អ្នក​ជំនាញ​កសិកម្ម​ស្វាគមន៍​ចំពោះ​គម្រោង​វិនិយោគ​បរទេស​លើ​វិស័យ​កសិកម្ម នៅ​ខេត្ត​ត្បូង​ឃ្មុំ តែ​មិន​សង្ឃឹម​ថា​បាន​លទ្ធផល​ល្អ

ដោយ សេក បណ្ឌិត
2019-07-02
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រោងចក្រ​អង្ករ ក្រុមហ៊ុន អេមរុ រ៉ាយ (AMRU RICE) ថ្ងៃ​ទី២៣ ខែ​មេសា ឆ្នាំ២០១៦។
រោងចក្រ​អង្ករ ក្រុមហ៊ុន អេមរុ រ៉ាយ (AMRU RICE) ថ្ងៃ​ទី២៣ ខែ​មេសា ឆ្នាំ២០១៦។
RFA

អ្នក​ជំនាញ​កសិកម្ម​ស្វាគមន៍ ចំពោះ​ចំណាប់​អារម្មណ៍​របស់​ក្រុមហ៊ុន​បរទេស​មួយ​ចំនួន ដែល​ចង់​វិនិយោគ​លើ​វិស័យ​កសិកម្ម​នៅ​ខេត្ត​ត្បូង​ឃ្មុំ។

ក៏​ប៉ុន្តែ​អ្នក​ជំនាញ​បារម្ភ​ថា គម្រោង​នេះ នឹង​មិន​ទទួល​បាន​ជោគជ័យ​ឡើយ ដោយ​កត្តា​រួម​ផ្សំ​មួយ​ចំនួន ក្នុង​នោះ គឺ​កង្វះ​ប្រព័ន្ធ​ធារាសាស្ត្រ និង​ប្រភព​ទឹក​​ដែល​ធានា​ប្រើ​បាន​គ្រប់គ្រាន់​ទាំង​រដូវ​ប្រាំង និង​វស្សា។

ប្រទេស​ម៉ាឡេស៊ី​ចាប់​អារម្មណ៍​វិនិយោគ​ លើ​ការ​ដាំដុះ​ដំណាំ​កសិកម្ម​នៅ​នៅ​ខេត្ត​ត្បូង​ឃ្មុំ ជា​ពិសេស ដំណាំ​ស្រូវ ដើម្បី​ជំរុញ​ដល់​លទ្ធភាព​នាំ​ចេញ​អង្ករ​ទៅ​ទីផ្សារ​អន្តរជាតិ។

ទីប្រឹក្សា​ឯករាជ្យ ផ្នែក​កសិកម្ម លោក សំ វិទូ មាន ប្រសាសន៍​ថា ខេត្ត​ត្បូង​ឃ្មុំ មិន​មាន​សក្ដានុពល លើ​ដំណាំ​ស្រូវ​នោះ​ទេ ដូច្នេះ​លោក​បារម្ភ​ថា ការ​វិយោគ​លើ​ដំណាំ​ស្រូវ អាច​មិន​ជោគជ័យ ឬ​មិន​សូវ​បាន​ផល​ល្អ​ឡើយ លោក​បន្ត​ថា មាន​ហេតុ​មួយ​ចំនួន ដែល​លោក​លើក​ឡើង​យ៉ាង​ដូច្នេះ ក្នុង​នោះ​ខេត្ត​ត្បូង​ឃ្មុំ ជា​តំបន់​មាន​សក្ដានុពល​ខ្លាំង ផ្នែក​ដំណាំ​កសិ-ឧស្សាហកម្ម​ ដូចជា កៅស៊ូ ម្រេច និង​ដំណាំ​ហូប​ផ្លែ​ជា​ច្រើន​ផ្សេង​ទៀត។

ចំណែក​ផ្ទៃដី​ធ្វើ​ស្រែ​វិញ ក៏​មាន​ចំនួន​តិចតួច​ជាង​ផ្ទៃដី​ដំណាំ​ចម្ការ​ដែរ៖ «ខាង​ស្រុក​ពញាក្រែក មាន​ផ្ទៃដី​ធ្វើ​ស្រែ​ច្រើន។ ក្រៅ​ពី​ស្រុក​នេះ ដូច​ជា មិន​សូវ​មាន​ច្រើន​ទេ ហើយ​បើ​ទៅ​ខាង​ក្រូច​ឆ្មារ​ឯណោះ ក៏​មិន​សូវ​មាន​ច្រើន​ដែរ។ បើ​អ៊ីចឹង បើ​ការ​វិនិយោគ​ធ្វើ​នៅ​កន្លែង​មិន​សូវ​មាន​សក្ដានុពល មិន​សូវ​បាន​ផល​ទេ»

លោក​បន្ត​ថា បញ្ហា​ប្រឈម​ដ៏​ធំ​មួយ​ទៀត​ទាក់ទង​នឹង​នយោបាយ​ទឹក មាន​ប្រព័ន្ធ​ធារាសាស្រ្ត ជា​ដើម។

នៅ​ខេត្ត​ត្បូងឃ្មុំ លោក​សង្កេត​ឃើញ​ថា នៅ​ខ្វះ​ប្រព័ន្ធ​ធារាសាស្ត្រ ឬ​ប្រភព​ទឹក បច្ចេកទេស ដើម្បី​ជំរុញ​ដល់​ដល់​អាជីវកម្ម​ស្រូវ​ឲ្យ​ទទួល​បាន​ជោគជ័យ៖ «ប្រព័ន្ធ​ធារាសាស្ត្រ គឺ​ជា​ចំណែក​មួយ​យ៉ាង​សំខាន់ ជួយ​ដល់​ការ​ធ្វើ​ស្រែ យើង​ដឹង​ហើយ​ដូន​តា​យើង តែង​តែ​និយាយ​ថា ធ្វើ​ស្រែ​នឹង​ទឹក ធ្វើ​សឹក​នឹង​បាយ អ៊ីចឹង​បើ​មាន​ទឹក​គ្រប់គ្រាន់​ទាំង​រដូវ​ប្រាំង និង​វស្សា ដល់​ដី​ស្រែ​ដែល​កសិករ​មាន​ជា​ការ​ល្អ​មួយ។ ផ្នែក​មួយ​ទៀត គឺ​ការ​បណ្ដុះបណ្ដាល​ចំណេះ​ដឹង និង​ជំនាញ​ក្នុង​ការ​ដាំ​ដុះ​ដល់​កម្មករ​ ដើម្បី​ឲ្យ​គាត់​បន្ថយ​ការ​ចំណាយ ឬ​កាត់​បន្ថយ​ថ្លៃ​ដើម ហើយ​បង្កើន​ទិន្នផល ទទួល​បាន​ចំណូល​ខ្ពស់»

អាស៊ី​សេរី មិន​ទាន់​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​កសិកម្ម លោក ស្រី វុឌ្ឍី និង​អភិបាល​ខេត្ត​ត្បូង​ឃ្មុំ ​ដើម្បី​សុំ​ការ​ពន្យល់ អំពី រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី២៧ មិថុនា។

បណ្ដាញ​ផ្សព្វ​របស់​របប​ក្រុង​ភ្នំពេញ គឺ ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា (AKP) ចុះផ្សាយ​កាល​ពី​ថ្ងៃ​ទី១៨ ខែ​មិថុនា​ថា៖ ប្រទេស​ម៉ាឡេស៊ី ចាប់​អារម្មណ៍​វិនិយោគ​លើ​ការ​ដាំដុះ​កសិកម្ម ការនាំចេញ​អង្ករ និង​សាងសង់​ផ្ទះ​ស្នាក់​នៅ​មាន​តម្លៃ​សមរម្យ នៅ​ក្នុង​ខេត្ត​ត្បូងឃ្មុំ។

ការ​ចុះ​ផ្សាយ​នេះ​ក្រោយ​ជំនួប​រវាង​ឯកអគ្គរាជទូត​ម៉ាឡេស៊ី​ប្រចាំ​នៅ​កម្ពុជា​ជាមួយ​អភិបាល​ខេត្ត​ត្បូង​ឃ្មុំ លោក ជាម ច័ន្ទសោភ័ណ កាល​ពី​ថ្ងៃ​ទី១៧ ខែ​មិថុនា​កន្លង​ទៅ។

AKPបាន​ចុះ​ផ្សាយ​ទៀត​ថា ជាម ច័ន្ទសោភ័ណ ស្វាគមន៍​ចំពោះ​ការ​វិនិយោគ​នៅ​លើ​ទឹកដី​ខេត្ត​ត្បូងឃ្មុំ និង​បង្ហាញ​ពី​ស្ថានភាព​ភូមិសាស្ត្រ ដែល​មាន​លក្ខណៈ​អំណោយ​ផល​ល្អ ហើយ​មាន​សក្ដានុពល​លើ​វិស័យ​នានា ពិសេស​លើ​វិស័យ កសិកម្ម និង​កសិឧស្សាហកម្ម ដែល​មាន​ដំណាំ​ស្រូវ កៅស៊ូ និង​ម្រេច​ជា​ដើម។

ជាមួយ​គ្នា​នោះ​ដែរ អភិបាល​ខេត្ត​ត្បូង​ឃ្មុំ​រូប​នេះ ក៏​បាន​ជំរុញ​ឱ្យ​ភាគី​ម៉ាឡេស៊ី បង្កើន​ទំនាក់ទំនង​ផង​ដែរ ទៅ​លើ​វិស័យ​ទេសចរណ៍​រវាង​ប្រទេស​កម្ពុជា និង​ម៉ាឡេស៊ី។

ចំណែក​ទីប្រឹក្សា​ឯករាជ្យ ផ្នែក​កសិកម្ម លោក សំ វិទូ មាន​ប្រសាសន៍​ថា ខេត្ត ដែល​មាន​សក្ដានុពល​ក្នុង​វិនិយោគ លើ​ដំណាំ​ស្រូវ​ល្អ​ជាង​នៅ​កម្ពុជា គឺ​តំបន់​ដែល​នៅ​ជុំវិញ​បឹង​ទន្លេ​សាប រួម​មាន ខេត្ត​បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ធំ និង​ខេត្ត​កំពង់ឆ្នាំង​ និង ខេត្ត​ភាគ​ខាង​កើត និង​ខាង​ត្បូង​ប្រទេស មាន​ដូច​ជា​ខេត្ត តាកែវ ព្រៃវែង ស្វាយរៀង និង​ខេត្ត កំពង់ស្ពឺ ជាដើម៖ «តំបន់​ ខេត្ត​ភាគ​ខាង​កើត និង​ខាង​ត្បូង​នោះ មាន​សក្ដានុពល​ច្រើន​ដែរ និង​មាន​អ្នក​វិនិយោគ​ច្រើន​ដែរ ដោយ​តំបន់​នោះ​មាន​ប្រភព​ទឹក​ច្រើន»

លោក​ថា​បច្ចុប្បន្ន កម្ពុជា​មាន​ក្រុមហ៊ុន​ធំៗ ជាង១០ ដែល​កំពុង​វិយោគ​លើ​ការ​នាំ​អង្ករ​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ។

ក៏ប៉ុន្តែ​ទោះ​យ៉ាង​ណា​ក្តី កម្ពុជា​បាន​បរាជ័យ​រួច​ទៅ​ហើយ លើ​ផែនការ​នាំ​ចេញ​អង្ករ​ឲ្យ​បាន ១លាន​តោន កាល​ពី​ឆ្នាំ២០១៥ នោះ ដោយ​សារ​មាន​បញ្ហា​ប្រឈម​ជា​ច្រើន ដែល​របប​លោក ហ៊ុន សែន ខ្វះ​លទ្ធភាព​ដោះ​ស្រាយ​លើ​រឿង​អស់​ទាំង​នោះ រហូត​មក​ដល់​បច្ចុប្បន្ន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

គេហទំព័រ​ទាំងមូល