ជម្រើស​រវាង​ជី​គីមី​និង​ជី​ធម្មជាតិ

កសិករ​ខ្មែរ​ជា​ច្រើន​នៅ​តែ​ត្អូញត្អែរ​ថា​ចាំបាច់​ត្រូវ​តែ​ប្រើ​ជី​គីមី​ក្នុង​ការ​ធ្វើ​ស្រែ​ចម្ការ ដោយ​ផ្តល់​ហេតុផល​ថា​ជី​ធម្មជាតិ​មាន​មិន​គ្រប់គ្រាន់​ប្រើ ហើយ​មិន​សូវ​មាន​ប្រសិទ្ធភាព។

0:00 / 0:00

ខ្ញុំ​បាទ​ធ្លាប់​បាន​ក្រើន​បន្តិច​ហើយ​ថា នៅ​ប្រទេស​​​​ជិត​ខាង​រដ្ឋាភិបាល​គេ​ជំរុញ​ឲ្យ​កសិករ​ងាក​មក​ធ្វើ​ស្រែ​ដាំ​ស្រូវ​ដោយ​ពុំ​ប្រើ​សារធាតុ​គីមី​យ៉ាង​សកម្ម​ព្រោះ​អង្ករ​ក្រអូប ជាពិសេស​អង្ករ​ស្រូវ​ផ្កាម្លិះ ស្រូវ​សុមាលី ឬ​ស្រូវ​ផ្កា​រំដួល ដែល​មិន​ប្រើ​ជី​គីមី​ដើម្បី​ដាំ​ដុះ​អាច​លក់​បាន​ថ្លៃ​ខ្ពស់​ជាង​អង្ករ​ពី​ស្រូវ​ដែល​ដាំ​ដោយ​ប្រើ​ជី​គីមី​នោះ​ច្រើន​ដង​ណាស់។

អ្នក​ជំនាញការ​ខ្លះ​យល់ស្រប​ដែរ​ចំពោះ​ហេតុផល​ដែល​កសិករ​ខ្លះ​អះអាង​ថា ជី​ធម្មជាតិ​ពិបាក​ប្រមូល​យក​ក្នុង​បរិមាណ​ច្រើន តែ​គេ​ក៏​មិន​គាំទ្រ​ឲ្យ​ប្រើ​ជី​គីមី​ក្នុងបរិមាណច្រើននោះដែរ។

មន្ត្រី​ថ្នាក់​ដឹកនាំ​នៃ​នាយក​ដ្ឋាន​អភិវឌ្ឍន៍​កសិកម្ម និង​សហគមន៍​របស់​អាជ្ញាធរ​អប្សរា​មាន​ប្រសាសន៍​ពី​រឿង​នេះ​ដូច្នេះ ៖ «តែ​ប្រើ​ហួស​ពេក​អត់​ទេ។ ខ្ញុំ​ទាញ​ឧទាហរណ៍​ដូច​ស្រូវ​សុមាលី​អ៊ីចឹង គាត់​មិន​ប្រើ​ជី​ធម្មជាតិ​ទេ គាត់​ប្រើ​តែ​ជី​គីមី ដល់​យូរៗ​ទៅ​ដី​ក៏​ខូច ក្លិន​សុមាលី​ដែល​ក្រអូប​លែង​ក្រអូប។ អានេះ​បញ្ជាក់​បាន​ថា ផលិតផល​គីមី​កាលណា​យើង​ប្រើ​ហួស​ហេតុ​ពេក​ទៅ​អត់​មាន​ការ​គួប​ផ្សំ​អាហ្នឹង​ខូច​គុណភាព»

