ប្រវត្តិ​លោក សាយ ឈុំ ប្រមុខ​រដ្ឋ​ស្ដីទី​ដែល​ត្រូវ​លោក ហ៊ុន សែន រុញ​ចេញ​ពី​តួនាទី

ដោយ យ៉ង ចាន់តារា
2024.02.21
ប្រវត្តិ​លោក សាយ ឈុំ ប្រមុខ​រដ្ឋ​ស្ដីទី​ដែល​ត្រូវ​លោក ហ៊ុន សែន រុញ​ចេញ​ពី​តួនាទី លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា។
រូប៖ ហ្វេសប៊ុក​គណបក្សប្រជាជនកម្ពុជា

លោក សាយ ឈុំ នឹង​អស់​តួនាទី​ជា​ប្រធាន​ព្រឹទ្ធសភា​នៅ​ខែ​មីនា​ខាងមុខ​នេះ ដោយសារ​តែ​សម​មិត្ត ហ៊ុន សែន របស់​លោក​បាន​ក្រសោប​យក​តួនាទី​កំពូល​មួយ​នេះ​មក​គ្រប់គ្រង។ តើ​លោក សាយ ឈុំ មាន​ប្រវត្តិ​បែប​ណា?

លោក សាយ ឈុំ គឺជា​ឥស្សរជន​កំពូល​មួយ​រូប​នៃ​គណបក្ស​ប្រជាជន​កម្ពុជា។ លោក​ជា​អនុប្រធាន​គណបក្ស​ផង និង​ជា​អគ្គលេខាធិការ​គណបក្ស​ផង។ លោក​បាន​កាន់​តំណែង​ជា​ប្រធាន​ព្រឹទ្ធសភា​កាលពី​ខែ​មិថុនា ឆ្នាំ​២០១៥ ក្រោយពី​លោក ជា ស៊ីម ដែល​ជា​ប្រធាន​គណបក្ស និង​ជា​ប្រធាន​ព្រឹទ្ធសភា បាន​ទទួល​មរណភាព​ដោយសារ​ជំងឺ។

លោក សាយ ឈុំ កើត​នៅ​ឆ្នាំ​១៩៤៥ នៅ​ខេត្ត​កំពង់ចាម។ លោក​ធ្លាប់​ធ្វើជា​គ្រូបង្រៀន​នៅមុន​សម័យ​ខ្មែរក្រហម។ ក្រោយ​សម័យ​ខ្មែរ​ក្រហម លោក សាយ ឈុំ បាន​លេច​មុខ​មាត់ និង​បំពេញ​តួនាទី​ជាច្រើន មាន​ជា​អាទិ៍ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សា​រដ្ឋមន្ត្រី​ក្នុង​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ឬ​របប ហេង សំរិន ជា​សមាជិក​រដ្ឋសភា ជា​អនុប្រធាន​ព្រឹទ្ធសភា និង​ក្រោយ​មក​ទៀត​ក្លាយជា​ប្រធាន​ព្រឹទ្ធសភា ដែល​ជា​ប្រមុខ​រដ្ឋ​ស្ដីទី​នៅ​ពេល​អវត្តមាន​ព្រះមហាក្សត្រ។

សម្រាប់​ទស្សនៈ​យល់ឃើញ​ពី​គណបក្ស​ប្រជាជន​កម្ពុជា លោក សាយ ឈុំ គឺជា​ឥស្សរជន​មួយ​រូប​ដែល​បាន​ប្រឹងប្រែង​ពង្រឹង​បក្ស លើក​កម្ពស់​អភិបាល​កិច្ច​ល្អ ពង្រឹង​នីតិរដ្ឋ លទ្ធិ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​ការគោរព​សិទ្ធិមនុស្ស ដើម្បី​ចូលរួម​ចំណែក​ការពារ ថែរក្សា​សន្តិភាព ស្ថិរភាព​សង្គម សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គមជាតិ​ទាំងមូល។

ប៉ុន្តែ​សម្រាប់​អ្នក​និយម​ប្រជាធិបតេយ្យ​វិញ លោក សាយ ឈុំ ហាក់​មិន​បាន​សាង​ស្នាដៃ​អ្វី​ជា​ដុំកំភួន​សម្រាប់​ជាតិ​នោះ​ទេ​។ ផ្ទុយ​ទៅវិញ លោក​ជា​ជន​បង្គោល​មួយ​រូប​ដែល​ជួយ​ទ្រទ្រង់​ទង្វើ​រំលោភ​បំពាន​គោលការណ៍​គ្រឹះ​ប្រជាធិបតេយ្យ ដែល​ប្រព្រឹត្ត​ដោយ​លោក ហ៊ុន សែន។

អតីត​សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស​សម រង្ស៊ី លោក សោ ចាន់ដេត បាន​ពណ៌នា​ថា លោក សាយ ឈុំ គឺជា​អ្នកនយោបាយ​ដែល​មាន​ចរិត​ចាស់ទុំ មាន​សីលធម៌​ល្អ និង​ចេះ​ស្ដាប់​ហេតុផល​។ ប៉ុន្តែ​លោក​ថា ចំណុច​អវិជ្ជមាន​របស់​លោក សាយ ឈុំ នោះ គឺ​លោក​ជា​មនុស្ស​យករួចខ្លួន និង​ចាំតែ​អនុវត្ត​តាម​បញ្ជា​របស់​​លោក ហ៊ុន សែន ដើម្បី​រក្សា​អំណាច និង​ទ្រព្យសម្បត្តិ​របស់​ខ្លួន។

លោក សោ ចាន់ដេត៖ «បើ​គាត់​មាន​មនសិការ មាន​ចិត្ត​ចង់​ជួយ​ពិតប្រាកដ ខ្ញុំ​ជឿ​ថា គាត់​អាច​ជួយ​បាន​ច្រើន​។ គាត់​មិន​គួរ​ណា​ទៅ​ចុះ​ហត្ថលេខា​ធ្វើតាម ហ៊ុន សែន ដែល​បំផ្លាញ​សង្គម បំផ្លាញ​ជាតិ​ទេ ធ្វើ​បាប​ប្រជាពលរដ្ឋ​បែប​ហ្នឹង​ទេ​។ អ៊ីចឹង​ក្នុង​ប្រវត្តិសាស្ត្រ ចង់ ឬ​មិន​ចង់ គេ​ថ្កោលទោស វា​ទៅ​ជា​វ៉ៃ​អួ​ទាំងអស់​ជាមួយ​ក្រុម ហ៊ុន សែន។ វា​ទៅជា​លក្ខណៈ​ជ្រោមជ្រែង ការពារ​អំណាច ហ៊ុន សែន រួមគ្នា​បំផ្លាញ​ជាតិ ធ្វើ​បាប​ប្រជាពលរដ្ឋ បំផ្លាញ​ប្រជាធិបតេយ្យ គឺ​ដូច​តែ​គ្នា​ហ្នឹង»

ក្រោម​ការដឹកនាំ​របស់​លោក សាយ ឈុំ ក្នុង​រយៈពេល​ជិត ១០ ឆ្នាំ​មកនេះ ព្រឹទ្ធសភា​ត្រូវ​បាន​គេ​មើលឃើញ​ថា ជា​ស្ថាប័ន​នីតិប្បញ្ញត្តិ​ដែល​ចាំតែ​ប្រថាប់ត្រា​ឱ្យ​លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា​។ ក្នុង​ឋានៈ​ជា​ប្រមុខ​រដ្ឋស្ដីទី លោក សាយ ឈុំ បាន​ចុះហត្ថលេខា​ប្រកាស​ឱ្យ​ប្រើ​ច្បាប់​ជាច្រើន​ដែល​លោក ហ៊ុន សែន បាន​រៀបចំ​ឡើង ដើម្បី​ពង្រឹង​អំណាច​ផ្ដាច់ការ​របស់​លោក និង​ក្រុម​គ្រួសារ ហើយ​ធ្វើ​ឱ្យ​អន្តរាយ​ដល់​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា មាន​ជាអាទិ៍ វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​ដែល​បើកផ្លូវ​ទៅ​រក​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ច្បាប់​គ្រប់គ្រង​ប្រទេស​ក្នុង​ភាព​អាសន្ន និង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ជាច្រើន​លើក​ច្រើនសា។

ទាក់ទង​នឹង​រឿង​អនុម័ត​ច្បាប់​ទាំងនេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មាន​ប្រសាសន៍ថា គេ​មិនអាច​បន្ទោស​លោក សាយ ឈុំ បាន​ទេ ព្រោះ​លោក​បំពេញ​តួនាទី​តាម​អ្វី​ដែល​មាន​ចែង​ក្នុង​ច្បាប់។

វិទ្យុ​អាស៊ីសេរី​មិនអាច​ទាក់ទង​លោក សាយ ឈុំ ដើម្បី​ឆ្លើយតប​រឿង​នេះ​បានទេ គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ។

ទាក់ទង​នឹង​រឿង​ឥទ្ធិពល​វិញ លោក សាយ ឈុំ ដឹកនាំ​ប៉ូល​នយោបាយ​មួយ​ដែល​មិនសូវ​ចេញមុខ តែ​មាន​អំណាច ទ្រព្យធន និង​រចនាសម្ព័ន្ធ​ដ៏​រឹងមាំ​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា​។ គ្រួសារ​របស់​លោក​បាន​ចង​សម្ពន្ធភាព​ប្រទាក់ក្រឡា​គ្នា​យ៉ាង​ជិតស្និទ្ធ​ជាមួយ​គ្រួសារ​មន្ត្រីជាន់ខ្ពស់​មួយ​រូប​ទៀត​នៃ​គណបក្ស​ប្រជាជន​កម្ពុជា គឺ​លោក ឌិត មុន្ទី ដែល​ជា​សមាជិក​គណៈ​អចិន្ត្រៃយ៍​បក្ស និង​ជា​អតីត​ប្រធាន​តុលាការ​កំពូល​ដែល​ចេញ​សាលដីកា​រំលាយ​គណបក្ស​សង្គ្រោះជាតិ កាល​ពី​ចុង​ឆ្នាំ ២០១៧។

កូនប្រុស​របស់​លោក សាយ ឈុំ គឺ​លោក សាយ សំអាល់ ជា​អតីត​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ហើយ​បច្ចុប្បន្ន​ជា​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់។ ភរិយា​របស់​លោក សាយ សំអាល់ គឺ​អ្នកស្រី ឌិត នីតា ជា​កូនស្រី​របស់​លោក ឌិត មុន្ទី។ អ្នកស្រី ឌិត នីតា ជា​អគ្គនាយិកា​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ខេមា និង​ជា​ប្រធាន​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា។ បងប្រុស​របស់​អ្នកស្រី ឌិត នីតា គឺ​លោក ឌិត ទីណា គឺជា​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម។ ដោយឡែក​បងស្រី​របស់​លោក សាយ សំអាល់ គឺ​អ្នកស្រី សាយ សំអាត វិញ អ្នកស្រី​គឺជា​អគ្គទេសាភិបាល​រង​នៃ​ធនាគារជាតិ។ ស្វាមី​របស់​អ្នកស្រី សាយ សំអាត គឺ​លោក ធន់ វឌ្ឍនា គឺជា​នាយក​វិទ្យាស្ថាន​ជាតិ​កសិកម្ម​ព្រែកលៀប ដែល​ចំណុះ​ឱ្យ​ក្រសួង​កសិកម្ម​របស់​លោក ឌិត ទីណា។

ថ្វីបើ​លោក សាយ ឈុំ បាន​រៀបចំ​ឱ្យ​កូនៗ​របស់​លោក​មាន​តួនាទី​គ្រាក់ៗ​ក្នុង​ជួរ​រដ្ឋាភិបាល​ក៏​ពិត​មែន ប៉ុន្តែ​អំណាច​កំពូល​របស់​លោក​នឹង​ឈាន​ដល់ទី​អវសាន នៅ​ត្រឹម​ខែ​មីនា​នេះ ដោយសារ​សមមិត្ត ហ៊ុន សែន របស់​លោក បាន​រុញ​លោក​ចេញ​ដើម្បី​ក្រសោប​យក​តួនាទី​ជា​ប្រធាន​ព្រឹទ្ធសភា ដែល​មាន​ឋានៈ​ជា​ប្រមុខ​រដ្ឋ​ស្ដីទី។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន អះអាង​ថា លោក សាយ ឈុំ និង​លោក ហ៊ុន សែន មិន​មាន​ទំនាស់​នឹង​គ្នា​នោះ​ទេ ជុំវិញ​តំណែង​ប្រធាន​ព្រឹទ្ធសភា​នេះ។ លោក​បញ្ជាក់​ថា លោក សាយ ឈុំ ជា​អ្នក​សុំលាលែង​ដោយ​ខ្លួនឯង។

លោក សុខ ឥសាន៖ «សម្ដេច សាយ ឈុំ លោក​បាន​ប្រកាស​នៅ​ក្នុង​សន្និបាត​គណៈកម្មាធិការ​កណ្ដាល​ថា លោក​មាន​អាយុ​ជ្រេ​បន្តិច​ទៅ​ហើយ អ៊ីចឹង​លោក​សុំ​សម្រាក​ពី​ការងារ។ អ៊ីចឹង​ជា​ឆន្ទៈ​របស់​លោក​ផ្ទាល់​ទេ អត់​មាន​នរណា​ដក ឬមួយ​ផ្ទេរ​អ្វី ក្រៅពី​ការសម្រេចចិត្ត​ដោយ​ផ្ទាល់​ខ្លួន​របស់​លោក​ទេ»

ការ​អះអាង​របស់​តំណាង​គណបក្សកាន់អំណាច​នេះ គឺជា​រឿង​មួយ​ដែល​គេ​ពិបាក​នឹង​ជឿ​បាន ពីព្រោះ​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​ប្រវត្តិ​ជា​អតីត​កម្មាភិបាល​ខ្មែរក្រហម និង​ជា​ជន​កុម្មុយនិស្ត​ផង​នោះ ភាគច្រើន​ជា​មនុស្ស​ស្រឡាញ់​អំណាច និង​កាន់​តួនាទី​រហូត​ដល់​ទទួល​មរណភាព។ ករណី​ចាក​ចេញពី​តំណែង​របស់​លោក សាយ ឈុំ នេះ ទំនងជា​ស្ថិត​ក្នុង​ហេតុផល​ពីរ​យ៉ាង​សំខាន់ គឺ​ទីមួយ លោក​អាច​រង​ការ​បង្ខិតបង្ខំ​ពី​លោក ហ៊ុន សែន ឬមួយ​ក៏​ទី​ពីរ លោក​សុខចិត្ត​លះបង់​តួនាទី​នេះ ដើម្បី​ឱ្យ​កូនៗ​របស់​លោក​អាច​រក្សា​តួនាទី​គ្រាក់ៗ​ក្នុង​រដ្ឋាភិបាល​បន្ត​ត្រកូល ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត។

យ៉ាងណា​ក៏​ដោយ​ចុះ ក្រោយ​ពី​អស់ពី​តួនាទី​ជា​ប្រធាន​ព្រឹទ្ធសភា​នេះ លោក សាយ ឈុំ នឹង​ទៅកាន់​តំណែង​ជា​ឧត្ដម​ទីប្រឹក្សា​ព្រះមហាក្សត្រ ដូចគ្នា​នឹង​លោក ស ខេង លោក ទៀ បាញ់ និង​អ្នកស្រី ម៉ែន សំអន យ៉ាង​ដូច្នេះ​ដែរ ដែល​ជា​តួនាទី​គ្មាន​អំណាច ហើយ​បន្ត​ស្ថិត​ក្រោម​បង្គាប់​របស់​លោក ហ៊ុន សែន ដដែល។ នៅ​ពេល​នោះ លោក សាយ ឈុំ ប្រហែលជា​នឹង​លែង​សូវ​ចេញមុខ​ច្រើន​ជា​សាធារណៈ​ដូច​មុន​ទៀត​ហើយ ប៉ុន្តែ​កេរ្តិ៍ឈ្មោះ​របស់​លោក​អាច​នឹង​ជាប់​ក្នុង​ប្រវត្តិសាស្ត្រ​ថា លោក​ជា​បុគ្គល​មួយ​រូប​ដែល​រួមចំណែក​ក្នុង​ការ​បំផ្លាញ​គោលការណ៍​គ្រឹះ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក ហ៊ុន សែន និង​លោក សេង សារី បន្ត​ឆ្លើយឆ្លង​គ្នា​លើ​បណ្ដាញ​សង្គម​ពាក់ព័ន្ធ​សារ​បែក​ធ្លាយ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។