យុវជន លី ចាន់ដារ៉ាវុធ គឺជាសកម្មជនបរិស្ថានវ័យក្មេងមួយរូបក្នុងចំណោមសកម្មជនបរិស្ថានជាច្រើនទៀតដែលត្រូវបានអាជ្ញាធររបបលោក ហ៊ុន សែន ចាប់ឃុំខ្លួនក្នុងពន្ធនាគារព្រៃស ដោយចោទពីបទរួមគំនិតក្បត់។ ផ្ទុយពីការចោទប្រកាន់របស់តុលាការ យុវជនរូបនេះ បានចូលរួមចំណែកជាច្រើនក្នុងកិច្ចការងារបម្រើសង្គម និងការពារភោគទ្រព្យរបស់ជាតិ។ ជាបន្តសូមស្តាប់ជីវប្រវត្តិសង្ខេបរបស់យុវជនរូបនេះដូចតទៅ។
ការធ្វើសកម្មភាពតស៊ូមតិដោយអហិង្សាដើម្បីឲ្យសង្គមកម្ពុជា មានប្រជាធិបតេយ្យពិតប្រាកដ មានយុត្តិធម៌សង្គម លុបបំបាត់អំពើពុករលួយ បញ្ឈប់ការបំផ្លិចបំផ្លាញបរិស្ថាននិងធនធានធម្មជាតិ គឺជាទិសដៅដែលយុវជន លី ចាន់ដារ៉ាវុធ ប្រកាន់យកដើម្បីបម្រើផលប្រយោជន៍សង្គមជាតិ។
យុវជន លី ចាន់ដារ៉ាវុធ មានអាយុ ២២ឆ្នាំ ជាកូនទោលនៅក្នុងគ្រួសារដែលមានជីវភាពសមរម្យ រស់នៅក្នុងរាជធានីភ្នំពេញ។ លី ចាន់ដារ៉ាវុធ បានចូលរៀននៅសាលាបឋមសិក្សា ព្រះនរោត្តម ហើយបន្តការសិក្សានៅសាលាវិទ្យាល័យ ព្រះស៊ីសុវត្ថិ។ គាត់បានក្លាយជាសិស្សពូកែម្នាក់ប្រចាំសាលាវិទ្យាល័យព្រះស៊ីសុវត្ថិ និងធ្លាប់ចូលរួមប្រឡងសិស្សពូកែទូទាំងប្រទេសទៀតផង។
ម្តាយរបស់យុវជន លី ចាន់ដារ៉ាវុធ រៀបរាប់ថា កូនប្រុសរបស់លោកស្រី ជាក្មេងម្នាក់ដែលស្លូតបូត ចូលចិត្តភាពស្ងៀមស្ងាត់ ហើយចូលចិត្តចំណាយពេលរៀនសូត្រ អាន សៀវភៅ និងមានបេះដូងស្រលាញ់សង្គមជាតិតាំងពីតូចមក។ លោកស្រីបន្តថា ដារ៉ាវុធ គឺជាសិស្សពូកែផ្នែកគណិតវិទ្យា រូប និងគីមីវិទ្យា ហើយក្នុងពេលកំពុងរៀននៅថ្នាក់វិទ្យាល័យនោះ គាត់ក៏បានបើកថ្នាក់បង្រៀនគួរក្រៅម៉ោងដល់សិស្សប្អូន និងសិស្សរៀនខ្សោយប្រមាណ ២០នាក់រៀងរាល់ថ្ងៃដោយមិនយកប្រាក់ផងដែរ៖ «គាត់បង្រៀនគួរមុខវិជ្ជាគណិត រូប និងគីមីវិទ្យា។ គាត់បង្រៀនអត់យកលុយទេ ដល់ថ្នាក់ខ្ញុំចង់ដឹងចិត្តគាត់ហើយខ្ញុំថា កូនបង្រៀនគួរអ៊ីចឹង កូន យកលុយ ៥០ % ទៅ តែគាត់ឆ្លើយមកវិញថា អត់ទេម៉ាក់ កុំធ្វើអ៊ីចឹងអី ព្រោះខ្ញុំចង់ចែកចំណេះឲ្យពួកគាត់ កុំទុកចំណេះដឹងម្នាក់ឯង»។
យុវជន លី ចាន់ដារ៉ាវុធ បានបន្តការសិក្សាជំនាញច្បាប់នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅឆ្នាំ២០១៨ ហើយគិតត្រឹមថ្ងៃដែលអាជ្ញាធរចាប់ខ្លួន គឺគាត់នៅជានិស្សិតឆ្នាំទី៤ នៅឡើយ។ ការចាប់យកជំនាញច្បាប់នេះ ព្រោះគាត់មានក្តីប្រាថ្នាចង់ជួយការពារជនទន់ខ្សោយដែលរងគ្រោះដោយអំពើអយុត្តិធម៌ ប៉ុន្តែគំនិតនេះបានជំទាស់នឹងគោលបំណងរបស់ម្តាយដែលចង់ឲ្យគាត់រៀនមុខវិជ្ជាពេទ្យ។ ក្នុងពេលកំពុងសិក្សានៅមហាវិទ្យាល័យឆ្នាំទី១ លី ចាន់ដារ៉ាវុធ បានឆ្លៀតពេលធ្វើជាគ្រូបង្រៀនភាសាអង់គ្លេសផង និងចាប់ផ្តើមចូលធ្វើការងារស្ម័គ្រចិត្តនៅអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជនកម្ពុជា (YRDP) ផង។ បន្ទាប់មក យុវនិស្សិតរូបនេះ បានចូលធ្វើការងារស្ម័គ្រចិត្តរយៈពេលកន្លះឆ្នាំនៅគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ឬហៅកាត់អង្គការខុមហ្វ្រែល (Comfrel) នៅអំឡុងឆ្នាំ២០១៩។ គាត់ក៏បានជាប់ជាបុគ្គលិកពេញសិទ្ធិក្នុងអង្គការមួយនេះដែលមានតួនាទីជាជំនួយការផ្នែកព័ត៌មានរយៈពេលប្រមាណពីរឆ្នាំ។
អ្នកសម្របសម្រួលនៃអង្គការខុមហ្វ្រែល លោក ស៊ិន ទិត្យសីហា ថ្លែងថា យុវជន លី ចាន់តារ៉ាវុធ គឺជាយុវជនឆ្នើមដែលមានចំណេះដឹង និងសមត្ថភាពខ្ពស់ ហើយអាចប្រើភាសាអង់គ្លេសបានយ៉ាងល្អផងដែរ។ លោកបញ្ជាក់ថា ក្នុងពេលធ្វើការជាមួយអង្គការខុមហ្វ្រែល យុវជនរូបនេះ ជាអ្នកកាន់កម្មវិធីសម្របសម្រួលកិច្ចពិភាក្សាអំពីតួនាទីសភា រដ្ឋាភិបាល និងអភិបាលកិច្ច ដែលផ្សាយតាមវិទ្យុ និងផ្សាយផ្ទាល់តាមទំព័រហ្វេសប៊ុក (Facebook) របស់ខុមហ្វ្រែល។ ក្រៅពីនេះ គាត់ចូលរួមផលិតវីដេអូខ្លីៗ ដើម្បីអប់រំប្រជា ពលរដ្ឋអំពីបញ្ហាប្រជាធិបតេយ្យ បញ្ហាសិទ្ធិមនុស្ស ការបោះឆ្នោត និងការចូលរួមរបស់ពលរដ្ឋក្នុងការងារសង្គម និងនយោបាយ ព្រមទាំងជួយការងារសំខាន់ៗ ជាច្រើនទៀតដូចជាចងក្រងអត្ថបទកាសែតជាភាសាអង់គ្លេស និងភាសាខ្មែរទាក់ទងនឹងបញ្ហាប្រជាធិបតេយ្យ និងការបោះឆ្នោតជាដើម៖ «គាត់មានឆន្ទៈចំពោះការងារសង្គម គាត់ស្រលាញ់ការងារសង្គម ហើយគាត់ជាយុវជនម្នាក់ដែលឧស្សាហ៍ ហើយគាត់ចូលចិត្តស្រាវជ្រាវការងារ ឬក៏រៀនសូត្រការងារថ្មីៗ ហើយគាត់មានគំនិតច្នៃប្រឌិតចំពោះការងារ និងងាយស្រួលចាប់បាន។ មួយទៀត គាត់ក្លាហានទទួលយកការងារថ្មីៗ ដែលយើងដាក់ឲ្យគាត់ធ្វើ»។
លោក ស៊ិន ទិត្យសីហា ឲ្យដឹងថា យុវជន លី ចាន់ដារ៉ាវុធ បានសុំលាឈប់ពីអង្គការខុមហ្វ្រែល ហើយទៅធ្វើការស្ម័គ្រចិត្តជាមួយចលនាមាតាធម្មជាតិវិញ បន្ទាប់ពីអាជ្ញាធររដ្ឋាភិបាល ចាប់ខ្លួនអ្នកការពារបរិស្ថាន៣នាក់ដែលជាមិត្តភក្ដិរបស់គាត់ គឺ លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី កាលពីដើមខែកញ្ញា ឆ្នាំ២០២០។ អ្នកសម្របសម្រួលនៃអង្គការខុមហ្វ្រែលរូបនេះ សោកស្តាយដែលអាជ្ញាធររដ្ឋាភិបាល បន្តចាប់ខ្លួនយុវជន លី ចាន់ដារ៉ាវុធ និងអ្នកការពារបរិស្ថានវ័យក្មេងពីរនាក់ទៀតដោយចោទពីបទឧក្រិដ្ឋ ខណៈដែលពួកគាត់ បានចូលរួមចំណែកធ្វើការងារបម្រើផលប្រយោជន៍សាធារណៈជាច្រើន។ លោកបារម្ភថា ការដាក់ទណ្ឌកម្មនេះ នឹងនាំឲ្យប៉ះពាល់ដល់ការសិក្សានិងអនាគតរបស់យុវជនរូបនេះ៖ «គាត់ធ្វើនេះផ្តោតលើបញ្ហាបរិស្ថាន និងធនធានធម្មជាតិ ទាក់ទងនឹងបញ្ហាលូទឹកស្អុយ បញ្ហាបំពុលបរិស្ថាន បញ្ហារំលោភយកទ្រព្យសម្បត្តិ របស់រដ្ឋ ដូចជាបឹង ភ្នំ ជាដើម។ ខ្ញុំគិតថា ការងារនេះគឺការងារមួយជួយប្រាប់ទៅរដ្ឋាភិបាលអំពីចំណុចខ្វះខាត ចំណុចដែលកើតឡើងទាក់ទងនឹងបរិស្ថាន និងធនធានធម្មជាតិ។ ខ្ញុំគិតថា គួរតែមានការលើកទឹកចិត្តចំពោះពួកគាត់ដែលមិនគួរមានការចោទប្រកាន់ទៅលើសកម្មភាពរបស់ពួកគាត់ទាំងអស់នោះទេ ព្រោះយើងដឹងហើយថា គ្នាគាត់មានតែ៥ទៅ៦នាក់ ហើយមើលទៅគាត់គ្មានកម្លាំងឯណាទៅក្បត់ ឬផ្តួលរំលំរដ្ឋាភិបាលទេ»។
លី ចាន់ដារ៉ាវុធ គឺជាយុវជនដែលរួសរាយ មានសីលធម៌ក្នុងការនិយាយស្តី និងចូលចិត្តចែករំលែកចំណេះដឹង ចូលចិត្តស្រាវជ្រាវហើយវក់ជាមួយនឹងការអានសៀវភៅ។ យុវជនរូបនេះ ជាមនុស្សម្នាក់ដែលមិនគិតអំពីផលប្រយោជន៍ផ្ទាល់ខ្លួន ប៉ុន្តែជាប់ចិត្តធ្វើការងារបម្រើផលប្រយោជន៍សង្គម និងការពារភោគទ្រព្យរបស់ជាតិ ហើយស្អប់ខ្ពើមអំពើពុករលួយ និងអំពើអយុត្តិធម៌។ លើសពីនេះ ដោយសារតែគាត់ គឺជានិស្សិតច្បាប់នោះ គ្រប់សកម្មភាព និងការតស៊ូមតិរបស់គាត់ គឺសុទ្ធតែផ្អែកលើមូលដ្ឋានច្បាប់ និងភស្តុតាងដ៏រឹងមាំ។
យុវជន លី ចាន់ដារ៉ាវុធ ធ្លាប់ធ្វើវីដេអូមួយនិយាយអំពីការរំលោភយកដីឆ្នេរសមុទ្រនៅខេត្តព្រះសីហនុ ហើយលោក ក៏បានអំពាវនាវឲ្យរដ្ឋាភិបាល ដោះស្រាយករណីនេះ តាមវិធានការច្បាប់ផងដែរ៖ «ធ្លាប់តែជាឆ្នេរសមុទ្រដ៏ស្រស់ស្អាតលំដាប់ពិភពលោក តែពេលនេះប្រែក្លាយទៅជាឋានសួគ៌នៃទឹកស្អុយដែលហូរចេញពីបង្គន់ ជាឋានសួគ៌ល្បែង និងជាឋានសួគ៌សំរាម។តើបងប្អូនធុញទ្រាន់ និងខឹងទៅលើបញ្ហាទាំងអស់នេះ ដែរឬទេ ? ថ្ងៃនេះ ខ្ញុំសូមបង្ហាញនូវរឿងរ៉ាវមួយទៀតដែលអាចពាក់ព័ន្ធនឹងអំពើនិទ្ទណ្ឌភាព និងអំពើពុករលួយផងដែរ។ វាជារឿងរ៉ាវថ្មីមួយដែលស្ទើរតែមិនមានសារព័ត៌មាន ផ្សាយពីវានោះទេ ។ ការសាងសង់សំណង់អគារនៅលើដីឆ្នេរសមុទ្រ គឺផ្ទុយនឹងច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់ភូមិបាល ហើយត្រូវពិន័យជាទឹកប្រាក់រហូតដល់ ៥០លានរៀល និងត្រូវជាប់ពន្ធនាគាររហូតដល់ ៥ឆ្នាំ។ ប៉ុន្តែក្នុងឆ្នេរឯករាជ្យតែមួយប៉ុណ្ណោះដែលខ្ញុំ បានរាប់គឺមានសំណង់អគារសណ្ឋាគារ និងកាស៊ីណូចំនួន ៥កំពុងសាងសង់»។
អាជ្ញាធររបបលោក ហ៊ុន សែន បានចាប់ខ្លួនយុវជន លី ចាន់ដារ៉ាវុធ និងអ្នកការពារបរិស្ថានវ័យក្មេងពីរនាក់ទៀត កាលពីថ្ងៃទី១៦ ខែមិថុនា ក្នុងពេលពួកគាត់ចុះទៅថតទីតាំងបង្ហូរទឹកស្អុយមួយកន្លែង នៅតាមដងទន្លេក្បែរព្រះបរមរាជវាំង។ តុលាការបានចោទប្រកាន់យុវជន លី ចាន់ដារ៉ាវុធ ពីបទរួមគំនិតក្បត់ ដែលអាចប្រឈមជាប់ពន្ធនាគារដល់ ១០ឆ្នាំ។
ស្ថាបនិកចលនាមាតាធម្មជាតិកម្ពុជា លោក លោក អាឡិចហាន់ដ្រូ ហ្គន់ស្សាឡេស ដេវីដសុន (Alejandro Gonzalez Davidson) ថ្លែងថា យុវជន លី ចាន់ដារ៉ាវុធ បានសុំចូលរួមធ្វើការជាមួយចលនាមាតាធម្មជាតិ នៅខែវិច្ឆិកា ឆ្នាំ២០២០ ក្រោយរបបលោក ហ៊ុន សែន ចាប់ខ្លួនសមាជិកចលនាមាតាធម្មជាតិ ៣នាក់ក្នុងនោះម្នាក់ជាមិត្តស្រីរបស់គាត់ គឺកញ្ញា ភួន កែវ រស្មី។ ទោះជាយ៉ាងណា លោកបញ្ជាក់ថា នៅមុនឆ្នាំ២០២០ យុវជន លី ចាន់ដារ៉ាវុធ ក៏ធ្លាប់ចូលរួមធ្វើវីដេអូខ្លះៗ ជាមួយចលនាមាតាធម្មជាតិដែរក្នុងនាមជាយុវជន និងអ្នកស្រលាញ់ធនធម្មជាតិ និងបរិស្ថាន ជុំវិញការរំលោភឆ្នេរសមុទ្រ និងការបូមខ្សាច់ជាដើម។ លោកកោតសរសើរថា លី ចាន់ដារ៉ាវុធ គឺជាដែលយុវជនឆ្នើម និងមានឧត្តមគតិខ្ពស់កម្របានជួបនៅក្នុងជីវិតរបស់លោក៖ «ដារ៉ាវុធ មានចំណុចពិសេសមួយគឺថា ក្លាហានមែនទែន ហើយឆ្លាត ដែលមិនងាយមានទេ។ ក្នុងចំណោមមួយពាន់នាក់មានតែមួយទេ។ ខ្ញុំចាត់ទុកគាត់ជាគ្រាប់ពេជ្រមួយ ដែលនឹងផ្តល់ផលប្រយោជន៍ដល់ប្រទេសកម្ពុជានៅពេលអនាគត ពេលដែលប្រទេសនេះមានប្រជាធិបតេយ្យ និងសេរីភាពពិតប្រាកដ។ ខ្ញុំជឿថា គាត់ប្រាកដជានឹងមានតួនាទីសំខាន់នៅក្នុងសង្គម អាចជាចៅក្រម អាចជារដ្ឋមន្ត្រី ឬក៏ជានាយករដ្ឋមន្ត្រី ព្រោះគាត់មានភាពវៃឆ្លាតខ្លាំងមែនទែន។ គាត់មានភាពច្នៃប្រឌិត ហើយគាត់ចេះអង់គ្លេសស្ទាត់ជំនាញ។ គាត់ចូលចិត្តរៀន ចូលចិត្តអានពីរឿងដែលកើតឡើង ទាំងក្នុង និងក្រៅប្រទេស ហើយគាត់មានរបៀបធ្វើការអហិង្សាដាច់ខាត់តែម្តង»។
លោក អាឡិច ឲ្យដឹងថា យុវជន លី ចាន់ដារ៉ាវុធ មានបំណងចង់បន្តការសិក្សានៅ ក្រៅប្រទេសដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀតដែរ ប៉ុន្តែលោកសោកស្តាយ ដែលរបបលោក ហ៊ុន សែន ចាប់ឃុំខ្លួនយុវជនទាំងអយុត្តិធម៌បែបនេះ។ ទោះជាយ៉ាងណា ស្ថាបនិកចលនាមាតាធម្មជាតិកម្ពុជារូបនេះ ជឿថា ទង្វើរបស់របបលោក ហ៊ុន សែន មិនអាចបំបាក់ស្មារតីនិងបំផ្លាញក្តីស្រម៉ៃរបស់យុវជនម្នាក់នេះបានឡើយ ហើយថែមទាំងធ្វើឲ្យគាត់កាន់តែរឹងមាំថែមទៀត។
រីឯម្តាយរបស់យុវជន លី ចាន់ដារ៉ាវុធ វិញ លោកស្រីថ្លែងថា លោកស្រីមានមោទនភាពចំពោះការងាររបស់កូន និងអ្នកការពារបរិស្ថានដទៃទៀត ដែលស្រឡាញ់ប្រទេសជាតិលើសពីការស្រឡាញ់ខ្លួនឯង ព្រមទាំងរំភើបចិត្តដែលសហគមន៍ជាតិ និងអន្តរជាតិ ជួយគាំទ្រជាបន្តបន្ទាប់។ លោកស្រីទទូចឲ្យរដ្ឋាភិបាលទម្លាក់បទចោទ និងប្រគល់សេរីភាពជូនពួកគាត់វិញ ព្រោះពួកគាត់គ្មានកំហុសឡើយ៖ «ធម្មតា គាត់ធ្វើការងារនេះ គាត់ហត់នឿយណាស់ ព្រោះវ័យគាត់សុទ្ធតែវ័យនៅរៀន។ គាត់ចំណាយពេលវេលាគ្រប់បែបយ៉ាងសម្រាប់ប្រទេសរបស់គាត់។ ខ្ញុំពេញចិត្តចំពោះការងាររបស់ពួកគាត់ ដែលបារម្ភពីបរិស្ថានជុំវិញពលរដ្ឋ បារម្ភធនធានធម្មជាតិ បារម្ភខ្លាចពលរដ្ឋរស់មិនស្រួល ដោយសារការលិចទឹក ការលុបបឹង និងខា្លចប៉ះពាល់ជីវភាពពលរដ្ឋ។ ខ្ញុំមានមោទនភាពចំពោះពួកគាត់។ ជូនកាលពួកគាត់ ក៏មានសម្ពាធតែគាត់នៅតែប្រឹង»។
បច្ចុប្បន្ននេះ សាធារណៈជនជាតិ និងអន្តរជាតិ កំពុងធ្វើយុទ្ធនាការជាបន្តបន្ទាប់ដើម្បី ជំរុញឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ដោះលែងយុវជនរូបនេះ និងអ្នកការពារភោគទ្រព្យរបស់ជាតិផ្សេងទៀតដែលកំពុងជាប់ឃុំ ព្រោះសកម្មភាពការពារធនធានធម្មជាតិ និងបរិស្ថាន មិនមែនជាបទល្មើសនោះឡើយ។
ងាកទៅយុវជន លី ចាន់ដារ៉ាវុធ វិញ យុវជនរូបនេះ មានក្តីស្រមៃចង់ឃើញប្រទេសកម្ពុជា មាននីតិរដ្ឋ មានយុត្តិធម៌ មានការគោរពសិទ្ធិមនុស្ស មានលទ្ធិប្រជាធិបតេយ្យពេញលេញ និងការអភិវឌ្ឍប្រកបដោយសមធម៌៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។