កសិករ​នៅ​អូរព័ទ្ធ​ខេត្តតាកែវ​មួយ​រូប បាន​ប្រាប់​ខ្ញុំ​ថា ចង់​មិន​ចង់​គាត់​ក៏​នៅ​តែ​ចាំបាច់​ទិញ​ជី​គីមី​ពី​ឈ្មួញ​ក្នុង​តម្លៃ​ខ្ពស់​ព្រោះ​ជី​ធម្មជាតិ​មាន​មិន​គ្រប់គ្រាន់​ប្រើ ៖ «ជី​ជឿ​គេ អត់​មាន​លុយ​ទិញ​ផ្ទាល់​ដៃ​ទេ ជឿ​គេ ជឿ​នៅ​ផ្សារ។ ជឿ​គេ​មួយ​បាវ​ហ្នឹង បើ​គេ​លក់​លុយ​ដល់​ដៃ ១៤​ម៉ឺន​រៀល ហ្នឹង​ជី​អន់ យើង​ជឿ​គេ​ថែម​ស្រូវ​មួយ​តៅ​ទៀត ពេល​ច្រូត​ហើយ​ឲ្យ​ស្រូវ​មួយ​តៅ​ទៀត។ ផ្ទះ​ខ្ញុំ​ប្រើ ៤​បាវ​មួយ​ឆ្នាំ កូន​ខ្ញុំ​បែប​៣​បាវ ៧​បាវ​ជំពាក់​ចិន។ ដល់​ហើយ​កូន​រក​សង​គេ​ទៅ ហើយ​ការ​ស្រូវ​គេ​មួយ​បាវ​មួយ​តៅៗ ៧​តៅ។ ...ខ្ញុំ​សន្សំ​បោស​សំរាម កម្ទេច​ផេះ​ទុក​ជា​មួយ​អាចម៍​គោ​ហ្នឹង​ទៅ​បាច​ទៅ នៅ​មិន​គ្រប់គ្រាន់​វា​មិន​បាន​ល្អ​ទេ»

កាល​ពី​ថ្ងៃ​មុន​ខ្ញុំ​បាទ​បាន​ផ្សព្វផ្សាយ​បទសម្ភាសន៍​មួយ​ជាមួយ​កសិករ​វ័យ​ក្មេង​មួយ​រូប​នៅ​ខេត្ត​សៀមរាប ដែល​ធ្វើ​ប៉ូលិស​អភិរក្ស​ផង ធ្វើ​ស្រែ​ជាង​២០​ហិកតារ​ផង​បាន​ដោយ​ជោគជ័យ ដោយ​ប្រើ​អ៊ី.អឹម. ដែល​ជា​អតិ​សុខុមប្រាណ​ដ៏​មាន​ប្រសិទ្ធភាព​យក​មក​បំប្លែង​ជី​កំប៉ុស្ត​ឲ្យ​រឹត​តែ​មាន​គុណសម្បត្តិ​ខ្លាំងក្លា​ណាស់​ទៅ​ទៀត។

ចំពោះ​កសិករ​ដែល​មិន​បាន​ទទួល​ការ​អប់រំ​អំពី​ការ​ប្រើ​អ៊ី.អឹម. ក៏​នៅ​អាច​ប្រើ​ជី​ធម្មជាតិ​ជំនួស​ជី​គីមី​បាន​តាម​ការ​អធិប្បាយ​ណែនាំ របស់​លោក​ប្រធាន​វិទ្យាស្ថាន​សន្តិភាព​និង​អភិវឌ្ឍន៍ នូវ កាស៊ី ៖ «សាន សុវិទ្យ ៖ សព្វថ្ងៃ​ហ្នឹង​អ្នក​ស្រែ​ភាគច្រើន​នៅ​តែ​ពឹង​ជី​គីមី​ហ្នឹង​នៅ​ឡើយ​ហើយ​ជំពាក់​ចិន ...។ នូវ កាស៊ី ៖ បាទ! ជំពាក់​ឈ្មួញ​ឲ្យ​គ្នា​ខ្ចី​ហើយ​មាន​ការ​មាន​អី​ថែម​អី បាន​ផល​ស្រូវ​មក​សង​តែ​ថ្លៃ​ជី​ហ្នឹង​វិញ សល់​បន្តិចបន្តួច​មិន​គ្រប់គ្រាន់​នឹង​ជីវភាព​រស់​នៅ ដូច្នេះ​វិធី​ដោះស្រាយ​ទាល់​តែ​ម្ចាស់​ស្រែ​ហ្នឹង​គាត់​ចេះ​សន្សំ​ជី

សាន សុវិទ្យ ៖ យើង​ធ្លាប់​ប្រើ​ជី​គីមី​ទៅ​ហើយ ដាក់​អាចម៍​គោ​ទៅ​វា​មិន​ផ្ដល់​ផល ធ្វើ​ម៉េច​អាហ្នឹង? នូវ កាស៊ី ៖ ផល​ផ្ដល់​មិន​ដូច​ចិត្ត​ទេ តាម​ពិត​ផ្ដល់​ផល ប៉ុន្តែ​វា​មិន​ទាន់​ដូច​ចិត្ត​ដូច​អ្នក​ម្ចាស់​ស្រែ​ហ្នឹង​គាត់​រំពឹង​ចង់​បាន។ គាត់​ធ្លាប់​ថា​ដាក់​ទៅ​ដុះ​ដល់​ដៃ​ភ្លាម​មួយ​រំពេច បាច​ជី​គីមី​ប្រាវ មួយ​អាទិត្យ​មក​ឃើញ​លូត​ខៀវ​ស្រងាត់ ស្រាប់​តែ​គាត់​មក​ដាក់​ជី​អាចម៍​គោ​មួយ​អាទិត្យ ដល់​មួយ​ខែ​អត់​ឃើញ​អី គាត់​ថា​ហ្នឹង​វា​ខក​ចិត្ត។ តាម​ពិត​មិន​មែន​អ៊ីចឹង​ទេ តាម​ពិត​ជី​ធម្មជាតិ​វា​ទៅ​ធ្វើ​ការ​ជាមួយ​ដី​សិន បើ​ជី​គីមី​វា​ធ្វើ​ការ​ដើម​ដំណាំ​ភ្លាម​មួយ​រំពេច​ហ្នឹង ហើយ​វា​សម្លាប់​ដី ហើយ​បើ​ជី​ធម្មជាតិ​វិញ វា​ទៅ​ធ្វើ​ការ​ជាមួយ​ដី​សិន ទៅ​ធ្វើ​មិត្ត​ជាមួយ​ដី​ហ្នឹង​សិន ត្រូវ​ឫស​គ្នា​ជាមួយ​ដី​ហ្នឹង​សិន ហើយ​បាន​បង្កើត បំប្លែង​ដី​ហ្នឹង​ឲ្យ​ទៅ​ជា​ដី​មាន​ជី។ វា​ខុស​គ្នា​ពី​ជី​គីមី​ទៅ​ដល់​បំប៉ន​ដំណាំ​តែម្ដង ជី​នេះ​ទាល់​តែ​ធ្វើ​ការ​ជាមួយ​ដី​សិន ត្រូវ​ការ​ពេល​វេលា​មួយ​ខែ ២​ខែ ៣​ខែ។ ហើយ​ដល់​កាល​ណា​ដី​ហ្នឹង​ក្លាយ​ទៅ​ជា​ដី​ដែល​មាន​ជី​ធម្មជាតិ​ហើយ គឺ​ល្អ​រហូត​ហើយ ដូច្នេះ​ផល​ម្យ៉ាង​ម្នាក់»

លោក នូវ កាស៊ី បាន​ឲ្យ​ដឹង​បន្ត​ដូច្នេះ ៖ «បើ​ចង់​បាន​ផល​យូរ​លង់​ហើយ​ទៀងទាត់​គឺ​ជី​ធម្មជាតិ បើ​ចង់​បាន​ផល​រហ័ស​ដល់​ដៃ​គឺ​ជី​គីមី ប៉ុន្តែ​ជី​គីមី​រហ័ស​ដល់​ដៃ ដល់​ទៅ​ឆ្នាំ​ក្រោយ​ត្រូវ​ប្រើ​មួយ​ជា​២ មួយ​ជា​បី ឆ្នាំ​ក្រោយ​មួយ​ទៀត​ត្រូវ​មួយ​ជា​បួន មួយ​ជា​ប្រាំ មួយ​ជា​ដប់ អាហ្នឹង​អស់​ចំណេញ​ហើយ​ខូច​ដី​ទៀត។ ហើយ​ដើម្បី​ឲ្យ​បាន​ជី​ធម្មជាតិ​គ្រប់គ្រាន់ ខ្ញុំ​យល់​ថា​បង​ប្អូន​គួរ​ចាប់​អារម្មណ៍​លើ​ដំណាំ​ដែល​ដុះ​លូតលាស់​លឿន ហើយ​មិន​បាច់​ធ្វើ​ការ​ច្រើន កំប្លោក ...សំរាម នៅ​ក្នុង​បាត​បឹង ទាំង​អស់​ហ្នឹង​សុទ្ធ​តែ​ជា​ជី។ បើ​សិន​ជា​គាត់​រវៀស បើ​សិន​ជា​បឹង​រីង​បឹង​រាំង​អស់ គាត់​ទៅ​បារ​មមោក​ចេញ​ពី​បាត​បឹង​យក​ចាក់​ស្រែ​ទៅ សុទ្ធ​តែ​ជី​ធម្មជាតិ​មាន​គ្រប់​ទាំងអស់ មាន​ជាតិ​រ៉ែ​មាន​ជាតិ​អី​មាន​គ្រប់​ទាំងអស់។ ទី​២​ទៀត​កន្លែង​ណា​មាន​ទឹក​យើង​កុំ​ឲ្យ​ថា​ដុះ​ទទេ... ឲ្យ​កំប្លោក​អី​គាត់​ដុះ​ខ្លួន​គាត់​ទៅ ហើយ​កាល​ណា​ដុះ​ធំ​ពេញ​ហើយ យើង​បារ​ជាង​ពាក់​កណ្ដាល​អី​យក​មក​គរ​ទុក​ឲ្យ​វា​ងាប់ៗ យក​មក​ដាក់​ក្នុង​ស្រែ​ទៅ កំបោ្លក​នៅ​សល់​ដុះ​ថែម​មក​វិញ​ទៀត»

