អាជ្ញាធរ​នៅ​មណ្ឌលគិរី​បង្ក​ការ​លំបាក​ដល់​ពលរដ្ឋ​ក្នុង​ការ​ខ្ចី​ប្រាក់​ពី​ធនាគារ

ប្រជា​ពលរដ្ឋ​នៅ​ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី មាន​ទុក្ខ​កង្វល់​ជា​ខ្លាំង ខណៈ​ភាព​រាំង​ស្ងួត​បណ្ដាល​ឲ្យ​ដំណាំ​ពួក​គាត់​ខូច​ខាត​អស់​ម្ដង​ហើយ​ម្ដង​ទៀត ត្រូវការ​ខ្ចី​ប្រាក់​ពី​ធនាគារ​ទិញ​ពូជ​ដាំ​ដុះ ហើយ​ជួប​ឧបសគ្គ​ដោយ​អាជ្ញាធរ​ភូមិ​ឃុំ​មិន​ចុះ​ហត្ថលេខា​បញ្ជាក់​លើ​ពាក្យ​សុំ​ខ្ចី​ប្រាក់​នោះ។
ដោយ គង់ យុទ្ធនា
2010-05-16
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

តំណាង​សហគមន៍​ភូមិ​អូរស្នែង ឃុំ​ស្រែខ្ទុម ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី បាន​ថ្លែង​ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី​១៧ ខែ​ឧសភា ថា នៅ​ចំពោះ​មុខ​នេះ​មាន​ប្រជា​ពលរដ្ឋ​កំពុង​ត្រូវការ​ប្រាក់​កម្ចី​ពី​ធនាគារ ប៉ុន្តែ​ភាគ​ច្រើន​បំផុត​នៃ​ពលរដ្ឋ​ទាំង​នេះ​មិន​ត្រូវ​បាន​អាជ្ញាធរ​ភូមិ​ឃុំ​ចុះ​ហត្ថលេខា​លើ​លិខិត​ខ្ចី​ប្រាក់​ពី​ធនាគារ​ឲ្យ​ឡើយ។

តំណាង​សហគមន៍​ភូមិ​អូរស្នែង លោក ហ្គស សាលី បាន​រៀបរាប់​ថា អ្នក​ភូមិ​ទាំង​ឡាយ​ណា​ដែល​ព្រម​ផ្ដិត​មេដៃ​ឲ្យ​អាជ្ញាធរ​លើ​ការ​វាស់​បញ្ជាក់​ក្បាល​ដី​ជា​មុន​សិន ទើប​អាជ្ញាធរ​ព្រម​ចុះ​ហត្ថលេខា​លើ​លិខិត​សុំ​ខ្ចី​ប្រាក់​ពី​ធនាគារ​បាន។

លោក ហ្គស សាលី បាន​បញ្ជាក់​ថា ៖ «ក្រុមហ៊ុន រិទ្ធីគិរីសីមា គេ​ធ្វើ​គម្រោង​ដើម្បី​រឹប​អូស​យក​ដី​ធ្លី​នេះ​ទៅ​ធ្វើ​ជា​ដី​សម្បទាន។ ដល់​អ៊ីចឹង​ប្រជា​ពលរដ្ឋ​ភ័យ​ខ្លាច​មិន​ចូលរួម​ធ្វើ​ការ​វាស់វែង​ដី​នេះ​បាន​ទេ! អ៊ីចឹង​ការ​មិន​ចូលរួម អាជ្ញាធរ​ឃុំ​ស្រុក​បាន​ដាក់​គំនាប​យ៉ាង​ធ្ងន់ធ្ងរ ដោយ​មិន​ចុះ​ហត្ថលេខា​លើ​លិខិត​ប្រជា​ពលរដ្ឋ​ត្រូវ​ខ្ចី​លុយ​អេស៊ីលីដា (ធនាគារ)»

