ប្រតិបត្តិ​អង្គការ​សេដាក លោក​បណ្ឌិត យ៉ង សាំងកុមារ បាន​ឲ្យ​ដឹង​ថា អាកាស​ធាតុ​កំពុង​តែ​ប្រែប្រួល​ខុស​ពី​ធម្មតា។ កសិករ​ក្នុង​ប្រទេស​កម្ពុជា ពឹង​ផ្អែក​លើ​វិស័យ​កសិកម្ម ហេតុ​នេះ​កសិករ​ត្រូវ​ត្រៀម​បច្ចេកទេស​ដាំ​ដុះ​ថ្មី និង​រក្សា​គុណភាព​ដី​ដើម្បី​បន្សាំ​ទៅ​នឹង​ការ​ប្រែប្រួល​នៃ​អាកាស​ធាតុ។ លោក​ថា ចំពោះ​បច្ចេកទេស​ដាំ​ថ្មីៗ អង្គការ​សេដាក បាន​បញ្ជ្រាប​ការ​ធ្វើ​ស្រែ​មិន​ភ្ជួរ និង​ការ​ស្ទូង​ស្រូវ​លើក​ជា​រង។ រី​ឯ​គុណភាព​ដី​វិញ គឺ​ធ្វើ​ឲ្យ​ដី​សំបូរ​ទៅ​ដោយ​សារធាតុ​មមោក​ឲ្យ​បាន​កាន់​តែ​ច្រើន។

លោក​ពន្យល់​ថា ៖ «សំខាន់​គឺ​យើង​ធ្វើ​ម៉េច​ឲ្យ​ដី​មាន​ជាតិ​មមោក​ច្រើន មាន​ជាតិ​សរីរាង្គ​ច្រើន។ អ៊ីច៊ឹង​ហើយ​ការ​ជំរុញ​កសិកម្ម​សរីរាង្គ គឺ​បង្កើន​សារធាតុ​ចិញ្ចឹម សារធាតុ​សរីរាង្គ​ក្នុង​ដី​នោះ​ឲ្យ​ដី​មាន​សមត្ថភាព​ក្នុង​ការ​ចិញ្ចឹម​មនុស្ស។ ហេតុ​នេះ បើ​ចង់​ឲ្យ​ដំណាំ​យើង​លូត​លាស់​ល្អ ទាល់​តែ​យើង​ថែ​ដី​នោះ»

យុវជន​ឈ្មោះ មេ ចាន់រ៉ា មក​ពី​ភូមិ​តាភោគ ឃុំ​ព្រៃវិហារ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ និយាយ​ពី​ការ​ធ្វើ​ស្រែ​មិន​ភ្ជួរ​ដី។ គាត់​ពិសោធ​សាកល្បង​លើ​ដី ៥​ម៉ែត្រ​បួន​ជ្រុង​កាល​ពី​ឆ្នាំ​២០០៩ ៖ «បាន​ធ្វើ​ការ​ស្ទូង​អត់​ភ្ជួរ​ហ្នឹង គឺ​ដំបូង​ត្រូវ​ទុក​ដី​ចន្លោះ ៥​ម៉ែត្រ​បួន​ជ្រុង បន្ទាប់​មក​គឺ​យើង​ចាប់​ផ្ដើម​រាយ​សំរាម ឬ​កំប៉ុស្ត​អី ដែល​យើង​បាន​សន្សំ​វា​ទុក​នោះ គឺ​យើង​យក​មក​ចាក់​ក្រាល​ពី​លើ​ដើម្បី​កុំ​ឲ្យ​វា​មាន​ស្មៅ​ដុះ​រួច»

កញ្ញា ផេង ថារិត ឲ្យ​ដឹង​ពី​បទពិសោធន៍​នៃ​ការ​សន្សំ​ប្រាក់​ចូល​គ្នា​នោះ​ថា គឺ​ជា​ការ​ជួយ​សហគមន៍​គាត់​ឲ្យ​មាន​ជីវភាព​រស់​នៅ​ល្អ​ប្រសើរ មិន​បាត់​បង់​ដី​ស្រែ ផ្ទះ​សម្បែង ដោយសារ​ឈ្មួញ​ចង​ការ​ប្រាក់​គេ​លក់​ឡាយឡុង​ពេល​ខ្វះ​លុយ​ទៅ​សង​រំលោះ។ កញ្ញា​បន្ត​ថា ការ​ចូល​រៀន​ជាមួយ​អង្គការ​សេដាក នាំ​ឲ្យ​មាន​ការ​ប្រែប្រួល​ច្រើន​អំ​ពី​គំនិត និង​ការ​ដាំ​ដុះ។

កញ្ញា ផេង ថារិត ឲ្យ​ដឹង​ដូច្នេះ ៖ «ទាក់ទង​នឹង​ចំណេះ​ដឹង ខ្ញុំ​គិត​ថា ខ្ញុំ​ចូល​សេដាក ខ្ញុំ​ចេះ​ច្រើន គឺ​រៀន​ក្នុង​រយៈ​ពេល​១​ឆ្នាំ គឺ​យើង​រៀន​បច្ចេកទេស​កសិកម្ម ហើយ​បន្ទាប់​មក​គឺ​ខ្ញុំ​ចូល​ធ្វើ​ការងារ​ឥណទាន។ អ៊ីចឹង​បាន​ន័យ​ថា ទាក់ទង​នឹង​ចំណេះ​ដឹង គឺ​ខ្ញុំ​បាន​ដឹង​ច្រើន​ទាក់​ទង​បច្ចេកទេស​កសិកម្ម និង​ការងារ​ឥណទាន»

មន្ត្រី​កម្មវិធី​របស់​អង្គការ​សេដាក លោក ប៉ា វុទ្ធី ឲ្យ​ដឹង​ថា កិច្ច​ប្រជុំ​នេះ​បាន​ផ្ដល់​ឲ្យ​សិស្ស​និស្សិត និង​បុរស​វ័យ​ក្មេង​រំឭក​ឡើង​វិញ​នូវ​បច្ចេកទេស​ដាំ​ដុះ​ថ្មី​លើ​ការងារ​ពិសោធន៍​ស្រូវ​ដើម​រដូវ​វស្សា​ឆ្នាំ​២០១០៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។