លោក នូវ កាស៊ី មាន​ប្រសាសន៍​ដូច្នេះ​ទៀត​ថា ៖ «ទី​៣​ទៀត ចក​បាយ​ទា ចក​ក្រហម​ធំៗ ហ្នឹង​គឺ​ថា​ដាក់​មួយ​គីឡូ ២​ខែ​ឡើង​១០​គីឡូ ហើយ​យើង​ដាក់ ១០​គីឡូ ពីរ​ខែ​ឡើង ១០០​គីឡូ យើង​ដាក់ ១០០​គីឡូ ២​ខែ​ឡើង​មួយ​តោន​គឺ​ថា​ច្រើន​ដែរ យើង​រក​អាហ្នឹង​មក​ចិញ្ចឹម។ នេះ​មិន​មែន​ជា​ទ្រឹស្ដី​ទេ ខ្ញុំ​ឃើញ​នៅ​ប្រទេស​ជិត​ខាង​គេ​ចិញ្ចឹម​ចក កន្លែង​ណា​ទំនេរ​គេ​យក​ចក​មក​ព្រលែង បាន​ន័យ​ថា​យើង​ដាំ​ជី ហើយ​ឲ្យ​ជី​ដុះ​ខ្លួន​ឯង​ដោយ​យើង​មិន​បាច់​ខ្វល់។ ធ្វើ​អ៊ីចឹងៗ​ងាយ​ជាង ព្រោះ​កសិករ​លោក​មិន​មាន​ដើម​ទុន​ទៅ​ទិញ​នៅ​ផ្សារ​ទេ ហើយ​អាហ្នឹង​រក​បាន​តែ​ពូជ​ចក​បាយ​ទា ចក​ក្រហម​ហ្នឹង​មក អាហ្នឹង​វា​ធំ​លឿន ព្រលែង​ទៅ ហើយ​ពេល​មួយ​នោះ​យើង​ឃើញ​វា​ដុះ​កក យើង​បារ ៩០%​មក ទុក ១០% ចោល ២​ខែ​ក្រោយ​ទៀត​ពេញ​ទៀតៗ យើង​ចាំ​តែ​ប្រមូល​យក​ទៅ​ដាក់​ធ្វើ​ជា​ជី។ ចក​បាយ​ទា​ដាក់​ជី​ក៏​ត្រូវ ហាល​ឲ្យ​ស្ងួត​លាយ​ជាមួយ​ស្មៅ​ឲ្យ​គោ​ស៊ី​ក៏​ល្អ យក​លាយ​បាយ​ជ្រូក​ឲ្យ​ជ្រូក​ស៊ី​ក៏​ល្អ លាយ​ចំណី​មាន់​ឲ្យ​មាន់​ស៊ី​ក៏​ល្អ....»

បាទ​ទាំង​ខ្ញុំ​បាទ​ទាំង​លោក នូវ កាស៊ី សង្ឃឹម​ថា ការ​រៀប​រាប់​នេះ​នឹង​ជួយ​ឲ្យ​បង​ប្អូន​កសិករ​ខ្មែរ​ងាក​មក​ប្រើ​ជី​ធម្មជាតិ ដូច​ដែល​លោក អេង ច័ន្ទតារា ប៉ូលិស-​កសិករ​នៅ​ខេត្ត​សៀមរាប បាន​ធ្វើ​ជា​គំរូ​ស្រាប់៕