មីត វ៉ាន់សូត្រ អាយុ ៤៣​ឆ្នាំ ជា​កសិករ​រស់​នៅ​ភូមិ​អូរស្នែង បាន​ឲ្យ​ដឹង​ថា លោក​ត្រូវការ​ខ្ចី​ប្រាក់​ពី​ធនាគារ​ចំនួន ៣០០០​ដុល្លារ​ដើម្បី​យក​មក​ទិញ​ពូជ​ជី ដាំ​ដំឡូង និង​ថែទាំ​កៅស៊ូ លើ​ផ្ទៃ​ដី​ចម្ការ​ទំហំ ១៧​ហិកតារ ប៉ុន្តែ​ភូមិ​ឃុំ​មិន​ចុះ​ហត្ថលេខា​លើ​លិខិត​ខ្ចី​ប្រាក់។ ករណី​អាជ្ញាធរ​មិន​ចុះ​ហត្ថលេខា​ឲ្យ ដោយសារ​តែ​លោក​មិន​ព្រម​ឲ្យ​អាជ្ញាធរ​ទាំង​នោះ​វាស់​ជំរឿន​ក្បាល​ដី​លំនៅ​ឋាន​របស់​លោក។

កសិករ​ម្នាក់​ទៀត​ឈ្មោះ មាស ខេន រស់​នៅ​ភូមិ​អូរស្នែង ឃុំ​ស្រែខ្ទុម ជាមួយ​គ្នា បាន​បញ្ជាក់​ថា នៅ​ពេល​លោក​កាន់​លិខិត​សុំ​ខ្ចី​ប្រាក់​ទៅ​ឲ្យ​មេ​ឃុំ​បញ្ជាក់​នោះ ពួក​អាជ្ញាធរ​គេ​តម្រូវ​ឲ្យ​លោក​ផ្ដិត​មេដៃ​លើ​ការ​ជំរឿន​ដី​ជា​មុន​សិន​ដែរ ហើយ​លោក​ក៏​បាន​ផ្ដិត​មេដៃ​ឲ្យ​ទៅ ដើម្បី​បាន​ការ​បញ្ជាក់​ពី​ភូមិ​ឃុំ​ខ្ចី​ប្រាក់​ពី​ធនាគារ​យក​មក​ទិញ​ពូជ​ដំឡូង​មី។ ការ​ផ្ដិត​មេដៃ​នោះ​ធ្វើ​ឲ្យ​លោក​បារម្ភ​ខ្លាច​បាត់បង់​ដី​ចម្ការ​ដូច​គ្នា​ដែរ ប៉ុន្តែ​លោក​គ្មាន​ជម្រើស​ផ្សេង។

លោក មាស ខេន បាន​ឲ្យ​ដឹង​ថា ៖ «ខ្ញុំ​ទៅ​ស៊ីញ៉េ ឃុំ​ៗ​អត់​ស៊ីញ៉េ​ឲ្យ ទាល់​តែ​ខ្ញុំ​ផ្ដិត​មេដៃ​រឿង​វាស់​ដី​ហើយ បាន​គេ​ស៊ីញ៉េ គេ​វ៉ៃ​ត្រា​ឲ្យ!»

ចាស់​ទុំ​ភូមិ​អូរស្នែង លោក សុខ យ៉ែម បាន​រិះគន់​ថា អាជ្ញាធរ​បាន​ប្រើ​វិធី​នេះ​ដើម្បី​គាប​សង្កត់​ឲ្យ​អ្នក​ភូមិ​ផ្ដិត​មេដៃ​ឲ្យ​លើ​ការ​ជំរឿន​ក្បាល​ដី ហើយ​អ្នក​ភូមិ​ព្រួយ​បារម្ភ​ពី​ការ​បាត់​បង់​ដី​ចម្ការ នៅ​ពេល​ដែល​ព្រម​ផ្ដិត​មេដៃ​ឲ្យ​គេ​នោះ។

