អ្នក​ភូមិ​នៅ​ឧត្ដរមានជ័យ​ត្រូវ​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​បុណ្យ

ប្រជាពលរដ្ឋ​ប្រមាណ ១០៤​គ្រួសារ​ដែល​បាន​ចងក្រង​គ្នា​ជា​សមាគម​នៅ​ភូមិ​ត្រពាំងទូង ឃុំ​កូនក្រៀល ស្រុក​សំរោង ខែត្រ​ឧត្តរមានជ័យ បាន​អះអាង​ថា មាន​ការ​រារាំង​ពួកគាត់​មិន​ឲ្យ​ធ្វើ​បុណ្យទាន​ក្នុង​ភូមិ។
ដោយ ឱម ឧត្ដម
2010-03-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

អនុ​ប្រធាន​សមាគម លោក ហ៊ុយ ឃិត មាន​ប្រសាសន៍​ឲ្យ​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី ដឹង​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០១០ យ៉ាង​ដូច្នេះ ៖ «ភូមិ​គេ​ហាមឃាត់​អត់​ឲ្យ​ធ្វើ​បុណ្យ​ធ្វើ​ទាន​អី​ហ្នឹង។ បង​ប្អូន​យើង​ទិញ​ចាន​ឆ្នាំង​បាន​មក​ហើយ បម្រុង​នឹង​ធ្វើ​បុណ្យ​សូត្រ​មន្ត ហើយ​វេរ​ចង្ហាន់​ហ្នឹង​ទៅ ហើយ​ប្រកាស​ឲ្យ​បង​ប្អូន​យើង​ដឹង​ឮ​ទាំង​អស់​គ្នា​ថា របស់​នេះ​សម្រាប់​ផ្គត់​ផ្គង់​ក្នុង​ភូមិ បើ​បង​ប្អូន​មាន​កម្មវិធី​បុណ្យទាន​អី​ហ្នឹង​ឲ្យ​មក​ខ្ចី​យក​ទៅ។ កន្លង​មក​មាន​បញ្ហា​ខ្វះ​ខាត ជាក់​ស្ដែង​ដូច​ជា​បុណ្យ​រួម​ភូមិ​កាល​មុន​ក្ដី បង​ប្អូន​យើង​ហូប​នឹង​ដៃ ហូប​នឹង​វែក​អី​អ៊ីចឹង»

ក្រុម​អ្នក​ភូមិ​បាន​ចងក្រង​គ្នា​ជា​សមាគម​ដើម្បី​ជួយ​គ្នា​ពេល​មាន​ការ​លំបាក​ក្នុង​ពិធី​បុណ្យទាន​ម្ដងម្កាល ។

សមាគម​របស់​ពួកគាត់​មាន​ឈ្មោះ​ថា "សមាគម​សាមគ្គី​ចាន​ឆ្នាំង​តម្កល់​ទុក​ក្នុង​ភូមិ" ដែល​បាន​រៃ​អង្គាស​ថវិកា​ផ្ទាល់​ខ្លួន​យក​ទៅ​ទិញ​ចាន​ឆ្នាំង និង​សម្ភារៈ​សម្រាប់​ធ្វើ​បុណ្យទាន​ផ្សេងៗ​ទៀត ដើម្បី​អ្នក​ភូមិ​បាន​ខ្ចី​យក​ទៅ​ប្រើប្រាស់​ដោយ​មិន​យក​កម្រៃ។

ក្រោយ​ពី​ទិញ​បាន​សម្ភារៈ​សម្រាប់​ប្រើប្រាស់ ពួកគាត់​មាន​គម្រោង​នឹង​រៀបចំ​និមន្ត​ព្រះសង្ឃ​មក​ធ្វើ​ពិធី​ឆ្លង​សម្ភារៈ​ទាំង​នោះ​នៅ​ថ្ងៃ​ទី​២៩ ខែ​មីនា​នេះ ប៉ុន្តែ​ត្រូវ​បាន​លោក​អនុ​ប្រធាន​ភូមិ​ឈ្មោះ ងា មក​ហាម​ឃាត់​នៅ​ក្នុង​ថ្ងៃ​ទី​២៨ មីនា។

ទាក់ទង​ទៅ​នឹង​ការ​ចោទ​ប្រកាន់​នេះ វិទ្យុ​អាស៊ី​សេរី​នៅ​មិន​ទាន់​អាច​ទាក់ទង​ជាមួយ​នឹង​លោក​អនុ​ប្រធាន​ភូមិ​ឈ្មោះ ងា ដែល​រង​ការ​ចោទ​ប្រកាន់​នេះ​បាន​នៅ​ឡើយ​ទេ។ ប៉ុន្តែ​លោក​អនុ​ប្រធាន​ប៉ុស្តិ៍​នគរបាល​ឃុំ​កូន​ក្រៀល លោក ដម ដារា មាន​ប្រសាសន៍​ថា នឹង​ទៅ​ពិនិត្យ​បញ្ហា​នេះ​ដោយ​ផ្ទាល់​នៅ​ថ្ងៃ​ស្អែក៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល