វិធី​បង្ការ និង​ទប់ស្កាត់ ជំងឺ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក

ដោយ សេក បណ្ឌិត
2019.03.17
ជ្រូកពីវៀតណាម​ ៦២២ ជ្រូក​ដឹក​តាម​រ៉ឺម៉ក​ពី​វៀតណាម
Photo: RFA

កសិករ​ក្រុមហ៊ុន និង​សមាគម​ចិញ្ចឹម​សត្វ កំពុង​បារម្ភ​ពី​ការ​ផ្ទុះ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក ឬ​ហៅថា​African Swine Fever(AFS) នៅ​ប្រទេស​វៀតណាម។ បញ្ហា​នេះ បាន​ជំរុញ​ក្រសួង​កសិកម្ម កោះ​ប្រជុំ​ភាគី​ពាក់ព័ន្ធ​ជា​បន្តបន្ទាប់ ក្នុង​រយៈពេល​ប៉ុន្មាន​មក​សប្ដាហ៍​មកនេះ ដើម្បី​ស្វែងរក​វិធីសាស្ត្រ​ការពារ និង​ទប់ស្កាត់។

តើ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក មាន​រោគសញ្ញា​យ៉ាង​ដូចម្តេច និង​គួរ​មាន​វិធី​បង្ការ និង​ទប់ស្កាត់​យ៉ាង​ណា​ខ្លះ​នោះ?

ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក គឺជា​ជំងឺ​មួយ​ប្រភេទ ដែល​កើត​នៅ​លើ​ពពួក​សត្វ​ជ្រូក។ សម្រាប់​កម្ពុជា ជំងឺ​នេះ​មិន​ធ្លាប់​មាន​ពី​មុន​មក​នោះ​ទេ ក៏​ប៉ុន្តែ​ជំងឺ​នេះ​កំពុង​រីក​រាលដាល​ខ្លាំង​នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​វៀតណាម ដែល​រហូត​មក​ពេលនេះ មាន​សេចក្ដី​រាយការណ៍​មក​ថា បាន​កើត​ឡើង​ជាង ១០​ខេត្ត​ហើយ។

ប្រធាន​សមាគម​ចិញ្ចឹម​សត្វ​កម្ពុជា លោក ស្រ៊ុន ពៅ ដែល​មាន​ជំនាញ​ជាច្រើន​ឆ្នាំ​លើ​មុខរបរ​ចិញ្ចឹម និង​ធ្វើ​ជំនួញ​លើ​ផលិតកម្ម​ជ្រូក​នេះ បាន​ឱ្យ​ដឹង​ថា កន្លងមក​កម្ពុជា មានតែ​ជំងឺ​ត្រចៀក​ខៀវ អុតក្ដាម ជំងឺ​ប៉េស្ត​ជ្រូក​ធម្មតា និង​ជំងឺ​គ្រុន​ក្តៅ​ជាដើម។

លោក​បន្ត​ថា ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ អាច​នឹង​ឆ្លង​រីក​រាលដាល​បាន​តាមរយៈ​ការ​នាំ​ជ្រូក​ចូល​ពី​ក្រៅ​ប្រទេស​ដោយ​ខុសច្បាប់ ជាពិសេស​ពី​ប្រទេស​ដែល​កំពុង​ផ្ទុះឡើង​នូវ​ជំងឺ​នេះ៖ «វា​អាច​ឆ្លង​ពី​ចិន​មក​វៀតណាម​ណា​ម​បាន រឿង​អី​វា​ឆ្លង​មក​កម្ពុជា​មិនបាន​..?​ដូច​ថា​វា​ឆ្លងតាម​ការ​ដឹកជញ្ជូន ការ​ចល័ត ជ្រូក​…​តាម​សាច់ក្រក​ហ្នឹង​ក៏​វា​អាច​ឆ្លង​បាន​ដែរ អ៊ីចឹង​បាន​ថា​អ​ហ្នឹង​វា​ពិបាក​ការពារ​ណាស់»