លោក​បាន​រៀបរាប់​បែប​នេះ​ថា ៖ «ធ្លាក់​ភ្លៀង​ទៅ​នាំ​គ្នា​ដាំ​ឡើង​អស់​ដី​រលីង អស់​ទាំង​ពូជ ស្រាប់តែ​រាំង​ដល់ ២០​ថ្ងៃ ងាប់​អស់​រលីង! ទិញ​ពូជ​ដាំ​មួយ​សា​ទៀត អា​ហ្នឹង​នៅ​មាន​លុយ​បន្ត។ ដល់​លើក​ទី​៤ អស់​រលីង ហើយ​ឥឡូវ​ត្រូវតែ​ខ្ចី​ធនាគារ​ដើម្បី​ជា​ពូជ។ ឯ​មេ​ឃុំ​ហ្នឹង​មិន​ចុះ​ហត្ថលេខា!»

មេ​ឃុំ​ស្រែខ្ទុម​មិន​អាច​ទាក់ទង​បាន​ទេ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​ឧសភា។ ដោយឡែក​មេ​ភូមិ​អូរស្នែង លោក ខៀវ សំបូរ បញ្ជាក់​ថា ដរាប​ណា​ប្រជា​ពលរដ្ឋ​មិន​បាន​ឲ្យ​វាស់វែង និង​មិន​បាន​ផ្ដិត​មេដៃ​លើ​ការ​ស្រង់​ទំហំ​ដី​លំនៅ​ឋាន គឺ​មាន​ន័យ​ថា គាត់​មិន​មាន​ដី​ធ្លី​សំអាង​ដល់​ការ​ខ្ចី​ប្រាក់​បាន​ឡើយ ហើយ​ភូមិ​ឃុំ​បាន​ចុះ​ហត្ថលេខា​ឲ្យ​ចំពោះ​តែ​អ្នក​ភូមិ​ដែល​មាន​សំអាង។

លោក ខៀវ សំបូរ បាន​អះអាង​ថា ៖ «៨០%​គ្នា​ខ្វះ​ពូជ​ដាំ ហើយ​វា​ងាប់​អ៊ីចឹង​ណា៎! អាជ្ញាធរ​ថា ឲ្យ​ធ្វើ​ប្លង់​ដើម្បី​នឹង​ឲ្យ​ខាង​អង្គការ​ហ្នឹង​ទទួល​ស្គាល់​ថា យើង​មាន​ប្លង់​ដី​ប៉ុណ្ណេះ​ៗ!»

អ្នក​សម្រប​សម្រួល​អង្គការ​សិទ្ធិ​មនុស្ស អាដហុក ខេត្ត​មណ្ឌលគិរី លោក សម សារិន បាន​ថ្លែង​ថា វា​ជា​រឿង​ពីរ​ផ្ទុយ​គ្នា រវាង​ការ​វាស់​ជំរឿន​ក្បាល​ដី និង​ការ​ខ្ចី​ប្រាក់​ពី​ធនាគារ។ ដូច្នេះ​គួរតែ​អាជ្ញាធរ​ជួយ​ដោះស្រាយ​ដល់​ពួក​គាត់ ប្រសិន​បើ​ពួក​គាត់​មាន​ដី​ធ្លី​រស់​នៅ​ប្រកប​មុខ​របរ​ស្រប​ច្បាប់​ហើយ​នោះ។

នៅ​ទូទាំង​ឃុំ​ស្រែខ្ទុម​មាន​ប្រជា​ពលរដ្ឋ​សរុប ២០៥០​គ្រួសារ មាន​ដី​ចម្ការ​កំពុង​ប្រើប្រាស់​ដាំ​ដុះ​ចំនួន ៨៦៧៥​ហិកតារ។ ការ​ដាំ​ដំណាំ ពិសេស​ដំឡូង​មី នៅ​ដើម​រដូវ​នេះ​បាន​ខូច​ចំនួន​បី​លើក​ហើយ ដោយសារ​ការ​រាំង​ស្ងួត ធ្វើ​ឲ្យ​កសិករ​ជួប​បញ្ហា​ខ្វះ​ទុន​ទិញ​ពូជ​ដំណាំ​ដាំ​ដុះ​បន្ត៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល