ចម្ការ​បន្លែ​ធម្មជាតិ​សរីរាង្គ​នៅ​ខេត្ត​កោះកុង​គ្រោង​ពង្រីក​ទៅ​ជា​សាលា​រៀន​កសិករ​មិន​គិត​កម្រៃ

0:00 / 0:00

ចម្ការ​បន្លែ​ធម្មជាតិ​សរីរាង្គ (Eco Agri Farm) មាន​ទីតាំង​នៅ​ក្នុង​ឃុំ​ជ្រោយស្វាយ ស្រុក​ស្រែអំបិល ខេត្ត​កោះកុង បច្ចុប្បន្ន​មាន​ផ្ទៃដី​សរុប​ចំនួន ៨៦​ហិកតារ ហើយ​ផ្ទៃដី​ដាំ​ដំណាំ​បន្លែ​សរីរាង្គ​រួច​មាន​ចំនួន ២០​ហិកតារ។ ស្ថាបនិក​ចម្ការ​បន្លែ​ធម្មជាតិ​សរីរាង្គ ឲ្យ​ដឹង​ថា ចម្ការ​បន្លែ​ធម្មជាតិ​សរីរាង្គ​នេះ គ្រោង​នឹង​ពង្រីក​ខ្លួន​ទៅ​ជា​សាលា​រៀន​កសិករ ដើម្បី​ផ្តល់​ឱកាស​ឲ្យ​កសិករ​ទូទាំង​ប្រទេស​អាច​រៀន​សូត្រ​ពី​បច្ចេកទេស​កសិកម្ម​ដោយ​មិន​គិត​កម្រៃ។

ស្ថាបនិក​ចម្ការ​បន្លែ​ធម្មជាតិ​សរីរាង្គ (Eco Agri Farm) អះអាង​ថា សាលា​រៀន​កសិករ​នឹង​ចាប់​ផ្ដើម​ដំណើរ​ការ​នៅ​ដើម​ឆ្នាំ​២០១៧ ខាង​មុខ​នេះ។ សាលា​រៀន​កសិករ​នោះ គឺ​ជា​សាលា​រៀន​ដែល​អាច​ជួយ​ឲ្យ​កសិករ​ទូទាំង​ប្រទេស អាច​ស្វែង​យល់​ពី​ចំណេះ​ដឹង​កសិកម្ម ដើម្បី​អភិវឌ្ឍ​វិស័យ​កសិកម្ម​កម្ពុជា។

ការ​លើក​ឡើង​នេះ នា​ឱកាស​ធ្វើ​ដំណើរ​ទស្សនកិច្ច​សិក្សា​របស់​តំណាង​ក្រសួង​អប់រំ សាស្ត្រាចារ្យ និង​សិស្សានុសិស្ស​វិទ្យាល័យ​ជម្ពូវ័ន នៅ​ចម្ការ​បន្លែ​ធម្មជាតិ​សរីរាង្គ (Eco Agri Farm) កាល​ពី​ពេល​ថ្មីៗ​នេះ។

ប្រធាន​មជ្ឈមណ្ឌល​កសិកម្ម​ធម្មជាតិ (EAC) និង​ជា​ស្ថាបនិក​ចម្ការ​បន្លែ​ធម្មជាតិ​សរីរាង្គ (Eco Agri Farm) លោក អៀង សុធារ៉ា យល់​ថា វិស័យ​កសិកម្ម គឺ​ជា​ផ្នែក​មួយ​សំខាន់​ក្នុង​ការ​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ និង​ធានា​ស្បៀង​ក្នុង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ។ ជាង​នេះ​ទៀត ការងារ​កសិកម្ម គឺ​ជា​ការងារ​សម្រាប់​ទាំងអស់​គ្នា ព្រោះ​ទាំងអស់​គ្នា​សុទ្ធតែ​មាន​តម្រូវការ​លើ​ផលិតផល​កសិកម្ម​ទាំងអស់។ លោក​បន្ត​ថា ជា​ការ​ផ្លាស់ប្ដូរ​ឥរិយាបថ​កសិករ​លើ​វិស័យ​កសិកម្ម​ពី​ការ​ធ្វើ​កសិកម្ម​តាម​បែប​ជា​យថាផល មក​ធ្វើ​តាម​លក្ខណៈ​បច្ចេកទេស​បែប​សរីរាង្គ គឺ​ជា​រឿង​សំខាន់។ ហេតុ​នេះ លោក​ថា​ការ​បង្កើត​ឲ្យ​មាន​សាលា​រៀន​សម្រាប់​កសិករ​ដោយ​មិន​គិត​កម្រៃ គឺ​ជា​ជម្រើស​សំខាន់ នឹង​អាច​ជួយ​កែ​ទម្លាប់​ពលរដ្ឋ​ទាំង​នៅ​ទីក្រុង និង​ជនបទ ឲ្យ​ចេះ​ធ្វើ​កសិកម្ម​ឡើង​វិញ។

ប្រធាន​មជ្ឈមណ្ឌល​កសិកម្ម​ធម្មជាតិ (EAC) និង​ជា​ស្ថាបនិក​ចម្ការ​បន្លែ​ធម្មជាតិ​សរីរាង្គ (Eco Agri Farm) រូប​នេះ​ឲ្យ​ដឹង​ថា សាលា​រៀន​កសិករ​នឹង​ចាប់​ផ្ដើម​ដំណើរ​ការ​នៅ​ដើម​ឆ្នាំ​២០១៧ ខាង​មុខ​នេះ។ ជាង​នេះ​ទៀត សាលា​រៀន​កសិករ នឹង​ផ្តល់​ឱកាស​ឲ្យ​កសិករ​អាច​រៀន អាច​ធ្វើ​ការ​ផ្លាស់ប្ដូរ​នូវ​របៀប​ប្រើប្រាស់​ពូជ ការ​ប្រើប្រាស់​ជី ថ្នាំ​សម្លាប់​សត្វ​ល្អិត របៀប​ធ្វើ និង​ការ​ថែទាំ​ដើម្បី​ជួយ​ជំរុញ​កសិករ​ក្នុង​ការ​បង្កើន​ទិន្នផល​កសិកម្ម​របស់​ខ្លួន​កាន់​តែ​ខ្ពស់ ធានា​បាន​នូវ​សន្តិសុខ​ស្បៀង​បាន​គ្រប់គ្រាន់៖ « ក្នុង​ពេល​ឆាប់ៗ​នេះ យើង​ចង់​បង្កើត​ទៅ​សាលា​កសិករ មាន​ន័យ​ថា ភូមិ​មួយ​ហ្នឹង​គាត់​ចង់​ដាំ​ប៉េងប៉ោះ គាត់​មក​រៀន​តែ​ដាំ​ប៉េងប៉ោះ​ទៅ។ គាត់​មក​រៀន​តែ​ធ្វើ​ជីកំប៉ុស​ទៅ ហើយ​ពេល​រៀន​ចេះ​ហើយ គាត់​ត្រឡប់​ទៅ​ផ្ទះ​វិញ គាត់​នាំ​គ្នា​ដាំ​ប៉េងប៉ោះ​ទៅ ហើយ​ខាង​លោក អ្នក​ទទួល​ទិញ​ទាំងអស់។ ចឹង​គាត់​បាន​ទាំង​ចំណេះ​ដឹង​កសិកម្ម​ហើយ គាត់​បាន​ទាំង​ទីផ្សារ​ទៀត »

ប្រធាន​មជ្ឈមណ្ឌល​កសិកម្ម​ធម្មជាតិ (EAC) និង​ជា​ស្ថាបនិក​ចម្ការ​បន្លែ​ធម្មជាតិ​សរីរាង្គ (Eco Agri Farm) មាន​ទីតាំង​នៅ​ឃុំ​ជ្រោយស្វាយ ស្រុក​ស្រែអំបិល ខេត្ត​កោះកុង លោក អៀង សុធារ៉ា ផ្ដល់​បទសម្ភាសន៍​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA/Brach Chev
ប្រធាន​មជ្ឈមណ្ឌល​កសិកម្ម​ធម្មជាតិ (EAC) និង​ជា​ស្ថាបនិក​ចម្ការ​បន្លែ​ធម្មជាតិ​សរីរាង្គ (Eco Agri Farm) មាន​ទីតាំង​នៅ​ឃុំ​ជ្រោយស្វាយ ស្រុក​ស្រែអំបិល ខេត្ត​កោះកុង លោក អៀង សុធារ៉ា ផ្ដល់​បទសម្ភាសន៍​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA/Brach Chev (RFA/Brach Chev)

ទន្ទឹម​គ្នា​នេះ លោក​ថា​ដើម្បី​ឲ្យ​សាលា​រៀន​កសិករ​អាច​ចាប់​ផ្ដើម​ដំណើរការ​នៅ​ដើម​ឆ្នាំ​២០១៧ បាន​ជោគជ័យ លោក​ក៏​កំពុង​តែ​រៀបចំ​ផែនការ​ជាក់លាក់ ដើម្បី​ពង្រីក​កន្លែង​ស្នាក់នៅ អ្នក​បច្ចេកទេស និង​ការ​សហការ​ពី​អ្នក​ជំនាញ ដើម្បី​ងាយ​ស្រួល​ឲ្យ​កសិករ និង​ប្រជាពលរដ្ឋ សិស្សានុសិស្ស អាច​មក​សិក្សា​ស្វែង​យល់​រយៈពេល​ខ្លី​លើ​បច្ចេកទេស​កសិកម្ម ពិសេស​ការ​ដាំ​បន្លែ​សរីរាង្គ៖ « គម្រោង​នេះ​វា​ត្រូវ​ការ​ពេលវេលា និង​រៀបចំ​ផែនការ​ឲ្យ​បាន​ច្បាស់លាស់។ យើង​ត្រូវការ​កម្មវិធី​បង្រៀន​ច្បាស់ៗ​មាន​រយៈពេល​ខ្លី កន្លែង​ស្នាក់នៅ កន្លែង​រៀន និង​កន្លែង​ហូប​អាហារ​ជុំ​គ្នា។ ចឹង​ហើយ​គឺ​ជា​ឱកាស​សម្រាប់​កសិករ​ទូទាំង​ប្រទេស​កម្ពុជា ខ្វះ​ចំណេះ​ដឹង​អី​អាច​រៀន​សូត្រ ដើម្បី​ជំរុញ​ជីវភាព​គ្រួសារ​របស់​ខ្លួន »

ប្រធាន​មជ្ឈមណ្ឌល​កសិកម្ម​ធម្មជាតិ (EAC) និង​ជា​ស្ថាបនិក​ចម្ការ​បន្លែ​ធម្មជាតិ​សរីរាង្គ (Eco Agri Farm) លោក អៀង សុធារ៉ា ក៏​បាន​បញ្ជាក់​ថា បច្ចុប្បន្ន​ផលិតផល​កសិកម្ម​សរីរាង្គ​ពី​ចម្ការ​បន្លែ​ធម្មជាតិ​សរីរាង្គ (Eco Agri Farm) ត្រូវ​បាន​ផ្គត់ផ្គង់​ក្នុង​មួយ​ថ្ងៃ​ជាង ៣០០​គីឡូក្រាម​ទៅ​កាន់​ទីផ្សារ​សហករណ៍​សរីរាង្គ​ខ្មែរ​ចំនួន​បី​កន្លែង​នៅ​រាជធានី​ភ្នំពេញ។ លោក អៀង សុធារ៉ា រំពឹង​ថា សាលា​រៀន​កសិករ​នេះ គឺ​ជា​ជំហាន​ថ្មី​ដែល​អាច​ជួយ​ពង្រឹង​ធនធាន​មនុស្ស​ក្នុង​វិស័យ​កសិកម្ម​ឲ្យ​បាន​ខ្លាំង​ជាង​មុន តាម​រយៈ​ការ​ផ្តល់​ទីផ្សារ​លក់​ផលិតផល​កសិកម្ម ដើម្បី​ឲ្យ​វិស័យ​នេះ​មាន​សក្ដានុពល​ពិត​ប្រាកដ​ជួយ​ឲ្យ​ពលរដ្ឋ​កម្ពុជា អាច​ទទួល​ផល​ពី​ឱកាស​ទីផ្សារ​សេរី​ដើម្បី​សេដ្ឋកិច្ច​ជាតិ និង​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​គេច​ផុត​ពី​ភាព​ក្រីក្រ។

ទាក់ទិន​នឹង​ការ​ពង្រីក​ខ្លួន​របស់​ចម្ការ​បន្លែ​ធម្មជាតិ​សរីរាង្គ​នៅ​ខេត្ត​កោះកុង ទៅ​ជា​សាលា​រៀន​កសិករ​នេះ ប្រធាន​នាយកដ្ឋាន​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ច័ន្ទ រ័ត្ន គាំទ្រ​គម្រោង​នេះ។ លោក​ថា ក្រសួង​អប់រំ តែង​តែ​មាន​គោល​នយោបាយ​ចង់​ពង្រីក​ការ​អប់រំ​នៅ​ក្នុង​សាលា ឲ្យ​ផ្សារភ្ជាប់​ទៅ​នឹង​ចំណេះ​ដឹង​ទូទៅ ពិសេស​ចំណេះ​ដឹង​បំនិន​ជីវិត​ពាក់ព័ន្ធ​នឹង​បច្ចេកទេស។ ហេតុ​នេះ​លោក​ថា តាម​រយៈ​សាលា​រៀន​កសិករ​នេះ ក្រសួង​រំពឹង​ថា កម្ពុជា នឹង​អាច​ក្លាយ​ជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​ក្នុង​កម្រិត​ខ្ពស់​ក្នុង​ឆ្នាំ​២០៣០ ផង​ដែរ៖ « ពេល​ខ្លះ​យើង​ដេក​ពឹង​តែ​លើ​ជំនួយ ឧទាហរណ៍​ថា គ្រោះ​ធម្មជាតិ​ភ្លាម យើង​មាន​មធ្យោបាយ​ជួយ​ខ្លួន​តាម​រយៈ​ការងារ​សាមញ្ញ បច្ចេកទេស​ងាយ និង​ការ​ចែក​រំលែក​គ្នា​ទៅ​វិញ​ទៅ​មក​ពី​បច្ចេកទេស​កសិកម្ម។ អា​នេះ​ហើយ​ជា​គោលដៅ​របស់​ក្រសួង​អប់រំ ដែល​ចង់​ជំរុញ​ឲ្យ​ពលរដ្ឋ​រៀន​ពី​បំនិន​ជីវិត »

ចំណែក​ឯ​និស្សិត​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ លោក ឃឹម សុខ ដែល​បាន​ចុះ​ទស្សនកិច្ច​នៅ​ចម្ការ​បន្លែ​ធម្មជាតិ​សរីរាង្គ​នៅ​ខេត្ត​កោះកុង ដែរ​នោះ យល់​ឃើញ​ថា បច្ចុប្បន្ន​ការ​យក​ចិត្ត​ទុក​ដាក់​បណ្តុះបណ្តាល​កសិករ​ឲ្យ​យល់​ដឹង​ពី​ការ​ដាំ​ដុះ​បន្លែ​សរីរាង្គ​នៅ​មាន​កម្រិត និង​មិន​ទាន់​ស្រប​តាម​សម័យ​បច្ចេកវិទ្យា​ទំនើប ឬ​ស័ក្ដិសម​នឹង​ប្រទេស​ដែល​យក​វិស័យ​កសិកម្ម​ជា​ធំ​នោះ​ទេ។ ករណី​នេះ លោក​គាំទ្រ​ឲ្យ​មាន​ការ​បង្កើត​សាលា​រៀន​សម្រាប់​កសិករ ដើម្បី​បណ្ដុះ​ពលរដ្ឋ​ខ្មែរ ពិសេស​កសិករ​ឲ្យ​យល់​ដឹង​ពី​ការងារ​កសិកម្ម ដើម្បី​កាត់​បន្ថយ​លំហូរ​បន្លែ​គីមី​ពី​ក្រៅ​ប្រទេស៖ « បំណង​បង្កើត​សាលា​រៀន​កសិករ វា​អាច​ជួយ​ជំរុញ​ឲ្យ​កសិករ​ស្វែង​យល់​ពី​ការ​ដាំដុះ​បន្លែ​ដោយ​ប្រើ​ជី និង​ថ្នាំ​ពុល​ធម្មជាតិ​សរីរាង្គ ដោយ​ទទួល​បាន​ទិន្នផល​ខ្ពស់ និង​មិន​ប៉ះពាល់​សុខភាព តាម​រយៈ​ការ​បន្ថយ​បរិភោគ​បន្លែ​គីមី ឬ​នាំ​ចូល »

ស្ថាបនិក​ចម្ការ​បន្លែ​ធម្មជាតិ​សរីរាង្គ (Eco Agri Farm) មាន​ទីតាំង​នៅ​ក្នុង​ឃុំ​ជ្រោយស្វាយ ស្រុក​ស្រែអំបិល ខេត្ត​កោះកុង បច្ចុប្បន្ន​មាន​ផ្ទៃដី​សរុប​ចំនួន ៨៦​ហិកតារ និង​ដាំ​បន្លែ​សរីរាង្គ​ប្រមាណ​ជាង ៥០​មុខ។ ស្ថាបនិក​ចម្ការ​បន្លែ​ធម្មជាតិ​សរីរាង្គ មិន​បាន​បញ្ជាក់​ពី​ចំនួន​ថវិកា​ច្បាស់លាស់​នៅ​ឡើយ ដើម្បី​ដំណើរការ​បង្កើត​សាលា​រៀន​កសិករ​នៅ​ដើម​ឆ្នាំ​២០១៧ នេះ។

យ៉ាង​ណា​ក៏ដោយ ស្ថាបនិក​ចម្ការ​បន្លែ​ធម្មជាតិ​សរីរាង្គ ចង់​ឲ្យ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​កសិករ គាំទ្រ​សាលា​រៀន​កសិករ ដើម្បី​លើក​កម្ពស់​ជីវភាព​កសិករ​កម្ពុជា ឲ្យ​អាច​ចូលរួម​ចំណែក​លើក​ស្ទួយ​ផលិតផល​ក្នុង​ស្រុក និង​សេដ្ឋកិច្ច​ជាតិ​ទាំង​មូល ពិសេស​ឈាន​ទៅ​កាត់​បន្ថយ​ចំណាក​ស្រុក​ជនបទ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។