រដ្ឋាភិបាល​អាមេរិក​នឹង​អស់​ថវិកា​ចំណាយ​បើ​សភា​មិន​ព្រម​បង្កើន​បំណុល

រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​នឹង​អស់​ថវិកា​ចំណាយ នៅ​ថ្ងៃ​ទី​៣ ខែ​សីហា បើ​សិន​ជា​សភា​ទាំង​ពីរ​មិន​យល់​ស្រប​តាម​សំណើ​ដែល​ប្រធានាធិបតី​បាន​ស្នើ​ដើម្បី​ចំណាយ​សម្រាប់​ឆ្នាំ​សារពើពន្ធ ២០១២។
ដោយ ហាស់ សាន
2011.07.27

បើ​រដ្ឋាភិបាល​មិន​បាន​ទទួល​ការ​អនុម័ត​ឲ្យ​ចំណាយ​ទាន់​ពេល​វេលា​ទេ រដ្ឋាភិបាល​ត្រូវ​បិទ​ទ្វារ បុគ្គលិក​ក្របខ័ណ្ឌ​រដ្ឋ ជា​អ្នក​រដ្ឋការ​ស៊ីវិល​ជិត ៣​លាន​នាក់​នឹង​ឈប់​ធ្វើការ​មួយ​រយៈ ក្រុមហ៊ុន​ដែល​ទទួល​កិច្ច​សន្យា​ផ្ដល់​សម្ភារៈ ឬ​សេវា​ពី​រដ្ឋាភិបាល នឹង​មិន​បាន​ទទួល​សំណង រដ្ឋាភិបាល​គ្មាន​លុយ​សង​បំណុល​ដែល​ខ្ចី​ពី​មជ្ឈដ្ឋាន​ផ្សេងៗ អ្នក​ចូល​និវត្តន៍​នឹង​មិន​បាន​ទទួល​ប្រាក់​បៀវត្សរ៍​ប្រចាំ​ខែ​ជាដើម ។ល។

លើស​ពី​នេះ​ទៅ​ទៀត នាយ​ទុន​ធំៗ​នឹង​ញញើត​ដាក់​ទុន​រក​ស៊ី​ជាមួយ​សហរដ្ឋអាមេរិក។ ការ​ប្រាក់​នឹង​ឡើង​ខ្ពស់​សម្រាប់​ធនាគារ​ឲ្យ​ខ្ចី​ប្រាក់ ទីផ្សារ​ហ៊ុន​នឹង​ធ្លាក់​ថ្លៃ សេដ្ឋកិច្ច​ធ្លាក់​ចុះ មនុស្ស​គ្មាន​ការ​ធ្វើ​កាន់​តែ​ច្រើន ហើយ​នៅ​ទី​បញ្ចប់​សហរដ្ឋអាមេរិក​នឹង​ខូច​ឈ្មោះ​ក្នុង​ទីផ្សារ​ពិភពលោក។

រៀងរាល់​ឆ្នាំ ប្រធានាធិបតី​ខាង​សាខា​នីតិប្រតិបត្តិ​ស្នើ​សភា​សុំ​ចំណាយ​ទៅ​តាម​សេចក្ដី​ត្រូវការ ប៉ុន្តែ​បើ​សិន​ជា​រដ្ឋាភិបាល​រក​ចំណូល​បាន​តិច​ជាង​ការ​ចំណាយ ប្រធានាធិបតី​ត្រូវ​សុំ​ការ​អនុញ្ញាត​ពី​សភា​ដើម្បី​ដំឡើង​ទឹក​ប្រាក់​ដែល​ត្រូវ​ខ្ចី​បន្ថែម​សម្រាប់​ការ​ខ្វះខាត។ រដ្ឋ​សភា​ពី​បក្ស​សាធារណរដ្ឋ​មិន​ព្រម​ស្រប​តាម ព្រោះ​ថា សហរដ្ឋអាមេរិក​ជំពាក់​បំណុល​គេ​ច្រើន​ណាស់​ទៅ​ហើយ ដូច្នេះ​សុំ​ឲ្យ​ប្រធានាធិបតី​កាត់​ចំណាយ​តាម​មជ្ឈដ្ឋាន​ខ្លះ​ដែល​សភា​យល់​ថា អាច​កាត់ ចង់​កាត់​ចោល។

បញ្ហា​មិន​ទាន់​ស្រប​គ្នា​រវាង​សភា​ខាង​បក្ស​សាធារណរដ្ឋ និង​បក្ស​ប្រជាធិបតេយ្យ ខាង​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា (Barack Obama) គឺ​ថា ប្រធានាធិបតី​មិន​ចង់​កាត់​ចំណាយ​ច្រើន​ផ្នែក​សង្គមកិច្ច មាន​ជំនួយ​ដល់​មនុស្ស​ចាស់ ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ ប្រាក់​ចូល​និវត្តន៍​ជាដើម ហើយ​ស្នើ​ដំឡើង​ពន្ធ​ដល់​ក្រុមហ៊ុន​ប្រេងកាត និង​ហូត​ពន្ធ​ពី​មហាសេដ្ឋី។ បក្ស​សាធារណរដ្ឋ​មិន​ព្រម ព្រោះ​គេ​ថា មហាសេដ្ឋី​មាន​លុយ​សម្រាប់​វិនិយោគ ផ្ដល់​ការងារ​ឲ្យ​មនុស្ស​ធ្វើ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។