ពលរដ្ឋខណ្ឌឫស្សីកែវប្រឈមនឹងបញ្ហាសុខភាពបណ្ដាលមកពីឡានដឹកខ្សាច់
2012.12.15
អ្នកភូមិឡកំបោរ ឲ្យដឹងថា សព្វថ្ងៃនេះមានឡានដឹកខ្សាច់បើកបរឆ្លងកាត់សង្កាត់ស្វាយប៉ាក ជាច្រើនរយឡានក្នុងមួយថ្ងៃៗ បង្កឲ្យមានដីហ៊ុយ ដកដង្ហើមស្ទើរមិនបានថែមទៀត។
ប្រជាពលរដ្ឋរស់នៅភូមិឡកំបោរ លោក វណ្ណ ដារ៉ា នៅថ្ងៃទី១៥ ធ្នូ មានប្រសាសន៍ថា ចាប់តាំងពីមានឡានដឹកខ្សាច់ឆ្លងកាត់ភូមិមក បង្កឲ្យមានផលប៉ះពាល់ជាខ្លាំងចំពោះសុខភាពពលរដ្ឋ ពិសេសកុមារ។ លោកបន្តថា កូនរបស់លោកកើតជំងឺរលាកសួត និងរលាកផ្លូវដង្ហើមរ៉ាំរ៉ៃ ដោយគ្រូពេទ្យពន្យល់ឲ្យលោកនាំកូនទៅរស់នៅតំបន់មានខ្យល់បរិសុទ្ធ ប៉ុន្តែគ្រួសារមិនមានលទ្ធភាពផ្លាស់ទីលំនៅទាល់តែសោះ៖ «ដីដែលដឹកហ្នឹង ធម្មតាជាប់ដានកង់ តាមជញ្ជាំងវា ដល់ពេលច្រើនពេក ដីហ៊ុយមិនហ៊ានទាំងដកដង្ហើម មើលទៅវាងងឹតមុខ កូនអ្នកខ្លះយកទៅពេទ្យកុមារជាតិ និងអ្នកខ្លះទៀត អ្នកខ្លះយកទៅវៀតណាម អីចឹង វាហ៊ុយៗពេកធ្វើឲ្យប៉ះពាល់»។
លោក វណ្ណ ដារ៉ា សូមឲ្យអាជ្ញាធរចាត់វិធានការចំពោះបញ្ហានេះ ព្រោះថាពលរដ្ឋពិតជាពិបាកទ្រាំខ្លាំងណាស់។
ទន្ទឹមនឹងនេះ មន្ត្រីសង្គមស៊ីវិលលើកឡើងថា អាជ្ញាធរមិនត្រូវបណ្តោយឲ្យឈ្មួញដឹកដីបំពុលពលរដ្ឋតទៅទៀតទេ ព្រោះថាការអភិវឌ្ឍណាមួយដែលគំរាមកំហែងដល់ភាពសុខសាន្តរបស់ពលរដ្ឋ ជាការរំលោភសិទ្ធមនុស្ស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។