ចម្លើយ​ចំពោះ​មិត្ត​អ្នក​ស្តាប់​ពាក់ព័ន្ធ​នឹង​ដំណាំ​ល្ហុងខ្វង

មិត្ត​អ្នក​ស្តាប់​ដែល​ជា​កសិករ ហើយ​ដែល​បាន​ដាំ​ល្ហុង​ខ្វង​ខ្លះ បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ថា ដាំ​ដំណាំ​នេះ​ហើយ​នឹង​មិន​មាន​ទីផ្សារ​ទទួល​ទិញ​កសិផល​របស់​ខ្លួន។
ដោយ សាន សុវិទ្យ
2008-10-02
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ដូច​ធ្លាប់​ជម្រាប​ហើយ​ថា គ្រាប់​ល្ហុងខ្វង​គេ​យក​ទៅ​គាប​យក​ប្រេង យក​មក​ប្រើ​ជំនួស​ប្រេង​ម៉ាស៊ូត ដែល​គេ​ហៅ​ថា បៃអូឌីសិល ឬ​ម៉ាស៊ូត​ជីវសាស្ត្រ ដែល​សព្វថ្ងៃ​នេះ សហរដ្ឋ​អាមេរិក គេ​ត្រូវការ​ខ្លាំង​ណាស់ មាន​ប៉ុន្មាន គេ​ទទួល​ទិញ​ទាំងអស់។

លោក ឡុង ឈុន្នី និស្សិត​មួយ​រូប​ដែល​ឪពុក​ម្តាយ​នៅ​ខេត្ត​កំពត ប្រាថ្នា​ចង់​ដាំ​ល្ហុងខ្វង​ក្នុង​ទ្រង់ទ្រាយ​ធំ បាន​សាក​សួរ​ទៅ​វិទ្យុ​អាស៊ីសេរី អំពី​ក្រុមហ៊ុន​ដែល​ទទួល​ទិញ​គ្រាប់​ល្ហុងខ្វង។ ក្រុមហ៊ុន​មួយ​ដែល​ខ្ញុំ​បាទ​ធ្លាប់​ណែនាំ​គឺ ជីវឥន្ធនៈ​កម្ពុជា អាច​ទាក់ទង​បាន​តាម​រយៈ​វ៉ឹបសៃថ៍ www.biodieselcambodia.com។ ក្រុមហ៊ុន​មួយ​ទៀត​ឈ្មោះ Green Acres ដែល​មាន​លោក សាន យូ ជា​អ្នក​គ្រប់គ្រង​ទាក់ទង​បាន​តាម​រយៈ​ទូរស័ព្ទ​លេខ 012 851 161។

លោក សាន យូ មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​លោក​នៅ​ថ្មី នៅ​ពុំទាន់​បាន​ធ្វើ​កិច្ចសន្យា​ជាមួយ​កសិករ​នៅ​ឡើយ តែ​ក្រុមហ៊ុន​គ្រីនអេឃ័រ​ទទួល​ទិញ​គ្រាប់​ល្ហុងខ្វង ៖ «ក្រុមហ៊ុន​ខ្ញុំ​ទទួល​ទិញ​តើ! ខាង​យើង​ទទួល​ទិញ ហើយ​ការពិត​ក្រុមហ៊ុន​ហ្នឹង​ខ្ញុំ​ទើប​មាន​ទេ ទើប​ធ្វើ​ក្រោយ​ហ្នឹង ព្រោះ​វា​ទើប​ចាប់​ផ្ដើម យើង​អត់​ទាន់​បាន​ធ្វើ​កិច្ចសន្យា​ជាមួយ​អ្នក​ភូមិ ឲ្យ​ដាំ​ទៅ​យើង​ទិញ​អី​អ៊ីចឹង​ទេ ទាល់​តែ​យើង​ធ្វើ​មាន​កិច្ចសន្យា​ហ្នឹង បាន​ប្រជាជន​គាត់​សុខ​ចិត្ត​ដាំ គាត់​ខ្លាច​គេ​និយាយ​កុហក​គាត់​ដូច​មុន​ៗ​មក ដូច​រឿង ដំឡូងមី ដូច​រឿង​ពោត សណ្ដែក​អី​ជាដើម»

ចំពោះ​តម្លៃ​ទិញ​គ្រាប់​ល្ហុងខ្វង លោក សាន យូ មាន​ប្រសាសន៍​ថា នឹង​ពឹង​ទៅ​លើ​តម្លៃ​ប្រេង​ម៉ាស៊ូត បើ​ម៉ាស៊ូត​ថ្លៃ លោក​ក៏​ទទួល​ទិញ​គ្រាប់​ល្ហុង​ឲ្យ​តម្លៃ​ខ្ពស់​តាម​នោះ​ដែរ ៖ «យើង​ទិញ យើង​គិត​យ៉ាង​ម៉េច​ថា ៣​គីឡូក្រាម យើង​កិន​ទៅ​បាន​មួយ​លីត្រ ហើយ​មួយ​លីត្រ​ប្រេង​តម្លៃ​ប៉ុន្មាន។ ហើយ​ចំណេញ​មិន​ជា​ច្រើន​ប៉ុន្មាន​ទេ ប្រហែល​ជា​ខ្ទង់ ៣​គីឡូក្រាម​គ្រាប់ ឬ​មួយ​លីត្រ​ប្រេង យើង​អាច​ចំណេញ​បាន ៥០០-​៦០០​រៀល​លុយ​ខ្មែរ»

អ្នក​ទទួល​ទិញ​គ្រាប់​ល្ហុងខ្វង​មួយ​រូប​ទៀត គឺ​លោក​វិស្វករ ព្រំ សៅរ៍នរ៉ា នៃ​ផ្នែក​ថាមពល​មិន​ចេះ​រីង​ស្ងួត​នៅ​សហរដ្ឋ​អាមេរិក ទូរស័ព្ទ​នៅ​រដ្ឋ​ម៉ារីឡែន​លេខ 301-227-2257 ក៏ប៉ុន្តែ​លោក ព្រំ សៅរ៍នរ៉ា ដាក់​លក្ខខណ្ឌ​ថា ចាំ​បាច់​ត្រូវ​ចុះ​កិច្ចសន្យា​គ្នា​ជាមុន​សិន​ថា នឹង​ប្រមូល​គ្រាប់​ល្ហុងខ្វង​លក់​ឲ្យ​លោក​​ឲ្យ​បាន​យ៉ាង​តិច​១​ម៉ឺន​តោន ក្នុង​មួយ​កិច្ចសន្យា បើ​មិន​បាន​បរិមាណ​នេះ​ទេ លោក​នឹង​មិន​មក​បណ្តាក់​ទុន នាំ​គ្រឿង​ចក្រ​ចម្រាញ់​ប្រេង​ល្ហុងខ្វង មក​ដំណើរការ​នៅ​កម្ពុជា​ឡើយ។

លោក​វិស្វករ ព្រំ សោរ៍នរ៉ា មាន​ប្រសាសន៍​ដូច្នេះ ៖ «ដូច​ខ្ញុំ​ជម្រាប​លើក​មុន​អ៊ីចឹង​ថា ១០​ពាន់​តោន បាន​ខ្ញុំ​អាច​ធ្វើ​បាន ។ សាន សុវិទ្យ ៖ មាន​សេចក្ដី​ថា តាម​កុងត្រា​ហ្នឹង ត្រូវ​តែ​មាន​គ្រាប់​ឲ្យ ១​ម៉ឺន​តោន ? ព្រំ សៅរ៍នរ៉ា ៖ បាទ ។ សាន សុវិទ្យ ៖ មួយ​ម៉ឺន​តោន​ហ្នឹង​ក្នុង​រយៈពេល​ប៉ុន្មាន ? ព្រំ សៅរ៍នរ៉ា ៖ ប៉ុន្មាន​ក៏​បាន​ដែរ បើ​តាម​ការពិត​ទៅ បើ​ថា​ឲ្យ​មួយ​ឆ្នាំ ក៏​ខ្ញុំ​ទទួល​ដែរ ប៉ុន្តែ​បើ​បាន​កាន់​តែ​ច្រើន កាន់​តែ​ល្អ​ទៀត ពីព្រោះ​ខ្ញុំ​អាច​ដំឡើង​ផលិតកម្ម​ហ្នឹង​ឲ្យ​បាន​ច្រើន ពីព្រោះ​ថា​តិច​ពេក ដូច​ថា មនុស្ស​យើង​ធ្វើ​មិន​គ្រប់​កម្លាំង»

ដូច្នេះ​ហើយ​បាន​ជា​លោក ព្រំ សៅរ៍នរ៉ា តែងតែ​លើក​ទឹកចិត្ត​ឲ្យ​កសិករ​ផលិត​ប្រេង​ល្ហុងខ្វង​ដោយ​ខ្លួន​ឯង​ទុក​សម្រាប់​ប្រើ​នឹង​ម៉ាស៊ីន​គោយន្ត និង​ម៉ាស៊ីន​ប្រើ​ម៉ាស៊ូត​ផ្សេង​ទៀត​ជាដើម។ លោក​ប្រាប់​ថា ប្រេង​ពី​ដំណាំ​មាន​ប្រេង​គ្រប់​ប្រភេទ​អាច​យក​មក​ប្រើ​ជា​ជីវឥន្ធនៈ​បាន​ទំាងអស់ គ្រាន់​តែ​ថា ប្រេង​ដែល​គាប​បាន​ពី​ដូង​ប្រេង ចាំ​បាច់​ត្រូវ​យក​មក​ដាំ​ឲ្យ​លំហួត​ទឹក​ជា​មុន​សិន។

លោក ព្រំ សៅរ៍នរ៉ា មាន​ប្រសាសន៍​បន្ថែម​ដូច្នេះ ៖ «ខុស​គ្នា​តែ​បន្តិច​ទេ ដូច​ប្រេង​យើង​កិន​ហើយ យើង​ត្រូវ​ដាំ​វា​បាន​យើង​យក​មក​ប្រើ​បាន បើ​ល្ហុងខ្វង​ហ្នឹង​កិន​ហើយ​យក​មក​ប្រើ​បាន​តែម្ដង ។ ... ដូងប្រេង​កិន​ហើយ​វា​មាន​ជាតិ​ទឹក​ច្រើន យក​ទៅ​ដាំ​កម្ដៅ​វា​ហើយ ឲ្យ​ជាតិ​ទឹក​ហ្នឹង​ហើរ​ចេញ​អស់​ទៅ បាន​យើង​យក​មក​ប្រើ​បាន។ ប្រេង​ល្ហុងខ្វង គឺ​ថា​កិន​ហើយ​ហ្នឹង អាច​យក​មក​ប្រើ​បាន​តែម្ដង ពីព្រោះ​ជាតិ​ទឹក​វា​ធ្លាក់​ចុះ​ទៅ​ក្រោម​ហើយ»

មិត្ត​អ្នក​ស្តាប់​វិទ្យុ​អាស៊ីសេរី​មួយ​រូប​ទៀត គឺ​លោក ហ៊ុន ហ៊ាង កសិករ​នៅ​ឃុំ​សណ្តែក ស្រុក​បាធាយ ខេត្ត​កំពង់ចាម បាន​ប្រាប់​ថា​សាកល្បង​ដាំ​ល្ហុងខ្វង ៤-១០​ដើម តែ​មិន​ដឹង​ថា តើ​គេ​ចម្រាញ់​យក​ប្រេង​ដោយ​វិធីណា ៖ «ខ្ញុំ​ដាំ​នៅ​ផ្ទះ ៤-១០​ដើម ចេញ​ផ្លែ​វា​មក​ចង្កោមៗ ។ ហើយ​ខ្ញុំ​មិន​ដឹង​ថា ស្ល​ហ្នឹង​មិន​ដឹង​ស្ល​យ៉ាងម៉េច ខ្ញុំ​យក​សាក​ដុត​មើល ដុត​ទៅ​ផ្ទុះ​ខ្លាញ់​មែន ។ អ៊ីចឹង​ខ្ញុំ​ចង់​ដឹង​ថា គេ​ស្ល​ហ្នឹង ស្ល​យ៉ាង​ម៉េច មាន​វិធី​ដាក់​ស្អី​ខ្លះ អីខ្លះ ហើយ​លាយ​ទឹក​ដែរ ឬ​អត់? ហើយ​គ្រាប់​ហ្នឹង​គេ​យក​ទៅ​បុក ឬ​យ៉ាង​ម៉េច យក​ទៅ​ស្ល​កើត​ជា​ប្រេង​នោះ?»

លោក​វិស្វករ ព្រំ សៅរ៍នរ៉ា អធិប្បាយ​ថា ដើម្បី​គាប​យក​ប្រេង​ពី​គ្រាប់​ល្ហុងខ្វង គេ​ចាំ​បាច់​ត្រូវ​មាន​ម៉ាស៊ីន​គាប ៖ «... អាហ្នឹង​វា​មាន​របៀប​វា ដូចជា​ធ្មេញ​វា​វិល​អ៊ីចឹង​ទៅ ហើយ​វា​កាន់​តែ​គាប​តូច​ទៅ​ៗ វា​សង្កត់​គ្រាប់​ហ្នឹង​បាន​វា​ចេញ​ប្រេង ហើយ​នៅ​ខាង​ក្រៅ​ៗ​ហ្នឹង វា​ធ្វើ​ដូច​ម្រាម​ដៃ​យើង​អ៊ីចឹង គេ​ធ្វើ​ដែក​ដូច​ម្រាម​ដៃ ឲ្យ​ប្រេង​វា​ហៀរ​ចេញ​មក។ ពិបាក​និយាយ​បន្តិច បើ​មើល​ឃើញ​រូប​យល់​តែម្ដង។ អ្នក​នៅ​ស្រុក​ខ្មែរ​គេ​មាន​ដែរ​តើ! សន្ធឹកសន្ធាប់​ឥឡូវ»

លោក សៅរ៍នរ៉ា មាន​ប្រសាសន៍​ថា វិធី​បូរាណ​ដែល​មិន​ប្រើ​ម៉ាស៊ីន​ប្រសិទ្ធភាព​វា​ទាប​ពេក  ម្យ៉ាងទៀត​តម្លៃ​ឧបករណ៍​ប្រើ​ដៃ និង​ម៉ាស៊ីន​ស្វ័យប្រវត្តិ​មិន​ខុស​គ្នា​ឆ្ងាយ​ប៉ុន្មាន​ឡើយ ៖ «កាលពី​ដើម​ខ្មែរ​យើង​អត់​មាន​ម៉ាស៊ីន​គាប​ហ្នឹង គេ​ធ្វើ​ប្រេង​សណ្ដែក ប្រេង​ល្ង​ប្រេង​អី​ហ្នឹង គឺ​ថា គេ​យក​គេ​ដំ​គំនាប​ហ្នឹង វ៉ៃ​គាប​ទៅ ហើយ​ដំ​ស្នៀត​ហ្នឹង វា​ពិបាក​ណាស់​ៗ ស្នៀត​យើង​ចាស់​ហ្នឹង​វា​ពិបាក​ណាស់។ ហើយ​ម៉ាស៊ីន​ហ្នឹង​បើ​សិន​ថ្លៃ ក៏​ខ្ញុំ​មិន​ថា​ទេ ប៉ុន្តែ​ម៉ាស៊ីន​វា​ថោក ម៉ាស៊ីន​តែ ៣​ពាន់​ដុល្លារ ហើយ​ម៉ាស៊ីន​ហ្នឹង​អាច​កិន​ដល់​ទៅ ១,៨០០​គីឡូក្រាម ក្នុង​មួយ​ថ្ងៃ​ឯណោះ គឺ​ថា​វា​ថោក​ណាស់ វា​មិន​សមរម្យ​យើង​ទៅ​គិត​ឲ្យ​ឆ្ងាយ​ហូស​ហេតុ​ពេក»

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល