វិធី​ដាំ​ដំណាំ​ចម្រុះ​ជា​លក្ខណៈ​គ្រួសារ (ភាគ​២)

លោក​អ្នក​នាង​បាន​ជ្រាប​រួច​មក​ហើយ​ពី​គំនិត​ចេះ​ច្នៃប្រឌិត​ដ៏​ប៉ិនប្រសប់ នាំ​ឲ្យ​ស្ត្រី ឡេង យៀត បាន​ជាប់​ចំណាត់​លេខ​២ ជា​កសិករ​ឆ្នើម​ដែល​ជ្រើសរើស​ដោយ​មន្ត្រី​ក្រសួង​កសិកម្ម​កាល​ពី​ថ្ងៃ​២៩ ខែ​មករា ឆ្នាំ​២០១០។
ដោយ អ៊ុក សាវបូរី
2010-03-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

អ្នកស្រី ឡេង យៀត រស់​នៅ​ភូមិ​គោកងួន ឃុំ​ត្រពាំង​ឫស្សី ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ។ អ្នកស្រី​ឲ្យ​ដឹង​ថា ការ​ដាំ​បន្លែ​ក្នុង​ផ្ទះ​សំណាញ់ មិន​ខុស​ពី​ការ​ដាំ​បន្លែ​ក្រៅ​ផ្ទះ​សំណាញ់​ទេ គ្រាន់តែ​ផ្ទះ​សំណាញ់​នេះ​វា​ជួយ​ការពារ​សត្វ​ចង្រៃ​ចង់​បំផ្លាញ​ដំណាំ​ដែល​ប្រើ​ជី​ធម្មជាតិ។

អ្នកស្រី ឡេង យៀត បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «មន្ទីរ​កសិកម្ម គេ​ឃើញ​ខ្ញុំ​ធ្វើ​ល្អ គេ​បាន​ផ្ដល់​ផ្ទះ​សំណាញ់​ហ្នឹង​ឲ្យ ហើយ​ទទួល​ខ្ញុំ​ដាំ​អត់​មាន​ប្រើ​ជាតិ​គីមី គេ​យក​កន្លែង​នេះ​សម្រាប់​ពិសោធន៍​របស់​កសិកម្ម។ ផ្ទះ​សំណាញ់​នេះ​ទើប​នឹង​ដាក់​ក្នុង​ខែ​១១ ថ្ងៃ​ទី​១១ ប៉ុន្តែ​អត់​ទាន់​បាន​ធ្វើ​រួច​ឯ​ណា។ ទើប​សង់​ចប់​នៅ​ចុង​ខែ​ធ្នូ ឆ្នាំ​២០០៩»

អ្នកស្រី​ថា មុន​ដាំ​ត្រូវ​រើស​ទីតាំង​ដាំ​ជា​ដី​ទួល​មិន​លិច​ទឹក ទាំង​ប្រាំង​ទាំង​វស្សា ប៉ុន្តែ​ជា​ដី​ដាំ​បន្លែ​ដែល​មាន​ល្បាយ​ខ្សាច់​និង​កណ្ដេង។ ដី​នោះ​ត្រូវ​នៅ​ក្បែរ​ទឹក​ក្នុង​រដូវ​ប្រាំង​ផង​ដែរ ៖ «ស្លឹកគ្រៃ​វា​ធន់​នឹង​កម្ដៅ​ខ្លាំង​នោះ​ណាស់ ទោះ​បី​ក្ដៅ​យ៉ាង​ណា​វា​សុខ​ចិត្ត​ស្លោក ពេល​ភ្លៀង​មក​វា​ស្រស់​ភ្លាម។ ដំណាំ​ល្ហុង​អី​ក៍​វា​ធន់​ថ្ងៃ​បាន​យូរ​ដែរ យើង​មិន​ប្រើ​ទឹក​ដូច​ស្ពៃ ដូច​ត្រកួន​អី​ត្រូវ​ការ​ទឹក​ព្រឹក​ល្ងាច រក​ខាន​ស្រោច​១​ពេល​មិន​បាន ដូច​ជា​ខ្ទឹម​អី ត្រឡាច​អី ត្រូវ​ស្រោច​ចាក់​ទឹក​ឲ្យ​ដល់។ បើ​ត្រសក់​ស្រូវ​ដាំ​ខែ​នេះ​ចាក់​ទឹក​តិចៗ បើ​ត្រសក់​ផ្អរ​អត់​ទឹក​មិន​បាន​ទេ អា​ពូជ​ត្រសក់​ទ្រើង​នោះ។ បើ​សណ្ដែក​ក្រហម​នោះ​វា​ធន់​នឹង​កម្ដៅ​ខ្លាំង​បាន វា​មិន​សូវ​ត្រូវការ​ទឹក​ខ្លាំង​ទេ។ ព្រោះ​តែ​ពី​ខែ​១១ មក​បេះ​ផ្លែ​រួច​ទុក​ឲ្យ​ដើម​វា​នៅ​អ៊ីចេះ ដល់​ពេល​ធ្លាក់​ភ្លៀង​ភ្ជួរ​លុប​ធ្វើ​ជី ព្រោះ​វា​មាន​ជាតិ​អាហ្សូត រួច​ដាំ​ល្ង​ទៀត»

អ្នកស្រី ឡេង យៀត ថា មុន​ដាំ​បន្លែ​ត្រូវ​ភ្ជួរ​ដី​ឲ្យ​បាន​ច្រើន​សា រួច​យក​ដំបង​ដំ​ដី​នោះ​ឲ្យ​ហ្មត់។ រួច​មក​ចាប់​ផ្ដើម​លើក​រង។ រង​នីមួយៗ​អាច​យក​ក្បាល​១​ម៉ែត្រ ទៅ ១,៥០​ម៉ែត្រ បណ្ដោយ ៥ ទៅ ១០​ម៉ែត្រ កម្ពស់​រង ០,៣ ទៅ​កន្លះ​ម៉ែត្រ។ គម្លាត​ពី​រង​មួយ​ទៅ​រង​មួយ​ត្រូវ​ទុក​ចន្លោះ​សម្រាប់​ដើរ ងាយ​ស្រោច​ទឹក។

លើក​រង​រួច​ហើយ​ត្រូវ​យក​ជីកំប៉ុស​ដែល​ផ្សំ​រួច​គ្រប​ទុក​យូរ​ហើយ​នៅ​ក្នុង​រោង ឬ​ពាង​នោះ ត្រូវ​ជ្រើស​រើស​យក​តែ​កន្លែង​ណា​សំរាម និង​លាមក​សត្វ​បាន​រលួយ​ចូល​គ្នា ឬ​ហៅ​ថា​ពុក​មក​ប្រើ​មុន។ ពេល​យក​មក​ប្រើ​ត្រូវ​ហិត​ជី​នោះ​មើល បើ​គ្មាន​ក្លិន​ស្អុយ និង​ស្ទាប​ទៅ​មិន​ក្ដៅ​ទេ ទើប​ជី​នោះ​ជា​កំប៉ុស​កាច់​ល្អ​ដែល​គេ​អាច​យក​វា​ទៅ​ប្រើ​មិន​ប៉ះពាល់​ដំណាំ។

អ្នកស្រី​ថា បើ​យក​ជីកំប៉ុស​ដែល​មាន​ក្លិន​ស្អុយ​និង​មាន​កម្ដៅ ជី​នោះ​មិន​ទាន់​កាច់​ល្អ​ទេ។ ពេល​យក​វា​ទៅ​ប្រើ​លើ​ដំណាំ កម្ដៅ​វា​ភាយ​ចេញ​ក្រៅ​អាច​ប៉ះពាល់​ដល់​ឫស​ដំណាំ។ អ្នកស្រី​បន្ត​ថា ជីកំប៉ុស​ល្អ​នោះ​ត្រូវ​យក​វា​ទៅ​លាយ​ឲ្យ​សព្វ​ជាមួយ​ដី​ក្នុង​រង​ដែល​លើក​រួច​នោះ។

បន្ទាប់​ពី​លាយ​ជីកំប៉ុស​រួច បើ​សិន​ជា​ចង់​ដាំ​ត្រឡាច ត្រូវ​យក​គ្រាប់​ត្រឡាច​ទុំ​ដែល​ខ្ចប់​ហាល​ទុក​ក្នុង​ក្រណាត់​កាល​ពី​រដូវ​ប្រាំង ដែល​មិន​លាង​ទឹក​នោះ មក​កប់​ក្នុង​រណ្ដៅ​ដី​ជម្រៅ ០,៣​ម៉ែត្រ។ ត្រូវ​មាន​គម្លាត​ពី​គុម្ព​មួយ​ទៅ​គុម្ព​មួយ​ប្រវែង​កន្លះ​ម៉ែត្រ។ គម្លាត​នេះ​ទុក​ឲ្យ​ដើម​ត្រឡាច​វារ​ងាយ​លូត​លាស់។

អ្នកស្រី​ថា បើ​ដាំ​ស្ពៃ មាន​ស្ពៃ​ចង្កឹះ ស្ពៃ​ជើង​ទា សាលាដ មុន​ដាំ គាត់​យក​គ្រាប់​ទៅ​សាប។ នៅ​ពេល​កូន​ស្ពៃ​ដុះ​បាន​៧​ថ្ងៃ ត្រូវ​ដក​វា​ថ្នមៗ​យក​មក​ដាំ​ក្នុង​រង​ដែល​លើក​ជា​ស្រេច​នោះ ៖ «បើ​អស់​សណ្ដែក​កួរ​ទៅ យើង​ដាក់​ស្ពៃ។ ស្បៃ​ចង្កឹះ​ក៏​ដាំ ស្បៃ​ខ្មៅ​ក៏​ដាំ ស្ពៃ​តឿ​ក៏​ដាំ ឬ​គេ​ហៅ​ស្ពៃ​ប្លក់ចយ ក៏​ដាំ។ ដល់​ពេល​មក​ខែ​នេះ វា​ក្ដៅ​ហែង វា​អស់​ទឹក​ស្រះ យើង​ស្រោច​ស្រព​វា​មិន​អាច​ដាំ ចូល​ដល់​បាន​ទេ។ យើង​លើក​យក​ទៅ​ដាំ​នៅ​កន្លែង​ខាង​នោះ ជិត​ទឹក​ស្រះ​ម្ដង»

រី​ឯ​ការ​ថែទាំ​ស្រោច​ទឹក​ក្នុង​រដូវ​ប្រាំង នៅ​ពេល​កូន​ស្ពៃ​ទើប​ដាំ ស្រោច​ក្នុង​១​ថ្ងៃ​ឲ្យ​បាន​៣​ដង។ ប៉ុន្តែ​បើ​ស្ពៃ​ដុះ​បាន​១​អាទិត្យ​ ការ​ស្រោច​ទឹក​ត្រូវ​ថយ។ ប៉ុន្តែ​ត្រូវ​ដាក់​ជីកំប៉ុស​ទឹក បំប៉ន​ដើម​និង​ស្លឹក និង​ត្រូវ​បោច​ស្មៅ​ផង​ដែរ។

អ្នកស្រី ឡេង យៀត ឲ្យ​ដឹង​ដូច្នេះ ៖ «ស្រោច​ទឹក​ចាំបាច់។ នេះ​ស្រោច​តិចៗ ចាំ​មើល​ទឹក​ភ្លៀង។ ដូច​ជា​ស្លឹកគ្រៃ​ស្រួល​ដាំ​ខ្លាំង​ណាស់ ចាំ​មើល​តែ​ភ្លៀង ជ្រំ​គល់​វា ជីក​ដាក់​ជី ផេះ និង​កម្ទេច​សំរាម​ដាក់​ទៅ​ចាក់​ទឹក​២​ដង​រីក​គុម្ព ឬ​ធំៗ ឡើង​ស​ស្គុះ ព្រោះ​យើង​ចាក់​ជី​ទៅ យើង​ជ្រោយ​ជ្រំៗ ហើយ​ពូន​តែ​គុម្ព​វា​ទៅ​លូត​ហើយ»

អ្នកស្រី​ថា ការ​ដាំ​បន្លែ​ក្នុង​ផ្ទះ​សំណាញ់ ត្រូវ​ការពារ​កុំ​ឲ្យ​សត្វ​រុយ​ចូល​ទៅ​ក្នុង​នោះ ព្រោះ​វា​ជា​ភ្នាក់ងារ​បង្កើត​ដង្កូវ។

អ្នកស្រី ឡេង យៀត បន្ត​ថា ដំណាំ​សាលាដ​តែ​ក្នុង​រយៈ​ពេល​ជាង ២០​ថ្ងៃ​បាន​ផល​លក់​ហើយ ៖ «ដំណាំ​មាន​តែ​សាលាដ ស្ពៃ ត្រកួន ដាំ​ឆាប់​បាន​ផល​លឿន។ បើ​ស្ពៃ​ ដាំ​ក្រោម​១​ខែ​ អាច​កាត់​លក់​បាន​ហើយ តែ​២៥​ថ្ងៃ​ទេ។ បើ​សាលាដ​ទុក​យូរ ក្រ​កាត់​អាច​ល្វីង។ យក​ល្អ​សាលាដ​ត្រូវ​កាត់​វា​នៅ​ចន្លោះ​ថ្ងៃ​ទី​២០ ទៅ ២៥​ថ្ងៃ​ក្រោយ​ការ​ដាំ​ដែល​មិន​ប្រើ​ជី​គីមី។ បើ​គេ​ប្រើ​ជី​គីមី​តែ ១៥​ថ្ងៃ​គេ​កាត់​សាលាដ​បាន​ហើយ។ បើ​ស្ពៃ​យើង​រវល់ អាច​ទុក​បាន​១​ខែ បើ​ស្ពៃ​ក្រញាញ់ ដាំ​គ្មាន​ជី​គីមី ដាំ​បាន ២៥​ ទៅ ៣០​ថ្ងៃ​អាច​កាត់​បាន ព្រោះ​វា​ដាំ​តាម​បែប​ធម្មជាតិ វា​ធំ​យឺត​ជាង​គេ។ ទម្ងន់​គីឡូ​វា​ស្រាល​ជាង​គេ ប៉ុន្តែ​យើង​ហូប​មិន​ប៉ះពាល់​សុខភាព ហើយ​និង​មិន​ខូច​ជី​ជាតិ​ដី​របស់​យើង»

