ពលរដ្ឋកម្ពុជាមួយចំនួនកំពុងរងការវាយប្រហារពី​មេរោគ Ransomware

ដោយ សន ចាន់រដ្ឋា
2018-11-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ផ្ទាំងកម្មវិធី​មេរោគ WannaCry Ransomware ដែលប្រាប់ជនរងគ្រោះ​នូវ​តម្លៃ​ដែលត្រូវបង់ដើម្បី​ទទួលបាន​ឯកសារ​ត្រឡប់មកវិញ។
ផ្ទាំងកម្មវិធី​មេរោគ WannaCry Ransomware ដែលប្រាប់ជនរងគ្រោះ​នូវ​តម្លៃ​ដែលត្រូវបង់ដើម្បី​ទទួលបាន​ឯកសារ​ត្រឡប់មកវិញ។
រូបពីបណ្តាញសង្គមហ្វេសប៊ុក

ពលរដ្ឋ​កម្ពុជា​មួយ​ចំនួន​​ដែល​និ​យម​​​ទាញយក​កម្មវិធី​កុំព្យូទ័រ​ពី​លើ​អ៊ីនធឺណិត ជា​ពិសេស​តាម​រយៈ​កម្មវិធី Torrent ​​ ដើម្បី​យក​មក​ដំឡើង​លើម៉ាស៊ីន​របស់​ខ្លួន​ បាន​​​ក្លាយ​​ខ្លួន​​ជាជ​ន​​រង​គ្រោះ​បច្ចេកវិទ្យា​។ នា​ពេល​ថ្មីៗ ពលរដ្ឋ​កម្ពុជាមួយ​ចំនួន​បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​ពួកគេ​ថា ឯកសារ​ទាំង​អស់​នៅ​លើ​កុំព្យូទ័រ​របស់​ពួកគេ​ត្រូវ​បា​​ន​មេរោគ​អ៊ីនធឺណិត​ ចាក់សោ​ជាប់ និង​ទាមទារ​ឱ្យ​ពួក​គេ​បង់​ប្រាក់​ក្នុង​ចំនួន​មួយ​ដ៏​ច្រើន​ ដើម្បី​ទទួល​បាន​ឯកសារ​មក​វិញ។

ប្រភេទ​មេរោគ​ដែល​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​បាន​លើកឡើង​មក​នោះ​ ​គឺជា​ប្រភេទ​មេរោគ​អ៊ីនធឺណិត​ម្យ៉ាង​ហៅ​ថា​ Ransomware។ ​មេរោគ​ប្រភេទ​នេះ​ព្យាយាម​រារាំង​អ្នកប្រើប្រាស់​ ​មិន​អោយ​ចូល​ទៅ​ប្រើប្រាស់​ឯកសារ​របស់​ខ្លួនឯង​បាន​។​
ពពួក​មេរោគ​ Ransomwareត្រូវបាន​គេ​ប្រទះឃើញ​ដំបូង​នៅក្នុង​អំឡុង​ឆ្នាំ ១៩៨៩ ។ ​កាល​ណោះ​ជនរងគ្រោះ​ដោយសារ​មេរោគ​ប្រភេទ​នេះ​ ត្រូវ​បង់ប្រាក់​ទៅ​ឱ្យ​ឧក្រិដ្ឋ​ជន​បច្ចេកវិទ្យា​តាមរយៈ​ការផ្ញើ​សំបុត្រ​ ​ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ ជនរងគ្រោះ​បច្ចេកវិទ្យា​ត្រូវ​បង់ប្រាក់​តាមរយៈ​រូបិយប័ណ្ណ​អេឡិកត្រូនិក ​ឬ​ក្រេដីត​កាត ​( Credit Card )​


ជនរងគ្រោះ​ដោយសារ​ពពួក​មេរោគ​ ransomwareម្នាក់​ លោក​ ​ភោគ ​សារិទ្ធ ​បាន​ឱ្យ​អាស៊ី​សេរី​ដឹង​ថា​ ​កុំព្យូទ័រ​របស់​លោក​បាន​ឆ្លង​ពពួក​មេរោគ​នេះ​ ​បន្ទាប់ពី​លោក​បាន​ដំឡើង​កម្មវិធី​ដែល​បាន​ទាញ​យក​ពី​លើ​អ៊ីនធឺណិត​។ ​លោក​ថា​ ​ក្នុង​កញ្ចប់​ដែល​ទាញ​យក​មក​នោះ​ ​មាន​កម្មវិធី​ Crackឬ​ Patchដែល​អាច​ជួយ​ឱ្យ​លោក​អាច​ប្រើ​កម្មវិធី​កុំព្យូទ័រ​បាន​ ​ដោយ​មិន​ចាំបាច់​បង់ប្រាក់​។

phork-sarith-status


លោក​ ​ភោគ ​សារិទ្ធ ​រៀបរាប់​បន្ថែម​ថា​ ​បន្ទាប់ពី​លោក​បាន​ដំឡើង​កម្មវិធី​ហើយ​ ពពួក​មេរោគ​ទាំងនោះ​បាន​បម្លែង​ឯកសារ​ទាំងអស់​នៅក្នុង​ម៉ាស៊ីន​ របស់​លោក​ ​ទៅ​ជា​ប្រភេទ​ឯកសារ​ផ្សេង​ ​ដែល​ធ្វើឱ្យ​លោក​មិន​អាច​បើក​ឯកសារ​ទាំងអស់​នោះ​សម្រាប់​ប្រើប្រាស់​បាន​។

“វា​បម្លែង​ File (ឯកសារ​ក្នុងកុំព្យូទ័រ) របស់​យើង​ហ្នឹង​ទៅជា Extension (សម្គាល់​ប្រភេទ​ឯកសារ) ផ្សេងៗ​អញ្ចឹង​ទៅ ហើយ File របស់​យើង​ទាំង​មូល​របស់​ក្នុង​កុំព្យូទ័រ​ហ្នឹង​គឺ​យើង​មិន​អាច​ប្រើប្រាស់​បាន​ទេ ទាល់​តែ​យើង​បង់លុយ​ឱ្យ Ransomware ហ្នឹង​ទើប​គេ​ដោះ គេ​ហៅ​ថា Decryption (បម្លែង​ឱ្យ​មក​ធម្មតា​វិញ) អោយ​យើង​ប្រើប្រាស់ File ហ្នឹង​វិញ​បាន ។ គេ​ទារ​ចំនួន ប្រាំ​រយ​ដុល្លារ (៥០០) ដើម្បី​ជា​ស្នង​នូវ​ការ​ Decrypted ឯកសារ​របស់​យើង​មក​វិញ។ ប៉ុន្តែ​ត្រង់​ចំណុច​ហ្នឹង​ដែរ​ គឺ​គេ​បាន​Recommend (ឱ្យ​យោបល់​)ថា ទោះបី​ជា​យើង​បង់​លុយ​ហើយ ក៏​គេ​មិន​អាច​យក File របស់​យើង​មក​វិញ​បាន​ដែរ វា​គ្រាន់​តែ​ជា​ល្បិច​បោកប្រាស់ ហើយ File របស់​យើង​អាច​នឹង​ខូច ឬ​បាត់​បង់​រហូត​”


លោក​ ​ភោគ ​សារិទ្ធ ​បន្ថែម​ថា​ការ​ដែល​ពពួក​មេរោគ​ ransomwareអាច​មាន​ឱកាស​វាយប្រហារ​កុំព្យូទ័រ​របស់​លោក​បាន​ ​អាច​ដោយសារតែ​លោក​មិន​បាន​ប្រើប្រាស់​កម្មវិធី​ដែល​ ​ទិញ​អាជ្ញាប័ណ្ណ​ពី​ក្រុមហ៊ុន​ត្រឹមត្រូវ​ និង​ជាពិសេស​លោក​មិន​បាន​ប្រើប្រាស់​កម្មវិធី​កំចាត់​មេរោគ​ ​នៅក្នុង​កុំព្យូទ័រ​របស់​លោក​។


តែ​ទោះយ៉ាងណា​ ​លោក​ ​មិន​បាន​បាត់បង់​ឯកសារ​ទាំងស្រុង​នោះ​ទេ ​ដោយសារតែ​លោក​បាន​ចម្លង​ឯកសារ​របស់​លោក​មួយចំនួន​ ​ទៅ​ទុក​នៅក្នុង​ឧបករណ៍​ផ្ទុក​ឯកសារ ​ឬ​ហៅ​ថា​ External Hard Drive ។​


គឺ​ខ្ញុំ​បាន​រៀប​ចំ​ទុក​មុន​ ដូចជា​យើងបាន​ចម្លង​ឯកសារទៅកាន់​ Hard Disk / Hard Drive (ឧបករណ៍​ផ្ទុក​ឯកសារ​) ដទៃ​ទៀត​អញ្ចឹង ទោះបី​ខ្ញុំ​ខូច​អា​ហ្នឹង​អញ្ចឹង ខ្ញុំ​នៅ​មាន​ទិន្នន័យ​របស់​ខ្ញុំ​ដដែល​ ព្រោះ​ខ្ញុំ​បាន​ត្រៀម​ទុក​មុន​នូវ​បញ្ហា​ហ្នឹង ហើយ​បើ​ខ្ញុំ​មិនបាន​ BackUp វិញ​គឺ​វា​ប៉ះពាល់​ដល់​ខ្ញុំ​ច្រើន ដូចជា​ការងារ​ដែល​ខ្ញុំ​បាន​ធ្វើ​ពីដើម​មក មក​ទល់​សព្វថ្ងៃ​បី​បួន​ឆ្នាំ​អញ្ចឹង​ទៅ គឺ​ឯកសារ​របស់​ខ្ញុំ​នៅ​ក្នុង​កុំព្យូទ័រ​គឺ​ត្រូវ​បាត់​បង់​ទាំង​អស់


ស្រដៀង​គ្នា​នេះ​ដែរ​ ជនរងគ្រោះ​ដោយសារ​ពពួក​មេរោគ​ Ransomwareម្នាក់​ទៀត​គឺ​លោក​ ​បូ ​ពិសិដ្ឋ​ ​ឱ្យ​អាស៊ី​សេរី​ដឹង​តាមរយៈ​សារ​លើ​ហ្វេសប៊ុក​ថា​ ​កុំព្យូទ័រ​របស់​លោក​បាន​ឆ្លង​មេរោគ​នេះ​ ​បន្ទាប់ពី​លោក​បាន​ដំឡើង​កម្មវិធី​មួយ​ឈ្មោះ​ថា​ Internet Download Managerពីលើ​អ៊ីនធឺណិត​តាមរយៈ​កម្មវិធី​មួយ​ឈ្មោះ​ថា​ Torrent ។ ​លោក​បន្ថែម​ថា​ ​មេរោគ​នេះ​បាន​បំលែង​រាល់​ឯកសារ​របស់​លោក​ទាំងអស់​ ធ្វើឱ្យ​លោក​មិន​អាច​បើក​ឯកសារ​ទាំងអស់​នោះ​មក​ប្រើប្រាស់​បាន​។

bo-piseth-status-on-facebook


សម្រាប់​លោក​ ​បូ ​ពិសិដ្ឋ​ ​ក្រុម​ឧក្រិដ្ឋ​ជន​បច្ចេកវិទ្យា​តម្រូវឱ្យ​លោក​បង់ប្រាក់​ចំនួន​ ​ប្រាំមួយ​រយ​ដុល្លារ​ ​ដើម្បី​ជា​ថ្នូរ​នឹង​ការបាន​ឯកសារ​ត្រឡប់​មក​ធម្មតា​វិញ​។ ​លោក​ ​បូ ​ពិសិដ្ឋ​ ​បាន​ចំណាយ​ពេល​ ​ពីរ​ថ្ងៃ​ក្នុង​ការស្វែងរក​អ្នក​ផ្សេង​ឱ្យ​ជួយ​ ​ប៉ុន្តែ​មិន​មាន​ដោះស្រាយ​ ​ទើប​លោក​សម្រេចចិត្ត​ ​ដំឡើង​កម្មវិធី​ម៉ាស៊ីន ​ឬ​វីន​ដូ​ថ្មី ​ដោយ​លុបចោល​រាល់​ឯកសារ​ ​ទាំងអស់​ ​រួមទាំង​ឯកសារ​មេរៀន​ រយៈពេល​បី​ឆ្នាំ​ របស់​លោក​ផងដែរ​។


មិន​មែន​តែ​លោក​ ​បូ ​ពិសិដ្ឋ​ ​និង​លោក​ ​ភោគ ​សារិទ្ធ​ទេ ​ដែល​បាន​ជួបប្រទះ​បញ្ហា​នេះ​ ​នៅ​មាន​ពលរដ្ឋ​ខ្មែរ​ជាច្រើន​នាក់​ផ្សេងទៀត​ ​ក៏​ត្រូវបាន​ពពួក​មេរោគ​ Ransomwareនេះ​ ​ចាក់សោរ​ឯកសារ​របស់​ពួកគេ​ផងដែរ​។ ​ការវាយប្រហារ ​ដោយ​បម្លែង​ឯកសារ​របស់​ជនរងគ្រោះ​ទៅ​ជា​ឯកសារ​ផ្សេង​នេះ​ ​គឺជា​ទម្រង់​មួយ​ ក្នុង​ចំណោម​ពពួក​មេរោគ​ Ransomwareដែល​កំពុង​ពេញនិយម​នៅលើ​សាកលលោក​នា​ពេល​បច្ចុប្បន្ន​នេះ​។


ពពួក​មេរោគ​ Ransomware ​ទាំង​នេះ​ត្រូវបាន​បង្កើត​មក​មាន​ទម្រង់​នៃ​ការវាយប្រហារ​ និង​វិធី​នៃ​ការរក​ប្រាក់​ផ្សេង​ៗ​គ្នា​ ​ប៉ុន្តែ​បើ​ទោះបីជា​ពពួក​មេរោគ​ទាំងនេះ​ ​ចេញ​មក​មាន​ទម្រង់​ខុសគ្នា​យ៉ាង​ក្តី​ ​ក៏​ពពួក​មេរោគ​នេះ​មាន​ចំណុច​ដូចគ្នា​មួយ​គឺ​ ​ការតម្រូវឱ្យ​ជួញដូរ​ ​ដើម្បី​ទទួលបាន​ដំណោះស្រាយ​ត្រឡប់​មកវិញ​។


ក្រុមហ៊ុន​បច្ចេកវិទ្យា​ដ៏​ធំ​របស់​អាមេរិក​ ​គឺ​ក្រុមហ៊ុន​ ​ម៉ៃ​ក្រូសូហ្វ ​( Microsoft ) ​បាន​ចុះផ្សាយ​នៅលើ​គេហទំព័រ​របស់​ខ្លួន​ថា​ ពពួក​មេរោគ​ Ransomwareទាំង​នេះ​អាច​បញ្ជូន​មេរោគ​មកកាន់​ជនរងគ្រោះ​តាមរយៈ​ ​សារ​អេឡិចត្រូនិច ​ឬ​អ៊ីមែល ​និង​តាមរយៈ​គេហទំព័រ​ដែល​អ្នក​ចូល​ទស្សនា ​ឬ​តាមរយៈ​កម្មវិធី​ដែល​អ្នក​ទាញ​យក​មក​ដំឡើង​លើ​ម៉ាស៊ីន​កុំព្យូទ័រ​។


ក្រុមហ៊ុន​ ​ម៉ៃ​ក្រូសូហ្វ​ក៏​បាន​បង្ហាញ​អំពី​វិធី​ចំនួន​បួន​ ​ដើម្បី​ការពារ​កុំព្យូទ័រ​ និង​ឯកសារ​របស់​អ្នកប្រើប្រាស់​ពី​ការវាយប្រហារ​របស់​ពពួក​មេរោគ​ ransomware ។ ​វិធី​ការពារ​ទាំងនោះ​រួមមាន​ ​ការចម្លង​ឯកសារ​ដែល​សំខាន់​ ​ទៅ​រក្សាទុក​នៅលើ​ឧបករណ៍​ផ្ទុក​ឯកសារ​ពីរ​ផ្សេង​គ្នា​ ​ការដំឡើង​កម្មវិធី​ប្រើប្រាស់​ក្នុង​កុំព្យូទ័រ​ និង​ប្រព័ន្ធ​ប្រតិបត្តិ​កុំព្យូទ័រ​ទៅ​ជំនាន់​ចុងក្រោយ​ ​។ ​បន្ថែម​ពីលើ​នេះ​ ​បង្រៀន​ដល់​បុគ្គលិក​របស់​ខ្លួន​ឱ្យ​ស្វែងយល់​អំពី​ការវាយប្រហារ​តាមរយៈ​ការបោក​បញ្ឆោត​ឱ្យ​ចុច​លើ​តំណ​ភ្ជាប់​ក្លែងក្លាយជា​ដើម​ និង​កំណត់​លើ​ការ ​ដំណើ​ការ​ទៅកាន់​ឯកសារ​ ​នៅក្នុង​ម៉ាស៊ីន​ ​ដែល​វិធី​នេះ​អាច​បញ្ឈប់​ពពួក​មេរោគ​ ransomwareមិន​ឱ្យ​បម្លែង​ឯកសារ​របស់​អ្នក​ សម្រាប់​ជម្រិត​ទារ​ប្រាក់​បាន​៕

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល