អង្គការ​ឃ្លាំ​មើល​កិច្ចការ​កសិកម្ម​រក​ឃើញ​ថា ជម្លោះ​ដីធ្លី​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុវត្ថិភាព​ស្បៀង​របស់​កសិករ

ដោយ សេក បណ្ឌិត
2019.11.03
កសិករ សមាជិក​របស់​សមាគមន៍​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា (CCFC) នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន ចូលរួម​យុទ្ធនាការ ១៦ថ្ងៃ​ស្តីពី​យុវជន និង​ស្ត្រី​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​អធិបតេយ្យ​ស្បៀង​របស់​កសិករ។
រូប៖ CCFC

សម្ព័ន្ធ​សមាគម​កសិករ​កម្ពុជា (CCFC) បង្ហាញ​ពី​លទ្ធផល នៃ​ការ​ធ្វើ​យុទ្ធនាការ ១៦ថ្ងៃ​ស្តីពី​យុវជន និង​ស្ត្រី​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​អធិបតេយ្យ​ស្បៀង​របស់​កសិករ។

ក្នុង​រយៈ​ពេល ១៦ថ្ងៃ នៃ​យុទ្ធនាការ គឺ​ពី​ថ្ងៃ​ទី១ ដល់​ថ្ងៃ​ទី១៦ តុលា​កន្លង​ទៅ​នោះ ក្រុម​ការងារ​របស់​សម្ព័ន្ធ​សមាគម​រក​ឃើញ​ថា នៅ​កសិករ​នៅ​ក្នុង​សហគមន៍​មួយ​ចំនួន​កំពុង​ប្រឈម នឹង​បញ្ហា​ដីធ្លី ដើម​ទុន និង​បច្ចេកទេស​នៃ​ការ​ដាំ​ដុះ​ជា​ដើម។

អង្គការ​ឃ្លាំ​មើល​កិច្ចការ​កសិកម្ម និង​អ្នក​ជំនាញ​លើ​ការ​ដាំដុះ រក​ឃើញ​ថា ជម្លោះ​ដីធ្លី​នៅ​តាម​សហគមន៍ កង្វះ​ធនធាន​ថវិកា និង​បច្ចេកទេស​ដាំដុះ ធ្វើ​ឲ្យ​ប៉ះ​ពាល់​ខ្លាំង​ដល់​សុវត្ថិភាពស្បៀង​របស់​កសិករ។

ប្រធាន​សម្ព័ន្ធ​សមាគម​កសិករ​កម្ពុជា (CCFC) លោក ថេង សាវឿន​បាន​ឲ្យ​ដឹង​ថា ក្នុងរយៈពេល​១៦ថ្ងៃ នៃ​យុទ្ធនាការ​ស្តីពី​អធិបតេយ្យ​ស្បៀង​របស់​កសិករ កាល​ពីដើមខែ​តុលា​នេះ ក្រុម​ការងារ​លោក​បានជួបពិភាក្សា​ជាមួយ​ប្រជាកសិករ នៅតាម​សហគមន៍​ជាង៥០ នៃ​ខេត្ត​ចំនួន៩ ដែល​ជា​បណ្តាញ​អង្គការ​របស់​លោក។

ខេត្ត​ទាំង​នោះ រួម​មាន​ខេត្ត​ត្បូង​ឃ្មុំ ស្វាយរៀង ព្រៃវែង ខេត្ត​កណ្តាល តាកែវ កំពត​កំពង់ស្ពឺ ព្រះសីហនុ និង​ខេត្ត​ព្រះវិហារ។

ក្នុង​ចំណោម​ខេត្ត​ទាំង​នេះ ក្រុម​កសិករ​បាន​បង្ហាញ​ក្តីបារម្ភ​ពីអំពី​សុវត្ថិភាព​ស្បៀង អធិបតេយ្យ​ស្បៀង​របស់​ពួក​គាត់​សម្រាប់​បច្ចុប្បន្ន​ និង​ទៅ​អនាគត។

លោក​បន្ត​ថា បញ្ហានេះ​ទាក់ទង​នឹង​ការ​កើត​មាន​នូវ​ជម្លោះ​ដីធ្លី ដែល​ដោះ​ស្រាយ​មិន​ចេះ​ចប់ ធ្វើ​ឲ្យ​ពួក​គាត់​ពេល​វេលា គ្មាន​ដី​ដាំ​ដុះ​ដំណាំ​គ្រប់គ្រាន់​សម្រាប់​លក់​បាន​កម្រៃ​ចិញ្ចឹម​ជីវិត ហើយ​អ្នក​ខ្លះ​ទៀត គឺ​គ្មាន​ដី​ដាំ​ដុះ​តែ​ម្តង ដោយសារ​តែ​ដី​ពួក​គាត់​ត្រូវគេ​រឹបអូស​យក​អស់ ជាង​នេះ​ទៅ​ទៀត គឺ​ពួក​គាត់​ថែម​ទាំង​បាត់បង់​សិទ្ធិ​ក្នុង​ការ​ជួប​ប្រជុំ តវ៉ា​រក​យុត្តិធម៌​ក្នុង​ជម្លោះ​ដីធ្លី​របស់​ពួក​គាត់​នោះ​ឡើយ៖ «រឿង​នេះ​ផ្សារ​ភ្ជាប់​នឹង​រឿង​វិវាទ​ដីធ្លី ពី​ព្រោះ​ដើម្បី​មានស្បៀងអាហារគ្រប់គ្រាន់ទាល់តែ​ប្រជាពលរដ្ឋ ឬ​កសិករ មាន​ដី​ស្រែ​ចម្ការ​គ្រប់​គ្រាន់ ដើម្បី​បង្ក​បង្កើន​ផល ក៏​ប៉ុន្តែ​បើ​ដីធ្លី​របស់​ពួក​គាត់​មាន​ជម្លោះ​ធ្វើ​អ្វី​មិន​បាន អ៊ីចឹង​ពួក​គាត់​មិន​អាច​រក្សា​លំនឹង​អធិបតេយ្យ​ភាព​ស្បៀង​របស់​ពួក​គាត់​បាន​ទេ»

អាស៊ីសេរី ពុំ​ទាន់​អាច​សុំ​ការ​ពន្យល់​ពីអ្នកនាំពាក្យ ក្រសួងកសិកម្ម លោក ស្រី វុឌ្ឍី បាន​ទេ ជុំវិញ​បញ្ហា​នេះ។

ចំណែក ទីប្រឹក្សាឯករាជ្យ​ផ្នែកកសិកម្ម ដែលធ្លាប់ធ្វើការងារច្រើនឆ្នាំ​លើកិច្ចការ​ដាំដុះ​ជាមួយកសិករ បាន​កត់​សម្គាល់​ឃើញ​ថា ជា​ច្រើន​ឆ្នាំ​មក​នេះ​វិស័យ​កសិកម្ម​មាន​ការ​វិវឌ្ឍន៍​យឺត​បើ​ប្រៀបធៀប​ជា​មួយ​ប្រទេស​ជិត​ខាង​ក្នុង​តំបន់។

លោក​បន្ត​ថា នៅ​ចំពោះ​មុខ​ការ​ទ្រទ្រង់ពី​ស្ថានប័ន​ជំនាញ​លើ​វិស័យ​កសិកម្ម​នៅមាន​កម្រិត​ ធ្វើ​ឲ្យ​កសិករ ប្រឈម​នឹង​ការ​ខ្វះខាត​ចំណេះ​ដឹង​បច្ចេកទេស ដើម​ទុន​ ខ្វះ​ប្រព័ន្ធ​ទឹក​ស្រោចស្រព និង​បញ្ហា​ទីផ្សារ​ជាដើម៖ «ពី​មុន​កសិករ​មាន​ទស្សនៈ​ថា ចង់​មាន​ឲ្យ​ដាំ ឥឡូវ​ពួក​គាត់​មាន​ទស្សនៈ​ផ្សេង​ថា ចង់​មាន​ឲ្យ​លក់​ដី ត្រង់​ហ្នឹង​ហើយ ជា​ផល​ប៉ះពាល់​ដល់​កូន​កសិករ​ជំនាន់​ក្រោយ និង​ធ្វើ​ឲ្យ​ការ​ផលិត​ធ្លាក់​ចុះ»

ទន្ទឹម​គ្នា​នេះ លោក​អំពាវនាវ​ឲ្យ​ក្រសួង​កសិកម្ម អង្គការ​ដៃ​គូ​អភិវឌ្ឍ និង​ស្ថានប័ន​ពាក់ព័ន្ធ​ដទៃ​ទៀត ​សហការ​គ្នា​ឲ្យ​រឹងមាំ​បន្ថែម​ទៀត ដើម្បី​ជួយ​ដល់​កសិករ ដោះ​ស្រាយ​បញ្ហា​ប្រឈម​នានា ក្នុង​វិស័យ​កសិកម្ម ដូច​ជា បញ្ហា​បច្ចេកទេស​ដាំដុះ ដើម​ទុន និង​បញ្ហា​ទីផ្សារ​ជា​ដើម៖ «ពី​មុន​កសិករ​មាន​ទស្សនៈ​ថា ចង់​មាន​ឲ្យ​ដាំ ឥឡូវ​ពួក​គាត់​មាន​ទស្សនៈ​ផ្សេង​ថា ចង់​មាន​ឲ្យ​លក់​ដី ត្រង់​ហ្នឹង​ហើយ​ជា​ផល​ប៉ះពាល់​ដល់​កូន​កសិករ​ជំនាន់​ក្រោយ និង​ធ្វើ​ឲ្យ​ការ​ផលិត​ធ្លាក់​ចុះ»

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) រក​ឃើញ​ថា ស្រ្តី​ជួប​វិបត្តិ​ដីធ្លី​បាន​កើន​ឡើង​នៅ​ឆ្នាំ២០១៩ នេះ។

របាយការណ៍​ស្តី​អំពី «ស្ត្រីក្នុងជម្លោះដីធ្លីនៅកម្ពុជា» ដែល​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ធ្វើ​ការ​ស្រាវជ្រាវ ឆ្នាំ​២០១៦ ហើយ​បាន​ធ្វើ​បច្ចុប្បន្នភាព​ផ្សព្វផ្សាយ​នៅ​ពេល​ថ្មីៗ នេះ បង្ហាញ​ថា កាល​ពី​ឆ្នាំ២០១៦ មាន ៧៩% នៃ​ប្រជាពលរដ្ឋ​រស់​នៅ​តំបន់​ជនបទ​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ទៅ​នឹង​ដីធ្លី​និង​ធនធាន​ធម្មជាតិ។ ប្រជាពលរដ្ឋ​ប្រមាណ ៧សែន​នាក់ បាន​រង​ផល​ប៉ះពាល់​ដោយសារ​ជម្លោះ​ដីធ្លី​ក្នុង​រយៈ​ពេល​ពីរ​បី​ទសវត្ស​ចុង​ក្រោយ​នេះ។

ទាក់ទង​នឹង​យុទ្ធនាការ ១៦ថ្ងៃ ស្តីពី​ការ​ធ្វើ​របរ​កសិកម្ម និង​អធិបតេយ្យ​ស្បៀង​របស់​កសិករ​អគ្គលេខា​នៃ​សម្ព័ន្ធសមាគមកសិករកម្ពុជា(CCFC) កញ្ញា កែវ ចាន់រ៉ា បាន​ធ្វើ​បទ​បង្ហាញ​មួយ​តាយ​រយៈ​វីដេអូ​ខ្លី​មួយ​ផ្សាយ​លើ​បណ្តាញ​សង្គម​ថ្មី​នេះ ឲ្យ​ដឹង​ថា បច្ចុប្បន្ន​កំណើន​យុវជន​បាន​កើន​ឡើង​គួរ​ឲ្យ​គត់​សម្គាល់ ដែល​ជា​សក្តានុពល​ក្នុងការ​ចូលរួម​អភិវឌ្ឍ​នៅ​តាម​ជនបទ ឬ​តំបន់​ជាយ​ក្រុង។ ប៉ុន្តែ​ពួក​គេ​បាន​ប្រឈម​នឹងការ​ខ្វះ​ដី​ធ្វើ​កសិកម្ម ឬ​អ្នក​ខ្លះ​មាន​ដែរ តែ​មាន​តិចតួច​ដែល​ពិបាក​ធ្វើ​កសិកម្ម​ប្រកួត​ប្រជែង​នៅ​លើ​ទីផ្សារ បញ្ហា​សេវា​សុខភាព វិស័យ​អប់រំនៅ​មាន​កម្រិត​ទាប ​ដែលនាំ​ឲ្យ​យុវជន​ខ្វះ​ជំនាញ​ក្នុង​ការ​បង្កើត​មុខ​របរ​ដោយ​ខ្លួន​ឯង៖ «យុវជន​ពេញ​កម្លាំង​ប្រកប​កាងារ គឺ​អត់​អាច​ឈាន​ជើង​ចូលរួម​ក្នុង​វិស័យ​កសិកម្ម​នេះ​បាន​ទេ។ អ៊ីចឹង​ហើយ​បាន​ជា​យុវជន ដែល​មាន​វ័យ​ពេញ​កម្លាំង​គាត់​ធ្វើ​ចំណាក​ស្រុក​ពី​ជន​បទ​ទៅ​ទីក្រុង និង​ចេញ​ទៅ​ក្រៅ​ប្រទេស មាន​ប្រទេស​ថៃ និង​ទៅ​ប្រទេស​ផ្សេងៗ ទៀត»

កញ្ញា​បន្ត​ថា យុទ្ធនាការ ១៦ថ្ងៃ​របស់​សម្ព័ន្ធ​សមាគម​កសិករ​កម្ពុជា ជាមួយ​បណ្តាញ​ថ្នាក់​តំបន់​ធ្វើឡើង​បាន​ពីរ​ឆ្នាំ​ហើយ។ នៅ​ឆ្នាំ​ទី២ នេះ គឺ​ផ្តោត​សំខាន់​លើ​ការ​ចូលរួម​របស់​យុវជន និងស្រ្តី នៅ​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ក្សេតបរិស្ថាន និង​អធិបតេយ្យ​ស្បៀង។

អង្គការ​នេះ​បញ្ជាក់​ដែរ​ថា គោល​បំណង​សំខាន់ នៃយុទ្ធនាការ គឺ ដើម្បីលើកកម្ពស់ការ​យល់ដឹង​ជា​សាធារណៈ ពី​អត្ថ​ប្រយោជន៍​ពី​ការ​ធ្វើ​កសិកម្ម បែប​ក្សេតបរិស្ថាន ដើម្បី​ឆ្ពោះ​ទៅ​រក​អធិបតេយ្យ​ស្បៀង លើក​ទឹក​ចិត្ត​ដល់​អ្នក​ផលិត​ក្នុង​សហគមន៍​តាម​ជនបទ​និង​បង្កើន​សាមគ្គីភាព​ក្នុង​ចំណោម​ប្រជាពល​រដ្ឋក្នុងសហគមន៍ ទូទាំង​ប្រទេស​និង​ពិភព​លោក ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ធ្វើ​កសិកម្ម ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​សារជីវកម្ម ព្រម​ទាំង​ការ​ធ្វើ​កសិកម្ម​ប្រកប​ដោយ​និរន្តរភាព។

លោក ថេង សាវឿន ពន្យល់ថា ក្សេតបរិស្ថាន គឺ​សំដៅ​ធ្វើ​យ៉ាង​ណា​ឲ្យ​ការ​ធ្វើ​កសិកម្ម​នោះ​បាន​ជួយ​ដល់​ការ​ការពារ​បរិស្ថាន និង​ប្រើប្រាស់​ធនធាន​របស់​កសិករ ដែល​មាន​ស្រាប់​ជា​លក្ខណៈ​វិលជុំ ដោយ​មិន​ប្រើ​សាធាតុគីមី មិន​ប៉ះពាល់​បរិស្ថាន និង​មិន​ចំណាយ​ថវិកា​ច្រើន៖ «ដូច​ថា នៅ​ក្នុង​ជីវភាព​គ្រួសារ​យើង​មាន​ស្រះ​ទឹក មាន​ត្រី និង​សួន​ដំណាំ​ចម្រុះ ដែល​អាច​ប្រើប្រាស់​កាក​សំណល់​នោះ​ឡើង​វិញ​បាន»

លោក ថេង សាវឿន បន្ត​ថា​រាល់​បញ្ហា​ប្រឈម​របស់​កសិករ និង​ផល​ប៉ះពាល់​នានា ទាក់ទង​នឹង​បរិស្ថាន​ អង្គការ​លោក​នឹង​ចង​ក្រង​ឯកសារ​ផ្ញើ​ជូន​ទៅ​រដ្ឋាភិបាល​ក្រសួង​កសិកម្ម​ និង​ស្ថានប័ន​ពាក់ព័ន្ធ​ដទៃ​ទៀត ចូលរួម​ដោះ​ស្រាយ ដើម្បី​លើក​ស្ទួយ​ជីវភាព​កសិករ​ឲ្យ​មាន​ការ​រីក​ចម្រើន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។