អ្នកស្រី ឡេង យៀត ឲ្យ​ដឹង​ថា គាត់​បរាជ័យ​ក្នុង​ការ​ដាំ​បន្លែ​ក្នុង​ផ្ទះ​សំណាញ់​នោះ មក​ពី​គាត់​ដាំ​មិន​បាន​ដូរ​ពូជ​បន្លែ ៖ «ខ្ញុំ​ដាំ​កាត់​សា​មុន សាលាដ ស្ពៃ​ក្រញាញ់ ស្ពៃ​ចង្កឹះ។ សា​ក្រោយ​ខ្ញុំ​ដាំ​ស្ពៃ​ចង្កឹះ​សុទ្ធ ដល់​ពេល​សា​នេះ​គ្រាន់តែ​ខ្ញុំ​សាប​ទៅ​វា​កើត​សត្វ​ល្អិត​ហៅ​ថា សត្វ​ទាកគូ»

អ៊ុក សាវបូរី ៖ ហេតុ​អី​បាន​វា​កើត​សត្វ​ល្អិត​នោះ​បើ​ដាំ​ក្នុង​ផ្ទះ​សំណាញ់​ហើយ​នោះ? ឡេង យៀត ៖ សត្វ​នេះ​វា​កើត​អំពី​ដី ដែល​យើង​ដាំ​បន្លែ​ជាន់​ពូជ​គ្នា​មិន​បាន​ដូរ​ពូជ។ រី​ឯ​វិធី​កម្ចាត់​សត្វ​ល្អិត (ទាកគូ) តាម​មន្ត្រី​កសិកម្ម​នៅ​ខេត្ត​កំពង់ចាម​ប្រាប់ គឺ​យក​ខ្ទឹម​ស​១​គីឡូក្រាម បុក​ឲ្យ​ហ្មត់​ ត្រាំ​លាយ​ជាមួយ​ទឹក ២០​លីត្រ រួច​ជ្រោយ​ដី​មាន​សត្វ​នោះ​ស្រោច​ឲ្យ​សព្វ ជ្រោយ​ស្រោចៗ​ច្រើន​ដង សត្វ​នោះ​នឹង​ងាប់។

អ្នកស្រី​ពន្យល់​ថា ដាំ​បន្លែ​ដូរ​ពូជ​នោះ បើ​ដាំ​បន្លែ​ស្លឹក​មាន​សាលាដ ស្ពៃ​ចម្រុះ ក្រោយ​ការ​ប្រមូល​ផល​ត្រូវ​ដូរ​ដាំ​បន្លែ​មើម មាន​សណ្ដែក​ដី ឆៃថាវ​ជាដើម បន្ទាប់​មក​ត្រូវ​ដាំ​បន្លែ​ឲ្យ​ផល​ជា​ផ្លែ មាន​ត្រប់ ពោត ត្រឡាច ត្រសក់ ម្ទេស សណ្ដែក​កួរ សណ្ដែក​ខៀវ​ជាដើម។ អ្នកស្រី​ថា ការ​ប្ដូរ​ពូជ​ដំណាំ​នេះ​គឺ​ជួយ​ឲ្យ​ដី​មិន​សូវ​ប្រើ​អស់​ជីជាតិ​ពេក​ទេ។

បទពិសោធន៍​របស់​អ្នកស្រី ឡេង យៀត ដែល​បាន​បង្ហាញ​ជូន​ជ្រាប​ដោយ​ត្រួសៗ​មក​នេះ ប្រសិន​បើ​លោក​អ្នក​នាង​មិន​ទាន់​យល់​ច្បាស់ ចង់​ចេះ​បន្ថែម សូម​ទាក់ទង​តាម​ទូរស័ព្ទ​លេខ ០៩២ ២១៦ ២២៨ ឬ​អញ្ជើញ​ទៅ​ផ្ទះ​អ្នកស្រី ឡេង យៀត ផ្ទាល់ នៅ​ភូមិ​គោកងួន ឃុំ​ត្រពាំងឫស្សី ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល