អ្នកជំនាញណែនាំឲ្យកសិករជីកស្រះដើម្បីស្តុកទឹកទុកប្រើប្រាស់
2015.12.27
កម្ពុជា អាចនឹងខ្វះទឹកប្រើប្រាស់រយៈពេល ៦ខែចាប់ពីដើមខែកុម្ភៈ រហូតដល់ពាក់កណ្ដាលខែកក្កដា ឆ្នាំ២០១៦ ដោយសារបញ្ហារាំងស្ងួត។ នេះ បើយោងតាមការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម។ អ្នកជំនាញខាងទឹក និងកសិកម្ម បារម្ភថា បញ្ហាខ្វះទឹកនឹងធ្វើឲ្យរដូវកាលដាំដុះត្រូវពន្យារពេល ឬបង្អាក់ពេលវេលាសាបព្រោះ និងការលូតលាស់របស់ស្រូវ។
ទន្ទឹមគ្នានេះ អ្នកជំនាញបានណែនាំថា ដើម្បីឲ្យការដាំដុះនៅតែអាចដំណើរការមិនរអាក់រអួល កសិករគួរត្រូវជីកស្រះទឹកទុកយ៉ាងតិចមួយក្នុងមួយគ្រួសារ។
តើស្រះទឹកផ្តល់ផលចំណេញអ្វីខ្លះទៀតដល់កសិករ?
អ្នកជំនាញកសិកម្ម និងជំនាញខាងទឹកយល់ថា ការធ្វើកសិកម្មដែលរំពឹងទឹកភ្លៀង ឬហៅថាកសិកម្មប្រវាស់មេឃនោះ មិនបានអំណោយផលដល់កសិករដែលមានដីស្រែនៅឆ្ងាយពីប្រព័ន្ធធារាសាស្ត្រនោះឡើយ។
ខណៈអាកាសធាតុប្រែប្រួល ក្ដៅហែង រាំងស្ងួត និងមិនសូវមានភ្លៀងធ្លាក់ អ្នកជំនាញណែនាំថា កសិករត្រូវតែធានាថា ក្នុងកសិដ្ឋានត្រូវតែមានស្រះទឹក និងលើកភ្លឺស្រែខ្ពស់ៗសម្រាប់ទប់ទឹកទុក ដើម្បីត្រៀមខ្លួនចំពោះការដាំដុះស្រូវវស្សាឆ្នាំក្រោយ។
ការលើកឡើងរបស់អ្នកជំនាញនៅពេលនេះ ធ្វើឡើងបន្ទាប់ពីក្រសួងធនធានទឹក និងឧតុនិយម បានព្យាករថា កម្ពុជា អាចនឹងខ្វះទឹកប្រើប្រាស់រយៈពេល ៦ខែ ចាប់ពីដើមខែកុម្ភៈ រហូតដល់ពាក់កណ្ដាលខែកក្កដា ឆ្នាំ២០១៦ ដោយសារបញ្ហារាំងស្ងួត។ ការព្យាករនេះ ក្រសួងបានផ្សព្វផ្សាយឲ្យដឹងកាលពីថ្ងៃទី២៣ ខែធ្នូ។
ការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម បង្ហាញថា បញ្ហារាំងស្ងួតនេះ ដោយសារកម្ពុជា ទទួលរងនូវបាតុភូតអេលនីណូ (El Nino) ដែលអាចនឹងបង្កឲ្យរដូវវស្សាមកដល់យឺត ហើយដើមរដូវវស្សានឹងមានភ្លៀងធ្លាក់តិច មានបាតុភូតផ្គររន្ទះ ខ្យល់កន្ត្រាក់កើតឡើងច្រើនជាដើម ប៉ុន្តែចាប់ពីពាក់កណ្ដាលខែកក្កដា ភ្លៀងនឹងចាប់ផ្ដើមធ្លាក់វិញ ដោយសារមានបាតុភូតថ្មីឡានីណូ (La Nina) មានឥទ្ធិពលមកលើកម្ពុជា។
ដោយមើលឃើញបញ្ហានេះ ប្រធានសហគមន៍កសិករអភិវឌ្ឍន៍កែច្នៃបន្លែសរីរាង្គ និងជាប្រធានកសិករឆ្នើមរបស់អង្គការសេដាក (CEDAC) លោក ស៊ឹម រ៉ុម បានប្រាប់វិទ្យុអាស៊ីសេរី ថា ជារៀងរាល់ឆ្នាំ កសិករជាច្រើនតែងជួបប្រទះបញ្ហាខ្វះទឹកសម្រាប់ដាំដុះស្រូវវស្សា។ លោកថា បញ្ហាខ្វះទឹកធ្វើឲ្យរដូវកាលដាំដុះត្រូវពន្យារពេល ឬបង្អាក់ពេលវេលាសាបព្រោះ និងការលូតលាស់របស់ស្រូវ។ លោកបន្តថា ពីមួយឆ្នាំទៅមួយឆ្នាំ កម្ដៅថ្ងៃក្តៅខុសពីធម្មតា ធ្វើឲ្យដីស្រែកាន់តែស្ងួតទឹក បើកសិករមិនចេះបែងចែកដីជាផ្នែកតូចៗទេ ទឹកក្នុងស្រែមិនអាចបែងចែកបានគ្រប់គ្រាន់ក្នុងដីទំហំធំនោះឡើយ។ មូលហេតុនេះ លោកជំរុញឲ្យកសិករគួរនាំគ្នាជីកស្រះក្នុងស្រែ ឬនៅក្បែរផ្ទះ ដើម្បីស្រោចស្រពដំណាំកសិកម្ម ធានាសន្តិសុខស្បៀងសម្រាប់ក្រុមគ្រួសាររបស់ខ្លួន៖ «មិនចាំបាច់តែឆ្នាំហ្នឹង ឬឆ្នាំក្រោយ ដែលត្រូវជួបប្រទះការរាំងស្ងួតនោះ ធម្មតាការប្រកបមុខរបរកសិកម្ម តែងតែគិតគូរខ្លាំងបំផុតពីការស្តុកទឹក ដើម្បីធ្វើការងារកសិកម្ម ដើម្បីត្រៀមទប់ទល់នឹងឧបសគ្គទាំងឡាយ ពិសេសនៅពេលដែលមានគ្រោះរាំងស្ងួតម្តងៗ កសិករត្រូវតែជីកស្រះទឹកទុកយ៉ាងតិចឲ្យបានមួយ ដើម្បីជួយកសិករបានខ្លះ»។
អ្នកជំនាញកសិកម្មរូបនេះ បានណែនាំថា ដើម្បីជីកស្រះដើម្បីរក្សាទឹកទុកបានយូរ កសិករត្រូវជីកស្រះទឹកទុកយ៉ាងតិចបំផុតមានជម្រៅចាប់ពី ៣ម៉ែត្រឡើងទៅ ដែលមានបណ្តោយ ១២ម៉ែត្រ និងទទឹង ១០ម៉ែត្រ ឬលើសពីនេះ។ លោកថា កសិករគួរជ្រើសរើសដីជីកស្រះនៅក្បែរផ្ទះ ឬដីស្រែណាមួយ ដើម្បីងាយគ្រប់គ្រងទឹក។
លោកបញ្ជាក់ថា បើកសិករមានស្រះទឹកគ្រប់គ្រួសារ វាជួយបានច្រើនដល់ការដាំដុះដំណាំកសិកម្ម និងបំពេញសេចក្តីត្រូវការប្រចាំថ្ងៃផងដែរ៖ «ស្រះគួរតែជីកជម្រៅចាប់ពី ៣ម៉ែត្រឡើងទៅ ហើយស្រះទឹកហ្នឹងគួរតែនៅក្បែរផ្ទះ ដើម្បីងាយស្រួយឲ្យងាយបញ្ចូលទឹក ដូចជាពីទ ពីសំយាបផ្ទះ នៅពេលមានភ្លៀងម្តងៗ ជួយផ្សែផ្សំគ្នាខ្លះ យ៉ាងហោចណាស់យើងអាចជួយសង្គ្រោះសំណាបនៅពេលរដូវរាំងស្ងួតបានដែរ»។
បន្ថែមលើនោះ នាយកមជ្ឈមណ្ឌលសេវាកម្មធារាសាស្ត្រ លោក សេង សុភ័ក ឲ្យដឹងថា ផលប្រយោជន៍នៃការជីកស្រះនាំឲ្យកសិករចំណេញទឹកប្រើប្រាស់ផង សត្វចិញ្ចឹមមានប្រយោជន៍កើតច្រើនផង ពិសេសទៅទៀតនោះ កសិករក៏អាចដាំបន្លែក្នុងស្រះដែលជីកនោះបានដែរ។ លោកថា ក្រៅពីជីកស្រះក្នុងស្រែ កសិករអាចជីកប្រព័ន្ធប្រឡាយទឹកតូចព័ទ្ធជុំវិញដីស្រែរបស់ខ្លួន បង្ការការខ្វះទឹកជាយថាហេតុ។ អ្នកជំនាញខាងទឹករូបនេះ ក៏បានណែនាំដែរថា ក្រៅពីជីកស្រះទុក កសិករក៏ចេះសន្សំសំចៃទឹក ត្រូវមានអាងស្តុកទឹកសម្រាប់ប្រើប្រាស់ក្នុងគ្រួសារ និងប្រើប្រាស់លើផលដំណាំកសិកម្មផងដែរ តែកសិករក៏ត្រូវគិតពីបរិមាណពូជស្រូវដែលនឹងត្រូវវិនិយោគបន្ថែមទៀតនៅរដូវខ្វះទឹក ដើម្បីកុំឲ្យចំណាយច្រើនលើពូជ ឬជីកសិកម្មកាន់តែច្រើន៖ «កសិករ ឬអាជ្ញាធរ គួរតែសហការគ្នាទប់ទំនប់ទឹកទុក ជីកស្រះ ស្ដារប្រឡាយ ដើម្បីកុំឲ្យទឹកហ្នឹងចេះតែហូរអស់ ចឹងហើយត្រូវតែពិនិត្យមើលឲ្យច្បាស់ កុំឲ្យវាធ្លាយ ព្រោះកន្លងមកយើងតែងតែបណ្តែតបណ្តោយទឹកឲ្យហូរចោល»។
របាយការណ៍ហានិភ័យឆ្នាំ២០១៤ របស់អង្គការសហប្រជាជាតិ ឲ្យដឹងថា ប្រទេសកម្ពុជា គឺជាប្រទេសទី៩ ដែលងាយរងគ្រោះជាងគេដោយសារគ្រោះមហន្តរាយនៅលើពិភពលោក ដែលជាឧបសគ្គដល់ដំណើរការអភិវឌ្ឍសម្រាប់ប្រទេសនេះ។ ករណីនេះ បានធ្វើឲ្យខូចខាតដល់វិស័យសំខាន់ៗមួយចំនួន ដូចជា កសិកម្ម សេដ្ឋកិច្ច សុខភាព និងអប់រំ ជាដើម។ ជាងនេះទៀត បើតាមតួលេខព្យាករណ៍របស់អង្គការសុខភាពពិភពលោក នៅរវាងពីឆ្នាំ២០៣០ ដល់ឆ្នាំ២០៥០ ការប្រែប្រួលអាកាសធាតុ នឹងអាចបង្កឲ្យមានមនុស្សស្លាប់បន្ថែមប្រមាណជាង ២៥ម៉ឺននាក់ (២៥០.០០០នាក់) ក្នុងមួយឆ្នាំៗ ក្នុងនោះជិត ៤ម៉ឺននាក់ (៣៨.០០០នាក់) ស្លាប់ដោយសារកម្ដៅខ្លាំង ជិត ៥ម៉ឺននាក់ (៤៨.០០០នាក់) ដោយការរាករូស ៦ម៉ឺននាក់ដោយរោគគ្រុនចាញ់ និងជិត ១០ម៉ឺននាក់ (៩៥.០០០នាក់) ជាកុមារដោយសារកង្វះចំណីអាហារ។
វិទ្យុអាស៊ីសេរី មិនអាចសុំការបកស្រាយបន្ថែមពី លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម អំពីបញ្ហារាំងស្ងួត ដោយសារកម្ពុជា ទទួលរងនូវបាតុភូតអេលនីណូ (El Nino) បាននៅឡើយនៅថ្ងៃទី២៤ ធ្នូ។ ប៉ុន្តែ លោក ចាន់ យុត្ថា បានប្រាប់សារព័ត៌មានក្នុងស្រុកថា ឥទ្ធិពលនៃបាតុភូតអេលនីណូ (El Nino) កើតមានឡើងដោយសារតែការកើនឡើងសីតុណ្ហភាពអតិបរមាលើផ្ទៃសមុទ្រចិនខាងត្បូង និងនៅលើផ្ទៃសមុទ្រប៉ាស៊ីហ្វិកភាគខាងលិច ដែលវាបានជះឥទ្ធិពលនៅតាមបណ្ដាប្រទេសមួយចំនួនទៀតក្នុងក្របខ័ណ្ឌតំបន់ មិនមែនតែប្រទេសកម្ពុជា នោះទេ។ លោកបញ្ជាក់ថា ចាប់ពីចុងខែមេសា ដល់ចុងខែមិថុនា រាល់ឆ្នាំមានភ្លៀងធ្លាក់ជោគជាំ ដោយសារឥទ្ធិពលប្រព័ន្ធខ្យល់មូសុងនិរតី ប៉ុន្តែក្រោយទទួលឥទ្ធិពលនៃបាតុភូតអេលនីណូ (El Nino) ខាងមុខនេះ ឥទ្ធិពលអេលនីណូ (El Nino) នោះបានគ្របដណ្ដប់ទៅលើប្រព័ន្ធខ្យល់មូសុងនិរតី ធ្វើឲ្យកម្រិតទឹកភ្លៀងធ្លាក់តិចតួចបំផុត។ ហេតុនេះ កម្ពុជា នឹងប្រឈមបញ្ហាកង្វះខាតទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ នៅតាមតំបន់មួយចំនួន ហើយរហូតដល់ពាក់កណ្ដាលខែកក្កដា ឆ្នាំ២០១៦ ទើបបាតុភូតនេះត្រឡប់មកប្រសើរឡើងវិញ។
ទន្ទឹមគ្នានេះ សារាចរណែនាំរបស់រដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី២៣ ធ្នូ ក៏បានណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ពិសេសប្រជាកសិករ គួរមានវិធានការថែរក្សាទឹកទុកឲ្យបានល្អសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ រហូតដល់មានភ្លៀងធ្លាក់ ព្រោះថា កសិករដែលធ្វើស្រូវប្រាំងនៅឆ្នាំ២០១៥-២០១៦ គឺអាចធ្វើបានតែមួយដងប៉ុណ្ណោះ៕