រោគសញ្ញា

លោក ស្រ៊ុន ពៅ បន្ត​ថា រោគសញ្ញា​នេះ អាច​ជ្រៀត​ចូល​មក​យឺតៗ​ក្នុង​រយៈពេល​ប្រមាណ ៣​សប្ដាហ៍ ទើប​គេ​អាច​កត់ចំណាំ​រោគសញ្ញា នៃ​ជំងឺ​នេះ​បាន​ខ្លះៗ នៅ​លើ​ខ្លួន​ជ្រូក និង​ឥរិយាបថ​របស់​វា ដូចជា​វា​មាន​អាការៈ​ខុសប្លែក​ពី​ធម្មតា ចាប់ផ្ដើម​អន់​បាយ ចុះ​ខ្សោយ​កម្លាំង ទន់​ជើង ក្ដៅ​ខ្លួន ចេញ​កញ្ជ្រឹល ឬ​កន្ទួល​ក្រហម ជាដើម៖ «ដល់​វា​គ្រប់​២១​មួយថ្ងៃ វា​វិវឌ្ឍ​ទៅ​៣ ទៅ​៤​អាទិត្យ​គឺ​វា​ជាំ​ផ្ទាំងៗ​តែម្ដង ដូច​ជំងឺ​ត្រចៀក​ខៀវ​អ៊ីចឹង សំខាន់​គឺ​ពិនិត្យ​ឈាម​តែម្ដង ពេល​ឃើញ​មិន​ស្រួល វា​អន់​បាយ គ្រុន​ក្តៅ​អី​ជាដើម»

ឯកសារ​ស្រាវជ្រាវ អំពី​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក ដែល​ចេញផ្សាយ​ដោយ​អគ្គនាយកដ្ឋាន សុខភាព​សត្វ និង​ផលិតកម្ម​សត្វ បាន​ឱ្យ​ដឹង​ថា ស្ថានភាព​ជំងឺ​នេះ អាច​កើតមាន​ក្នុង​ស្ថានភាព ស្រួចស្រាល់​ខ្លាំង ស្រួចស្រាល់ មិនសូវ​ស្រួចស្រាល់ និង​រ៉ាំរ៉ៃ។

ស្ថានភាព ស្រួចស្រាល់​ខ្លាំង អាច​ងាប់​ភ្លាមៗ ដោយ​មាន​ស្លាកស្នាម​តិចតួច និង​អាច​ជា​សញ្ញា​ដំបូង នៃ​ការ​ចម្លង​នៅ​ក្នុង​ហ្វូង។ ករណី​ស្រួចស្រាល់​អាច​មាន​គ្រុនក្ដៅ មិន​ស៊ី​ចំណី នៅ​ស្ងៀម ខ្សោយ ដេក​ដួល រាគ ទល់​លាមក​ជាដើម។

ទម្រង់​មិនសូវ​ស្រួចស្រាល់ គឺ​ស្រដៀង​គ្នា​នឹង​ករណី​ស្រួចស្រាល់​ដែរ ប៉ុន្តែ​រោគសញ្ញា​មិនសូវ​ធ្ងន់ធ្ងរ​ទេ។ សត្វ​ខ្លះ​មាន​អង់ទីគ័រ អាច​មិន​ចេញ​រោគសញ្ញា​ឱ្យ​ឃើញ​ឡើយ។

វិធីសាស្ត្រ​បង្ការ និង​ទប់ស្កាត់

ឯកសារ​ស្រាវជ្រាវ របស់​ក្រសួងកសិកម្ម​ដដែល បញ្ជាក់​ថា បើ​អាការៈ​សត្វ​មិន​ស្រួល ឬ​មាន​ភាព​មិន​ប្រក្រតី​ដូច បាន​ជម្រាប​ជូន​មកនេះ ត្រូវ​ប្រញាប់​ផ្តល់​ព័ត៌មាន​ជាបន្ទាន់​ទៅ​ពេទ្យសត្វ​ភូមិ ឃុំ ឬ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​ឱ្យ​មក​ជួយ​ដោះស្រាយ​រឿង​នេះ។

បំបែក​សត្វ​ដែល​សង្ស័យ​ថា ឈឺ​ចេញ​ឱ្យ​ឆ្ងាយ​ពី​ហ្វូង​ជាបន្ទាន់។

កុំ​ឱ្យ​ជ្រូក​ស៊ី​កាកសំណល់​ផ្ទះបាយ និង​ដុត​កម្ទេច​សត្វ​ដែល​ងាប់​រួច​ជីក​កប់​ដី​ឱ្យ​ជ្រៅ ដោយ​សុវត្ថិភាព។

ធ្វើ​អនាម័យ​ទ្រុង​ជ្រូក​ឱ្យ​ស្អាត​ជាប្រចាំ រំងាប់​មេរោគ​ដោយ​ប្រើ​ថ្នាំ​ដែល​ណែនាំ​ដោយ​អ្នក​ជំនាញ​ខាង​ពេទ្យសត្វ។

បញ្ឈប់​សកម្មភាព​ចល័ត​សត្វ និង​សាច់​សត្វ ពី​កន្លែង​មាន​ផ្ទុះ​ជំងឺ ទៅ​កន្លែង​ផ្សេងៗ​ដែល​កំពុង​មាន​សុវត្ថិភាព និង​នៅ​មាន​វិធីសាស្ត្រ​បង្ការ និង​ទប់ស្កាត់​ជាច្រើន​ផ្សេងទៀត។

លោក ឧកញ៉ា ម៉ុង ឫទ្ធី ដែល​ដែល​កំពុង​ប្រកបមុខរបរ​ចិញ្ចឹម​ជ្រូក​នេះ និង​មាន​មុខរបរ​ជាច្រើន​ផ្សេងទៀត ពាក់ព័ន្ធ នឹង​វិស័យ​កសិកម្ម ក៏បាន​ចែក​រម្លែក​នូវ​បទពិសោធន៍ នៃ​ការ​ការពារ​ជំងឺ​ជ្រូក​នេះ​ខ្លះៗ​ដែរ។ លោក​ថា​៖ ត្រូវ​លាង​សម្អាត​ទីតាំង​ទ្រុង​ជ្រូក សម្ភារៈ យានជំនិះ ដែល​ប្រើប្រាស់​ឆ្លងកាត់​ពី​កសិដ្ឋាន​មួយ​ទៅ​កសិដ្ឋាន​មួយ ក៏​ត្រូវ​លាង​សម្អាត​ជា​ប្រចាំ​ដែរ។

កុំ​ឱ្យ​មនុស្ស​ផ្សេង​ពី​ខាងក្រៅ ចេញចូល​ក្នុង​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ញឹកញាប់​ពេក ព្រោះ​ជំងឺ​នេះ​អាច​ឆ្លង​ពី​មនុស្ស​ទាំងនោះ។ កុំ​ចិញ្ចឹម​ជ្រូក​នៅ​នឹង​ផ្ទះ ឬ​ត្រូវ​ធ្វើ​ទ្រុង​ចិញ្ចឹម​នៅ​ឱ្យ​ឆ្ងាយ​ពី​ភូមិ​អ្នកស្រុក​រស់នៅ។អ្នកធ្វើការ​នៅ​ក្នុង​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ទាំងអស់ កុំ​ទិញ​សាច់​ជ្រូក​ពី​ខាងក្រៅ ឬ​ពី​ផ្សារ​មក​ធ្វើ​ម្ហូប​ជាដាច់ខាត ព្រោះ​វា​ជា​ប្រភព​ឆ្លង​ដ៏​សំខាន់៖ «អាការៈ​កាល​ណា​ចាប់​ឆ្លង​ភ្លាម ចាប់ផ្ដើម​ប្រែសម្បុរ ឈឺ​ងាប់​សំខាន់​បំផុត​កាលណា​មាន​ជ្រូក​ងាប់​កុំ​លាក់​ព័ត៌មាន ត្រូវ​ជីក​កប់​ឱ្យ​ជម្រៅ​ប្រមាណ ៤​ម៉ែត្រ​ចំពោះ​ជ្រូក​ដែល​ឈឺ ឬ​ងាប់ មិន​ត្រូវ​បរិភោគ និង​យក​ទៅ​លក់​នៅ​ទីផ្សារ​ជាដាច់ខាត ព្រោះ​វា​គ្រោះថ្នាក់​ខ្លាំង​ណាស់»

លោក​បន្ត​ថា បញ្ហា​ដែល​មិន​គួរ​មើល​រំលង និង​ត្រូវ​ប្រយ័ត្ន​ខ្លាំង​ផង​ដែរ​នោះ គឺ​បញ្ហា​ចំណី​សត្វ។ ចំណី​សត្វ ដែល​នាំចូល​ពី​ក្រៅ​ប្រទេស ឬ​ពី​តំបន់​មាន​ផ្ទុះ​ជំងឺ​ជ្រូក គឺ​ចំណុច​គួរ​ឱ្យ​បារម្ភ​ខ្លាំង​ក្នុង​យុទ្ធនាការ​បង្ការ និង​ទប់ស្កាត់​ជំងឺឆ្លង។

លោក​ថា បើ​សិន​ទប់ស្កាត់​ការ​នាំ​ចូល​ចំណី​សត្វ​ដែល​ខូចគុណភាព​មិនបាន ឬ​បណ្ដោយ​ឱ្យ​មានការ​នាំចូល​ដោយ​ខ្វះ​ការ​ត្រួតពិនិត្យ​ឱ្យ​បាន​ហ្មត់ចត់​តាម​លក្ខណ​បច្ចេកទេស​នោះ​ទេ វា​ក៏​ជា​កត្តា​គ្រោះថ្នាក់​ខ្លាំង​ដូច​ការ​នាំចូល​ជ្រូក​ឈឺ​មក​នោះ​ដែរ៖ «នៅ​កន្លែង​ដែល​មាន​ជំងឺ គេ​នៅសល់​ចំណី​ជ្រូក ឥឡូវ​គេ​កំពុង​រក​ច្រក​នាំ​ចូល​មក​កម្ពុជា ដល់​នាំមក​អាហ្នឹង​រឹត​តែ​ធ្ងន់​ទៀតហើយ ។ តាម​ក្បួន​ចំណី​តែ​ផលិត​ហើយ​ក្រោយ​៣០​ថ្ងៃ គឺ​គេ​លែង​ឱ្យ​ជ្រូក​ស៊ី​ហើយ វា​ធ្វើ​ប៉ះពាល់​សុខភាព​ជ្រូក ចំពោះ​អ្នក​ដែល​ចង់បាន​ចំណី​ថោក ទៅ​ទិញ​យក​មក វា​រិត​តែ​ធ្វើ​ឱ្យ​មាន​បញ្ហា​ថែមទៀត»

អ្នក​ជំនាញ​ខាង​ពេទ្យសត្វ​បង្ហាញ​ថា ជំងឺ​ប៉េស្ត​ជ្រូក ជា​ជំងឺ​ធ្ងន់ធ្ងរ បង្ក​ដោយ​វីរុស​លើ​ជ្រូក និង​អាច​ឆ្លង​រាលដាល​យ៉ាង​ឆាប់រហ័ស​នៅ​ក្នុង​ហ្វូង​ជ្រូក​តាមរយៈ​ការ​ចម្លង​ផ្ទាល់ ឬ​ដោយ​ប្រយោល។ វីរុស​អាច​រស់នៅ​បាន​យូរ​ក្នុង​ផលិតផល​សាច់​ជ្រូក​ដែល​មិនបាន​ចម្អិន​នោះ អាច​ជួយ​ចម្លង​ជំងឺ​ទៅ​តំបន់​ថ្មី​ទៀត។ មិន​ត្រឹមតែ​សត្វ​ជ្រូក​ស្រុក​ទេ ជំងឺ​នេះ​ក៏​អាច​កើតមាន និង​ឆ្លង​ទៅលើ​ពពួក​សត្វ​ជ្រូកព្រៃ​ផង​ដែរ។

ប្រធាន​សមាគម​ចិញ្ចឹម​សត្វ​កម្ពុជា លោក ស្រ៊ុន ពៅ បញ្ជាក់ ថា រហូត​មក​ពេលនេះ លោក​មិនទាន់​បាន​ទទួល​ដំណឹង​ពី​ក្រសួងកសិកម្ម ឬ​ក្រុម​អ្នក​ជំនាញ​ណាមួយ​ប្រាប់​ថា ជំងឺ​ប៉េស្ត​ជ្រូក​នេះ មាន​វ៉ាក់សាំង​ការពារ ឬ​វិធី​ព្យាបាល​នៅឡើយ​ទេ គឺ​មាន​វិធី​បង្ការ និង​ទប់ស្កាត់​ប៉ុណ្ណោះ៖ «មានតែ​ធ្វើ​អនាម័យ បាញ់ថ្នាំ​ការពារ កុំ​ឱ្យ​វា​ប៉ះ​គ្នា អា​ជ្រូក​ហ្នឹង​វា​ឆ្លង​ដោយសារ​វា​ប៉ះ​គ្នា ដូច​ជា​មាន​ជ្រូក​មួយ​ណា​ឈឺ អា​មួយ​ហ្នឹង​វា​ឆ្លង​គ្នា​៥​ទៅ​៦​ទៀត​ក្នុង​ទ្រង់​ហ្នឹង»

ទោះ​យ៉ាង​ណា​ក្តី ឯកសារ​របស់​ក្រសួងកសិកម្ម​បញ្ជាក់​ថា ប៉េស្ត​ជ្រូក​អាហ្វ្រិក រហូត មក​ទល់​ពេល​នេះ គ្មាន​ភស្តុតាង​ណាមួយ​ដែល​បង្ហាញ​ថា ជំងឺ​នេះ​អាច​ឆ្លង​ពី​សត្វ​មក​ក្នុង​ខ្លួន​មនុស្ស​បាន​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។