តុលាការ​ឃុំ​ខ្លួន​ជនជាតិ​ចិន ​៣​នាក់​ រឿង​គ្រឿង​ញៀន​ ខណៈ​ ​២​​នាក់​​ទៀត​ត្រូវចាប់ខ្លួន​រឿង​បាញ់​ជនជាតិ​ចិន​ដូច​គ្នា

ហេង រស្មី
2020-10-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សមត្ថកិច្ចចាប់ខ្លួនជនជាតិចិន៣នាក់នៅភ្នំពេញកាលពីថ្ងៃទី១៧-១៨ តុលា ឆ្នាំ២០២០។
សមត្ថកិច្ចចាប់ខ្លួនជនជាតិចិន៣នាក់នៅភ្នំពេញកាលពីថ្ងៃទី១៧-១៨ តុលា ឆ្នាំ២០២០។
រូប៖អគ្គស្នងការនគរបាលជាតិ

តុលាការ​ក្រុង​ភ្នំពេញ​បាន​សម្រេច​ឃុំ​ខ្លួន​ជនជាតិ​ចិន​ចំនួន ​៣នាក់​ដាក់​ក្នុង​ពន្ធនាគារ​ ក្នុង​ទី​ក្រុង​ភ្នំពេញ​ ពី​បទ​ជួញ​ដូរ​ថ្នាំ​ញៀន​ខុសច្បាប់​ ខណៈ​ជនជាតិ​ចិន​ចំនួន​ ២នាក់​ផ្សេង​ទៀត​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​ ក្រោយ​ពី​បាញ់​ជនជាតិ​ចិន​ដូច​គ្នា​ ២​នាក់​អោយ​រង​របួស​។​ មន្ត្រី​សង្គម​ស៊ីវិល​ថា​ វត្តមាន​ជនជាតិ​ចិន​នៅ​កម្ពុជា​ កំពុង​បង្ក​ការ​ព្រួយ​បារម្ភ​ ដល់​សុវត្ថិភាព​ក្នុង​សង្គម។​

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ​បញ្ជាក់​ថា​ អនុរក្ស​ពន្ធនាគារ​ បាន​បញ្ជូន​ជនជាតិ​ចិន​ចំនួន​ ៣​នាក់​ទៅ​ឃុំ​ឃាំង​បណ្តោះ​អាសន្ន​ ដើម្បី​រង់ចាំ​ជំនុំ​ជម្រះ​ទោស​ ពី​បទ​សង្ស័យ​ថា​ ជាប់​ពាក់​ព័ន្ធ​នឹង​ការ​រត់​ពន្ធ​ថ្នាំ​ញៀន​ខុស​ច្បាប់​​ ពី​ក្រៅ​ប្រទេស​ចូល​មក​កាន់​ប្រទេស​កម្ពុជា។​

​អគ្គស្នងការ​រង​នគរ​បាល​ជាតិ​ ​ទទួល​បន្ទុក​គ្រឿង​ញៀន​លោក​ ម៉ក់ ជីតូ​ ប្រាប់​អាស៊ីសេរីថា​ សមត្ថកិច្ច​បាន​ចាប់​ខ្លួន​ជនជាតិ​ចិន​ទាំង ៣​នាក់​ខាង​លើ​ ដាច់​ដោយ​ឡែក​ៗ​ ពី​គ្នា​កាល​ពី​ថ្ងៃ​ទី​១៧​-១៨​ ខែតុលា​កន្លង​ទៅ​នេះ​ ក្រោយ​ពី​មាន​សេច​ក្តី​រាយការណ៍​ថា​ ពួកគេ​បាន​នាំ​យក​គ្រឿង​ញៀន​ឆ្លង​ដែន​ពី​ក្រៅ​ប្រទេស​មក​លក់​ដូរ​នៅ​ក្នុង​ទី​ក្រុងភ្នំពេញ។​

លោក​ថា​ សមត្ថកិច្ច​បាន​រក​ឃើញ​គ្រឿង​ញៀន​ប្រភេទ​ មេតំហ្វេតាមីន​ ចំនួន​ជិត​ ២​គីឡូក្រាម​ ថ្នាំ​គ្រាប់​អ៊ិចស្តាស៊ី​ជិត ​១០០​គ្រាប់​ សរុប​ទឹក​ប្រាក់​ប្រមាណ​ជាង​៥​ម៉ឺន​ដុល្លា​សហរដ្ឋ​អាមេរិក​៖ «​សកម្មភាព​គ្រឿង​ញៀន​ នៅ​សកល​លោក​ហ្នឹង​អត់​មាន​ការ​ថយ​ចុះ​ទេ​ គឺ​ថា​ ការ​ផលិត​ ការ​កែច្នៃ​ ការ​ដឹក​ជញ្ជូន​ ការ​ជួញ​ដូរ​ និង​ការ​ប្រើប្រាស់​ អត់​មាន​ថយ​សោះ​។បាន​ន័យ​ថា​ កន្លែង​ផលិត​ វា​នៅ​តែ​ផលិត​។ប៉ុន្តែ​វា​ស្មុគស្មាញ​ត្រង់​ថា​ គ្រឿង​ញៀន​ វា​ឆ្លង​កាត់​មក​យើង​ជា​ច្រើន​គីឡូ​ទៅ​ហើយ​។នៅ​ពេល​ដែល​ស្ថានភាព​ កូវីដ​ នៅ​តាម​ព្រំ​ដែន​គេ​បិទ​ ជា​ពិសេស​ចរាចរណ៍​ដឹង​ជញ្ជូន​តាម​យន្តហោះ​អត់​មាន​ទេ​ បិទ​ជិត។​ឥឡូវ​ដឹក​តាម​ផ្លូវ​គោក​ និង​ផ្លូវ​ទឹក​ ហើយ​នឹង​មាន​កញ្ចប់​ប្រៃសណីយ៍​ខ្លះ ក៏​មាន​ដែរ»។

សមត្ថកិច្ចចាប់ខ្លួនជនជាតិចិន៣នាក់នៅភ្នំពេញកាលពីថ្ងៃទី១៧-១៨ តុលា ឆ្នាំ២០២០។
សមត្ថកិច្ចចាប់ខ្លួនជនជាតិចិន៣នាក់នៅភ្នំពេញកាលពីថ្ងៃទី១៧-១៨ តុលា ឆ្នាំ២០២០។ រូប៖អគ្គស្នងការប៉ូលិសជាតិ

​​​​ពាក់​ព័ន្ធ​នឹង​ជនជាតិ​ចិន​នេះ​ដែរ ​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ ឯណោះ​វិញ​ សមត្ថកិច្ច​បាន​ចាប់​ខ្លួន​ ជនជាតិ​ចិន​ចំនួន ​២​នាក់​ក្រោយ​ពី​បាន​បាញ់​ជនជាតិ​ចិន​ចំនួន​ ២​នាក់​ផ្សេង​ទៀត​ឲ្យ​រង​របួស​នៅ​ក្នុង​ជម្លោះ​​ពាក្យ​សំដី​គ្នា​។​

ស្នង​ការ​ប៉ូលិស​ខេត្ត​ព្រះ​សីហនុ​លោក​ ជួន ណារិន​ ប្រាប់​អាស៊ីសេរី​ថា​ ហេតុ​ការណ៍​នេះ​បាន​កើត​មាន​ឡើង​ការ​ពី​វេលា​ម៉ោង ​២​ទាប​ភ្លឺ​​ ​កាល​ពី​​ថ្ងៃទី​២២​ តុលា​ នេះ​នៅ​សង្កាត់​លេខ​២ ​ខេត្ត​ព្រះសីហនុ។​

លោក​ជួន ណារិន​ មិន​បាន​បញ្ជាក់​មូល​ហេតុ​ដែល​ឈាន​រហូត​ដល់​ការ​ប្រើ​ប្រាស់​អាវុធ​នោះ​ទេ​។​លោក​ថា​ សមត្ថកិច្ច​កំពុង​បន្ត​នីតិវិធី​របស់​ខ្លួន​ ដើម្បី​សាក​សួរ​ព័ត៌មាន​បន្ថែម​ពី​ជន​ដៃ​ដល់។លោក ជួន ណារិន​ ថា​ សមត្ថកិច្ច​បាន​ស្វែង​ចាប់​ខ្លួន​ជន​សង្ស័យ​ផ្សេង​ទៀត​ នៅ​ក្នុង​ជម្លោះ​រហូត​​ឈាន​ទៅ​រក​ការ​ប្រើ​ប្រាស់​អាវុធ​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​៖ «បាទ​មាន​ការ​ទំនាស់​ទាស់​ទែង​គ្នា។សូម​អធ្យាស្រ័យ​ខ្ញុំ​ជម្រាប​ជូន​ប៉ុណ្ណឹង​ យើង​ហ្នឹង​ស្រាវជ្រាវ​បន្ត​ទៀត​ យើងនឹង​ប្រតិបត្តិ ការណ៍​ភ្លាមៗ​ នៅ​ពេល​ដែល​ យើង​ទទួល​ Hotline ភ្លាម​កម្លាំង​ព្រហ្មទណ្ឌ​នឹង​អន្តរាគមន៍​របស់​នគរ​បាល​ខេត្ត​ចេញ​ ធ្វើ​សកម្ម​ភាព​ យើង​បាន​ឃាត់​ខ្លួន​ជនសង្ស័យ​ភ្លាម​ៗ​ និង​បាន​ដក​ហូត​អាវុធ​ខ្លី​មួយ​ដើម​។​ តែ​ពេល​នេះ​យើង​កំពុង​ធ្វើ​ការ​បន្ត​ទៀត»។

នាយករង​ទទួល​បន្ទុក​ផ្នែក​សិទ្ធិមនុស្ស​នៃ​អង្គការ​លី​កាដូ​លោក​ អំ សំអាត មាន​ប្រសាសន៍​ថា​ វត្តមាន​ជនជាតិ​ចិន​នៅ​កម្ពុជា​ កំពុង​បង្ក​ការ​ព្រួយ​បារម្ភ​ ដល់​សុវត្ថិភាព​ក្នុង​សង្គម​ ជា​ពិសេស​សកម្មភាព​នៃ​ការ​ជួញ​ដូរ​ថ្នាំ​ញៀន និង​ការ​បាញ់​បោះ​ដោយ​សេរី​​៖ «នេះ​ជា​ការ​ព្រួយ​បារម្ភ​មួយ​សម្រាប់​យើង​ពី​ព្រោះ​បញ្ហា​គ្រឿង​ញៀន​នេះ​ វា​បង្ក​អោយ​មាន​ផល​លំបាក​យ៉ាង​ធ្ងន់ធ្ងរ​សម្រាប់​សង្គម​ខ្មែរ​ ជា​ពិសេស​ យុវជន​ ហើយ​នឹង​ម​នុស្ស​ដែល​ជា​ធនធាន​របស់​ជាតិ​យើង​ទៅថ្ងៃ​ក្រោយ​គឺ​ត្រូវ​បំផ្លាញ​ដោយ​គ្រឿង​ញៀន​ហ្នឹង។​អញ្ចឹង​បញ្ហា​ទាំង​អស់​នេះ​ត្រូវ​តែ​មាន​វិធាន​ការណ៍​តឹង​រឹង​បន្ថែម​ទៀត​ទាក់​ទិន​នឹង​ការ​ទប់​ស្កាត់​នៃ​ការ​ជួញ​ដូរ​គ្រឿង​ញៀន​នេះ»។​​​​​​

សមត្ថកិច្ច​ឲ្យ​ដឹង​ថា​ក្នុង​រយៈ​ពេល​ជាង​ ៩​ខែ ​ឆ្នាំ​២០២០​ មាន​ជនជាតិ​ចិន​ជាង​ ២០០​នាក់​ ត្រូវ​ចាប់​ខ្លួន​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ ក្នុង​សំណុំ​រឿង​ផ្សេងៗ​គ្នា​ ពាក់​ព័ន្ធ​នឹង​ការ​រត់​ពន្ធ​ថ្នាំ​ញៀន​ខុស​ច្បាប់​ ចាប់​ជំរិត​ ចោរកម្ម​ និង​ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា ទៅ​លើ​ជនជាតិ​ចិន​ដូ​ច​គ្នា។

នាយកដ្ឋាន​ប្រឆាំង​គ្រឿង​ញៀន​ កាល​ពី​ថ្ងៃ​ទី​១៥​ តុលា​ បាន​ផ្សាយ​នៅ​ក្នុង​គេហទំព័រ​ហ្វេស​ប៊ុក​របស់​ខ្លួន​ថា​ ​កម្លាំង​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​សហការ​ជាមួយ​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​ និង​ខេត្ត​ព្រះ​វិហារ​ បាន​ចាប់​ខ្លួន​ជនជាតិ​ចិន​តៃវ៉ាន់​ ចំ​នួន ​៤​នាក់​នៅ​ក្នុង​ទី​តាំង​ផ្សេងៗ ​គ្នា ក្រោយ​ពី​​បាន​នាំ​យក​គ្រឿង​ញៀន​ពី​ប្រទេស​ឡាវ​ ឆ្លង​ចូល​មក​ប្រទេស​កម្ពុជា​ តាម​ព្រំ​ដែន​ខេត្ត​ព្រះ​វិហារ។​

បុរស​ជនជាតិ​ចិន​ទាំង​ ៤​នាក់​នោះ​មាន​បំណង​នាំ​យក​គ្រឿង​ញៀន​ទាំង​នោះ​មក​លក់​ដូរ​នៅ​ក្នុង​ទៅ​ក្រុង​ភ្នំពេញ​ និង​ខេត្ត​ព្រះ​សីហនុ។​

ក្នុង​ចំណោម​គ្រឿងញៀន​ទាំង​ជាង​២​តោន​នេះ​ មាន​ប្រភេទ​ ហេរ៉ូអ៊ីន (Heroin) ប្រភេទ​មេតំហ្វេតាមីន​ទឹកកក​ (ICE) ប្រភេទ​អ៊ិចស្តាស៊ី​ និង​ញៀន​កេតាមីន​ (Ketamine) ក្រៅ​ពី​នោះ​សារ​ធាតុ​ផ្សំ​ អេតាណុល ​ចំនួន​ ៣៧​ប៊ីដុង​ មាន​ទម្ងន់​ ៧០៣​គីឡូក្រាម។​

តាម​របាយការណ៍​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ បានឲ្យ​ដឹងថា​ នៅក្នុង​ឆមាសទី១ ​ឆ្នាំ​២០២០ ​នេះ​ សមត្ថកិច្ច​កម្ពុជា​បង្ក្រាប​បទល្មើស​គ្រឿងញៀន​បាន​​ចំនួន​ជាង ​៥​ពាន់​ករណី (​៥.៤៦៣​ករណី)​ គឺ​បាន​កើន​ឡើង​​ចំនួន​ជាង​ ១​ពាន់​ករណី (១.២៨៨​ករណី)​ ស្មើ​នឹង​ជាង​ ៣០​ភាគរយ ​(៣០.៨ភាគរយ)​ បើ​ប្រៀប​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ២០១៩​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល