ដំណាំ​ល្ង

ដោយ អ៊ុក សាវបូរី
2015.02.22

ល្ង​គឺ​ជា​រុក្ខជាតិ​មួយ​ប្រភេទ​មាន​ដាំ​នៅ​ប្រទេស​កម្ពុជា ជា​យូរ​មក​ហើយ។ គេ​អាច​យក​គ្រាប់​ល្ង​ធ្វើ​ជា​បង្អែម រំងាស់​យក​ទឹក​ផឹក​ដើម្បី​បន្ថយ​ជាតិ​ខ្លាញ់​ក្នុង​សរសៃ​ឈាម ឬ​ក៏​អាច​យក​វា​ទៅ​ចម្រាញ់​​ធ្វើ​ប្រេង​ល្ង​ក៏​បាន។

នៅ​ប្រទេស​កម្ពុជា មិន​សូវ​មាន​ដំណាំ​ល្ង​ច្រើន​ដូច​ដំណាំ​ស្រូវ​ទេ ព្រោះ​ល្ង​ត្រូវ​ការ​ដី​មាន​ជីជាតិ​ខ្លាំង និង​ត្រូវ​ប្រើ​ជី​បំប៉ន​ច្រើន ឯ​តម្លៃ​ជួញដូរ មិន​លើស​គ្រាប់​សណ្ដែក​បាយ​ទេ។ ទោះ​ជា​យ៉ាង​ណា ដំណាំ​ល្ង​មាន​ដាំ​នៅ​តំបន់​ដី​មាត់​ទន្លេ និង​ដី​ក្បែរ​ជើង​ភ្នំ។ មន្ត្រី​កសិកម្ម​ឲ្យ​ដឹង​ថា ល្ង គឺ​ជា​ដំណាំ​ងាយ​ដាំ ប៉ុន្តែ​ទាមទារ​ការ​ហាល​ដី​យូរ គឺ​ជាង ១​ខែ ទើប​វា​ដុះ​ល្អ ឈ្នះ​ជំងឺ ឲ្យ​គ្រាប់​ល្ង​ធំ​ល្អ ហើយ​សំបូរ​ប្រេង។ ក្រោយ​ការ​ដាំ​គ្រាប់​ពូជ​ល្ង ត្រូវ​រង់ចាំ​រយៈពេល​ពី ២ ទៅ ៣​ខែ ទើប​អាច​ប្រមូល​ផល។ ពេល​វេលា​ដាំ​ល្ង គឺ​នៅ​រដូវ​ភ្លៀង​ជិត​ផុត ដី​កំពុង​ស្រស់​ទឹក។

ល្ង គឺ​ជា​ដំណាំ​ដែល​ត្រូវការ​កម្ដៅ​ថ្ងៃ និង​ពន្លឺ​ថ្ងៃ។

អតីត​មន្ត្រី​ក្រសួង​កសិកម្ម និង​ជា​ប្រធាន​បច្ចេកទេស​ប្រើប្រាស់​ជី​ធម្មជាតិ​ជប៉ុន សញ្ញា​ផែនដី លោក ជា ថូ ថ្លែង​ថា ល្ង​ត្រូវ​ការ​ដី​ល្បប់ មាន​ល្បាយ​ខ្សាច់ សំបូរ​ជីជាតិ​ក្នុង​ការ​ដាំដុះ។ តែ​ល្ង​មិន​ដុះ​លើ​ដី​មាន​ជាតិ​ជូរ និង​ជាតិ​ប្រៃ​ទេ។

លោក ជា ថូ បន្ត​ថា ល្ង​ត្រូវ​ការ​ដី​ធូរ​ខ្លាំង ព្រោះ​វា​ដុះ​យឺត ក្រោយ​ការ​បុក​ដាំ ឬ​ក្រោយ​ការ​ព្រោះ​គ្រាប់​ពូជ។ ហេតុ​នេះ​មុន​ដាំ​ល្ង ត្រូវ​ភ្ជួរ​ដី​ហាល​ឲ្យ​បាន​ជាង ១​ខែ ដើម្បី​​ឲ្យ​ដី​ឆ្អិន​ល្អ និង​សម្លាប់​មេរោគ​ក្នុង​ដី​ផង។ ការ​ភ្ជួរ​ដី​ដាំ​ល្ង ត្រូវ​ភ្ជួរ​ឲ្យ​បាន​ជម្រៅ ២,៥​តឹក ទៅ ៣​តឹក ហើយ​រាស់​ឲ្យ​បាន ២ ទៅ ៣​សា ពង្រាប​ដី​ឲ្យ​រាប​ស្មើ។ ល្ង ត្រូវ​ការ​ដី​ធូរ ងាយ​ស្រួល​ដុះ​ចេញ​ពន្លក ព្រោះ​ការ​ដុះ​លូតលាស់​របស់​វា​យឺត​ពេក៖ «ព្រោះ​ថា ល្ង​យើង​ត្រូវ​ការ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ជាង​ដំណាំ​នានា​ក្នុង​ការ​ធ្វើ​ដី។ ការ​ភ្ជួរ​ដី ត្រូវ​ការ​ភ្ជួរ​ឲ្យ​បាន ២​សា ហើយ​រាស់​ឲ្យ​បាន ៣​ដង ដើម្បី​ឲ្យ​ដី​ម៉ត់​ល្អ»

លោក ជា ថូ បន្ត​ថា រដូវ​ដាំ​ល្ង​ដុះ​ល្អ​គួរ​ដាំ​នៅ​រដូវ​ភ្លៀង និង​ជិត​ពាក់​កណ្ដាល​រដូវ​ភ្លៀង គឺ​ថិត​ក្នុង​ខែ​មិថុនា ទៅ​ខែ​កក្កដា។ ពេល​វេលា​ដាំ​ល្ង​ឲ្យ​ដុះ​ល្អ គួរ​ចាប់​ផ្ដើម​ដាំ​នៅ​រដូវ​ទឹក​ស្រក។ ល្ង បើ​ដាំ​លើ​ដី​ល្បប់​តាម​មាត់​ទន្លេ​ទើប​ល្អ ព្រោះ​វា​ត្រូវ​ការ​ដី​មាន​ជីជាតិ​ខ្លាំង ដោយ​មិន​ចាំបាច់​ប្រើ​ជី​ដាក់​ក្នុង​រង​ល្ង​ក៏​បាន។ ល្ង អាច​ព្រោះ​ក៏​បាន ឬ​បុក​ដី​ដាំ​ក៏​បាន អាស្រ័យ​លើ​សំបូរ​កម្លាំង​ពលកម្ម ឬ​មិន​សំបូរ​កម្លាំង​ប៉ុណ្ណោះ។ ឯ​ទិន្នផល​របស់​វា នៅ​ពេល​ប្រមូល​ផល គឺ​លើស​ខ្វះ​គ្នា​បន្តិចបន្តួច។ ការ​ដាំ​ល្ង​​ដោយ​វិធី​ព្រោះ​គ្រាប់ ក្នុង​ដី ១​ហិកតារ គេ​ប្រើ​គ្រាប់​ពូជ​អស់ ១៣ ទៅ ១៥​គីឡូក្រាម។ បើ​ដាំ​ល្ង ដោយ​វិធី​បើ​បុក​ដាំ ប្រើ​គ្រាប់​ពូជ​អស់ ៨ ទៅ ១០​គីឡូក្រាម តិច​ជាង​វិធី​ដាំ​ដោយ​ព្រោះ​គ្រាប់​ពូជ៖ «វា​លើកលែង​តែ​ដី​ហ្នឹង​វា​ជូរ​ខ្លាំង វា​អាស៊ីដ​ខ្លាំង អា​ហ្នឹង​យើង​អាច​កែ​វា​មែន​ទែន គឺ​ថា​ជីជាតិ​ក្នុង​ដី​ទេ ដែល​សំខាន់​សម្រាប់​ដំណាំ​នៅ​ក្នុង​ការ​ដុះ​លូតលាស់ ហើយ​រុក្ខជាតិ ដូចជា​ល្ង​អ៊ីចឹង វា​ត្រូវការ​ជាតិ​ប៉ូតាស្យូម​រាង​ច្រើន គឺ​ថា ដំណាំ​យក​ប្រេង ដំណាំ​យក​ស្ករ​អ៊ីចឹង គឺ​វា​ត្រូវការ​ជាតិ​ប៉ូតាស្យូម​ខ្លាំង»

ចំពោះ​បទពិសោធន៍​របស់​កសិករ​ដាំ​ល្ង លោក ម៉ាង ប៊ុនថុន រស់​នៅ​ភូមិ​ក្តី​ចាស់ សង្កាត់​បាក់ខែង ខណ្ឌ​ជ្រោយចង្វារ ឲ្យ​ដឹង​ថា ល្ង​ត្រូវ​ការ​ដី​ស្រស់​ទឹក និង​មាន​ជីជាតិ។ លោក​អះអាង​ថា បាន​ដាំ​ល្ង​តាម​មាត់​ទន្លេ​ក្នុង​រដូវ​ទឹក​ស្រក គឺ​ដាំ​លើ​ដី​ល្បាយ​ខ្សាច់ និង​ដី​ឥដ្ឋ ជា​ដី​ដែល​មាន​ជីជាតិ​ច្រើន ដោយ​មិន​ចាំ​បាច់​ប្រើ​ជី​ទ្រាប់​បាត​ទេ៖ «ព្រោះ​អី​ល្ង វា​អត់​ត្រូវ​ការ​ទឹក​ច្រើន​ពេក​ទេ បើ​ទឹក​ច្រើន​វា​រហ័ស​ងាប់ បើ​ដាំ​ដី​ស្រែ​វា​ភាគ​ច្រើន ពពួក​ដី​ជាំ​ទឹក ដី​កណ្ដេង វា​ត្រូវ​មាន​គន្លង ចង្អូរ​កុំ​ឲ្យ​ដក់​ទឹក​ឲ្យ​សោះ​ល្ង។ បើ​ដី​ដក់​ទឹក ១​ថ្ងៃ ទៅ ២​ថ្ងៃ គឺ​វា​ងាប់​ហើយ​ល្ង ឲ្យ​តែ​ដក់​ទឹក​វា​ជាំ ហើយ​ងាប់​ហើយ​ល្ង​នោះ»

លោក ម៉ាង ប៊ុនថុន រៀបរាប់​ថា ក្រោយ​ពី​រើស​ដី​សម្រាប់​ដាំ​បាន​ហើយ គាត់​ឆូត​ដី​ជា​រង​ទុក​ផ្លូវ​ដើរ​ ២​តឹក គម្លាត​ពី​រង​មួយ​ទៅ​រង​មួយ គឺ​ងាយ​ស្រួល​ថែទាំ។ បន្ទាប់​មក​គាត់​យក​គ្រាប់​ពូជ​ល្ង​តែ ២​បែប​ទេ គឺ​ល្ង​ណា​ផ្លែ ៤​ជ្រុង និង ៦​ជ្រុង រើស​យក​ទៅ​ដាំ។ លោក​ថា ល្ង​មាន​ផ្លែ ៤​ជ្រុង ទៅ ៦​ជ្រុង គឺ​ជា​ពូជ​គ្រាប់​ធំ​ឲ្យ​ប្រេង​ច្រើន។ ផ្លែ​ល្ង​ខ្លះ​ទៀត​មាន ៨​ជ្រុង ១០​ជ្រុង ទៅ ១២​ជ្រុង គឺ​ជា​ពូជ​ល្ង​មាន​គ្រាប់​ល្អិត មិន​សូវ​មាន​ជាតិ​ប្រេង ហើយ​សំបូរ​គ្រាប់​ស្ពៀត ឬ​សំដី​ល្ង​ច្រើន។

លោក ម៉ាង ប៊ុនថុន ឲ្យ​ដឹង​ថា មុន​ដាំ​ល្ង គាត់​ភ្ជួរ​ដី​ច្រើន​សា ហើយ​ហាល​ដី ១០​ថ្ងៃ ទៅ​កន្លះ​ខែ។ ប្រែ​ដី​និង​រាស់​ដី​ឲ្យ​ម៉ត់ ទើប​គាត់​ឆូត​ជា​រង​ដាំ។ គាត់​យក​កំប៉ុង​ទឹក​ដោះ​គោ​ចោះ​បាត​កំប៉ុង​ឲ្យ​បាន​ទំហំ​ប៉ុន​គ្រាប់​ល្ង ទើប​គាត់​ច្រក​គ្រាប់​ពូជ​ទៅ​ក្នុង​កំប៉ុង​នោះ ហើយ​យក​ទៅ​គោះ​ពី​លើ​ដី​រង​ដែល​ឆូត​ជា​គន្លង​សម្រាប់​ដាំ៖ «ពូជ​ហ្នឹង​វា​មាន​ប្រភេទ​ផ្លែ​ ៤​ជ្រុង ៦​ជ្រុង ៨​ជ្រុង ១០​ជ្រុង ១២​ជ្រុង។ ប៉ុន្តែ​ខាង​ខ្ញុំ​ច្រើន​ប្រើ​គ្រាប់​ពូជ ៤​ជ្រុង ៦​ជ្រុង គឺ​ជា​ពូជ​គ្រាប់​ធំ ហើយ​វា​មាន​ទម្ងន់ ហើយ​ទីផ្សារ​គឺ​គេ​ចូល​ចិត្ត​ចង់​បាន»។

លោក ម៉ាង ប៊ុនថុន ឲ្យ​ដឹង​ថា ក្រោយ​ការ​គោះ​គ្រាប់​ដាំ ៥​ថ្ងៃ ល្ង​ដុះ​ចេញ​ដើម​មាន​សន្លឹក​ពីរ។ នៅ​ពេល​ល្ង​ដុះ​បាន ១​ខែ ស្មៅ​ដុះ​នៅ​ក្នុង​រង ម្ចាស់​ចម្ការ​ត្រូវ​ដើរ​ដក​ស្មៅ​ចេញ​កុំ​ឲ្យ​វា​ដណ្ដើម​ជីជាតិ​ពី​កូន​ល្ង។ លោក​ថា ល្ង​ថែទាំ​ខ្លាំង​នៅ​ពេល​កូន​ល្ង​នៅ​តូច និង​ពេល​ដែល​វា​ជិត​ចេញ​ផ្កា ព្រោះ​ជា​​ពេល​ដែល​សត្វល្អិត​ចាប់​ផ្ដើម​យាយី​ដំណាំ​ល្ង។ ត្រូវ​បាញ់​ថ្នាំ​ការពារ​សត្វ​ចង្រៃ និង​បាញ់​ជី​ដើម្បី​​បំប៉ន​ឲ្យ​ដើម​ល្ង​វា​កាន់​ផ្លែ៖ «ប៉ុន្តែ​បើ​មាន​សត្វ​វា​ស៊ី​បណ្ដូល វា​បែក​ខ្នែង​មក​អាច​អាក់​ដែរ អាច​អាក់​ដល់ ១​ខែ​កន្លះ បើ​សិន​ជា​មាន​ដង្កូវ​ស៊ី​បណ្ដូល ទៅ​វា​អាក់​អា​ដើម​មេ​របស់​វា​ចេញ​ផ្កា វា​អាក់ ច្រើន​បែក​ចេញ​កូន​ច្រើន ឬ​ខ្នែង​ច្រើន។ ល្ង​កម្ពស់​តែ ៤​តឹក​អី​ហ្នឹង ចាប់​ផ្ដើម​ចេញ​ផ្កា ប្រដេញ​ឡើង​រហូត។ បើសិនជា​វា​ដុះ​ល្អ កម្ពស់​ដល់ ១​ម៉ែត្រ​កន្លះ ប៉ុន្តែ​ដល់​ល្អ​ពេក​អត់​សូវ​ផ្លែ​ដែរ​អា​ហ្នឹង។ ល្ង​ផ្លែ​ល្អ គឺ​ព្រោះ​ដើម​ដៃ​តែម្ដង។ បើសិនជា​ធ្លាក់​ទៅ​ដល់​ខែ​ពិសាខ អត់​សូវ​ល្អ​ទៅ​វិញ គឺ​លេង​តែ​ដើម​ទេ អត់​សូវ​ផ្លែ​ទេ ប៉ុន្តែ​បើ​បាន​ព្រោះ​ចាប់​ពី​ដើម​ខែ ៤​ទៅ ឲ្យ​តែ​មាន​ភ្លៀង​ធ្លាក់​មួយ​មេ​ដើម​ដំបូង​ហ្នឹង ដាំ​ទៅ​គឺ​ថា​ល្អ​តែម្ដង។ ប៉ុន្តែ​ដាំ​ហ្នឹង បើសិនជា​អត់​ភ្លៀង យើង​អាច​មាន​ម៉ាស៊ីន​អី​បាញ់​ទឹក​បំផុស​ដី​ឲ្យ​សើម រួច​យើង​រាស់​ព្រោះ​ក៏​ល្អ​ដែរ»

​ចំពោះ​ការ​ប្រើប្រាស់​ជី​លើ​ដំណាំ​ល្ង លោក ជា ថូ អតីត​មន្ត្រី​ក្រសួង​កសិកម្ម ឲ្យ​ដឹង​ថា ក្នុង​ដី ១​ហិកតារ​ត្រូវ​ប្រើ​ជីធម្មជាតិ​ជប៉ុន​សញ្ញា​ផែនដី យក​ទៅ​ទ្រាប់​បាត​រង​ចំនួន ២០០​គីឡូក្រាម លាយ​ជី​អ៊ុយរ៉េ ៥០​គីឡូក្រាម និង​បន្ថែម​ជីកំប៉ុស ១០ ទៅ ១៥​តោន យក​ទៅ​កាយ​កប់​ក្នុង​ដី​មុន​ព្រោះ​គ្រាប់ ឬ​បុក​ល្ង​ដាំ។ នៅ​ពេល​កូន​ល្ង កំពុង​ចេញ​ផ្កា ត្រូវ​បន្ថែម​ជីអ៊ុយរ៉េ ៥០​គីឡូក្រាម​ទៀត ដើម្បី​បំប៉ន​ល្ង​ឲ្យ​ផ្កា​វា​កាន់​តែ​ច្រើន។ យក​ជី​អ៊ុយរ៉េ ៥០​គីឡូក្រាម​នោះ ទៅ​បាច​តាម​គន្លង ឬ​ចន្លោះ​ជួរ​ដើម​ល្ង​ក្នុង​ផ្ទៃដី​១​ហិកតារ។

កសិករ​ភូមិ​ក្តី​ចាស់ លោក ម៉ាង ប៊ុនថុន ឲ្យ​ដឹង​ថា ល្ង​គាត់​ដាំ​រយៈពេល ២​ខែ​៥​ថ្ងៃ ទៅ ២​ខែ​១០​ថ្ងៃ អាច​ប្រមូល​ផល​បាន។ ពេល​ប្រមូល​ផល ត្រូវ​មើល​ផ្លែ​ដែល​ទុំ​ពណ៌​លឿង នៅ​ផ្នែក​ខាង​លើ​គេ។ ប្រសិនបើ​វា​ទុំ​ស្រុះ​គ្នា ផ្លែ​ផ្នែក​ខាង​លើ​ត្រូវ​រហ័ស​ច្រូត​យក​ទៅ​ទុក​ដើម្បី​ការពារ​កុំ​ឲ្យ​ផ្លែ​ល្ង​វា​ផ្ទុះ​ជ្រុះ​គ្រាប់​ចេញ។ ត្រូវ​ក្រាល​ក្រណាត់​កៅស៊ូ ទើប​យក​ដើម​ល្ង​ដែល​ច្រូត​មក​នោះ ទៅ​ដាក់​បញ្ឈរ​ដោយ​ញែក​ដើម ដើម្បី​ហាល​សម្ងួត​ដើម និង​ផ្លែ​វា។ ឯ​ចុង​កណ្ដាប់ ត្រូវ​ចង​ក្របួច​ចុង​ដើម្បី​ហាល​ឲ្យ​វា​ឆាប់​ស្ងួត។ នៅ​ពេល​វា​ស្ងួត យក​ជើង​បែន ឬ​គោះ​វា​ឲ្យ​ជ្រុះ​គ្រាប់​លើ​កៅស៊ូ​នោះ។

​លោក ម៉ាង ប៊ុនថុន ឲ្យ​ដឹង​ថា ល្ង​ស​បច្ចុប្បន្ន​គេ​ប្រមូល​ទិញ​តម្លៃ ១​ម៉ឺន​រៀល​ក្នុង ១​គីឡូក្រាម។ លោក​ថា ល្ង​ស​គេ​ទុក​ធ្វើ​បង្អែម បើ​ល្ង​ខ្មៅ​គេ​រំងាស់​ធ្វើ​ទឹក​ល្ង​សម្រាប់​អ្នក​លើស​ជាតិ​ខ្លាញ់​ពិសា​បញ្ចុះ​ខ្លាញ់​ក្នុង​ឈាម។ ចំណែក​លោក ជា ថូ វិញ​ឲ្យ​ដឹង​ថា គ្រាប់​ល្ង​នៅ​បរទេស គេ​ទិញ​យក​ទៅ​ចម្រាញ់​ធ្វើ​ប្រេង ព្រោះ​ប្រេង​​ល្ង​គឺ​ជា​ឱសថ​ជំនួយ​សុខភាព​ច្រើន​យ៉ាង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។