ខ្មែរបញ្ជូនពលរដ្ឋទៅព្យាបាលជំងឺនៅប្រទេសថៃ
2011.08.22
ការបញ្ជូនអ្នកជំងឺខ្មែរនេះ គឺធ្វើឡើងតាមការស្នើរបស់ក្រុមគ្រូពេទ្យថៃ ដែលបានប្រាប់ភាគីកម្ពុជានៅក្នុងកិច្ចប្រជុំមួយរវាងអាជ្ញាធរខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ជាមួយអាជ្ញាធរខេត្តស្រះកែវរបស់ថៃ កាលពីខែកក្កដា ឆ្នាំ២០១១ កន្លងទៅ។
លោក កែវ សុភ័កត្រា ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១១ នេះថា ប្រជាពលរដ្ឋខ្មែរទាំងនោះ និងទទួលបានការព្យាបាលដោយឥតគិតថ្លៃនៅមន្ទីរពេទ្យក្នុងខេត្តស្រះកែវ ថៃ។ ការព្យាបាលនេះមានរយៈពេលកំណត់ ៥ថ្ងៃ គឺដោយចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១១ នេះ។
មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងទៀតថា ប្រភេទជំងឺដែលក្រុមគ្រូពេទ្យនៅក្នុងមន្ទីរពេទ្យខេត្តស្រះកែវ ថៃ ទទួលព្យាបាលឲ្យប្រជាពលរដ្ឋខ្មែរដោយមិនគិតថ្លៃនោះ មានប្រភេទជំងឺឆែបមាត់ ដំបៅ ស្លាក់ស្នាមម្រាមដៃ ម្រាមជើងជាប់គ្នា ម្រាមព្រែក និងពិការអវយវៈជាដើម៕