អាជីវករវៀតណាមជាង១០០នាក់ជួបប្រជុំគ្នានៅកម្ពុជា
2011.08.02
ទីភ្នាក់ងារព័ត៌មានវៀតណាមផ្សាយថា ក្រុមហ៊ុនប្រេងឥន្ធនៈ និងឧស្ម័ន បានចុះកិច្ចសន្យាលក់ផលិតផលគីមី ដូចជា ជីអ៊ុយរ៉េជាដើម តាមរយៈក្រុមហ៊ុនក្នុងស្រុកពីរ គឺក្រុមហ៊ុន ហេង ពេជ្រចាយ នៅក្នុងខេត្តតាកែវ និងក្រុមហ៊ុន ឈុន សុខអាន នៅក្នុងខេត្តកណ្ដាល។
ចូលរួមក្នុងពិធីសម្ពោធចុះកិច្ចព្រមព្រៀងរវាងក្រុមហ៊ុនវៀតណាម និងក្រុមហ៊ុនក្នុងស្រុកទាំងពីរនេះ មានឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន និងឯកអគ្គរដ្ឋទូតវៀតណាម ង៉ោ អាញ់ ហ្ស៊ុង (Ngo Anh Dung)។ ក្រុមហ៊ុនវៀតណាម បានឲ្យដឹងថា តាំងពីបើកការិយាល័យនៅកម្ពុជា ក្នុងឆ្នាំ២០១០ គេបានលក់ជីអ៊ុយរ៉េ ៦.០០០តោន នៅស្រុកខ្មែរ។
ទីភ្នាក់ងារព័ត៌មានវៀតណាមឲ្យដឹងទៀតថា កាលពីសប្ដាហ៍មុន អាជីវករវៀតណាម ដែលមានមុខរបរ ឬក្រុមហ៊ុនរកស៊ីនៅកម្ពុជា ហៅថា វៀតគៀវ (Viet kieu=Overseas Vietnamese) ឬប្រែថា ជនជាតិវៀតណាមក្រៅប្រទេសចំនួនជាង ១០០នាក់ បានជួបជុំគ្នា ក្រោមការរៀបចំនៃស្ថានទូតវៀតណាមប្រចាំកម្ពុជា និងក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ក្រោមអធិបតីភាពរដ្ឋមន្រ្តី ឡេ ដាញ់វិញ (Le Danh Vinh)។
ស្ថិតិផ្សាយដោយរដ្ឋាភិបាលវៀតណាម បង្ហាញថា ជំនួញរវាងប្រទេសទាំងពីរ បានកើនឡើងជាលំដាប់ ហើយនៅឆ្នាំ២០១០ មានទឹកប្រាក់ជិត ២ពាន់លានដុល្លារ។
កាលពីថ្ងៃអាទិត្យ ៣១ កក្កដា រដ្ឋអំណាចកម្ពុជា និងវៀតណាម បានព្រមព្រៀងគ្នា បើកច្រកចេញចូលនៅតាមខេត្តជាប់ព្រំប្រទល់ដែនមួយចំនួនថែមទៀត។ សារពត៌មាន asiaone នៅសិង្ហបុរី ផ្សាយថា ខេត្តក្រចេះ បើកនៅច្រកត្រពាំងស្រែ ចេញចូលច្រក ហួលូ ក្នុងខេត្ត ប៊ិញហ៊្វឹក (Binh Phuoc)។ ច្រកនេះ ជាច្រកទី៥ ក្នុងចំណោមច្រកចេញចូល ៧ គ្រោងនឹងបើក ដែលប្រទេសទាំងពីរចុះកិច្ចព្រមព្រៀងជាមួយគ្នា តាំងពីឆ្នាំ១៩៩៨ រហូតដល់ឆ្នាំ ២០០៥។
ច្រកតាមខេត្តផ្សេងទៀត មានដូចជា ច្រកបាវ៉ិត-ម៉ុកបៃ (ខេត្តស្វាយរៀង និងតៃនិញ), ភ្នំដិន-ធិញប៊ៀន (ខេត្តតាកែវ និង អានយ៉ាង), សាស៊ៀ-ព្រែកចាក (ខេត្តគៀនយ៉ាង លក និង កំពត), សាម៉ាត-ត្រពាំង (ខេត្តកំពង់ចាម និងតៃនិញ)។
នៅប៉ែកឦសាន ច្រក ឡេថាញ់-អូរយ៉ាដាវ, ចាឡាយ និងអណ្តូងពេជ្រ (ខេត្តរតនគិរី), ប៊ូប្រ៉ាង-អូររាំង (ខេត្តមណ្ឌលគិរី និងដាក់ណុង)។
អនុរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនលោក ង្វៀង ង៉ុកហ្ស៊ុង (Nguyen Ngoc Dong) ថ្លែងថាការ បើកច្រកចេញចូល មិនត្រឹមតែសម្រួលនិងពង្រីកជំនួញប៉ុណ្ណោះទេ តែកែលំអសហប្រតិបត្តិការទៀតផង៕