គ្រួសារ​ជន​រងគ្រោះ​ដោយ​ការ​បាញ់​សម្លាប់​ស្ទាក់ស្ទើរ​ចិត្ត​ក្រោយ​មាន​ការ​សុំ​​សម្រួល

ក្រុម​គ្រួសារ​ជន​រងគ្រោះ​ដោយ​ការ​បាញ់​សម្លាប់​ក្នុង​ពេល​ចូល​ទៅ​កាប់​ដើម​ប្រេង​ខ្យល់​ធ្វើ​ឧស​លក់​នៅ​តំបន់​ព្រៃ​លើ នៅ​ខេត្ត​តាកែវ កាល​ពី​យប់​ថ្ងៃ​ទី​១៣ ខែ​វិចិ្ឆកា ឆ្នាំ​២០០៩​កន្លង​ទៅ​នោះ កំពុង​មាន​ការ​ស្ទាក់ស្ទើរ​នៅ​ក្នុង​ចិត្ត បន្ទាប់​ពី​មាន​ការ​សម្រុះ​សម្រួល​ពី​ភាគី​ជន​សង្ស័យ​ឲ្យ​ទទួល​ប្រាក់​ជា​សំណង​ដើម្បី​បញ្ចប់​ការ​ប្តឹងផ្តល់។
ដោយ ខែ សុណង
2010-01-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ប្រពន្ធ​ជន​រងគ្រោះ​ដោយ​ការ​បាញ់​សម្លាប់​អ្នកស្រី ម៉ៅ ណៃ រស់នៅ​ភូមិ​អង្គឃ្នា ឃុំ​លាយបូ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ បាន​អះអាង​ថា នៅ​ថ្ងៃ​ច័ន្ទ ទី​១៨ មករា មាន​មន្រ្តី​ប៉ូលិស​ប៉ុស្តិ៍ និង​មេ​ភូមិ បាន​មក​ចរចា​ជាមួយ​អ្នកស្រី​ដើម្បី​សម្រុះ​សម្រួល​ឲ្យ​ទទួល​យក​ប្រាក់ ១៥០០​ដុល្លារ ជា​ការ​បញ្ចប់​សំណុំរឿង​និង​ដក​ពាក្យ​បណ្តឹង​ពី​តុលាការ​មក​វិញ។

អ្នកស្រី ម៉ៅ ណៃ បាន​ឲ្យ​ដឹង​ថា ៖ «មេ​ប៉ុស្តិ៍​គេ​មួយ មេ​ភូមិ​គេ​មួយ មក​សម្រុះ​សម្រួល បង់​លុយ​បង់​កាក់​ឲ្យ​ខ្ញុំ ហើយ​ឲ្យ​ដក​ពាក្យ​បណ្ដឹង​ពី​តុលាការ។ គេ​មក​និយាយ​សម្រុះ​សម្រួល ឲ្យ​តែ​ខ្ញុំ​ព្រម​យក​លុយ គេ​សុំ​ដក​ពាក្យ​បណ្ដឹង។ បើ​គេ​អង្វរ​ម្លឹងៗ ថា​ព្រម​ដក​ពាក្យ​បណ្ដឹង ឲ្យ​តែ​បាន​លុយ​មក​ចិញ្ចឹម​កូន! ពិបាក​ណាស់​គេ​អង្វរ​ខ្ញុំ​អ៊ីចឹង​ណា៎!»

លោក ហោ នាថ អ្នក​សម្រប​សម្រួល​សមាគម អាដហុក ប្រចាំ​ខេត្ត​តាកែវ មាន​ប្រសាសន៍​ដោយ​ពន្យល់​ថា បើ​ទោះ​បី​ជា​មាន​ការ​សម្រុះ​សម្រួល​ពី​ភាគី​ម្ខាង​ទៀត​ដើម្បី​បង់​ប្រាក់​ជា​សំណង​ដល់​ជន​រងគ្រោះ​យ៉ាង​នេះ​ក្តី ទាក់ទង​ទៅ​នឹង​បទល្មើស​ឧក្រិដ្ឋ ការ​សម្រុះ​សម្រួល​នេះ​គឺ​ជា​សំណង​រដ្ឋប្បវេណី​ដើម្បី​ជួសជុល​ការ​ខូចខាត និង​សង​ជំងឺ​ចិត្ត​តែ​ប៉ុណ្ណោះ រីឯ​ការ​ផ្តន្ទា​ទោស​ត្រូវតែ​អនុវត្ត​ទៅ​តាម​ច្បាប់។

លោក ហោ នាថ បាន​បញ្ជាក់​ថា ៖ «ភាគី​រងគ្រោះ​គាត់​អាច​ទទួល​យក​បាន ប៉ុន្តែ​ជាទូទៅ​បទ​អាជ្ញា គឺ​ជន​ប្រព្រឹត្ត​នៅតែ​ទទួល​ទោស​ដដែល ពីព្រោះ​បទ​ព្រហ្មទណ្ឌ​ទាក់ទង​នឹង​បទ​ឧក្រិដ្ឋ​ហ្នឹង​មាន​ពីរ​បណ្ដឹង មួយ​បណ្ដឹង​បទ​អាជ្ញា ទី​ពីរ គឺ​បណ្ដឹង​សំណង។ ដូច្នេះ​សំណង​ហ្នឹង​គឺ​ជា​ការ​សង​នូវ​ការ​ខូចខាត នូវ​ការ​បាត់បង់​ប្ដី​របស់​គាត់ តែ​បើ​និយាយ​ពី​ច្បាប់​វិញ ជន​ប្រព្រឹត្ត​នៅតែ​ទទួល​ទោស​ដដែល!»

ជន​រងគ្រោះ​ឈ្មោះ យ៉ែម ឃីម អាយុ ៣៤​ឆ្នាំ កាល​ពី​យប់​ថ្ងៃ​ទី​១៣ ខែ​វិចិ្ឆកា ឆ្នាំ​២០០៩​កន្លង​ទៅ ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​បាញ់​សម្លាប់​ក្នុង​ខណៈ​ពេល​ដែល​គាត់​និង​អ្នក​ភូមិ​មួយចំនួន​ទៀត​ចូល​ទៅ​កាប់​ដើម​ប្រេង​ខ្យល់​ធ្វើ​ឧស​លក់​នៅ​តំបន់​ព្រៃលើ។

អ្នក​ភូមិ​បាន​ចោទ​ប្រកាន់​ថា ក្រុម​មន្រ្តី​រដ្ឋបាល​ព្រៃ​ឈើ​ដែល​យាម​ល្បាត​ក្នុង​តំបន់​ព្រៃ​លើ​ជា​អ្នក​បាញ់​សម្លាប់​ជន​រងគ្រោះ​ឈ្មោះ យ៉ែម ឃីម នោះ៕

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

Why the Police Post and Village chieves play a role as facilitators in such crimes? They should have tried to prosecute the offender, not to facilitate the offender and victim's family.

Jan 19, 2010 11:14 PM

គេហទំព័រ​ទាំងមូល