សង្ខេបមតិយោបល់ប្រិយមិត្តអ្នកស្ដាប់វិទ្យុអាស៊ីសេរីក្នុងឆ្នាំ២០១៤
2014.12.30
ក្នុងរយៈពេលនៃការផ្សាយរបស់វិទ្យុអាស៊ីសេរី (RFA) នៅឆ្នាំ២០១៤ នេះ មានប្រិយមិត្តជាច្រើនបានស្ដាប់ និងចូលមើលព័ត៌មានតាមគេហទំព័រ (Website) និងបណ្ដាញសង្គមហ្វេសប៊ុក (Facebook) នៃវិទ្យុយើង។
ក្រៅពីចូលអានព័ត៌មាន និងទស្សនាវីដេអូ (Video) កម្រងរូបភាព (Slide-show) ប្រិយមិត្តយើងជាច្រើនរាប់សែននាក់ទៀត ក៏បានសរសេរបញ្ចេញមតិយោបល់ផ្ទាល់ខ្លួនចំពោះកម្មវិធីផ្សាយព័ត៌មានរបស់វិទ្យុយើងផងដែរ។
ការបញ្ចេញមតិយោបល់របស់ប្រិយមិត្តក្នុងអំឡុងឆ្នាំ២០១៤ នេះ មានរាប់ម៉ឺនសែន តែប្រិយមិត្តភាគច្រើនបានសរសើរ ហើយខ្លះក៏រិះគន់ ឬបង្អាប់វិទ្យុអាស៊ីសេរី ខណៈប្រិយមិត្តយើងខ្លះទៀត មានសំណូមពរផ្សេងៗនៃកម្មវិធីផ្សាយរបស់យើង។
កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី ដែលមានទិសដៅលើកស្ទួយលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា មានកម្មវិធីផ្សាយព័ត៌មានក្ដៅៗ បទយកការណ៍ បទវិភាគ វេទិកាតុមូល និងកម្មវិធីផ្សេងៗទៀត ដែលប្រិយមិត្តច្រើនលើសលប់កោតសរសើរថា បានផ្សាយព័ត៌មានពិតនិងឯករាជ្យ។
ប្រិយមិត្តដែលដាក់ឈ្មោះថា សុភ័គ បានបង្ហោះមតិរបស់ខ្លួនលើហ្វេសប៊ុក វិទ្យុអាស៊ីសេរី ថែមទាំងដាក់រូបសញ្ញា (Logo) របស់វិទ្យុអាស៊ីសេរីផង សរសេរថា៖ «ខ្ញុំគាំទ្រអាស៊ីសេរី រៀងរហូត ធ្វើឲ្យខ្ញុំយល់ដឹងអំពីបញ្ហាជាច្រើនក្នុងសង្គម»។
បន្ទាប់មក ប្រិយមិត្តឈ្មោះ ម៉ៃ ឆៃម៉ាង សរសេរដោយអក្សរពណ៌ធំៗ អមដោយរូបត្លុកសើចថា «វិទ្យុអាស៊ីសេរី ជាអាវុធបាញ់ចំៗពួកចោរលួចជាតិ»។
ប្រិយមិត្តឈ្មោះ តេស សុខា បានដាក់រូបថតរបស់ខ្លួន មើលទៅជាបុរសអាយុប្រហែល ៣០ឆ្នាំ សរសេរថា៖ «ខ្ញុំសូមគ្រាំទ្រវិទ្យុអាស៊ីសេរី ពេញទំហឹងហ្មង! ព្រោះអីនិយាយការពិត ធ្វើឲ្យខ្ញុំយល់ដឹងច្រើនអំពីបញ្ហាផ្សេងៗនៅក្នុងប្រទេសនិងក្រៅប្រទេស»។
ប្រិយមិត្តដែលដាក់រហស្សនាមថា អ្នកស្រឡាញ់ប្រជាធិបតេយ្យ ក៏មិនខុសគ្នាប៉ុន្មានដែរ គាត់សរសេរថា៖ «ស្តាប់វិទ្យុ RFA អាចយល់ដឹងអ្វីដែលយើងមិនធ្លាប់ដឹង»។
ចំណែកប្រិយមិត្តដាក់ឈ្មោះថា ខ្មែរអង្គរ បានដាក់រូបព្រះពុទ្ធមានពន្លឺព្រះបារមីចែងចាំង អមដោយអក្សរថា៖ «មានវិទ្យុអាស៊ីសេរី ដូចមានពន្លឺមួយដ៏អស្ចារ្យសម្រាប់យើងទាំងអស់គ្នា ហើយអ្វីដែលយើងដឹងគឺដឹងកាន់តែច្បាស់។ អរគុណវិទ្យុ RFA!»។
ស្រី ហេង ក៏អ៊ីចឹងដែរ គាត់ដាក់រូបត្លុកកូនង៉ែតអត់ពាក់អាវ ឈរលាតសន្ធឹងដៃ ថា៖ «គាំទ្រអស់ពីដួងចិត្ត»។ ចំណែក វណ្ណសក្ដិ ណុប បញ្ចេញមតិថា៖ «បើគ្មានអាស៊ីសេរីទេនោះ ខ្ញុំពិតជាមិនបានដឹងពីព័ត៌មានពិតនៅក្នុងស្រុកខ្មែរទេ។ ខ្ញុំគាំទ្រអាស៊ីសេរី»។
