វិធី​ចិញ្ចឹម​ជ្រូក​សាច់​សម្រាប់​លក់​របស់​កសិករ​នៅ​ខេត្ត​កំពង់ស្ពឺ

ដោយ ជិន ជេដ្ឋា
2017.04.02
ចិញ្ចឹម​ជ្រូក កំពង់ស្ពឺ ២០១៧ ១៤៤០ រោង​ចិញ្ចឹម​ជ្រូក​របស់​កសិករ​ចិញ្ចឹម​ជ្រូក​នៅ​ភូមិ​ចំបក់ ឃុំ​វល្លិស ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ។ រូបថត​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០១៧។
RFA/Chin Chetha

ចំនួន​កសិករ​ចិញ្ចឹម​ជ្រូក​សាច់​ខ្នាត​តូច និង​មធ្យម​តាម​គ្រួសារ​នៅ​ជនបទ មាន​ការ​ថយ​ចុះ ដោយ​គេ​សង្កេត​ឃើញ​ថា កសិករ​ខ្វះ​បច្ចេកទេស​ចិញ្ចឹម និង​ពេល​ខ្លះ​ជួប​បញ្ហា​ទីផ្សារ​លក់​ចេញ បណ្ដាល​ឲ្យ​ពួក​គេ​ខាតបង់​ប្រាក់​យ៉ាង​ច្រើន ហើយ​បង្ខំ​ចិត្ត​បោះបង់​មុខ​របរ​នេះ​ចោល។ ប៉ុន្តែ​កសិករ​ខ្លះ​នៅ​ក្រាញ​ននៀល​បន្ត​ចិញ្ចឹម​ជ្រូក ហើយ​ទទួល​បាន​ជោគជ័យ​លើ​ការ​ចិញ្ចឹម ធ្វើ​ឲ្យ​គ្រួសារ​មាន​ជីវភាព​ធូរធារ។

ជិត ២០​ឆ្នាំ​ហើយ​ដែល​កសិករ​នៅ​ភូមិ​ចំបក់ ឃុំ​វល្លិស ស្រុក​សំរោងទង លោក ឡេង សុខគា ចាប់​យក​មុខ​របរ​ចិញ្ចឹម​ជ្រូក​ក្រោយ​លោក​ឈប់​រៀន ដោយ​ប្រឡង​ធ្លាក់​ថ្នាក់​ទី​១២ ឬ​មធ្យមសិក្សា​ទុតិយភូមិ។ រហូត​មក​ដល់​បច្ចុប្បន្ន លោក​មាន​បទពិសោធន៍​ច្រើន​ក្នុង​ការ​ចិញ្ចឹម​ជ្រូក​មេ និង​ជ្រូក​សាច់​សម្រាប់​លក់ បើ​ទោះ​បី​ជា​មន្ត្រី​ជំនាញ​កសិកម្ម​មិន​ដែល​បង្រៀន​លោក ក្រៅ​ពី​អ្នក​ជំនាញ​របស់​ក្រុមហ៊ុន​លក់​ចំណី​ជ្រូក​ក្ដី។

នៅ​ក្នុង​រោង​ប្រក់​ស័ង្កសី​ទំហំ​ទទឹង​ប្រហែល ១៥​ម៉ែត្រ និង​បណ្ដោយ ៥០​ម៉ែត្រ ឋិត​នៅ​ក្រោយ​ផ្ទះ​របស់​លោក សុខគា មាន​ជ្រូក​មេ និង​ជ្រូក​សាច់​ជា​មធ្យម​ចំនួន ៨០​ក្បាល។ រយៈពេល​ជិត ២០​ឆ្នាំ ក្នុង​ទ្រុង​នេះ​មាន​ជ្រូក​ជានិច្ច ព្រោះ​លោក​ចិញ្ចឹម​ជ្រូក​មេ​ជិត ១០​ក្បាល​សម្រាប់​បង្កើត​កូន​ចិញ្ចឹម​ដោយ​ខ្លួន​ឯង ដោយ​មិន​ចាំបាច់​ទិញ​ពី​គេ ដែល​ពេល​ខ្លះ​ទិញ​ចំ​កូន​ជ្រូក​ដែល​មាន​សុខភាព​មិន​សូវ​ល្អ ដែល​ធ្វើ​ឲ្យ​ធំ​យឺត។

លោក សុខគា បង្ហាញ​ពី​បទពិសោធន៍​ផ្ទាល់​ខ្លួន​ថា ក្នុង​ការ​ចិញ្ចឹម​ជ្រូក កសិករ​ត្រូវ​អនុវត្ត​វិធានការ​បី​សំខាន់ គឺ​ការ​ធ្វើ​ទ្រុង ជ្រើសរើស​ពូជ និង​ការ​ថែទាំ។ ចំពោះ​ទីតាំង​ចិញ្ចឹម កសិករ​ត្រូវ​ជ្រើសរើស​ទីតាំង​ចិញ្ចឹម​មាន​ខ្យល់​អាកាស​ល្អ មាន​ពន្លឺ​ថ្ងៃ​ចេញ​ចូល ដោយ​សង់​រោង​បណ្ដោយ​ថ្ងៃ ហើយ​ទ្រុង​ដាក់​ជ្រូក​ចិញ្ចឹម​ក្នុង​មួយ​ក្បាលៗ​គិត​ចាប់​តាំង​ពី​តូច​រហូត​ដល់​ធំ​បាន​ចាប់​លក់ ត្រូវ​មាន​ទំហំ​ពីរ​ម៉ែត្រ​ការ៉េ៖ «ទ្រុង​យើង​ត្រូវ​សង់​បណ្ដោយ​ថ្ងៃ មាន​ខ្យល់​អាកាស​ចេញ​ចូល​ល្អ និង​បរិស្ថាន​ជុំវិញ​ល្អ»

ការ​ចិញ្ចឹម​ជ្រូក​សាច់ ត្រូវ​ចំណាយ​ពេល​ប្រមាណ ៦​ខែ ហើយ​ដើម្បី​ចិញ្ចឹម​ឆាប់​ធំ​បាន​លក់​តាម​ពេលវេលា​នេះ កសិករ​ត្រូវ​ជ្រើសរើស​កូន​ជ្រូក​ដែល​មាន​អាយុ​ចាប់​ពី​មួយ​ខែ និង​មាន​ទម្ងន់​ចន្លោះ​ពី ៨ ទៅ ១០​គីឡូក្រាម៖ «ទីផ្សារ​គេ​ត្រូវ​ការ​ល្អ​ច្រើន អ៊ីចឹង​យើង​ត្រូវការ​ពូជ​បី​ឈាម បី​ឈាម​ហ្នឹង​គេ​បង្កាត់​ប្រភេទ​មេ​ពីរ​ឈាម និង​បា​មួយ​ឈា បាន​កូន​បី​ឈាម អា​ហ្នឹងចេញ​មក​ជា​ជ្រូក​សាច់ ហើយ​ជ្រូក​ហ្នឹង​ទុក​ធ្វើ​ពូជ (ជ្រូក​មេ) អត់​កើត​ទេ​ស្តង់ដារ​គេ​ជ្រូក​សាច់​តែ​ម្ដងកូន​ជ្រូក​កុំ​ផ្ដល់​ចំណី​ឲ្យ​ស៊ី​ច្រើន​ពេក យើង​ឲ្យ​ស៊ី​តិច​តែ​ញឹក សំខាន់​កុំ​ឲ្យ​វា​ស៊ី​ច្រើន កាលណា​វា​ស៊ី​ច្រើន​ពេក​ទៅ​ក្រពះ​មិន​ទាន់​ត្រូវការ​ចំណី​ទេ វា​ធ្លាប់​តែ​បៅ ដល់​ពេល​ស៊ី​ចំណី​អាច​រាក យើង​ឲ្យ​ស៊ី​ស៊ាំ​ក្រពះ​វា​សិន រហូត​ដល់​ក្រពះ​វា​ស៊ាំ បាន​យើង​ឲ្យ​វា​ស៊ី​ឆ្អែត ជ្រូក​កាលណា​ប្រូតេអ៊ីន​គ្រប់គ្រាន់ វា​លែង​សូវ​ស៊ី​ចំណី​ហើយ»

ប្រព័ន្ធ​ឡ​ជីវឧស្ម័ន​របស់​កសិករ​ចិញ្ចឹម​ជ្រូក​នៅ​ភូមិ​ចំបក់ ឃុំ​វល្លិស ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ។ រូបថត​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Chin Chetha
ប្រព័ន្ធ​ឡ​ជីវឧស្ម័ន​របស់​កសិករ​ចិញ្ចឹម​ជ្រូក​នៅ​ភូមិ​ចំបក់ ឃុំ​វល្លិស ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ។ រូបថត​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Chin Chetha

ចំណែក​ដំណាក់កាល​ថែទាំ កសិករ​ត្រូវ​ចំណាយ​ពេល​យូរ និង​ស៊ូ​ទ្រាំ​ជាមួយ​សត្វ​ជ្រូក​ផ្ទាល់ ដោយ​ជ្រូក​ត្រូវការ​សម្អាត​អាចម៍​វា​ចេញ​ពី​ទ្រុង​ជា​ប្រចាំ ផ្ដល់​ចំណី និង​ចាក់​ថ្នាំ​បង្ការ​ជំងឺ​ផ្សេងៗ​ត្រឹមត្រូវ។

លោក សុខគា ថា​កូន​ជ្រូក​ត្រូវ​ឲ្យ​រៀន​ស៊ី​ចំណី​ផលិត​ពី​រោងចក្រ​ប្រភេទ 500/01P ក្រោយ​កើត​បាន​មួយ​សប្ដាហ៍​ដល់​បួន​សប្ដាហ៍ ហើយ​ចាប់​ពី​បួន​សប្ដាហ៍ រហូត​ដល់​ដប់​សប្ដាហ៍ ឲ្យ​ស៊ី​ចំណី​ប្រភេទ 500/02P។ រីឯ​ចាប់​ពី​ដប់​សប្ដាហ៍ រហូត​ដល់​ធំ​បាន​ចាប់​លក់ ឬ​ប្រាំ​មួយ​ខែ ត្រូវ​ផ្ដល់​ចំណី​ប្រភេទ 500/03P។ លោក​ថា ការ​ផ្ដល់​ចំណី​មាន​ប្រូតេអ៊ីន​គ្រប់គ្រាន់​បែប​នេះ ជ្រូក​ឆាប់​ធំ៖ «ជ្រូក​ពូជ​ល្អ​ត្រូវការ​ចំណី​ដែល​មាន​គុណភាព​ខ្ពស់ បើ​ជ្រូក​ស្រែ​អត់​ត្រូវការ​ចំណី​មាន​ប្រូតេអ៊ីន​គ្រប់គ្រាន់​ទេ បើ​ជ្រូក​ពូជ​ទាមទារ​ចំណី​ដែល​មាន​ប្រូតេអ៊ីន​គ្រប់គ្រាន់ ដើម្បី​តម្រូវការ​លូតលាស់​របស់​សត្វ​ជ្រូក កាលណា​ប្រូតេអ៊ីន​ខ្វះ ធ្វើ​ឲ្យ​ជ្រូក​បាក់ ធំ​យឺត តម្រូវ​ទីផ្សារ​អត់​ទាន់​ទេ»

ចំពោះ​ការ​គ្រប់គ្រង​កាក​សំណល់ ឬ​អាចម៍​ជ្រូក លោក សុខគា ណែនាំ​ដល់​កសិករ​ដែល​មាន​បំណង​ចិញ្ចឹម​ជ្រូក ថា​កសិករ​គួរ​សង់​ឡ​ជីវឧស្ម័ន​សម្រាប់​ប្រមូល​អាចម៍​ជ្រូក​ដាក់ ដើម្បី​បម្លែង​ជា​ថាមពល​អគ្គិសនី ឬ​ហ្គាស៍​ប្រើប្រាស់​ក្នុង​ផ្ទះ​ផង និង​កាត់​បន្ថយ​ការ​ជះ​ក្លិន​ស្អុយ​ដល់​អ្នក​រស់នៅ​ជិត​ខាង ប៉ះពាល់​បរិស្ថាន។ ម្យ៉ាង​ពេល​មាន​ឡ​ធ្វើ​ឲ្យ​ទ្រុង​ស្អាត​ជា​ប្រចាំ គ្មាន​មេរោគ​ដែល​អាច​បង្ក​ឲ្យ​ជ្រូក​ឈឺ៖ «កាលណា​យើង​ទុក​អាចម៍​ជ្រូក​ច្រើន​ពេក​ទៅ វា​អាច​ពុល​ដូច​ថា​អាម៉ូញ៉ាក់​ឡើង​ពេញ​ក្នុង​ទ្រុង អាច​ពុល​ដល់​ជ្រូក ធ្វើ​ឲ្យ​ជ្រូក​ស្ដ្រេស វា​អាច​មាន​បញ្ហា​ដូចជា​អត់​សូវ​ស៊ី​បាយ តប់​ប្រមល់​ទល់​ពុទ្ធោ វា​អ៊ីចឹង​ទាមទារ​ឲ្យ​យើង​កើប​អាចម៍ និង​បាច់​ទឹក​ឲ្យ​បាន​ញឹកញាប់។ តែ​យើង​មើល​ទៅ​លើ​អាកាសធាតុ​ដែរ តើ​ក្ដៅ ឬ​ត្រជាក់? កុំ​មេឃ​ភ្លៀង​ហើយ​បាញ់​ទឹក​ទៀត នាំ​ឲ្យ​គ្នា​រងា»

កសិករ​វ័យ​ក្មេង​រូប​នេះ​បង្ហើប​ថា មុខ​របរ​ចិញ្ចឹម​ជ្រូក​បាន​ធ្វើ​ឲ្យ​គ្រួសារ​លោក​មាន​ជីវភាព​ប្រសើរ​ជាង​មុន បើ​ទោះ​បី​ជា​ពេល​ខ្លះ​តម្លៃ​ជ្រូក​ធ្លាក់​ចុះ​ដោយ​កត្តា​ទីផ្សារ​ក្នុង​ស្រុក​នាំ​ជ្រូក​ចូល​ពី​ក្រៅ​ប្រទេស​ច្រើន​ពេក​ក្ដី ក៏​លោក​លក់​បាន​រួច​ថ្លៃ​ដើម ឬ​មាន​លទ្ធភាព​ទិញ​ចំណី​ដាក់​ចិញ្ចឹម​ជ្រូក​បន្ត។ ប៉ុន្តែ​លោក​ខក​ចិត្ត​ចំពោះ​រដ្ឋាភិបាល​មិន​អាច​កាត់​បន្ថយ​ការ​នាំ​ចូល​ជ្រូក​ពី​ក្រៅ ដើម្បី​ឲ្យ​ជ្រូក​ក្នុង​ស្រុក​មាន​តម្លៃ​នោះ៖ «សម្រាប់​ខ្ញុំ​គិត​ថា បើ​ដូច​ទីផ្សារ​រាល់​ថ្ងៃ​នេះ កម្ពុជា នឹង​លែង​មាន​ការ​ចិញ្ចឹម​ជ្រូក​លក្ខណៈ​គ្រួសារ​ត​ទៅ​មុខ​ទៀត​ហើយ។ ភាគច្រើន​អ្នក​ចិញ្ចឹម​ជ្រូក​តាម​ដែល​ខ្ញុំ​ស្គាល់​មាន​ដប់​នាក់ មាន​ប្រាំ​នាក់​ហើយ​ដែល​ខ្ចី​លុយ​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ហើយ​ដល់​ពេល​គាត់​លក់​មក​គ្រាន់​តែ​សង​គេអ៊ីចឹង​សូម​ឲ្យ​រាជ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ សូម​ជួយ​កសិកម្ម​ផង កសិករ​រាល់​ថ្ងៃ​នេះ​គាត់​យំ​មិន​ចេញ​ទេ ប៉ុន្តែ​ឈាម​គាត់​កក​ក្នុង​បេះដូង​ហើយ»

លោក សុខគា ត្រូវ​ចំណាយ​ដើម​ទុន​ទិញ​ចំណី​ឲ្យ​ជ្រូក​ស៊ី​តាំង​ពី​តូច​រហូត​ដល់​ធំ​បាន​ចាប់​លក់ អស់​ប្រហែល ៥០​ម៉ឺន​រៀល​ក្នុង​មួយ​ក្បាល។ ប៉ុន្តែ​បច្ចុប្បន្ន ជ្រូក​លក់​បាន ៦.៥០០​រៀល​ប៉ុណ្ណោះ​ក្នុង​មួយ​គីឡូក្រាម។ លោក​ថា បើ​កសិករ​អាច​លក់​ជ្រូក​បាន​ក្នុង​មួយ​គីឡូក្រាម​ចន្លោះ​ពី ៧.៨០០​រៀល​ទៅ ៨​ពាន់​រៀល នោះ​ទើប​កសិករ​នឹង​អាច​ទប់ទល់​ថ្លៃ​ដើម និង​បាន​ចំណេញ​ខ្លះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។