ស្ត្រីមួយរូបនៅខេត្តតាកែវស្លាប់ដោយសារសម្រាលកូនមិនរួច
2011.08.15
កញ្ញា ស៊យ ថារឹទ្ធ អាយុ២៨ឆ្នាំ រស់នៅភូមិលាប ឃុំធ្លាប្រជុំ ស្រុកកោះអណ្ដែត ខេត្តតាកែវ ដែលត្រូវជាប្អូនជីដូនមួយរបស់ស្ត្រីរងគ្រោះឈ្មោះ សៀន ចិន្ដា អាយុ៣២ឆ្នាំ បានរៀបរាប់ឲ្យដឹងនៅថ្ងៃទី១៥ សីហា ថា ស្ត្រីរងគ្រោះជាបងស្រីគាត់បានទៅសម្រាកដើម្បីរង់ចាំសម្រាលកូនទី២ មួយសប្ដាហ៍ហើយ ចាប់តាំងពីថ្ងៃទី៨ ខែសីហា មក បន្ទាប់ពីមានអាការៈឈឺពោះគ្រប់ខែជិតសម្រាល។
កញ្ញាបន្តថា រហូតដល់ថ្ងៃអាទិត្យ ទី១៤ ខែសីហា បងស្រីរបស់គាត់បានឈឺពោះខ្លាំងជិតសម្រាលនោះ គ្រូពេទ្យបានប្រាប់ឲ្យអ្នកជំងឺរង់ចាំ និងធានាអះអាងថាស្ត្រីរងគ្រោះអាចបង្កើតកូនដោយធម្មជាតិបាន រហូតចំនួន៣ម៉ោងកន្លះ នៅថ្ងៃដដែលគ្រូពេទ្យពុំមានវិធានការអ្វីក្រៅពីឲ្យស្ត្រីរងគ្រោះរង់ចាំនោះទេហើយបញ្ហាបានបណ្ដាលបងស្រីរបស់គាត់ស្លាប់ទាំងម្ដាយនិងកូននោះតែម្ដងទៅ ៖ "ព្រឹត្តិការណ៍ថ្ងៃកើតហ្នឹងគឺចំ ថ្ងៃអាទិត្យ គាត់ចាប់ឈឺខ្លាំងមែនទែនហើយ ចូលដល់សាលវះ នៅក្នុងហ្នឹងអត់មានគ្រូពេទ្យទេ ម៉ោង១២ ថ្ងៃត្រង់ ក្នុងថ្ងៃហ្នឹងពេទ្យប្រចាំការអត់មានពាក់ឯកសណ្ឋានពេទ្យត្រឹមត្រូវទេ ស្លៀកពាក់ខោអាវឈុតគេងយប់ ហើយនិងមានអ្នកគ្រូពេទ្យប្រហែលជាពេទ្យស្ដារ ៣-៤នាក់ អត់មាននរណាមកមើលបងខ្ញុំទេ បានត្រឹមតែប្រាប់បងខ្ញុំថា ឲ្យបងខ្ញុំហ្នឹងអង្គុយកន្ថោរ ឬក៏មិនអញ្ចឹងឲ្យបងខ្ញុំដើរតែប៉ុណ្ណឹង ទុកបងខ្ញុំចោលរហូតដល់បងខ្ញុំស្លាប់"។
វិទ្យុអាស៊ី សេរីមិនទាន់អាចទាក់ទងប្រធានមន្ទីរពេទ្យខេត្តតាកែវដើម្បីបកស្រាយចំពោះការចោទប្រកាន់របស់ក្រុមគ្រួសារស្ត្រីរងគ្រោះនោះថាយ៉ាងណានោះទេ។
យ៉ាងណាក៏ដោយស្វាមីរបស់ស្ត្រីរងគ្រោះលោក ឈិត ឈង់ បានថ្លែងថា ពួកគាត់និងធ្វើការពិចារណារកខុសត្រូវចំពោះការបណ្ដែតបណ្ដោយរបស់ក្រុមគ្រូពេទ្យទុកឲ្យភរិយារបស់គាត់ស្លាប់ដោយអយុត្តិធម៌នេះ បន្ទាប់ពីពួកគាត់ធ្វើបុណ្យសពរួចរាល់៕