ដោយឡែកប្រិយមិត្តមានរហស្សនាមថា មានទ្រព្យ ចាប់អារម្មណ៍លើទំព័រវ៉ឹបសៃថ៍ របស់អាស៊ីសេរី ដោយបានប្រៀបធៀបទៅនឹងវ៉ឹបសៃថ៍ អង្គការសារព័ត៌មានផ្សេងដោយមិនបញ្ចេញឈ្មោះថា៖ «ទំព័រផ្សេងគួរដឹងខ្លួនហេតុអ្វីក៏មិនមានការគាំទ្រដូចនេះ។ ការពិតគឺត្រូវនិយាយពិត នោះទើបអ្នកគាំទ្រចូលចិត្ត»។
ទាក់ទងនឹងទំព័រវ៉ឹបសៃថ៍នេះដែរ វិសាល មកពីភ្នំពេញ ដូចប្រិយមិត្តមុនៗដែរ គាត់មានសំណូមពរឲ្យអាស៊ីសេរី ធ្វើបច្ចុប្បន្នភាពវ៉ឹបសៃថ៍ឲ្យសម្បូរណ៍បែបជាងនេះបន្តិច ទាក់ទងនឹងព័ត៌មានខាងអត្ថបទ និងព័ត៌មានរូបភាព។ វិសាល សរសេរថា៖ «សូមអរគុណចំពោះការប្រកាសផ្សព្វផ្សាយរបស់ RFA ដើម្បីឲ្យអ្នកដែលចង់ស្វែងយល់ចង់ចេះចង់ដឹងបានទទួលនូវព័ត៌មានដ៏សំខាន់ទាំងនេះ។ តែបើបានដាក់ link ភ្ជាប់ទៅប្រភពដើមនៃឯកសារ ឬវីដេអូ កាន់តែល្អ»។
ប្រិយមិត្តជាច្រើនទៀតបានបញ្ចេញមតិប្រហាក់ប្រហែលគ្នា។ ខ្លះសរសេរភាសាអង់គ្លេស ថៃ ខ្មែរ ក្នុងន័យគាំទ្រថា អាស៊ីសេរីជាវិទ្យុឯករាជ្យ និងផ្សាយព័ត៌មានពិតមិនលម្អៀង។
មិនមែនសុទ្ធតែប្រិយមិត្តទាំងអស់ទេ ដែលយល់ថា វិទ្យុអាស៊ីសេរី ល្អនោះ។ ក៏មានប្រិយមិត្តជាច្រើនទៀតមិនពេញចិត្តដែរ។
ជាអាទិ៍ប្រិយមិត្តមានរហស្សនាមថា កូនខ្មែរពីសហរដ្ឋអាមេរិក បានប្រតិកម្មទៅនឹងអត្ថបទមួយចុះថ្ងៃទី២៧ ឧសភា មានចំណងជើងថា "បក្សប្រឆាំងខេត្តតាកែវប្ដឹងទៅគ.ជ.ប.សុំសើរើសន្លឹកឆ្នោត២សន្លឹកដែលចាត់មិនបានការ" ថា អាស៊ីសេរីសរសេរព័ត៌មានដូចកូនក្មេង។ ប្រិយមិត្តកូនខ្មែរ សរសេរថា៖ «ខ្ញុំមិនជឿថា CNRPមិនចេះធ្វើការទេ តែខ្ញុំជឿ RFA ចង់បំពុលច្រើនជាង។ ព្រោះអត្ថបទខ្លះរបស់ RFA បានសរសេរតាមបែបក្មេងលេង គ្មានការថ្លឹងថ្លែង មិនមែនជាលក្ខណៈផ្ដល់ព័ត៌មាន»។
បន្តបន្ទាប់ទៀតប្រិយមិត្តខ្លះបានរិះគន់ថា អាស៊ីសេរីស្ទក់ណាស់ មិនបានបង្ហោះព័ត៌មានក្ដៅៗ លើទំព័រវ៉ឹបសៃថ៍របស់ខ្លួនឲ្យបានទាន់ពេលវេលាទេ។
ប្រិយមិត្តសរសេរថា៖ «ប្រជាពលរដ្ឋភាគច្រើនជឿអាស៊ីសេរី តែអាស៊ីសេរី តែងតែបង្ហោះរឿងយឺតរហូត។ គួរឲ្យស្ដាយ វីដូឌី (VOD) សេន (CEN) លឿនជាងអាស៊ីសេរី។ សូម្បីអត្ថបទបង្ហោះលើវ៉ឹបសៃថ៍ខ្លះក៏មិនត្រឹមត្រូវដែរ រឿងខ្លះមានតែសំឡេង រីឯអត្ថបទសម្រង់សម្ដីប្រភពអត់មាន គួរឲ្យស្ដាយណាស់ចំពោះអាស៊ីសេរី ដែលមានអ្នកយកព័ត៌មានបែបនេះ»។
ទាក់ទងទៅនឹងអត្ថបទវិភាគវិញ ក៏មានប្រិយមិត្តយើងរិះគន់ច្រើនដែរ។ ក្រៅពីនេះប្រិយមិត្តខ្លះបានចោទសួរថា តើវិទ្យុអាស៊ីសេរី ធ្វើការឃោសនាឲ្យបក្សប្រឆាំងមែនឬទេ?
ប្រិយមិត្តដាក់ឈ្មោះ ជនអនាមិក បានប្រតិកម្មទៅនឹងអត្ថបទវិភាគវិទ្យុអាស៊ីសេរី ចុះថ្ងៃទី៣០ មករា ដែលមានចំណងជើងថា "តើមន្ត្រីរាជការអនុវត្តតួនាទីបម្រើរាស្ត្រឬផ្គាប់ចិត្តលោក ហ៊ុន សែន ឬ?” នៅក្រោមចំណងជើង អ្នកយកព័ត៌មានសរសេរថា "នៅកម្ពុជា វាសឹងក្លាយទៅជាប្រពៃណីទៅហើយដែលមន្ត្រីរាជការសាធារណៈមួយចំនួនបានភ្លេចខ្លួនឯងថាជាមន្ត្រីសាធារណៈ បម្រើប្រយោជន៍ប្រជាពលរដ្ឋគ្រប់និន្នាការនយោបាយ។ ក៏ប៉ុន្តែ អ្វីដែលគេមើលឃើញគ្រប់គ្នានោះ គឺពួកគាត់ភាគច្រើនធ្វើការបម្រើគណបក្សកាន់អំណាច និងលើកតម្កើងមេដឹកនាំ ពិសេសគឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយធ្វើទុក្ខទោសប្រជាពលរដ្ឋដែលមិនគាំទ្រគណបក្សប្រជាជនកម្ពុជា ទៅវិញ"។
ចំពោះអត្ថបទនេះ ជនអនាមិក បានចោទសួរអត្ថបទវិភាគថា៖ «រដ្ឋាភិបាល ហ៊ុន សែន ថា អាស៊ីសេរី ធ្វើការបម្រើបក្សប្រឆាំងមែនឬអត់? សូមមើលអត្ថបទនេះ ហើយវិភាគបន្តិចទៅនឹងឃើញហើយ! ទី២ ហ៊ុន សែន បានបញ្ជាឲ្យមន្ត្រីរាជការបម្រើរាស្ត្រ បើពួកគាត់បម្រើរាស្ត្រគឺមានន័យថា ផ្គាប់ចិត្ត ហ៊ុន សែន ព្រោះគោរពតាមបញ្ជា ហ៊ុន សែន បើអ៊ីចឹងចំណងជើងអត្ថបទនេះចង់មានន័យថាម៉េច? ឬក៏កើតជំងឺអាស៊ីសេរី ធ្វើការបម្រើបក្សប្រឆាំងដូចគេថា?»។
ប្រិយមិត្តជាច្រើនចាប់អារម្មណ៍លើ ជំហរ និងខ្លឹមសារព័ត៌មាន។ ដោយឡែក ក្មេងវត្ត៧មករា មកពីវត្តភ្នំ ចាប់អារម្មណ៍លើពាក្យពេចន៍របស់អ្នកយកព័ត៌មានប្រើក្នុងអត្ថបទផ្សាយទៅវិញ។
ក្មេងវត្ត៧មករា បានចាប់អារម្មណ៍លើអត្ថបទមួយមានចំណងជើងថា "ស្ថាប័នរដ្ឋនិងគ្រឹះស្ថានអប់រំខ្លះបិទទ្វារថ្ងៃចូលឆ្នាំចិននិងវៀតណាម"។ ក្នុងអត្ថបទនេះអ្នកយកព័ត៌មានបានប្រើពាក្យ "លំហូរ" ធ្វើឲ្យប្រិយមិត្តឆ្ងល់ ហើយបានសរសេរសួរត្រឡប់វិញថា៖ «ក្នុងអត្ថបទខាងលើអ្នកនិពន្ធបានប្រើពាក្យ លំហូរ តើពាក្យលំហូរស្មើការហូរមែនទេ? ចុះពាក្យលំហុយ ស្មើការដែលហុយ ឬការ ដែលផុយ មែនចោះ?»។
ទោះយ៉ាងណាវិទ្យុអាស៊ីសេរី សូមអរគុណដល់ប្រិយមិត្តទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃសរសេរបញ្ចេញមតិមកកាន់វិទ្យុយើង។ វិទ្យុអាស៊ីសេរី នឹងព្យាយាមឲ្យអស់ពីលទ្ធភាព ចុះផ្សាយមតិយោបល់ប្រិយមិត្តទាំងអស់បន្តទៅទៀត៕